អាជីវកម្ម​ជីក​​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួសារ​របស់​អ្នក​ស្រុក​រវៀង កំពុង​ប្រឈម​នឹង​ការ​វាតទី​ពី​ក្រុមហ៊ុន​បរទេស​

Content image - Phnom Penh Post




ភ្នំពេញប៉ុស្តិ៍

ខណៈ ​​​សំឡេង​ម៉ាស៊ីន​រោទ៍​ប្រៀប​ដូចជា​សំឡេង​កាណូត​ក្នុង​ទន្លេ បើ​ក្រឡេក​ទៅ​ខ្ពង់រាប​មួយ​នៅ​ជើង​ភ្នំ​លុង ក្នុង​ឃុំ​រំដេង ស្រុក​រវៀង ខេត្ត​ព្រះវិហារ មាន​ក្រុម​មនុស្ស​ជា ច្រើន​កំពុង​ធ្វើ​ការ​នៅ​ក្រោម​កម្តៅ ថ្ងៃ អ្នកខ្លះ​ជីកដី ខ្លះ​ជញ្ជូន​ដី​យក​ទៅ​ដាក់​នៅលើ​ធ្នើរ​ដើម្បី​បាញ់​ទឹក​រំលាយ​នៅ​សល់​តែ​កម្ទេច​តូចៗ ដើម្បី​រែង​រក​រ៉ែ​មាស​ដែល​មើល​ស្ទើរ​តែ​មិន​ឃើញ បើ​ទោះ​ជា​របរ​នេះ​កំពុង​តែ​ប្រឈម​នឹង​ការ​ផុត​រលត់​ ដោយសារ​តែ​ការទ​ន្ទ្រាន​ពី​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​រ៉ែ​ពី​រាជរដ្ឋាភិបាល​ក្ដី។

បើទោះជា​ត្រូវ​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​បំបែក​ដុំដី​នោះ​ឲ្យ​រលាយ​ទៅជា​ល្បាយ​តូចៗ និង​ត្រូវ​ចំណាយ​ពេល​ជាច្រើន​ម៉ោង ក៏​ពួកគាត់​ទាំង​នោះ​ពុំ​អាច​ប្រកប​របរ​ជីក​រក​រ៉ែ​មាស​នេះ​ដោយ​សេរី​បានដែរ បន្ទាប់ពី​មាន​ក្រុមហ៊ុន​ឯកជន​ជាច្រើន​ទទួល​បាន​ដី​សម្បទាន​រ៉ែ ដើម្បី​វិនិយោគ​ពី​សំណាក់​រដ្ឋាភិបាល​ក្នុង​តំបន់​នោះ ធ្វើ​ការ​ហាម​​ឃាត់​ដោយ​សំអាង​ថា គេ​មាន​​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល។

កំពុងតែ​កាន់​ដែក​រែង​រក​កម្ទេច​មាស​ដែល​តូច​មើល​ស្ទើរតែ​មិន​ឃើញ​នោះ លោក រៀម វាសនា ដែល​ប្រកប​មុខរបរ​នោះ ៧​ ឆ្នាំ​មក​ហើយ​​បាន​ឲ្យ​ដឹង​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​រក​រ៉ែ​មាស ជា​លក្ខណៈ​គ្រួសារ​គឺ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន ដោយសារ​តែ​ក្រុម​ហ៊ុន​ចិន​និង​វៀតណាម មិន​ឲ្យ​ទៅ​ជីក​រក​នៅលើ​ភ្នំ​ដូច​ពីមុន ហើយ​ត្រូវ​ផ្អាក​ការ​រុករក​រ៉ែ​នៅ​ពេល​ណា​ដែល​មាន​បុគ្គលិក​ចិន​ឡើង​មក​ក្នុង​តំបន់​នោះ។

ឈ្មួញ​រកស៊ី​បើកទិញ​មាស​ពី​អ្នក​ជីក​រ៉ែ​ជាលក្ខណៈ​គ្រួសារ បង្ហាញ​មាស​ដែល​គាត់ទិញ​បាន​។​ រូបថត ហេង ជីវ័ន

ឈ្មួញ​រកស៊ី​បើកទិញ​មាស​ពី​អ្នក​ជីក​រ៉ែ​ជាលក្ខណៈ​គ្រួសារ បង្ហាញ​មាស​ដែល​គាត់ទិញ​បាន​។​ ហេង ជីវ័ន

