​ពលរដ្ឋ​បី​សហគមន៍​នៅ​ខណ្ឌ​ជ្រោយចង្វា សុំ​អន្តរាគមន៍​ពី​សាលាក្រុង​ឲ្យ​ផ្តល់សំណង​លើ​ដី​របស់​ពួកគេ​​

ដោយ៖​ ជន ស្រី​ណុ​ច​
ថ្ងៃចន្ទ ទី2 មិនា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី​រស់នៅ​តាម​ដង​ផ្លូវជាតិ​លេខ​៦​អា ក្នុង​ខណ្ឌ​ជ្រោយចង្វា ជាង​១០០​នាក់ នៅ​ថ្ងៃ​ចន្ទ​នេះ​សុំ​អន្តរាគមន៍​ជា​លើក​ទី​២ ទៅ​សាលា​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​ក្រុមហ៊ុន OCIC ផ្តល់​សំណង​សមរម្យ ករណី​យក​ដី​លំនៅដ្ឋាន ដីស្រែ​ចម្ការ របស់​ពួកគេ​ទៅ​អភិវឌ្ឍន៍ ។​

​យោង​លិខិតតវ៉ា​លើក​ទី​ពីរ របស់​ប្រជាពលរដ្ឋ​ចុះ​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០១៥ ឲ្យដឹងថា ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ដីធ្លី ពី​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន OCIC នៅ​ខណ្ឌ​ជ្រោយចង្វា​នោះ​រួមមាន សង្កាត់​ជ្រោយចង្វា ៤៧​គ្រួសារ សង្កាត់​ព្រែកលៀប ៩០​គ្រួសារ និង​សង្កាត់​ព្រែក​តាសេក ១៨​គ្រួសារ ។​

តំណាង​សហគមន៍​ជ្រោយចង្វា​លោក ជា សុផាត មានប្រសាសន៍ថា នេះ​ជា​លើក​ទី​ពីរ ដែល​ប្រជាពលរដ្ឋ​សុំ​អន្តរាគមន៍​ពី​សាលាក្រុង​ចាប់តាំងពី​ក្រុមហ៊ុន OCIC ចូល​ទៅ​អភិវឌ្ឍន៍​លើ​ដី​ប្រជាពលរដ្ឋ​ដោយ​មិន​បាន​ផ្តល់​សំណង​សមរម្យ​ដល់​ពួកគេ ។ លោក​បន្ត​ថា​ការ​ដែល​ក្រុមហ៊ុន និង​សាលាក្រុង​មិន​ព្រម​ផ្តល់​សំណង​សមរម្យ​ដល់​ពលរដ្ឋ​ម្ចាស់​ដី គឺ​មាន​ចេតនា​មិន​ដោះស្រាយ​ឲ្យ​ពលរដ្ឋ ។ លោក​ថា «​ខ្ញុំ​គិតថា ជា​លក្ខណៈ​មួយ​អូសបន្លាយ​ពេលវេលា ដើម្បី​ឲ្យ​យើងខ្ញុំ​ចេះតែ​នៅ​អ៊ីចឹងទៅ ហើយ​ចេះ​តែ​រងចាំ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដែល​ថា​ការរង់ចាំ​ដំណោះស្រាយ​នេះ មិនមែន​ជា​ការ​ស្រួល​ទេ នាំឲ្យ​យើង​ខ្វល់ខ្វាយ​ក្នុងចិត្ត រកស៊ី​ធ្វើការ​អី​ក៏​មិនបាន អ្នក​ដែល​បំពេញការងារ​ជូន​រដ្ឋ ក៏​វេទនា​ក្នុង​ចិត្ត​ដែរ​» ។​

តំណាង​សហគមន៍​នៅ​សង្កាត់​ព្រែកលៀប អ្នកស្រី អ៊ិត ណាវី មានប្រសាសន៍ថា ចាប់តាំងពី​ក្រុមហ៊ុន​ចូល​ទៅ​អភិវឌ្ឍន៍​នៅលើ​ដី​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ នាំឲ្យ​ប្រជាពលរដ្ឋ​ជួប​បញ្ហា​ជាច្រើន ជាពិសេស​មិន​បាន​ចេញ​ទៅ​ប្រកប​មុខ​អ្វី​ទេ ដោយ​បារម្ភ​ខ្លាច​ក្រុមហ៊ុន​បូម​ខ្សាច់​ពន្លិច​ផ្ទះ​របស់​ពួកគេ ហើយ​មិន​ផ្ដល់​សំណង​សមរម្យ ។ អ្នកស្រី​បញ្ជាក់ថា «​ពួក​ខ្ញុំ​ខាតបង់​ច្រើន កាលណា​ក្រុមហ៊ុន​បូម​ខ្សាច់​ដាក់ ប្រជាជន​ខ្ញុំ​អត់​បាន​ធ្វើ​អី​ទាំងអស់ មាន​ផល​លំបាក​ដោយសារ​មាន​ការផ្លាស់ប្តូរ​ទីលំនៅ វា​អត់​សមស្រប ក្រុមហ៊ុន ឲ្យ​តម្លៃទាប ដែល​ពួក​ខ្ញុំ​ទទួល​យក​អត់​បាន ។ គាត់​មើល​មក​នេះ ប្រហែលជា​គាត់​ថា​ប្រជាជន​អត់​មាន​សមត្ថភាព​តវ៉ា​ទេ បាន​គាត់​ឲ្យ​តម្លៃ​១៥​ដុល្លារ បើ​គាត់​តម្លៃ​ខ្ពស់ ឬ​សំណង​សមរម្យ ពួក​ខ្ញុំ​អត់ថា​អី​ទេ​» ។​

