ដោយ៖ ញឹម សុខន
ថ្ងៃសុក្រ ទី30 មករា 2015
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មន្ត្រីស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យអាជ្ញាធររាជធានីភ្នំពេញ រកកិច្ចសហការដើម្បីប្រមូលពន្ធពីមន្ត្រីមានអំណាចមួយចំនួន ដែលនៅបន្តគេចវេស មិនបង់ចូលថវិកាជាតិ ដើម្បីបង្ហាញពីតម្លាភាពនៃការប្រមូលពន្ធ ។
ការក្រើនរំឭកនេះ ធ្វើឡើងក្នុងកិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ ដែលមានមន្ត្រីមកពីស្ថាប័នសំខាន់ៗចូលរួម ដូចពីអភិបាលរាជធានី លោក ប៉ា សុជាតិវង្ស មេបញ្ជាការកងរាជអាវុធហត្ថ តំណាងអគ្គស្នងការនគរបាលជាតិ រួមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ។
ក្នុងកិច្ចប្រជុំនោះប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល ថ្លែងថាការបង់ពន្ធលើអចលនទ្រព្យគ្រប់ប្រភេទនៅរាជធានីភ្នំពេញ ឆ្នាំ២០១៤បានលើសពីផែនការកំណត់ ។ ប៉ុន្តែលោកថា អ្នកដែលមានភូមិគ្រឹះធំៗ អ្នកប្រើប្រាស់រថយន្តទំនើប ពាក់ស្លាកលេខ ខ.ម ន.ប រួមទាំងស្លាកលេខរាជការ និងមន្ត្រីមានអំណាចខ្លះនៅតែមិនបង់ពន្ធដដែល ។
ទោះយ៉ាងណាលោក មិនបង្ហាញឈ្មោះមន្ត្រីមានអំណាច ឬក្រុមហ៊ុនដែលបន្តគេចវេស មិនព្រមចូលបង់ពន្ធតាមច្បាប់កំណត់នោះទេ ។
លោក គង់ វិបុល ប្រាប់ VOD នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥នេះថា អ្វីជាភាពខ្វះចន្លោះកន្លងទៅនៃការប្រមូលពន្ធ លោកកំពុងចាត់វិធានការ ។ លោកមានប្រសាសន៍ថា «យើងខ្ញុំកំពុងតែចាត់វិធានការដើម្បីត្រួតពិនិត្យ ហើយនិងវិធានការដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់ទាំងអស់នោះ មកបង់ពន្ធ» ។
បណ្តាញរួបរួមដើម្បីគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វីក ប្រចាំកម្ពុជា លោក សន ជ័យ យល់ថាការដែលមន្ត្រីអ្នកមានអំណាចមិនព្រមបង់ពន្ធ អាចមកពីការអនុវត្តច្បាប់នៅកម្ពុជាមិនអាចដាក់ទោសទណ្ឌអ្នកមានប្រាក់ និងមានអំណាចបាន និងម្យ៉ាងវិញទៀតអាចថា ពួកគេមិនចង់លាតត្រដាងពីទ្រព្យសម្បតិស្តុកស្តុម ដែលបានមកពីអំពើពុករលួយ។ លោកថ្លែងថា «ចំណុចនេះហើយ ដែលយើងចង់ស្នើឲ្យរដ្ឋាភិបាល ជាពិសេសជំរុញដល់កាតព្វកិច្ចក្នុងការបង់ពន្ធ ឲ្យស្មើៗគ្នា អត់មាននរណាម្នាក់អង្គុយលើច្បាស់ស្តីពីសារពើពន្ធទេ» ។
ទោះជាយ៉ាងណា ក្នុងកិច្ចប្រជុំនោះលោក គង់ វិបុល ជំរុញឲ្យសាលារាជធានីភ្នំពេញ ត្រូវធ្វើការរួមគ្នាជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថាការប្រមូលពន្ធឆ្នាំ២០១៥នេះ មានតម្លាភាព និងត្រូវផ្តល់ប្រាក់ផាកពិន័យចំនួន១០%ឲ្យទៅមន្ត្រីចុះអនុវត្តន៍កិច្ចការប្រមូលពន្ធ ជាការលើកទឹកចិត្តជាដើម ៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
ប្រជាពលរដ្ឋខំប្រជ្រៀតគ្នាទៅបង់ពន្ធ ដោយខ្លាចគេពិន័យឬដាក់ទោសទណ្ឌ តែបែជាមន្រ្តីមានអំណាចមិនទៅបង់ពន្ធ ក៏មិនឃើញចាត់វិធានការណ៏អីលើពួកនេះសោះ ធ្វើបានតែលើរាស្រ្តតូតតាចមែន នេះហើយឬសម័យដែកជោរ?
នេះមកពីភាពកំស៊ុយរបស់រដ្ឋាភិបាល ខ្លាំងបានតែជាមួយប្រជាជនសាមញ្ញធម្មតា តែដល់ប៉ះអ្នកមានអំណាចស្ងាត់ឪ្យជ្រៀប មើហ្ន៏ រដ្ឋាភបាលតំឡើងសីតុណ្ហភាពឪ្យក្តៅបន្តិចមើហ្ន៏ កុំធ្វើរបៀបខ្ស៊ុយៗៗអញ្ចឹង លោក ឪម យឹនទៀងក្តី ខាងពន្ធដាក្តីរៀនធ្វើការឪ្យមានប្រសិទ្ទភាពបន្តិច កុំខ្ស៊ុយខ្លាំពេក ។
វាមិនអាចម៍ទេ តែកៀនរបងផ្ទះគេមិនហ៊ានជឹតផង