ចាប់​ម៉ុងតាញ៉ា ៣៦ នាក់​បញ្ជូន​ទៅ​វៀតណាម​វិញ តែ​បាត់​ខ្លួន​អ្នក​ជួយ​ម្នាក់

ក្រុម​ម៉ុងតាញ៉ា​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ដែល​មន្ត្រី UN យក​មក​ភ្នំពេញ។

ក្រុម​ម៉ុងតាញ៉ា​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ដែល​មន្ត្រី UN យក​មក​ភ្នំពេញ។ រូប អាដហុក



ភ្នំពេញប៉ុស្តិ៍

រតនគិរីៈ នគរបាល​កម្ពុជា​និង​វៀតណាម ប្រមាណ ៣០ នាក់​បាន​សហការ​គ្នា​ចាប់​បញ្ជូន​ជន​ម៉ុង​តា​ញ៉ា​វៀតណាម ទាំង ៣៦​នាក់ ទៅ​វៀតណាម​វិញ ដោយ​ប្រើ​ប្រាស់​កម្លាំង​បង្កប់ រីឯ​ជនជាតិ​ដើម​ដែល​ជួយ​ក្រុម​នោះ​ម្នាក់​បាន​និង​កំពុង​បាត់​ខ្លួន​ចំនួន ៥​ថ្ងៃ មក​ហើយ។

ដោយ​សារ​ការ​លាក់​ខ្លួន​ក្នុង​ព្រៃ​នៅ ស្រុក​អូរយ៉ាដាវ និង​លំផាត់ គ្មាន​សុវត្ថិភាព ក្រុម​ជន​ម៉ុង​តា​ញ៉ា​ភៀស​មកពី​វៀតណាម ៣៦​នាក់ ក្នុង​ចំណោម ៥០ នាក់​បាន​ជួល​រថយន្ត​សាំយ៉ុង​ពីរ​គ្រឿង​ជិះ សំដៅ​មក​ភ្នំពេញ កាល​ពី​ម៉ោង ១២​យប់ ថ្ងៃ ទី២៤ ខែ​កុម្ភៈ ដើម្បី​សុំ​អន្តរាគមន៍​ពី​តំណាង​អង្គការ​សហ​ប្រជាជាតិ ដោយ​មាន​អ្នក​ភូមិ​ជនជាតិ​ដើម​ចារ៉ាយ ឈ្មោះ ឌី ហ៊ឺន (ក្លាន ហ៊ឺន) អាយុ ៤២​ឆ្នាំ ជា​អ្នក​ជួយ​ប្រាប់​ផ្លូវ។ ប៉ុន្តែ​គ្រាន់​តែ​ចេញ​ផុតពី ស្រុក​អូរយ៉ាដាវ ចូល​ក្នុង ស្រុក​កូនមុំ ក៏​ត្រូវ​កម្លាំង​នគរបាល​វៀតណាម និង​កម្ពុជា​ចាប់​ខ្លួន​នៅ​លើ​ភ្នំ​កូន​មុំ ក្នុង ភូមិ៤ ឃុំ​ត្រពាំង​ច្រែះ រួច​ដឹក​ទៅ ខេត្ត​រតនគិរី មុន​នឹង​បញ្ជូន​ទៅ​ប្រទេស​វៀតណាម នៅ​ម៉ោង​ប្រមាណ​ជា ៣ ទៀប​ភ្លឺ កាលពី​ថ្ងៃ​ព្រហស្បតិ៍​អាទិត្យ​មុន។ នេះ​បើ​តាម​មន្ត្រី​នគរបាល ស្រុក​កូន​មុំ និង​ការ​ស៊ើប​អង្កេត​របស់​អង្គការ​អាដហុក​ខេត្ត។

មន្ត្រី​នគរបាល​ស្រុក​កូន​មុំ ដែល​ចូល​រួម​ប្រតិបត្តិការ​នេះ​កាល​ពី​យប់​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹង​ថា ស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​នគរបាល​ស្រុក​ត្រៀម​កម្លាំង​ប្រដាប់​អាវុធ ប៉ុន្តែ​អត់​ប្រាប់​ថា មាន​រឿង​អី​កើត​ឡើង​ទេ។ ក្រោយ​មក​ក៏​មាន​នគរបាល​ខេត្ត​ចុះ​មក​ជាមួយ​នឹង​ប៉ូលិស វៀតណាម ៤ នាក់​ស្លៀក​ពាក់​ស៊ីវិល មាន​ទាំង​ប្រធាន​វរៈ​ព្រំដែន​ផង​សរុប​ទាំង​អស់​ប្រមាណ​ជា ៣០ នាក់​ឲ្យ​រក​កន្លែង​ស្ងាត់ ដើម្បី​កុំ​ឲ្យ​បែក​ការ​ឬ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ភូមិ។

