​ក្រសួង​ពាណិជ្ជកម្ម​ថា​នឹង​បង្កើត​សមាគម​កែច្នៃ​ដំឡូង​មី​ដើម្បី​ឲ្យមាន​តម្លៃ​ខ្ពស់​​

ដោយ៖​ បូ សា​វី​
ថ្ងៃព្រហស្បតិ៍ ទី26 កុម្ភៈ 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

កសិករ​កំពុង​កាប់​ដំឡូវ​មី​ដើម្បី​យក​ទៅ​ហាល (រូបថត៖ បូ សាវី)

​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​ឲ្យដឹងថា រដ្ឋាភិបាល​កំពុង​រៀប​ចំ​បង្កើត​សមាគម​កែច្នៃ​ដំឡូង​មី ឲ្យ​ដូចជា​សមាគម​ស្រូវ​អង្ករ ដើម្បី​ឲ្យ​ដំឡូងមាន​គុណភាព​ល្អ និង​ងាយស្រួល​នាំចេញ​ទៅ​ក្រៅប្រទេស ខណៈ​ដំឡូង​បច្ចុប្បន្ន​មាន​តម្លៃ​ទាប ។​

​ការលើកឡើង​បែប​នេះបន្ទាប់​ពី​ប្រជាកសិករត្អូញត្អែរថា កសិផល​ដំឡូង​មី​មាន​តម្លៃថោកដោយ​ពួកគេ​អះអាងថា ផល​ដែល​ប្រមូល​បាន​មក​នោះ មិន​រួច​ថ្លៃឈ្នួល​កម្មករ និង​ការចំណាយ​លើ​ដំ​ការដាំដុះ ។​

​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ឆ្លើយ​សំណួរ VOD បន្ទាប់ពី​ធ្វើ​បទ​បង្ហាញ​ក្នុង​វេទិកាសាធារណៈ​នៅ​ខេត្ដ​សៀមរាប​ថា ប្រជាកសិករ​ខ្មែរ​ដែល​ដាំដំឡូង​មី គឺ​មិន​ចេះ​រក្សា​គុណភាព​ត្រឹមត្រូវ​តាម​បច្ចេកទេស​នោះទេ ទើប​ឲ្យ​នាំឲ្យ​មាន​តម្លៃថោក ។ ប៉ុន្តែ​លោក​បន្ដថា រដ្ឋាភិបាល​កំពុង​រៀប​ចំ​បង្កើត​ជា​សហព័ន្ធ​កែច្នៃ​ដំឡូង​មី និង​ខិតខំ​កៀងគរ អ្នកវិនិយោគ​មក​កែច្នៃ​ដំឡូង​មី​នៅ​កម្ពុជា ដើម្បី​នាំ​កសិផល​នោះ​ទៅ​លក់​នៅ​ក្រៅប្រទេស ដោយ​មិន​ចាំបាច់​មាន​ឈ្មួញ​កណ្ដាល ។

លោក​មានប្រសាសន៍ថា «​កុំ​បាន​តែត្រឹម​ដាំ​ហើយ កាប់ៗ ហាល​តាម​ផ្លូវ​ជាតិ​ហើយ​ច្រក​ស្បោង​លក់​ឲ្យគេ ខាតៗ​ណាស់ ។ អ៊ីចឹង​រាជរដ្ឋាភិបាល​កំពុង​ខិតខំ​ប្រឹងប្រែង​ទាក់ទាញ​វិនិយោគ​មក​ដាក់ទុន កែច្នៃ​ដំ​ឡូ​វ​មី​នៅ​កម្ពុជា​យើង ។ ផ្សេងៗ​ក៏​កែច្នៃ​ដែរ ហើយ​មួយទៀត គឺ​យើង​ចរចា​ឲ្យ​ប្រទេស​មួយចំនួន​អាច​ទិញ​ពី​យើង​ផ្ទាល់​តែម្តង កុំឲ្យ​ទិញ​តាម​ប្រទេសទី​៣ ដំឡូង​មី​យើង​ពី​ដើម លក់​ទៅ​ចិន​មិន​បាន​ទេ សូម​ជម្រាប ឥឡូវ​យើង​ធ្វើ​បាន​ហើយ អ៊ីចឹង​យើង​លក់​ទៅ​ចិន​ផ្ទាល់​តែម្តង​» ។​