លោក​​បាន​និយាយថា៖ «សព្វថ្ងៃ​នេះ យើង​ធ្វើ​បាន​ត្រឹម​តែ​ដូរ​បាយ​ព្រឹក​ល្ងាច​ប៉ុណ្ណោះ បើ​មិន​រក​មាស វា​មិន​ដឹង​ទៅ​ធ្វើ​អី ពី​ព្រោះ​ខ្ញុំ​មិន​ចេះ​អី​ ក្រៅពីនេះ​ទេ ហើយ​បើ​ធ្វើការ​សំណង់​ក៏​ពិបាក លុះត្រាតែ​ចំណាក​ស្រុក ដូច្នេះ​មានតែ​ទ្រាំ​ធ្វើ​មុខរបរ​នេះ​ទៅ»។

បើទោះជា​ការប្រកប​របរ​នេះ​នៅក្រោម​កម្តៅ​ថ្ងៃ​និង​ត្រូវ​ជីកដី​លុង​ជម្រៅ​ ៣ ​ម៉ែត្រ​ចុះ​ក្រោម​ក៏​ដោយ ក៏​បរុស​មួយ​ក្រុម​នោះ នៅ​តែ​ចាត់​ទុក​ថា ជា​របរ​មួយ​ងាយ​ស្រួល​ជាង ទៅ​ធ្វើជា​ជាង​សំណង់​ដែរ​ ពីព្រោះ​ពួកគេ​អាច​ឈប់​ពេល​ណា​​ដែល​ពួកគេ​នឿយ​ហត់​ដោយ​មិន​ខ្វល់។

លោក រៀម ស៊ីនិច អាយុ ២៧ ឆ្នាំ​បាន​ប្រាប់ថា៖ «បើ​យើង​ធ្វើ​សំណង់​ឲ្យ​គេ ទោះ​ជា​ឈឺ​ក៏​មិន​ហ៊ាន​ឈប់​ដែរ ខ្លាច​គេ​កាត់​លុយ ប៉ុន្តែ​បើ​ជីករ៉ែ​​មាស​ពេលណា​យើង​ឈឺ​ឬ​ហត់ នោះ​យើង​​ឈប់​តាម​តែចិត្ត​យើង​បាន»។

និយាយ​បែប​ចង់​អស់​សំណើច​នៅពេល​សួរ​ទៅ​ដល់​ចំណុច​ថា តើ​ក្នុង​ ១ ខែ​អាច​រកប្រាក់​ចំណូល​បាន​ប៉ុន្មាន​នោះ លោក ស៊ីនិច បាន​តប​តិចៗ​ថា ពួកគាត់​គឺ​ពុំមាន​សល់​លុយ​រាល់តែ​ខែ​ប៉ុន្មានៗ​ទេ ពីព្រោះ​រក​មួយថ្ងៃ​សម្រាប់​​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ។ គាត់​ថា ជា​រៀងរាល់​ ៣ ​ទៅ​ ៤ ​ថ្ងៃ​ម្តង គាត់​តែង​ឡើង​ទៅ​លក់​កម្ទេច​មាស​យក​លុយ​មក​ទិញ​​ម្ហូបអាហារ​និង​ប្រេងសាំង។

លោក​​ផ្ទុះសំណើច​ថា៖ «ក្នុង​មួយ​ខែ​ៗ​ ​គឺ​យើង​គ្មាន​សល់​អ្វី​ទេ មាន​តែ​ជំពាក់​ថ្លៃ​ម្ហូបអាហារ​គេ​ផង នៅ​ពេល​ដែល​រកមាស​មិន​បាន តែ​នៅ​​ពេលណា​យើង​រក​បាន ក៏​ឡើង​ទៅ​លក់​សង​គេ​វិញ​អស់»។