មន្ត្រី​រូប​នេះ​បញ្ជាក់​ថា៖ «គ្រាន់​តែ​ពួក​វៀតណាម​ម៉ុង​តា​ញ៉ា ជាង ៣០​នាក់ (ស្ត្រី ៣ នាក់) មក​ដល់​គេ​ព័ទ្ធ​ឡាន​ជាប់។ បើក​ទ្វារ​ឲ្យ​លើក​ដៃ​ឡើង​លើ រុញ​ចូល​ឡាន​ពីរ​ទៀត។ ពួក​វៀតណាម​ធ្វើ​ឡិងឡង់ៗ ទឹក​មុខ​ស្ងួត​គ្រប់​គ្នា»។ លោក បន្ត​ថា ទាំង​ប៉ូលិស​ខ្មែរ​និង​វៀតណាម​សុទ្ធ​តែ​មាន​កម្លាំង​បង្កប់​ទាំង​អស់ រួម​ទាំង​ឡាន​សាំងយ៉ុង​ទាំង​ពីរ​នោះ​ទៀត។

នគរបាល​ម្នាក់​នេះ​ប្រាប់​ទៀត​ថា៖ «ពួក​ខ្ញុំ​ស្រុក​ចាំ​បិទ​គូទ។ មិន​ដឹង​រឿង​គេ​ចាប់​ម៉ុង​តា​ញ៉ា​នេះ​ទេ។ វា​សំខាន់ ទើប​ខាង​វៀតណាម​គេ​តាម​ពី​ប្រទេស​គេ​មក​ធ្វើ​ជាមួយ​ខ្មែរ​យើង។ មាន​ភ្នាក់ងារ​គេ។ បើ​អត់​មាន​ម៉េច​ចាប់​បាន? ភ្នាក់ងារ​ខ្មែរ​យើង​ក៏​មាន​ដែរ។ អ៊ីចឹង​ទើប​បែក​ការ។ មាន​កម្លាំង​រៀបចំ​ស្រេច។

ឡាន​សាំយ៉ុង សុទ្ធ​តែ​កម្លាំង​សមត្ថកិច្ច​ទាំង​អស់»។ ទោះ​យ៉ាង​ណា មន្ត្រី​នគរបាល​រូប​នេះ​មិន​បាន​ឲ្យ​ដឹង​ពី​អ្នក​ជួយ​ពួកគេ គឺ​លោក ឌី ហ៊ឺន ថា ឲ្យ ទៅ​ណា​ទេ។

គ្រួសារ​លោក ឌី ហ៊ឺន បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ហើយ​កំពុង​តែ​នាំ​គ្នា​ស្វែង​រក​គាត់ រួម​ទាំង​ទូរស័ព្ទ​ទៅ​សួរ​ជនជាតិ​ចារ៉ាយ​ដូច​គ្នា​នៅ​ប្រទេស​វៀតណាម​ផង។

អ្នក​ស្រី សំ កញ៉ា អាយុ ៣៥​ឆ្នាំ ប្រពន្ធ​លោក ឌី ហ៊ឺន បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពេល​កំពុង​តែ​មក​ប្តឹង​សុំ​អន្តរាគមន៍​រក​ប្តី​គាត់​បាន​ចេញ​ពី​ផ្ទះ​ក្នុង ស្រុក​អូរយ៉ាដាវ តាំង​តែ​ពី​ម៉ោង ១ រសៀល ថ្ងៃ​ពុធ​សប្តាហ៍​មុន ហើយ​បាន​បាត់​ដំណឹង​រហូត​មក។

អ្នក​ស្រី​ប្រាប់​ថា៖ «គាត់​ថា មាន​ការ​ចេញ​ទៅ​ក្រៅ តែ​បាន​បាត់​រហូត មិន​ដឹង​ទៅ​រក​ឯណា​ទេ។ ប្អូន​ថ្លៃ​បាន​ទូរស័ព្ទ​ទៅ​សួរ​អ្នក​ត្រូវ​ចាប់​បញ្ជូន​ទៅ​វៀតណាម​វិញ។ មិន​ដឹង​យ៉ាង​ម៉េច​ទេ»។ លោក ឌី ហ៊ឺន មាន​កូន​ស្រី​ពីរ​នាក់​ម្នាក់​អាយុ ៨​ឆ្នាំ និង​ម្នាក់​អាយុ ៤​ឆ្នាំ។

អ្នក​សម្រប​សម្រួល​អង្គការ​អាដហុក លោក ឆាយ ធី បាន​ឲ្យ​ដឹង​ថា លោក ឌី ហ៊ឺន ត្រូវ​នគរបាល​កម្ពុជា​ចាប់​ដាក់​ឡាន​មួយ​ផ្សេង​មិន​បាន​បញ្ជូន​ទៅ​វៀតណាម​ជាមួយ​នឹង​ម៉ុង​តា​ញ៉ា​នោះ​ទេ។ អាដហុក​កំពុង​អង្កេត​ករណី​នេះ ហើយ​រាយការណ៍​ប្រាប់​តំណាង​អង្គការ​សហ​ប្រជាជាតិ​ពី​ការ​បាត់​ខ្លួន​នេះ​ហើយ។