ប្រជាកសិករ​ដាំ​ឡូង​មី​នៅ​ស្រុក​វ៉ារិន ខេត្ដ​សៀមរាប អ្នកស្រី ភី រ៉ា​ន់ ឲ្យដឹងថាក​សិផល​ដំឡូង​មីនៅ​ឆ្នាំ​២០១៥​នេះ បាន​ធ្លាក់​ថ្លៃ​គួរឲ្យ​ព្រួញបារម្ភ បើទោះបី​ប្រេង​ឥន្ទនៈ​ធ្លាក់ថ្លៃ​បន្ដិច​ក្ដី ។ អ្នកស្រី​បន្ដ​ថា តម្លៃ​ដំឡូង​មី​ស្ងួត​មួយ​គីឡូក្រាម​ជាង​៦០០​រៀល ទៅ​៧០០​រៀល​ប៉ុណ្ណោះ ប៉ុន្ដែ​ថ្លៃឈ្នួល​កម្មករ​ខ្ពស់ ។ អ្នកស្រី​ថា «​បាន​រៀង​គ្រាន់ វា​អត់​សូវ​(​បាន​ថ្លៃ​)​ទេ កន្លែង​ខ្លះ​ឲ្យ​៦០០​រៀល​ហ្នឹង វា​ថោក ។ ជួល​គេ​(​កម្មករ​)​អត់​សូវ​ចំណេញ​ទេ ចុះបើ​ដំ​ឡូ​វ​យើង​តិច យើង​ជួល​គេ​ថ្លៃ​នោះ​» ។​

ឈ្មួញ​ម​ក​ទិញ​ដំឡូង​មី ដោយ​ដឹក​តាម​រថយន្ត​ធុន​ធំ​ (រូបថត៖ បូ​ សាវី)

​ប្រជា​កសិករ​មួយ​រូប​ទៀត អ្នកស្រី វ៉ន រឿន ឲ្យដឹងថារ​បរកសិក​ម្មនេះ មិន​អាច​រួច​តម្លៃ​ឈ្នួល​កម្លាំង​ពលកម្ម​នោះទេ ខណៈ​ឈ្នួល​កម្មករ តម្លៃ​៧៥០០០​រៀល​ក្នុង​មួយ​តោន ដោយ​ប្រើ​ពេល​៧​ថ្ងៃ ចាប់ពី​ថ្ងៃ​ដក រហូត​ដល់​ហាល​ស្ងួត ។ អ្នកស្រី​បន្ដ​ថា ដំឡូង​ឆ្នាំ​២០១៥​នេះ ធ្លាក់​ថ្លៃ​ជាង​ឆ្នាំ​មុន​ដោយសារ​មិនសូវ​មាន​ទីផ្សារ ។ អ្នកស្រី​ថា «​ទិញ​មួយៗ​មិនសូវ​ច្រើន​ប៉ុន្មាន​ទេ ម៉ូយ​មក​មួយៗ បើ​ដំឡូង​គេ​ល្អ​បាន​(​ថ្លៃ​)៦០១០​រៀល​ទៅ​៦០២០​រៀល បើ​ដំឡូង​អត់​ល្អ​ហាល​ឡើង​ខ្មៅ បាន​៥៥០​រៀល ទៅ​៥០០​រៀល ។ ឆ្នាំ​នេះ​បាន​ថោក​ជាង​ឆ្នាំ​ទៅ​មិញ អត់​សូវ​មាន​ម៉ូយ​ដូច​ឆ្នាំ​មុន ឆ្នាំមុន​សម្បូរ​មួយ ឆ្នាំ​នេះ​អត់​សូវ​សម្បូរ​ម៉ូយ ។ ចង់ឲ្យ​តែ​ច្រើន​បើ​ម៉ូយ​អត់​ហ៊ាន ចង់​តែ​បាន​ថ្លៃ ម៉ូយ​គេ​បន្ថោក​(​តម្លៃ​ដំ​ឡូ​វ​)» ។​

​កាលពី​ថ្ងៃ​ទី​២០ ខែ​មករា តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ឲ្យ​អន្ដរាគមន៍​ទៅ​ក្រសួង​ពាក់ព័ន្ធ ជួយ​ទប់ស្កាត់​ការធ្លាក់​ថ្លៃ​កសិផល និង​ជួយ​រក​ទីផ្សារ​សម្រាប់​លក់​ផលិត​កសិកម្ម ជូន​ប្រជាកសិករ​ខ្មែរ ។ លិខិត​បន្ដថា ការធ្លាក់​ថ្លៃ​កសិផល​នេះ​ដោយសារ​ក្រុម​ឈ្មួញ​ទម្លាក់​ថ្លៃ​ស្រេច​តែ​អំពើ​ចិត្ដ ដោយ​គ្មាន​ក្រសួង​ណាមួយ​ជួយ​អន្ដរាគមន៍​ទប់ស្កាត់​ឡើយ ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​កសិករ​យ៉ាង​ធ្ងន់ធ្ងរ ។​
 ជាមួយគ្នា​នោះ​ដែរ លោក ស៊ុន ចាន់ថុល ឲ្យដឹងទៀតថា ក្រសួង​ពាណិជ្ជកម្ម​ក៏​ជុំរុញ​ឲ្យ​បង្កើត​សមាគម​កែច្នៃ​ជ័រកៅស៊ូ​ផងដែរ ដូចជា​ការផលិត​សំបក​កង់​រថយន្ត និង ស្រោមដៃ​ដោយ​ខ្លួនឯង​ជា​ដើម ៕ 

​សូម​សរសេរ​មក​លោក បូ សា​វី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles