​ចៅអធិការ​វត្ត​សាមគ្គី​រង្សី​សង្ស័យ​អ្នក​ធ្វើ​គុត​ព្រះសង្ឃ​មួយ​អង្គ​នៅ​វត្ត​នេះ​ជា​ចារកម្ម​វៀតណាម

ដោយ៖​ ណាត សុភាព​
ថ្ងៃចន្ទ ទី2 មិនា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​ចៅអធិការ​វត្ត​សាមគ្គី​រង្សី​ឲ្យដឹង​ព្រឹក​ថ្ងៃច​ន្ទ​នេះ​ថា អ្នក​ធ្វើ​គុត​ព្រះ​តេជគុណ​មួយ​អង្គ​នៅ​វត្ត​នេះ កាលពីដើម​ខែ​មករា​ឆ្នាំ​២០១៥ ទំនងជា​ចារកម្ម​របស់​វៀតណាម​។​

​ការលើកឡើង​នេះ​ធ្វើឡើង​បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ហេង សុខ​ណា បាន​ចេញ​ដីកា​កោះហៅ​ដើម​បណ្តឹងរដ្ឋប្បវេណី​ព្រះអង្គ ថាច់ សុខុន និង​សាក្សី​ព្រះអង្គ ថាច់ វណ្ណា ឲ្យចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ជុំវិញ​ករណី​ធ្វើ​គុត​ព្រះ​តេជ​គុណ ថាច់ ខាន់ កាលពីដើម​ខែ​មករា​ឆ្នាំ​២០១៥​។​

​ចៅអធិការ​វត្ត​សាមគ្គី​រង្សី ព្រះ​តេជគុណ ថាច់ ហា​សំអាង មាន​ថេរ​ដីកា​នៅ​ក្រៅ​បន្ទប់​សវនាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា តុលាការ​មិន​ត្រូវ​អូសបន្លាយ​សវនាការ ក្នុង​ការរក​យុត្តិធម៌​ដល់​ជនរងគ្រោះ​នោះទេ​។ ព្រះអង្គ​ស្នើ​ទៅ​ចៅក្រម​ស៊ើបសួរ​ឲ្យធ្វើ​ការស៊ើបអង្កេ​ត​ឲ្យបាន​ច្បាស់លាស់​ជុំវិញ​ឃាតកម្ម​នោះ ដោយ​លោក​ដាក់​ការសង្ស័យថា ឃាតកម្ម​នោះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ចារកម្ម​វៀតណាម​។ ព្រះ​តេជគុណ​មាន​ថេរ​ដីកា​ថា «​ដែល​អាត្មា​សន្និដ្ឋាន ទី​មួយ​វា​អាច​លោក​នេន​ហ្នឹង​ជា ត្រូវបាន​យួន​បញ្ជា​មក​ជា​ចារកម្ម​យួន ពី​ព្រោះ​វត្ត​អាត្មា​ដឹង​ស្រាប់​ហើយ​ជា​វត្ត​ខ្មែរ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម មាន​និន្នាការ​ប្រឆាំង​ជាមួយនឹង​ការរំលោភបំពាន​សិទ្ធិមនុស្ស​នៅ​ឯ​កម្ពុជា​ក្រោម​។ ទី​ពីរ​អាត្មា​អាច​សន្និដ្ឋានបាន វា​អាច​ជា​បញ្ហា​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ព្រោះ​វត្ត​អាត្មា​រដ្ឋាភិបាល​កម្ពុជា អាជ្ញាធរ​ដែនដី​គេ​តែងតែ​ចោទប្រកាន់ថា ព្រះសង្ឃ​វត្ត​អាត្មា​ចូលចិត្ត​តែ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល គេ​ចោទប្រកាន់​អញ្ចឹង​»​។​

VOD មិនអាច​សុំ​ការបំភ្លឺ​ពី​មន្ត្រី​ស្ថានទូត​វៀតណាម​នៅ​កម្ពុជា ជុំវិញ​ការសង្ស័យ​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​។​

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ យល់ថា ការលើកឡើង​របស់​ចៅអធិការ​វត្ត​សាមគ្គី​រង្សី​នោះ​ថា ជា​ការភ័ន្តច្រឡំ ព្រោះ​សមត្ថកិច្ច​ធ្វើ​តាម​ច្បាប់ ដោយ​ចាប់​តែ​ជនល្មើស​ទៅ​ផ្តន្ទាទោស​តែប៉ុណ្ណោះ​។ លោក​មានប្រសាសន៍ថា «​យើង​ចង់​និយាយ​តែ​ភារកិច្ច​របស់​យើង យើង​មិនមែន​ទៅរក​ចារកម្ម ទៅរ​កអី​ដ៏​ប៉ុណ្ណឹង​ទេ សំខាន់​គឺ​ត្រូវ​រក​យុត្ត​ធម៌​ឲ្យ​ជនរងគ្រោះ អ្នកណា​ដែល​សម្លាប់​ត្រូវ​ឲ្យឃើញ​ឃាតក មាន​សម្ថ​កិច្ច​ឯ​ណា​គេ​ទៅរក​ចារកម្ម​វៀតណាម​តាម​ព្រះ​តេជគុណ​មាន​ពុទ្ធដីកា​ហ្នឹង ដឹង​ជា​រឿង​ស្អី ប្រហែល​ជា​លោក​ភ័ន្តច្រឡំ​ហើយ​មើលទៅ​»​។ 

