​ក្លឹប​អ្នកកាសែត​ខកចិត្ត​ចំពោះ​តុលាការ​ខេត្ត​ព្រះវិហា​រលើ​សំណុំរឿង​អ្នកកាសែត​ពីរ​នាក់​​

ដោយ៖​ ថោ ស៊ីណា​
ថ្ងៃពុធ ទី4 មិនា 2015
http://vodhotnews.com

​ក្លឹប​អ្នកកាសែត​កម្ពុជា សំដែង​ការខកចិត្ត​ចំពោះ​សាលាដំបូង​ខេត្ត​ព្រះវិហារ ដោយ​ចោទ​ថា​ធ្វើការ​ដោយ​មិន​មាន​តម្លាភាព និង មិន​យុត្តិធម៌ ករណី​ចេញ​ដីកា​ចាប់ខ្លួន​អ្នកកាសែត​ពីរ​នាក់​កាលពី​សប្តាហ៍​មុន ក្រោម​ចោទ​ពី​បទ​គំរាមកំហែង​យក​លុយ​ពី​អ្នក​រកស៊ី​ឈើ​ខុសច្បាប់​។​

​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្លឹប​អ្នកកាសែត​កម្ពុជា កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បានឲ្យដឹងថា លោក ទិ​ត្យ ស្រ៊ ភ្នាក់ងា​កាសែត AKP និង​លោក ឈឿន ចាន់ អ្នកយក​ព័ត៌មាន​ទូរទស្សន៍​អប្សរា ត្រូវ​សមត្ថកិច្ច​ចាប់ឃុំខ្លួន និង​ការកោះហៅ​អ្នកសារព័ត៌មាន​ជា​បន្តបន្ទាប់​បែបនេះ គឺជា​ការគំរាមកំហែង និង​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ដល់​សិទ្ធិសេរីភាព របស់​អ្នកសារព័ត៌មាន ដែល​កំពុង​បំពេញ​វិជ្ជាជីវៈ ចំណែកឯ​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ល្មើសច្បាប់ បែរ​ជា​អាច​ប្រកប​មុខរបរ​យ៉ាងសកម្ម និង​ដោយ​សុវត្ថិភាព​ទៅវិញ ។​

​លោក ប៉ែន បូ​ណា មន្ត្រី​នៃ​ក្លឹប​អ្នកកាសែត​កម្ពុជា ប្រាប់ VOD ថា​ជា​និច្ច​ជា​កាល​តុលាការ​នេះ តែង​កោះហៅ​អ្នកកាសែត​មក​សួរនាំ តែ​ចំពោះ​ឈ្នួញ​ឈើ​ខុសច្បាប់​វិញ ទោះ​មាន​ប្រជាពលរដ្ឋ​រាយការណ៍​យ៉ាងណាក៏ដោយ​ក៏​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ខេត្ត​នោះ​មិន​បាន​អើពើ​ដែរ ។ លោក​ថា «​ឈ្មួញ​អ្នករកស៊ី​ឈើ​ខុសច្បាប់ ដូចជា​មិន​ឃើញ​មាន​អាជ្ញាធរ​ឬ​តុលាការ​នោះ​ចាត់វិធានការ ។ អ៊ីចឹង​បានជា​យើង​ឃើញថា ចំណាត់ការ​ដូចជា​មិន​មាន​តម្លាភាព​» ។​

​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តព្រះវិហារ លោក ឡុង ស៊ីថា ដែលជា​អ្នក​កាន់​សំណុំរឿង​អ្នកកាសែត​ពីរ​នាក់​នេះ អះអាងថា​មន្ត្រី​តុលាការ​ធ្វើការ​ដោយ​យុត្តិធម៌ ។ លោក​បញ្ជាក់ថា «​ពាក់ព័ន្ធ​នឹង​ការរកស៊ី​ឈ្មួញ​(​ឈើ​ខុសច្បាប់​) គឺ​មាន​មន្ត្រី​ជំនាញ​របស់​គេ​ហើយ នេះ​រឿង​មន្ត្រី​របស់​គេ​ទេ ជំនាញ​រដ្ឋបាល​ព្រៃឈើ​គេ​អ្នក​បង្ក្រាប ខ្ញុំ​ធ្វើ​ដែរ ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ទេ​»​។ 

​យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារិទ្ធ ឆ្លើយ​នឹង​សំណួ​របស់​អ្នកយក​ព័ត៌មាន​VOD នៅពេល​សម្រាក​ពី​សន្និបាត​បូកសរុប​ការងារ​ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃ​ពុធ​នេះ​ថា ករណី​នេះ​ជា​ឆន្ទានុសិទ្ធិ របស់​តុលាការ ព្រោះ​អ្នកកាសែត​ក៏​ត្រូវ​ស្ថិតក្រោម​ច្បាប់​ដែរ​ឲ្យតែ​ធ្វើ​ខុសច្បាប់​។ លោក​ថា «​អ្នកកាសែត​ក៏​មិន​មែន​នៅ​ក្រៅច្បាប់​ដែរ អ៊ីចឹង​បើ​យើង​(​អ្នកកាសែត​)​ធ្វើ​តាម​វិជ្ជាជីវៈ យើង​នឹង​ជួយ ប៉ុន្តែ​បើ​ធ្វើ​ខុស​វិជ្ជាជីវៈ​នេះ​មិនមែន​ជា​ការងារ នោះ​ជា​កំហុស​បុគ្គល​របស់​គេ​» ។​

​អ្នកសម្របសម្រួល​សមា​គម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ឲ្យដឹងថា បទល្មើស​កាប់​ឈើ​ខុសច្បាប់ និង​មុខរបរ​សិប្បកម្ម​នានា​ក្នុង​ខេត្តព្រះវិហារ​ពិតជា​កើនឡើង​ទ្វេរ​ដង​ក្នុង​ដើមឆ្នាំ​២០១៥​នេះ ក្រោយ​ពី​តុលាការ​ខេត្ត​នេះ​បាន​ចេញ​ដីកា​កោះហៅ​អ្នកកាសែត​ជា​ញឹកញាប់​ទៅ​សួរនាំ​រឿង​ករណី​យកលុយ​ពី​ឈ្មួញ​ឈើ​ទាំង​នោះ ៕ 

​សូម​សរសេរ​មក​លោក ថោ ស៊ីណា តាមរយៈ sina@vodhotnews.com

What Next?

Recent Articles