​មន្ត្រី​ផ្នែក​ច្បាប់​នៃ​អង្គការ​សិទ្ធិ​លំនៅដ្ឋាន លោក ណន អូ​នី ដែល​តាមដាន​ករណីនេះ​មានប្រសាសន៍ថា បញ្ហា​នេះ​បានអូសបន្លាយ​យូរ​មក​ហើយ ដែល​បង្កឡើង​ដោយ​ការអភិវឌ្ឍ​មិនបាន​គោរព​សិទ្ធិ​រស់នៅ​របស់​ប្រជាជន ។ លោក​ថា​ក្រុមហ៊ុន​មិនបាន​ធ្វើ​តាម​ការព្រមព្រៀង ដែល​ថា​ផ្តល់​សំណង​សមរម្យ​ទៅដល់​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​ដី ។ លោក​ថា «​ហេតុ​អី​បាន​ជា​ក្រុមហ៊ុន ទាំង​សាលា​រាជធានី​ភ្នំពេញ ចង់​បន្ត​រឿង​ហ្នឹង​ដដែលៗ ចង់​យក​រឿង​ហ្នឹង​ដូច​ជា​រឿង​បុរី​កីឡា ឬ​បឹង​កក់ ។ ខ្ញុំ​គិតថា វប្បធម៌​ចាស់​គួរតែ​ត្រូវបាន​បំភ្លេចចោល ឈប់​បាន​អនុវត្ត ហើយ​យើង​យក​គោលការណ៍​ច្បាប់​មក​ដោះស្រាយ ដើម្បី​ឲ្យ​វា​មាន​ស្ថិរភាព​ក្នុង​សង្គម​យើង ដើម្បី​ឲ្យ​អភិវឌ្ឍន័​មួយ គឺជា​ការអភិវឌ្ឍន៍​មួយ​ពិតប្រាកដ ក្រោម​រូបភាព​មួយ​គោរព​ច្បាប់ គោរព​ប្រជាពលរដ្ឋ​» ។​

​បន្ទាប់​ពី​ពលរដ្ឋ​ឈរ​ត្រៀបត្រា​នៅមុខ​សាលាក្រុង សុំឲ្យ​មាន​ដំណោះស្រាយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ មន្ត្រីរដ្ឋបាល​សាលាក្រុង​បាន​ហៅ​តំណាង​ពលរដ្ឋ​ម្នាក់ គឺ​លោក ជា សុផាត ឲ្យចូល​ជួប​ដើម្បី​ដាក់​ញត្តិ ។ លោក​ជា សុផាត អះអាងថា សាលាក្រុង​សន្យាថា​នឹង​បញ្ជូន​សំណើ​របស់​ពួកគាត់​ទៅ​ថ្នាក់​លើ​បន្ត​ទៀត ។​

​VOD មិនអាច​ទាក់ទង​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ បានទេ ។​

ពលរដ្ឋ​ឲ្យដឹងថា ក្រុមហ៊ុន OCIC ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​ពី​សាលា​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការអភិវឌ្ឍ​លើ​ដី​ប្រជាពលរដ្ឋ​ជាង​១០០​ហិកតា ដោយ​មិន​ផ្តល់​សំណង​សមរម្យ​នោះ បាន​កើតឡើង​៣​ឆ្នាំ​មកហើយ តែ​មាន​ពលរដ្ឋ​មួយចំនួន​ដែល​មានផ្ទះ និង​ដី​តូចៗ​ព្រម​ទទួល​សំណង ទោះបីជា​សំណង​នោះ​មិន​សមរម្យ​ក្ដី ៕

សូមសរសេរមកកញ្ញា ជន ស្រី​ណុ​ច​ តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles