ពលរដ្ឋរងគ្រោះខេត្តស្ទឹងត្រែង ធ្វើពិធីដាក់បណ្តាសាក្រុមហ៊ុនចិនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃសៅរ៍ ទី28 កុម្ភៈ 2015
http://vodhotnews.com


មើលរូបភាពបន្ថែម

ពលរដ្ឋខេត្តស្ទឹងត្រែង ធ្វើពិធីដាក់បណ្តាសាក្រុមចិនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២

ប្រជាពលរដ្ឋរងគ្រោះមកពីតាមបណ្តាខេត្ត និងអ្នករស់នៅក្នុងឃុំស្រែគរ ខេត្តស្ទឹងត្រែង  នៅថ្ងៃ​សៅរ៍នេះ​បាន​ធ្វើពិធីបែបសាសនា ដើម្បី​ដាក់បណ្តាសាដល់ក្រុមហ៊ុនចិនដែលសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម​២ និងដើម្បីបន្ទន់ចិត្តដល់រដ្ឋាភិបាលឲ្យបញ្ឈប់គម្រោងសាងសង់នេះ។

ប្រជាពលរដ្ឋរងគ្រោះមកពីខេត្តរតនគិរី អ្នកភូមិក្បាលមាស និងអ្នកភូមិផ្សេងទៀតរស់នៅខេត្តស្ទឹងត្រែង ប្រមាណ២០០នាក់ នៅថ្ងៃ​សៅរ៍បាន​នាំគ្នាធ្វើពិធីដាក់បណ្តាសាដល់ក្រុមហ៊ុនចិនដែលទទួលការសាងសង់ទំនប់វារី​អគ្គិសនីសេសានក្រោម​២  ដោយពួកគេអះអាងថាគម្រោងនេះនឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពពួកគាត់។ ក្នុងពិធីនេះ​ ប្រជាពលរដ្ឋនាំគ្នាចងកន្សែងក្រហមរៀងៗខ្លួន និង​ធ្វើ​ពិធី​សែន ដោយ​មាន​ទៀន ធូប អង្ករ និងក្បាលជ្រូកជាដើម។

មេឃុំស្រុកស្រែគរលោក សៀក មេគង្គ មានប្រសាសន៍ថាការធ្វើពិធីដាក់បណ្តាសានេះជាសិទ្ធិរបស់ប្រជាពលរដ្ឋ និងជាជំនឿមួយដែលពួកគេជឿថាអ្នកតាក្រហមកនឹងជួយពួកគេឲ្យរួចផុតពីគ្រោះថ្នាក់នានា និងដាក់​បណ្តាសាដល់ក្រុមហ៊ុនផងដែរ។ លោកបន្តថាពលរដ្ឋមិនជំទាស់នឹងការអភិវឌ្ឍរបស់រដ្ឋាភិបាលនោះទេ តែលោកស្នើឲ្យរដ្ឋាភិបាលគួរឲ្យក្រុមហ៊ុ​នសិក្សាពីផលប៉ះពាល់ជាមុនសិន។

ប្រជាពលរដ្ឋរងគ្រោះនៅភូមិក្បាលរមាសលោក ដាំ សំណាង បង្ហាញការព្រួយបារម្ភថាគម្រោងនេះនឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់រយគ្រួសារ និងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ដោយសារប្រជាពលរដ្ឋរស់នៅ​ទីនោះអាស្រ័យលើការនេសាទ យកជ័រឈើ ជាពិសេសប៉ះពាល់ដល់ផ្នូរដូនតារបស់ជនជាតិភាគតិចផងដែរ។  លោកស្នើដល់រដ្ឋាភិបាលបញ្ជារទៅក្រុមហ៊ុនចិន ឲ្យបញ្ឈប់ការសាងសង់ទំនប់សេសានក្រោម ២នេះ។

