​កម្លាំង​កងរាជអាវុធហត្ថ​ជាង​៦០០​នាក់​នឹង​ត្រូវ​បញ្ជូន​ទៅ​ទូទាំង​ប្រទេស​ដើម្បី​ទប់ស្កាត់​អាជីវកម្ម​រ៉ែ​ខុសច្បាប់​

ដោយ៖​ ឡាយ សាមាន និង ទូច សុខា​
ថ្ងៃពុធ ទី4 មិនា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក
រូបភាពពីហ្វេសប៊ុកអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស

រូបភាពពីហ្វេសប៊ុកអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស

​មន្ត្រីជាន់ខ្ពស់​កងរាជអាវុធហត្ថ​ឲ្យដឹងថា កងកម្លាំង​ប្រដាប់​អាវុធ​ជាង​៦០០​នាក់​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​២៥​រាជធានី ខេត្ត ដើម្បី​ចូលរួម​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល មន្ត្រី​តុលាការ និង​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ទប់ស្កាត់ និង​លុបបំបាត់​ការជីក​រ៉ែ​អនាធិបតេយ្យ​នៅ​ទូទាំង​ប្រទេស ។​

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក ខេង ទី​តូ ប្រាប់ VODនៅ​ថ្ងៃ​ពុធ​នេះ​​ថាក្រសួង​រ៉ែ និង​ថាមពល​បាន​ស្នើ​កងកម្លាំង​រាជ​អាវុធហត្ថ​ចំនួន​៦១២​នាក់ ដើម្បី​សហការ​ចុះទៅ​ទប់ស្កាត់ ឬ​បង្ក្រាប​ជន​ខិល​ខូច​ដែល​បាន​លួច​ជីក​រ៉ែ​ខុសច្បាប់ ដែល​បាន​បង្ក​ឲ្យ​ខាតបង់​ផលប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ ។ លោក​មានប្រសាសន៍ថា«​វា​ត្រឹមត្រូវ​ហើយ យើង​ត្រូវតែ​ការពារ​ផលប្រយោជន៍​រួម​របស់​ជាតិរបស់​ប្រជាពលរដ្ឋ ព្រោះ​យើង​មិន​អាចឲ្យ​ផលប្រយោជន៍​ជាតិ​យើង​ទាំងមូល​ត្រូវ​បាន​ជន​ខិលខូច​មួយចំនួន  ដែល​យក​ឈ្មោះ​ទៅ​ធ្វើ​អាជីវកម្ម​ស្រេច​តែ​ចិត្ត ដោយ​មិន​គោរព​គោលការណ៍ មិន​គោរព​លក្ខខណ្ឌ​របស់​ក្រសួង ក៏​ដូច​ជា​របស់​រាជរដ្ឋាភិបាល ។ អ៊ីចឹង​យើង​ត្រូវតែ​ការពារ​ផលប្រយោជន៍​រួម​» ។​

​ទោះយ៉ាងណា លោក ខេង ទី​តូ មិន​អាច​បញ្ជាក់​បាន​ទេ​ថា កម្លាំង​របស់​កងរាជអាវុធហត្ថ​នឹង​ត្រូវ​ចុះ​ទៅ​ខេត្ត​​ណា​មុន​នោះ​ទេ ដោយ​លោក​ថា ក្រសួង​រ៉ែ និង​ថាមពល ជា​អ្នកចាត់ចែង​រឿងនេះ ។ 

អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិ​ត ទីណា ដែល​ចុះ​ធ្វើ​អធិការកិច្ច​នៅ​ខេត្ត​កំពត ប្រាប់VODថា ក្នុង​ករណី​ដែល​រកឃើញ​ថា​ក្រុមហ៊ុន​ណា ដែល​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​ខុសច្បាប់ ទាំង​មាន និង​មិន​មាន​អាជ្ញាប័ណ្ណ​នោះ ក្រុមការងារ​នឹង​ធ្វើ​ការណែនាំ​អ្នក​ទាំងនោះ​ឲ្យ​បញ្ឈប់ ឬ​កែតម្រូវ ។ តែ​លោក​ព្រមាន​ថា បើ​ក្រុមហ៊ុន ឬ​ប្រជាពលរដ្ឋ​ណា​មិន​ធ្វើ​តាម​ការណែនាំ ក្រសួង​នឹង​មាន​វិធានការ​តាម​ផ្លូវច្បាប់ ។​ លោក​ថា «​លើក​ទី​៣ បាន​យើង​ចុះ​ពិនិត្យ​លើ​ក្រុម​អនាធិបតេយ្យ ពេល​យើង​ពិនិត្យ​ឃើញ​អស់​ថា នេះ​ជា​កន្លែង​មានច្បាប់ ហើយ​កន្លែង​កន្លែង​អត់​មាន​ច្បាប់​នោះ​គឺ​យើង​អនុវត្ត​ការពង្រឹង​ច្បាប់​របស់​យើង ហើយ​ការអនុវត្ត​ច្បាប់ ក៏​មាន​លក្ខណៈ​ដូច​យើង​និយាយ​ដែរ ទី​១ គឺ​ណែនាំ​គាត់​សិន ពន្យល់​គាត់​សិន​ថា​ការងារ​នោះ​ជា​ការងារ​ខុសច្បាប់ អ្នក​មួយចំនួន​គឺ​គាត់​អត់​យល់​ទេ​ថា​អ្វីខ្លះ​ជា​ការងារ​ត្រូវ​ច្បាប់ អ្វីខ្លះ​ជា​ការងារ​ខុសច្បាប់ យើង​មិន​អាច​ទៅ​និយាយ​ថា អនុវត្ត​ទាំង​ទទឹងទទែង​នៅពេលដែល​គាត់​នៅ​មិន​ទាន់​យល់​ទេ​» ។​