កំពុង​តែ​កាន់​ទុយោ​បាញ់​រំលាយ​ដី​ល្បាប់​នៅក្នុង​រណ្តៅ​ដ៏​ធំ​មួយ ដើម្បី​បូប​ឡើង​ទៅ​កន្លែង​ចម្រោះ​រក​កម្ទេច​មាស​នោះ​ លោក ​យ៉ុន ថា អាយុ​ ២២ ​ឆ្នាំ ដែល​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ តាកែវ ដើម្បី​ប្រក​បរបរ​ជីក​​រក​រ៉ែ​មាស​នៅ​ជើង​ភ្នំ លុង នេះ ​រៀប​រាប់​ថា ក្នុង​មួយថ្ងៃៗ ក្រុម​គាត់​មាន​គ្នា​ ៣ ​នាក់ ចាប់​ធ្វើ​ការ​ពី​ម៉ោង​ ៧ ​ព្រឹកដល់​ម៉ោង​ ៥ ​ល្ងាច​នោះ អា​ចរក​កម្ទេច​រ៉ែ​មាស​ត្រឹមតែ​ ៣ ​ទៅ​ ៤ ​ហ៊ុន​ប៉ុណ្ណោះ ខណៈដែល​តម្លៃ​ក្នុង​មួយ​ជី​មាស​លក់​បាន​ត្រឹម​តែ​ ៥៤ ​ដុល្លារ។ គាត់​ថា បើ​ក្រុមហ៊ុន​វិញ​រកបាន​រាប់​តម្លឹង​ក្នុង ១ ថ្ងៃៗ។

លោក យ៉ុន ថា និយាយ​ថា៖ «យើង​បូម​ដីឬក៏​កាយ​រក​រ៉ែនឹងដៃ តែ​ក្រុមហ៊ុន​គេ​យក​ អេស្កា​ មក​កាយ​រក​រ៉ែ​​តែម្តង ដូច្នេះ​ បានជា​គេ​រក បាន​ច្រើន។ ពលរដ្ឋ​យើង​បើសិន​ឲ្យ​ជីក​ដោយ​ដៃ​ក៏​ដោយ ឲ្យតែគេ​ឲ្យទៅ​ជីក​នៅក្នុង​ភ្នំ​លុង​ យើង​ក៏​អាច​​ជីក​បាន​ច្រើន​ដែរ»។

ច្រក​ចូល​ក្រុម​ហ៊ុន​រុករក​រ៉ែមាសចិន​ នៅ​តំបន់ភ្នំលុង ក្នុង​ស្រុក​រវៀង ខេត្ត​ព្រះ​វិហារ ​។​ រូបថត ហេង ជីវ័ន

ច្រក​ចូល​ក្រុម​ហ៊ុន​រុករក​រ៉ែមាសចិន​ នៅ​តំបន់ភ្នំលុង ក្នុង​ស្រុក​រវៀង ខេត្ត​ព្រះ​វិហារ ​។​ ហេង ជីវ័ន

សូរសំឡេង​ម៉ាស៊ីន​លាន់​ឮទ្រហឹង​នៅ​កណ្តាល​ព្រៃ​តំបន់​នេះ តែ​មាន​ថ្ងៃ​ខ្លះ​ក៏ត្រូវ​ផ្អាក​ដែរ នៅ​ពេល​ណា​ដែល​ពលរដ្ឋ​ឲ្យ​ដំណឹង​មក​ថា ជនជាតិ​ចិន​ជា​ថៅកែ​ឬ​បុគ្គលិក​ក្រុមហ៊ុន​ គេ​ចុះ​មក​ត្រួត​ពិនិត្យ​ការដ្ឋាន​ ១ ​ខែ​ឬ​ ២ ​ខែម្តង ហើយ​អាជ្ញាធរ​ក៏​ហាម​ពលរដ្ឋ​មិន​ឲ្យ​ធ្វើ​ដែរ ​ដើម្បី​កុំ​ឲ្យ​ឮ​សំឡេង​ម៉ាស៊ីន។

លោក យ៉ុន ថា បញ្ជាក់​ថា៖ «យើង​​ធ្វើការ​នៅ​ឆ្ងាយ​ពី​ក្រុមហ៊ុន តែ​គេ​នៅតែ​មិន​ឲ្យ​យើង​ធ្វើ ដូច្នេះ​យើង​ត្រូវ​សម្រាក​នៅ​ពេល​ដែល​ថៅកែ​គេ​ចុះ​មក​មើល បើ​មិន​ដូច្នេះ​បុគ្គលិក​ដែល​យាម​ឲ្យ​ក្រុមហ៊ុន​ស្លៀកពាក់​ឯកសណ្ឋាន​ជា​ប៉ូលិស ទាហាន​ឬក៏​ប៉េអឹម គេ​នឹង​បាញ់​មកលើ​យើង​នៅ​ពេល​គេឮ​សូរ​សំឡេង​ម៉ាស៊ីន»។

