ក្រសួង​ព័ត៌មាន​ហាម​ផ្សាយ​ពី​ការ​វះ​កាត់​ដេរ​សន្ទះ​ព្រហ្មចារី

ស្ត្រី​ម្នាក់​កំពុង​ដើរ​កាត់​មុខ​មន្ទីរ​ពេទ្យ​អន្តរជាតិ​ វ៉ិចតូរៀ ក្នុង​រាជ​ធានី​ភ្នំពេញ កាល​ពី​ម្សិលមិញ។

ស្ត្រី​ម្នាក់​កំពុង​ដើរ​កាត់​មុខ​មន្ទីរ​ពេទ្យ​អន្តរជាតិ​ វ៉ិចតូរៀ ក្នុង​រាជ​ធានី​ភ្នំពេញ កាល​ពី​ម្សិលមិញ។ ហុង មិនា



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ក្រសួង​ព័ត៌មាន​បាន​ចេញ​លិខិត​ពីរ​ជូន​ដំណឹង​ទៅ​ប្រធាន​មន្ទីរ​ពេទ្យ​ឯកជន​អន្តរជាតិ​ វ៉ិចតូរៀ និង​ម្ចាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បញ្ឈប់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ពី​សេវាកម្ម និង​បច្ចេក​វិជ្ជា​វះ​កាត់​និង​ដេរ​ព្រហ្មចារី​ស្ត្រី​ជា​បន្ទាន់ ដោយសារ​ថា​ ទង្វើ​នេះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ខ្លាំង​ដល់​​សីលធម៌​ ប្រពៃណី ​និង​កិត្តិយស​អ្នក​ជំងឺ​​ផ្សេង​ទៀត។

យោង​លិខិត​របស់​ក្រសួង​ព័ត៌មាន​ ចុះ​ហត្ថលេខា​ដោយ​លោក ខៀវ កាញារីទ្ធ ​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ​ដែល​ភ្នំពេញ​ប៉ុស្តិ៍ ទទួល​បាន​កាល​ពី​ម្សិលមិញ​ឲ្យ​ដឹង​ថា មន្ទីរ​ពេទ្យ​ វ៉ិចតូរៀ​ បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ពី​សេវាកម្ម​នានា​មាន​បច្ចេក​ទេស​វិជ្ជា​វះកាត់​ដេរ​ព្រហ្មចារី និង​កែ​រូប​រាង​ប្រដាប់​ភេទ​ស្រ្តី តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ វិទ្យុ ទូរទស្សន៍​ កាសែត ដោយ​មាន​ការ​​អត្ថាធិប្បាយ​ពន្យល់​ហួស​ហេតុ​ពេក ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​សីលធម៌​និង​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​សង្គម​កម្ពុជា ដែល​មាន​ជា​យូរយារ​ណាស់​មក​ហើយ​ ទន្ទឹម​នឹង​នោះ​ក៏​នាំឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិ​យស​អ្នក​ជំងឺ​ដទៃ​ទៀត ​ដែល​មក​រក​សេវា​ផ្សេង​ទៀត​​ក្នុង​មន្ទីរ​ពេទ្យ​ឯកជន​ វ៉ិចតូរៀ ​នេះ​ផង​ដែរ។

លោក ​ខៀវ ​កាញារីទ្ធ លើក​ឡើង​នៅ​ក្នុង​លិខិត​នោះ​ថា៖ «ដើម្បី​ចៀស​វាង​ផល​អវិជ្ជមាន អំពី​ការ​ផ្សាយ​ពាណិជ្ជកម្ម អត្ថាធិប្បាយ​បក​ស្រាយ​ពន្យល់​អតិថិជន ​ពី​ការ​វះ​កាត់​ព្រហ្មចារី​ធ្វើ​ឲ្យ​ប៉ះ​ពាល់​អារម្មណ៍​របស់​ប្រជាជន​ទូទៅ ដូចនេះ​ម្ចាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​អស់​ត្រូវ​បញ្ឈប់​ការ​ផ្សាយ​ពាណិជ្ជកម្ម​នេះ​ជា​បន្ទាន់»។

ស្រ្តី​ម្នាក់​សុំ​មិនឲ្យបញ្ចេញ​ឈ្មោះ​ដែល​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​លើក​ឡើងថា​ ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​អំពី​សេវាកម្ម បច្ចេក​វិជ្ជា​វះ​កាត់​ដេរ​សន្ទះ​ព្រហ្មចារី​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ស្រ្តី​ខ្មែរ​ ព្រោះការ​បើក​ចំហ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ពេក​ធ្វើ​ឲ្យ​ស្រ្តី​មួយ​ចំនួន​ស្តាប់​និង​ទស្សនា​អៀន​ខ្មាស​ឡើង​រឹង​ខ្លួន ហើយ​ធ្វើ​ឲ្យ​ស្រ្តី​មួយ​ចំនួន​ទៀត​បង្កើន​ការ​រូមភេទ ព្រោះ​បច្ចុប្បន្ន​មាន​សេវាកម្ម​ដេរ​សន្ទះ​ព្រហ្ម​ចារី​ស្រ្តី​ឲ្យ​ដូច​ដើម​ឡើង​វិញ​បែប​នេះ។

ស្រ្តី​រូប​នោះ​លើក​ឡើង​ទៀត​​ថា៖ «ខ្ញុំ​ស្តាប់​និង​មើល​ឡើង​អៀន​ខ្លួន​ អំ​ពី​ការ​វះកាត់​ដេរ​សន្ទះ​ព្រហ្ម​ចារី​នេះ ហើយ​ធ្វើ​ឲ្យ​ស្រ្តី​មួយ​ចំនួន​បង្កើន​ការ​រួម​ភេទ​និង​មិន​សោក​ស្តាយ​ព្រហ្មចារី​របស់​ខ្លួន​ដែល​បាត់​បង់ឡើយ ព្រោះ​សំអាង​មាន​មន្ទីរ​ពេទ្យ​នៅ​ស្រុក​ខ្មែរ​អាច​វះ​កាត់​និង​ដេរ​សន្ទះ​ព្រហ្ម​ចារី ឲ្យ​ល្អ​ដូច​ដើម​វិញ»។

ចំណែក​ប្រធាន​បណ្តាញ​ស្រ្តី​កម្ពុជា​ លោក​ស្រី​ វង្ស​ សម្ផស្ស​ បាន​លើកឡើង​​ដែរ​ថា ​យើង​មិន​អាច​ថា ​តើ​ស្រ្តី​ប្រភេទ​ណា​ចូល​ចិត្ត​ឬ​មិន​ចូល​ចិត្ត​រក​សេវាកម្ម​បែប​ហ្នឹង​នោះ​ទេ​ ព្រោះ​ជា​សិទ្ធិ​​របស់​ពួក​គេ​ៗ គ្រាន់​តែ​កុំ​ឲ្យ​មាន​​ការ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ពេក​ នោះ​ជា​ការ​ល្អ។

មិន​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពន្យល់​ពីមន្ទីរពេទ្យ​ វ៉ិចតូរៀ បាន​នៅ​ឡើយ​ កាល​ពី​ម្សិលមិញ ​ដោយសារ​​តែ​ខ្សែ​ទូរស័ព្ទ​​ប្រចាំ​ការិយា​ល័យ​រោទ៍​ឡើង តែ​មិន​មាន​អ្នក​ទទួល​៕​​


What Next?

Recent Articles