​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ក្នុងករណី​ធ្វើគ​ត​ព្រះសង្ឃ​មួយ​អង្គ​នៅ​​កំពង់ស្ពឺ​​

ដោយ៖​ ញឹម គឹមសាន​
ថ្ងៃព្រហស្បតិ៍ ទី29 មករា 2015
http://vodhotnews.com

​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ​ឲ្យដឹងថា ជនជាប់សង្ស័យ​ម្នាក់​ត្រូវបាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កាលពី​ម្សិលមិញ ពាក់ព័ន្ធ​នឹង​​ករណី​បាញ់សម្លាប់​ព្រះសង្ឃ​មួយអង្គ​ដែល​គង់នៅ​វត្ត​អង្គ​ភ្នៀ​ត ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង កាលពី​ថ្ងៃ​សៅរ៍ ។​

​កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​២៤ ខែ​មករា វេលា​ម៉ោង​៨​និង​៣០​នាទី ព្រះសង្ឃ​មួយ​អង្គ​ព្រះនាម ម៉ឹង អ៊ុំ ដែល​មាន​ព្រះជន្ម​៧៦​ព្រះ​វស្សា ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់​ចំ​ព្រះ​កេស បណ្តាល​ឲ្យ​សុគត​ភ្លាមៗ នៅ​រោងបុណ្យ​មួយកន្លែង។ នៅ​ថ្ងៃ​អាទិត្យ សមត្ថ​កិច្ច​បាន​ឃាត់ខ្លួន និង​ធ្វើ​ការសាកសួរ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ជា សារ៉ន់ ។​

​ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​កំពង់ស្ពឺ ​លោក សម សាក់ បាន​ប្រាប់ ​VOD ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សមត្ថ​កិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ឈ្មោះ ជា សារ៉ន់ ទៅ​តុលាការ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​មករា បន្ទាប់ពី​បាន​ឃុំខ្លួន​ជនសង្ស័យ​អស់​រយៈពេល​៧២​ម៉ោង​ ក្រោយ​ពី​បាន​ស្នើសុំ​ទៅ​ព្រះរាជអាជ្ញា ។​

​ទោះជា​យ៉ាងណា លោក សម សាក់ មិន​បាន​បញ្ជាក់​ឲ្យដឹង​ពី​លទ្ធផល​នៃ​ការស៊ើបអង្កេត និង​ការសាកសួរ​ជនសង្ស័យ​ ​រយៈពេល​៣​ថ្ងៃនោះ ថា​តើ​សមត្ថកិច្ច​ទទួលបាន​ចម្លើយ​ពី​ជនសង្ស័យ ឬ​ភ័ស្តុតាង​ណាមួយ ដើម្បី​ដាក់បន្ទុក ឬ​យ៉ាងណា​នោះទេ ដោយ​លោក​បាន​បង្វែរ​ឲ្យ​ទៅសួរ​តុលាការ ។​

ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​លោក កែវ សុធា បដិសេធ​មិន​ផ្ដល់​ព័ត៌មាន​ដោយ​អះអាងថាជា​នីតិវិធី​របស់​តុលាការ ៕

​សូម​សរសេរ​មក​លោក ញឹម គឹម​សាន តាមរយៈ nhimkimsan2012@gmail.com

What Next?

Recent Articles