អ្នក​ស្រុក​នៅ​តំបន់​នោះ​គ្រាន់តែ​ដឹងថា ក្រុមហ៊ុន​រុករក​រ៉ែ​តំបន់​នោះ មាន​ទាំង​ក្រុមហ៊ុន​ខ្មែរ ចិន និង​វៀតណាម ពួកគេ​មាន​ទាហាន​នៅ​យាម​ការពារ​ហាម​​មិន​ឲ្យ​ពលរដ្ឋ​ដែល​ជីក​រក​រ៉ែ​លក្ខណៈ​គ្រួសារ​ចូល​ជីក​ក្នុង​តំបន់​ភ្នំ​នោះទេ រហូត​មាន​ករណី​បាញ់​ប្រហារ​មក​លើ​ពលរដ្ឋ​ទៀត​ផង នៅពេល​មាន​អ្នក​ព្យាយាម​លួច​ចូលទៅ​រុករក​ក្នុង​តំបន់​គេ​ហាម​នោះ។

លោក​និយាយថា​៖ «​ដី​របស់​ខ្មែរ​សោះ​ឲ្យ​បរទេស​គេ​មក​រក​មាន​ទាំង​ទាហាន​ការពារ​ទៀត តែ​ខ្មែរ​ឯង​ម្ចាស់​ដី​ត្រូវ​គេ​ហាម​ទៅ​វិញ​ខ្ញុំ​ឆ្ងល់​មែន​ទែន»។

លោក ឆា ឆន អាយុ ៣០ ឆ្នាំ ដែល​មក​ជីក​រ៉ែ​មាស​នេះ​បី​ឆ្នាំ​មក​ហើយ​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​គេ​ហាម​ឃាត់​ជាង​ ១ ​ឆ្នាំ​ហើយ ហើយ​​ចាប់​តាំង​ពី​ពេលដែល​គេ​ហាម​មិន​ឲ្យ​ឡើង​ភ្នំ​លុង​មក ពល​រដ្ឋ​យើង​ក៏​រកមាស​មិន​បាន​ច្រើន​ដែរ គឺ​រក​បាន​តិច​តួច​បំផុត រហូត​មាន​ថ្ងៃ​ខ្លះ ​ស្ទើរ​តែ​រក​កម្ទេចមាស​តូច​មួយ​មិន​បាន​ផង។

ក្រុម​អ្នកប្រ​កបរបរ​ជីក​រករ៉ែ​មាស​​ជាលក្ខណៈគ្រួសារ នៅ​ជើងភ្នំលុង ក្នុងស្រុក​រវៀង  កំពុង​តែរំលាយដី ដើម្បីបូមឡើង​ច្រោះ​រែង​រក​កម្ទេច​រ៉ែមាស ​។​ រូបថត ហេង ជីវ័ន

ក្រុម​អ្នកប្រ​កបរបរ​ជីក​រករ៉ែ​មាស​​ជាលក្ខណៈគ្រួសារ នៅ​ជើងភ្នំលុង ក្នុងស្រុក​រវៀង កំពុង​តែរំលាយដី ដើម្បីបូមឡើង​ច្រោះ​រែង​រក​កម្ទេច​រ៉ែមាស ​។​ ហេង ជីវ័ន

លោកបន្តថា៖ «បើ​សិន​តែ​នៅ​បន្ត​រឹតបន្តឹង ហើយ​ហាម​ពលរដ្ឋ​មិន​ឲ្យ​រក​រ៉ែ​ទៀត​នោះ មិនយូរ​នោះ​ទេ ពួកយើង​នឹង​ដាច់​បាយ​ស្លាប់​មិន​​ខាន ពីព្រោះ បើ​ទៅ​រក​មាស​ក៏​មិន​​បាន មាន​តែ​ត្រូវ​ឈប់​រក ណា​មួយ​នៅ​កន្លែង​មាន​មាស​ខាង​ក្រុមហ៊ុន​គេ​វាត​យក​អស់​ទៅហើយ»។