លោក ឌិ​ត ទីណា បន្ថែមថា ការចុះ​បង្ក្រាប​នេះ​ដោយ​ក្រសួង​សិក្សា​ឃើញថា ក្រុមហ៊ុន​មួយចំនួន​ធ្វើ​អាជីវកម្ម​រ៉ែ​ទាំង​មាន​អាជ្ញាប័ណ្ណ និង​មិន​អ្នក​មាន​អាជ្ញាប័ណ្ណ ដោយ​មិន​ទាន់​បាន​គោរព​តាម​កិច្ចសន្យា​ក្នុង​ការរុករក​រ៉ែ​ឡើយ ។​

នាយិកា​ប្រតិបត្តិ​របស់​អង្គការ​សម្ព័ន្ធភាព​កម្ពុ​ជា ដើម្បី​តម្លាភាព​ចំណូល​ធនធាន លោកស្រី គឹម ណា​តា​សា​យល់ថា ការ​ដែល​ក្រសួង​ចុះ​ធ្វើ​អធិការកិច្ច​នេះ នឹង​ធ្វើឲ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​អាស្រ័យ​​លើ​អាជីវកម្ម​ជីក​រ៉ែ​ជា​លក្ខណៈ​គ្រួសារ ។ តែ​លោក​ស្រី​ថា មុន​នឹង​ក្រសួង​សម្រេច​ចាត់វិធានការ​លើ​​អ្នក​ទាំងនោះ គួរតែ​ធ្វើ​ការសិក្សា ឬ​ណែនាំ និង​ស្វែងយល់​ពី​ការលំបាក​ដែល​ពួកគេ​ជួបប្រទះ ។ លោក​ស្រី​ថា «​ខ្ញុំ​គិតថា ប្រជាពលរដ្ឋ​ដែល​គាត់​សព្វថ្ងៃ ឬ​សហគមន៍​ដែល​គាត់​សព្វ​ថ្ងៃ​គាត់​ធ្វើ​ខុសច្បាប់ គឺ​គាត់​ធ្វើ​ខុសច្បាប់​ដោយ​គាត់​អត់​ដឹង ឬ​មួយ​ដោយសារ​គាត់​អត់​មាន​ជម្រើស​ផ្សេង ហើយ​មុន​ចាត់វិធានការ ឬ​បង្ក្រាប ឬ​ចាប់​ដាក់​ទៅ​ពន្ធនាគារ​ដើម្បី​តាម​នីតិវិធី​ច្បាប់ គឺ​គួរតែ​យល់​ពី​ស្ថានភាព​របស់​គាត់ ហេតុផល​របស់​គាត់ មូលហេតុ​របស់គាត់​…» ។​

​កាលពី​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០១៥ ក្រសួង​រ៉ែ និង​ថាមពល​បាន​ចេញ​សេចក្តីសម្រេច បង្កើត​ក្រុមការងារ​ចុះ​​ត្រួតពិនិត្យ និង​អធិការកិច្ច​សកម្មភាព​សិក្សា​ស្រាវជ្រាវ និង​អាជីវកម្ម​រ៉ែ និង​រ៉ែ​សំណង់​នៅ​ទូទាំងប្រទេស​ដែល​មាន​ក្រុម​ការងារ​ចំនួន​៣​ធ្វើ​ការងារ លើ​រឿងនេះ ។ ក្រសួង​នេះ​ឲ្យដឹងថាគិត​ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ ២០១៣ គឺ​មាន​ក្រុមហ៊ុន​រ៉ែ​ចំនួន​១០៦ ទាំង​ក្នុងស្រុក និង​បរទេស (​អូស្ដ្រាលី ចិន វៀតណាម រុស្សី កូរ៉េ កាណា​ដា​) ក្នុងនោះ​មាន​អាជ្ញាប័ណ្ណ​ស្វែង​រុករក​រ៉ែ​លោហៈ​​ចំនួន​១៣២ អាជ្ញាប័ណ្ណ អាជ្ញាប័ណ្ណ​ស្វែង​រុករក​រ៉ែ​បុក​​ស៊ីត​ចំនួន​២​អាជ្ញាប័ណ្ណ អាជ្ញាប័ណ្ណ​ស្វែង​រុករក​រ៉ែ​ខ្សាច់​ស​ចំនួន​២​អាជ្ញាប័ណ្ណ  ៕ 

​សូម​សរសេរ​មក​លោក ឡាយ សា​មាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

4 Responses to "​កម្លាំង​កងរាជអាវុធហត្ថ​ជាង​៦០០​នាក់​នឹង​ត្រូវ​បញ្ជូន​ទៅ​ទូទាំង​ប្រទេស​ដើម្បី​ទប់ស្កាត់​អាជីវកម្ម​រ៉ែ​ខុសច្បាប់​"

  1. បរមី យួន says:

    ប្រឡាក់ខោអាវអស់ហើយ ខោអាវតឺនុយហឺុហារយ៉ាងនេះគួរតែអោយនៅយាមលំអរទីក្រុងទើបសម។

  2. ព្រះរាជាណាចក្រមហាចំឡែកខុសគេ says:

    ពួកទាហ៊ានលម្អរទីក្រុងសំរាប់ញ៉ែស្រី!!!
    ទប់ស្តាត់ឬទៅកាងឲ្យចិននិងយួនជីកយករ៉ែ??

  3. people says:

    go to protect companies that pull people home.if people protest they gonna shoot people’

  4. pok says:

    hopeless…