លោក​ឲ្យ​ដឹង​ដែរ​ថា អ្នក​ភូមិ​ជន​ជាតិ​ដើម​ទូរស័ព្ទ​ទៅ​វៀតណាម ហើយ​ជួប​អ្នក​ត្រូវ​គេ​ចាប់​បញ្ជូន​ទៅ ២ នាក់​ក្នុង​ចំណោម ៣៦ នាក់​គេ​ប្រាប់​ថា ពួក​គេ​គ្រាន់​តែ​ត្រូវ​អាជ្ញាធរ​វៀតណាម​ទះ​កំផ្លៀង​បន្តិច​បន្តួច​ប៉ុណ្ណោះ មុន​ឲ្យ​ទៅ​ផ្ទះ​វិញ។ ប៉ុន្តែ​មេ​ខ្លោង​ដែល​នាំ​រត់​មក​កម្ពុជា ត្រូវ​គេ​វ៉ៃ​ជាំ​ភ្នែក​និង​បាក់​ធ្មេញ​ហើយ​ចាប់​ទៅ​ដាក់​គុក​ថែម​ទៀត។

ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទាក់ទង​លោក ជា ប៊ុនធឿន ស្នងការ​រង​ទទួល​បន្ទុក​អន្តោ​ប្រវេសន៍ និង​លោក ងួន គឿន ជា​ស្នងការ​ខេត្ត​បាន​ទេ ខណៈ លោក ម៉ឹង ស៊ីនាថ អ្នក​នាំ​ពាក្យ​សាលា ខេត្ត​រតនគិរី និង​លោក កែម សារិន ប្រធាន​នាយកដ្ឋាន​ជន​អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ បាន​អះអាង​ថា នៅ​មិន​ទាន់​បាន​ដឹង​ពី​ករណី​នេះ​នៅ​ឡើយ។ ឯ​លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ និង​លោក គៀត ច័ន្ទ​ថារិទ្ធិ អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ​ក៏​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ដែរ។

លោក​ស្រី វ៉ាន់ ហ៊ាលី តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​តាម​សារ​អេឡិច​ត្រូនិក​កាល​ពី​ម្សិល​មិញ​ថា លោក​ស្រី​មិន​ទាន់​បាន​ដឹង​ពី​ការ​ចាប់​ខ្លួន​នេះ​នៅ​ឡើយ​នៅ​ពេល​ដឹង​ថា មាន​ការ​ចាប់​បញ្ជូន​ទៅ​វិញ លោក​ស្រី​ក៏​មិន​អាច​ធ្វើ​ការ​ពិភាក្សា​ពី​បញ្ហា​នេះ ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​បាន​ដែរ កាល​ពី​ថ្ងៃ​សុក្រ។

បច្ចុប្បន្ន​នេះ មាន​ម៉ុង​តា​ញ៉ ចំនួន ១៣​នាក់ ទៀត​ត្រូវ​គេ​រាយការណ៍​ថា កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ ខេត្ត​រតនគិរី។ ក្រៅ​ពី​នោះ មាន​ម្នាក់​បាន​បែក​គ្នា ពេល​រត់​គេច​ពី​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​ខាង​ផ្នែក​សាសនា​ពី​ប្រទេស​វៀតណាម​មក។ ដោយ​គិត​ទាំង ៣៦​នាក់ នោះ​ផង មាន​ជន​ម៉ុង​តា​ញ៉ា​ជាង ៤០​នាក់ ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​វៀតណាម ក្នុង ខែ​កុម្ភៈ កន្លង​ទៅ​នេះ៕

រាយការណ៍​បន្ថែមៈ Alice Cuddy


What Next?

Recent Articles

2 Responses to "ចាប់​ម៉ុងតាញ៉ា ៣៦ នាក់​បញ្ជូន​ទៅ​វៀតណាម​វិញ តែ​បាត់​ខ្លួន​អ្នក​ជួយ​ម្នាក់"

  1. Krou Chuch says:

    The one were missing , I doubt maybe he already goes to see devil ! Why ? If no one will be responsible to this matter from top to bottom . No different between KHMER rouge regime to comparing nowadays under greedy CPP regime that need to eliminate all the action or movement what they thought it against to their plans as kicking ,jailing and shoot to killing no problems for any life are not following the CPP rules

  2. ?? says:

    that is the policy of million years friendship . one life or more is nothing for them if they said missing it mean he gone. just like in POL POT regime when they said going to learn more that mean they people gone from this world. what else or who else can this nation depending on if this evil are at large. no any bodies can top it down only praying one day this evil will be gone. peace for all