មិន​ខុសពី​អ្នក​ជីក​រក​រ៉ែ​មាស ​ក្នុង​​តំបន់​នេះដែរ យុវជន ដេត ឆៃ អាយុ​១៨ ​ឆ្នាំ មកពី​ខេត្ត កំពង់ធំ ដែល​ចំណាយ​ពេល​បី​ឆ្នាំ​ក្នុង​របរ​នេះ​និយាយ​ថា ដោយ​សារ​តែ​បញ្ហា​ជីវភាព រូបគេ​បាន​បោះបង់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​ ៦ ដើម្បី​មក​ជួយ​បង​ប្អូន​ជីក​រក​រ៉ែ​​មាស​នេះ បើ​ទោះ​ជា​មក​រក​ពុំ​សូវ​បាន​ច្រើន​ក៏​ដោយ​ ពីព្រោះ​គ្រួសារគេ​គ្មាន​មុខ​របរ​អ្វី​ក្រៅ​ពី​ជីក​រក​មាស​នោះ​ទេ ហើយ​ខ្លួន​ក៏​ព្រួយបារម្ភ​ផង​ដែរ​​ចំពោះ​ស្ថាន​ភាព​សព្វថ្ងៃ​ថា អាច​ប្រឈម​​នឹង​​បញ្ហា​ជីវភាព​ទៅ​ថ្ងៃ​អនាគត​មិន​​ខាន​។

យុវជន​រូប​នេះ​ត្អូញត្អែរថា៖ «​ខ្ញុំ​មិន​ដែល​ស្គាល់​មាស​ទេ ហើយ​មុន​ដំបូង​ខ្ញុំ​ស្មាន​តែ​គេ​មក​ជីក​បាន​មាស​ទាំង​ដុំៗ ខ្ញុំ​មិន​ដឹង​ថា គេ​​មក​ជីក​រក​កម្ទេច​មាស​តូចៗ​មើល​ស្ទើរ​មិន​ឃើញ​នោះ​ទេ»។

ដោយ​មាន​ជើង​ធូប​ដោត​ជាប់​នៅ​​នឹង​ដី​ក្បែរ​កន្លែង​ជីក​​រក​រ៉ែ​មាស​នោះ លោក សាន់ សារ៉ន អាយុ ៤៧​ឆ្នាំ មកពី​ស្រុក​​កំពង់ស្វាយ ខេត្តកំពង់ធំ ដែល​បាន​ប្រកបមុខ​របរ​នោះ​អស់​រយៈពេល​ជាង​ ១០ ​ឆ្នាំ​មក​ហើយ​នោះ បាន​ថ្លែង​ថា ការ​​ប្រកបរបរ​រក​រ៉ែ​មាស​នេះ ពលរដ្ឋ​ក៏​មាន​ជំនឿ​ផងដែរ នៅ​ក្នុងការ​បន់ស្រន់​ទៅ​លើ​ម្ចាស់​ទឹក​ ម្ចាស់​ដី គឺ​មុន​នឹង​ជីក​រក​រ៉ែ​មាស​ត្រូវ​បន់​សែន ម្ចាស់​​ទឹក​ម្ចាស់​ដី អារក្ខ អ្នកតា ដើម្បី​សុំ​សេចក្តី​សុខ​និង​ជីក​ឃើញ​រ៉ែ​មាស​បាន​ច្រើន។

លោក​​បាន​ថ្លែងថា៖ «​ជួន​កាល​យើង​ជីក​ជម្រៅ​៣​ម៉ែត្រ​ចុះក្រោម​ចំណាយពេល​៣​ថ្ងៃ​នៅ​ពេល​ដែល​​រំលាយរ​កមាស​ទៅ​សូម្បីតែ​បន្តិច​ក៏មិ​នបាន​​ផង។ ​នេះ​បើសិន​យើង​ភ្លេច​សែន​ព្រេន​ ដូច្នេះ​ពួក​យើង​ត្រូវតែ​នឹកឃើញ​រឿងនេះ​ នៅមុន​ពេល​ចាប់ផ្តើម​ជីករ​កមាស​»​។

នៅមុខ​ផ្ទះ​មួយ​ដែល​មាន​ដាក់​ស្លាក​ថា «ទិញ​មាស​»ដែលមាន ជ​ញ្ជី​ង​ថ្លឹង​នៅក្នុង​ទូ អ្នក​ផ្ទះ​ទាញ​យក​​មាស​រំលាយ​ជា​ដុំ​​ ១ ​តម្លឹង​មក​បង្ហាញ​និង​ត្អូញ​ត្អែរ​ថា គាត់​ក៏​មិន​ខុសពី​អ្នកជីក​រក​រ៉ែមាស​ដែរ បើ​បរិមាណ​មាស​ដែល​អ្នក​ជីករក​​មក​​លក់​ឲ្យ​គាត់​ចេះ​តែ​ថយ​ចុះ​បែប​នេះ។

