ដោយ៖ ឡាយ សាមាន
ថ្ងៃពុធ ទី28 មករា 2015
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
សង្គមស៊ីវិលធ្វើការផ្តោតលើស្ត្រី ស្នើគណបក្សឈ្នះឆ្នោតទាំងពីរ ដាក់ប្រព័ន្ធឆ្លាស់ឈ្មោះបេក្ខជនឈរឈ្មោះតំណាងរាស្ត្របុរស និងស្ត្រីក្នុងច្បាប់បោះឆ្នោត ដើម្បីឲ្យមានសមភាពយេនឌ័រ និងលើកកម្ពស់ស្ត្រីក្នុងវិស័យនយោបាយ ។
ការស្នើនេះធ្វើឡើងក្នុង សិក្ខាសាលាស្តីពី ការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ នៅថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៥ ដែលរៀបចំដោយអង្គការសីលិការ។
នាយិកាអង្គការសីលិការលោកស្រី ធីដា ឃឹះ ថ្លែងក្នុងសិក្ខានេះថា បច្ចុប្បន្នស្រី្តជាតំណាងរាស្ត្រក្នុងវិស័យនយោបាននៅមានកម្រិតនៅឡើយ ហើយគណបក្សឈ្នះឆ្នោតមិនទាន់មានគោលនយោបាយច្បាស់លាស់ សម្រាប់លើកកម្ពស់ស្រី្តឡើយ។ លោកស្រី បន្តថា ក្នុងនាមសង្គមស៊ីវិល ស្នើបក្សទាំងពីរ ដាក់ប្រព័ន្ធឆ្លាស់ឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រនៅក្នុងច្បាប់បោះឆ្នោត ដើម្បីបង្កើនឱកាសដល់ស្រី្ត ក្នុងវិស័យនយោបាយ និងវិស័យមុខងារសារធារណៈជាដើម។ លោកស្រីលើកឡើងថា «មានន័យថាយើងជាប្រព័ន្ធសមាមាត្រពេលគណបក្សនយោបាយដាក់បញ្ជីឈ្មោះបេក្ខជនទៅហ្នឹង គឺថាសុំឲឆ្លាស់បើថា ស្រីប្រុសៗ ឬមួយក៏ប្រុសស្រីៗ មិនមែនដាក់ឈ្មោះប្រុសនៅខាងលើហើយស្រីនៅជួរខាងក្រោមទេ ដល់ពេលហើយទៅវាអត់ជាប់» ។
លោកស្រី ធីដា ឃឹះ បន្ថែមថា ស្ត្រីភាគច្រើនមានសមត្ថភាពខ្ពស់ តែពួកគេមិនបានទទួលឱកាស ក្នុងការដឹកនាំ ហើយស្ត្រីមានតួនាទីសំខាន់បំផុតក្នុងការចូលរួម អភិវឌ្ឍសង្គមទៅមុខបាន និងការការពារកុមារ។
ក្នុងសិក្ខាសាលានេះ អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីលោកស្រី យ៉យ នីតា និងតំណាងប្រចាំកម្ពុជានៃអង្គការ UN Women ថ្លែងស្រដៀងគ្នាថា ស្រី្តត្រូវរួមគ្នា ដើម្បីលើកកម្ពស់ស្រី្តក្នុងវិស័យផ្សេងៗ ក្នុងទិសដៅតែមួយ គឺអភិវឌ្ឍប្រទេសជាតិ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលបាត់ដំបងលោកស្រី មូរ សុខហួរ មានប្រសាសន៍ថា បក្សសង្គ្រោះជាតិ មិនត្រឹមតែទទួលសំណើនេះទេ ថែមទាំងស្វែងរកបេក្ខភាពស្រី្តសម្រាប់ដាក់ចូលបញ្ជីឈ្មោះបោះឆ្នោតក្នុងអាណត្តិក្រោយផងដែរ។ តែលោកស្ត្រីថា បើទោះជាចំនួនស្រី្តច្រើនជាងបុរសក៏ដោយ ប៉ុន្តែស្រី្តមិនសូវបានចូលរួមក្នុងវិស័យនយោបាយ និងសាធារណៈឡើយ ដោយសារជួបបញ្ហា ខ្វះការអប់រំ អំពើហិង្សាលើស្ត្រី និងការបាត់បង់ដីធ្លីជាដើម។ លោកស្រីមានប្រសាសន៍ថា «ចឹងដល់ពេលយើងឈានជើងជំរុញឲស្ត្រីចូលក្នុងនយោបាយ យើងឈានចូលដោយមានកំណត់ ដោយមានកំរិត តែក្នុងតួនាទីជាគណបក្សនយោបាយក៏យើងមានការទទួលខុសត្រូវ ហើយយើងនឹងខំដើម្បីរកធនធានមនុស្ស ហើយយើងយកឱកាសនេះអំពាវនាវសូមឲស្ត្រីដែលចង់ឲឃើញមានការផ្លាស់ប្តូរ អញ្ជើញចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ជាបេក្ខនារីដើម្បីយើងយកចំនួននោះយកទៅដាក់ក្នុងបញ្ជី ដូចដែលអង្គការក្រៅរដ្ឋាភិបាលលោកចង់បាន» ។
ទោះជាយ៉ាងណាលោកស្រី មូរ សុខហួរ ជំរុញឲ្យស្រី្តចូលរួមទាំងអស់គ្នាដើម្បីអភិវឌ្ឍប្រទេជាតិ។
ទាក់ទងនឹងសំណើនេះ VOD មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបាននៅឡើយទេ។
សេចក្តីថ្លែងការរួមរបស់អង្គការសង្គមស៊ីវិលប្រមាណ ៣០អង្គការ ចេញផ្សាយនៅថ្ងៃនេះ ឲ្យដឹងថា ការអនុវត្តសិទ្ធិរវាងបុរស និងស្រី្តលើគ្រប់វិស័យ ពុំទាន់ទទួលបានសមភាពពេញលេញ ក្នុងការធ្វើសេចក្តីសម្រេច ជាពិសេសបេក្ខនារី និងអ្នកជាប់ឆ្នោត បើទោះបីជាអ្នកចុះឈ្មោះបោះឆ្នោតជាស្រី្តមានចំនួនដល់ ៥២ភាគរយ តែស្រី្តឈរឈ្មោះបោះឆ្នោតមានតែ ១៨,៩៦ ភាគរយ និងស្រី្តជាប់ឆ្នោតជាតំណាងរាស្ត្រមានតែ ២៥ នាក់ ស្មើនឹង ២០,៣៣ ភាគរយ នៃចំនួនសរុប ១២៣ នាក់សម្រាប់នីតិកាលទី ៥នេះ៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com