​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា មានប្រសាសន៍ថា ការលើកឡើង​របស់​ចៅអធិការ​វត្ត​សាមគ្គី​រង្សី ប្រហែលជា​ព្រះអង្គ​មាន​ភ័ស្តុតាង​ច្បាស់លាស់ ដោយសារ​ព្រះអង្គ​គ្រប់គ្រង​វត្ត​នោះ​ផ្ទាល់ ដឹង​ពី​ស្ថានភាព​នៅ​កន្លែង​នោះ​។ តែ​លោក​បញ្ជាក់ថា ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ ចៅក្រម​ស៊ើបសួរ​ត្រូវ​ស៊ើបអង្កេត​ជន​ពាក់ព័ន្ធ​ផ្សេងទៀត មុន​នឹង​ផ្តន្ទាទោស​ជនល្មើស​នោះ​។ លោក​លើកឡើង​ថា «​តុលាការ​ត្រូវ​តែ​រក​អំពី​ថា​តើ​មាន​ការរៀបចំ​ទុក​នៅ​ពីក្រោយ​ខ្នង ឬ​គ្រាន់តែ​ជា​ជម្លោះ​បុគ្គល​រវាង​ជនជាប់ចោទ​ជា​មួយ​ព្រះសង្ឃ​ដែល​សុគត​។ បើសិនជា​មាន​នៅ​ពីក្រោយ​ខ្នង គេ​ត្រូវតែ​ទៅ​រក​អ្នក​ដែល​នៅ​ពីក្រោយ​ខ្នង​ទៀត ដើម្បី​បង្ក្រាប​ឲ្យដល់​មូលដ្ឋាន​នៃ​ការបង្កើត​ឲ្យ​មាន​អំពើ​ហិង្សា​។ ទី​មួយ​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ ទី​ពីរ​ដើម្បី​ការពារ​អសន្តិសុខ​ក្នុងសង្គម​ដែរ​»​។​

​សូមជម្រាបថា ព្រះ​តេជគុណ ថាច់ ខាន់ អតីត​គ្រូសូត្រឆ្វេង​វត្ត​សាមគ្គី​រង្សី ត្រូវបាន​អតីត​លោក​សង្ឃ​មួយ​អង្គ​នៅក្នុង​វត្ត​នេះ​ដែរ​ឈ្មោះ លី ទ្វឹង ធ្វើ​គុត ដោយ​ចាក់​នឹង​កាំបិត​ចំ​បំពង់ក កាលពី​ថ្ងៃ​ទី​១២ មករា ឆ្នាំ​២០១៥ បណ្តាល​ឲ្យ​សុគត​នៅ​នឹង​កន្លែងកើតហេតុ ហើយ​ជនល្មើស​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពីបទ ហិង្សា​ដោយ​ចេតនា និង​មាន​ស្ថាន​ទម្ងន់​ទោស​៕

សូមសរសេរ​មក​លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

2 Responses to "​ចៅអធិការ​វត្ត​សាមគ្គី​រង្សី​សង្ស័យ​អ្នក​ធ្វើ​គុត​ព្រះសង្ឃ​មួយ​អង្គ​នៅ​វត្ត​នេះ​ជា​ចារកម្ម​វៀតណាម"

  1. Former Hia lola says:

    ​វត្ត​សាមគ្គី​រង្សី គឺវត្តរបស់ក្រុម ISIS. ព្រះសង្ឃខ្មែរ ពុំដែលមានអំពើហិង្សា ដូចជាការសម្លាប់,ធ្វើបាតុកម្ម, ធ្វើនយោបាយ, ល .. បែបនេះនោះទេ.

  2. រាដា says:

    លោក ខៀវ សុភ័គ ចុះឃាតករចាប់បាន ហើយ ម្តេចក៏មិនអនុវត្តន៏តាមច្បាប់ទៅ ចាំបាច់អីនៅពន្យាពេល រកលេស​នេះ​ លេស នោះ ចឹងហើយនៅនិយាយថាធ្វើតាមច្បាប់ ច្បាប់ម៉ែអាឯងការពារតែប្រយោជន៏បក្សពួក និងបរទេសតែប៉ុណ្ណឹង ពួកអាថោក