លោក សុផល ដែលជា​អ្នក​ទិញ​មាស​រាប់​ឆ្នាំ​នៅ​ក្នុង​តំបន់​នោះ​បាន​បញ្ជាក់​ប្រាប់​ថា បច្ចុប្បន្ន​នេះ​​លែង​មាន​អ្នកលក់​​មាស​ច្រើន​ដូច​កាល​ពី​មុន​ហើយ។ កាល​ពី​មុន​មួយ​ថ្ងៃ​ៗ​គាត់​ទិញ​មាស​បាន​ ១ ​ទៅ​ ២ ​តម្លឹង​រាល់​ថ្ងៃ ប៉ុន្តែ​សព្វ​ថ្ងៃ​​ពេល​ខ្លះ​រក​ទិញ​តែ​មួយ​ជី​មិន​បាន​ផង។

លោក​និយាយ​ទៀត​ថា៖ «ខ្ញុំ​គិត​ថា របរ​ខ្ញុំ​ជា​អ្នក​ទិញ​មាស និង​អ្នករក​​មាស​គឺ​ប្រហែល​ជា​មិន​ស្ថិត​ស្ថេរ​​​យូរ​ប៉ុន្មាន​ទៀត​ទេ បើ​ចិន​នៅ​តែ​តឹងរ៉ឹង​មិន​ឲ្យ​ពលរដ្ឋ​រក​ដូច​កាល​ពី​ពេលមុន​នោះ»។

លោកបន្ត​ថា តំបន់​នេះ (តំបន់ ភ្នំលុង) គឺជា​តំបន់​ដែល​សម្បូរ​រ៉ែមាស និង​រ៉ែ​ដែក​បំផុត​ហើយ​ ក៏ ប៉ុន្តែ​ បច្ចុប្បន្ន​ចាប់ផ្តើម​ថយ​ចុះ​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ ដោយសារ​តែ​ក្រុម​ហ៊ុន​ចិន​និង​ក្រុមហ៊ុន​ វៀតណាម ​​ដែល​គេ​កំពុងតែ​ធ្វើ​អាជីវកម្ម​​ខ្នាត​ធំ ខុសពី​ប្រជាពលរដ្ឋ​ដែល​រែង​ដោយ​ដៃ​ ហេតុ​ដូច្នេះ​ក្នុង​ ១ ថ្ងៃ​ៗ គេ​រក​បាន​រាប់​រយ​តម្លឹង។

លោក​អះអាងថា៖ «ក្រុមហ៊ុន គេ​ជីក​ ៣ ​ទៅ​ ៤ ​រយ​ម៉ែត្រ​ចុះទៅ​ក្រោម ឡើង​ប្រេះ​ភ្នំ​អស់​ទៅ​ហើយ»។

ផ្លូវ​ចូល​ទៅ​ក្នុង​​ក្រុមហ៊ុន​ចិន​ដែល​ពលរដ្ឋ​បាន​អះអាង​នោះ​ត្រូវបាន​មន្ត្រី​ ប៉េអឹម ​ដេក​ចង​អង្រឹង​យាម​កាម​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​​ចេញ​​ចូល​ក្រៅពី​បុគ្គលិក​ក្រុម-​ហ៊ុន​ទៅលើ​ភ្នំ​ដែល​មើល​ឃើញ​សកម្មភាព​ អេស្កាវ៉ាទ័រ​ កំពុង​ជីក​កកាយ​រុករក​រ៉ៃ​មាស​នោះទេ ។

មន្ត្រី​ប៉េអឹម​​ជា​ឆ្មាំ​យាម​​ច្រក​ម្នាក់​នោះ​ប្រាប់​ថា ចង់​ចូល​ឲ្យ​ទាក់​ទង​ទៅ​ថ្នាក់​លើ​ គឺ​ទាក់ទង​ទៅ​ខាង​ក្រុម​ហ៊ុន CWS ដែល​មាន​ឈ្មោះ លោក​ បារាំង ប៉ុន្តែ​លោក ​បារាំង ភ្នំពេញ ប៉ុស្តិ៍ ពុំ​អាច​ទាក់​ទង​ដើម្បី​សុំ​ព័ត៌មាន​អំពីការ​ធ្វើ​អាជីវកម្ម​របស់​ក្រុម​ហ៊ុន​ចិន​បាន​​ទេ​​ដោយ​លោក​ឆ្លើយ​ថា៖ «ច្រឡំ​លេខ​ហើយ»។