ប្រជាពលរដ្ឋអះអាងថាទោះបីពួកគេធ្លាប់ដាក់ញត្តិអន្តរាគមន៍ទៅរដ្ឋសភា និងស្វែងរកកិច្ចអន្តរាគមន៍ពីសំណាក់​រដ្ឋាភិបាលច្រើនលើកក៏ដោយ តែក្រុមហ៊ុននៅតែបន្តសកម្មភាពគម្រោងនេះបានប្រមាណ២០ភាគរយហើយ និងមិនឲ្យប្រជាពលរដ្ឋចូលទៅតំបន់នោះឡើយ។

កន្លង​ទៅ អនុរដ្ឋលេខាធិការក្រសួង​បរិស្ថាន​លោក ទា ជុប ធ្លាប់​ប្រាប់​ថា​គម្រោង​អភិវឌ្ឍន៍​​វា​រី​អគ្គិសនីសេ​សាន​ក្រោម​២​នេះត្រូវធ្វើ​យ៉ាងណា​ឲ្យ​ប្រជាជន​ដែល​ប៉ះពាល់ទទួលបាន​ផល និង​សំណង​​បន្ថែម​។ លោកបន្តថាក្រសួង​បរិស្ថានបាន​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​រួចរាល់​ហើយ និង​ត្រូវ​ធ្វើ​យ៉ាងណា​រក​វិធី​ដំណោះស្រាយ និង​សិក្សា​ពី​ផល់ប៉ះពាល់​ផងដែរ​។ លោកបញ្ជាក់ថា«យើងបានធ្វើលិខិតមួយចំនួនទៅក្រុមហ៊ុននោះ ដើម្បឲ្យគាត់ធ្វើកិច្ចសន្យាជាមួយក្រសួងបរិស្ថានត្រូវតែទទួលខុសត្រូវលើរបាយការណ៍វាយតម្លៃ ហើយប៉ះពាល់បរិស្ថានដែលក្រសួងបរិស្ថានដែលឯកភាពមុនមកហើយនេះ ហើយដែលក្នុងរបាយការណ៍នេះមានចែងផលប៉ះពាល់គ្រប់ចំណុចទាំងអស់ ដែលក្នុងនោះចែងអំពីផលប៉ះពាល់ការរើទីតាំងរបស់ប្រជាពលរដ្ឋដែលប៉ះពាល់ និងសំណងដែលមានចែងក្នុងហ្នឹងទាំងអស់»

ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ គឺជា​គម្រោង​អភិវឌ្ឍន៍​ធំ​ជាងគេ​បង្អស់​នៅ​កម្ពុជា​ដែល​ស្ថិតនៅ​តាម​ដង​ ទន្លេ​សេសាន នៅក្នុង​ខេត្ត​ស្ទឹងត្រែង​។ ទំនប់​វា​រី​អគ្គិសនី​នេះ អាច​ផលិតថាមពល​អគ្គិសនី​បាន​ចំនួន៤០០មេហ្គា​វ៉ាត់ ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ៨០០​លាន​ដុល្លារ​។ ទោះជា​យ៉ាងណា​គម្រោង​នេះ​បាន​បង្ក​ឲ្យមាន​ការផ្លាស់ប្តូ​រ​ទីលំនៅ ក៏ដូចជា​ជីវភាព​រស់នៅ​របស់​ប្រជាជន​ប្រមាណ​៥០០គ្រួសារ  និងប៉ះ​ពាល់ដោយប្រយោលរាប់ពាន់​គ្រួសារ​៕

សរសេរមកកាន់លោក ឡាយ សាមាន ​តាមរយៈsamean@vodhotnews.com


ពលរដ្ឋរងគ្រោះធ្វើពិធីដាក់បណ្តាសាក្រុមហ៊ុនចិនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ខេត្តស្ទឹងត្រែង (វីដេអូ)​

ដោយ៖​ ឧស្សាហ៍​ | ថ្ងៃចន្ទ ទី2 មិនា 2015, 12:08 PM​
http://vodhotnews.com

ពលរដ្ឋរងគ្រោះធ្វើពិធីដាក់បណ្តាសាក្រុមហ៊ុនចិនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ខេត្តស្ទឹងត្រែង


What Next?

Recent Articles