លោក អ៊ូច ឡេង នាយក​អង្គការ​ក្រុម​កិច្ចការ​ពិសេស ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ប្រាប់​​ឲ្យ​ដឹងថា ការផ្តល់​ដី​សម្បទាន​រ៉ែ​របស់​រដ្ឋាភិបាល​ទៅ​ដល់​ក្រុមហ៊ុន​ចិន​នោះ​គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​សេដ្ឋកិច្ច​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ និង​បរិស្ថាន​ក្នុង​តំបន់​នោះ ដោយសារ​តែ​រដ្ឋាភិបាល​​ពុំ​បាន​គ្រប់​គ្រង​ទិន្ន័យ​ឲ្យ​​ច្បា​ស់​លាស់។

លោក​ថ្លែង​ថា៖ «គម្រោង​នេះ​បាន​ធ្វើ​ឲ្យ​បាត់​បង់​ចំណូល​ពលរដ្ឋ​ជា​ម្ចាស់​រ៉ែមាស​យ៉ាង​ធ្ងន់ធ្ងរ»។

លោក ឯ សារូ អភិបាលស្រុក រវៀង​បាន​ឲ្យ​ដឹងថា នៅ​ក្នុង​ឃុំ​រំដេង​មាន​ក្រុមហ៊ុន​ចំនួន​ពីរ​ គឺ​ក្រុមហ៊ុន Delcom Cambodia Pte.,Ltd ទទួល​អាជ្ញាប័ណ្ណ​វិនិយោគ​នៅ​លើ​ភ្នំ​លុង ហើយ​និង​ក្រុម​ហ៊ុន​សរសេរ​អក្សរ​កាត់ CWS របស់​ចិន​ គឺ​ទទួលបាន​ការ​សិក្សា​ស្រាវជ្រាវ​តែ​ប៉ុណ្ណោះ។

លោក​បន្ត​ថា ៖«​យើង​ពុំ​មាន​សិទ្ធិ​ហាម​ឃាត់​គេ​​នោះទេ ប៉ុន្តែ​​ក្រុមហ៊ុន​គេ​ធ្វើទៅ​តាម​ច្បាប់»។

បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ថ្មីៗ​នេះ បាន​រក​ឃើញ​ថា រហូត​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​​ក្រុម​ហ៊ុន​រុករក​រ៉ែ ប្រេង និង​​ឧស្ម័ន ចំនួន ១៤៧ ក្រុមហ៊ុន​ ក្នុង​នេះ ក្រុមហ៊ុន​ដែល​កំពុង​តែ​ដំណើរ​ការ​ធ្វើ​អាជីវកម្ម​ស្ថិត​ក្នុង ១៨ ខេត្ត​ នៅ​ទូទាំង​ប្រទេស​លើ​ផ្ទៃដី​​ជាង ២,៥ លាន​ហិកតា។ ក្រុមហ៊ុន​ទាំងនេះ​មកពី​ប្រទេស​អូស្ត្រាលី អាមេរិក កូរ៉េ វៀតណាម ចិន ជប៉ុន សិង្ហ​បុរី ថៃ បារាំង និង​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ចំនួន​ផង​ដែរ៕

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

សកម្ម​ភាព​ជីកកាយដី​​ , បាញ់ទឹក​កូ​រ​រំលាយដី ការ​ច្រោះ​ដី​រកកម្ទេច​រ៉ែ​ និង​សកម្ម​ភាពជួយគ្នា​ជាគ្រួសារក្នុង​ការ​បូម​ទឹក​ច្រោះដី​ និង​ការ​រែងរកកម្ទេច​រ៉ែ​មាស​ចុង​ក្រោយ ដែល​មើល​ស្ទើរតែ​មិន​ឃើញ តាម​បែប​អាជីវកម្ម​ជាលក្ខណៈ​គ្រួសារ​​​។​ រូបថត ហេង ជីវ័ន


What Next?

Recent Articles