​សហជីព​ស្នើ​ក្រសួង​ការងារ​ចាត់ការ​ថៅកែ​រោងចក្រ​មួយ​នៅ​ភ្នំពេញ​ដែល​មិន​បើក​ប្រាក់ខែ​ឲ្យ​កម្មករ​​

ដោយ៖​ ខាន់ លក្ខិណា​
ថ្ងៃព្រហស្បតិ៍ ទី5 មិនា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

សហជីព​ស្នើ​ទៅ​ក្រសួង​ការងារ​ចាត់វិធានការ​លើ​ថៅកែ​រោងចក្រ​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ​ឈ្មោះ​ឌី​អេស ហេ្វ​សិន ដែល​បាន​រត់គេចខ្លួន​មិន​បើក​ប្រាក់ខែ​សម្រាប់​ខែ​កុម្ភៈ និងប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ដល់​កម្មករ​ ។  

​ក្នុង​លិខិត​រួម​មួយ​ច្បាប់​របស់​សហព័ន្ធ​សហជីព​ជាតិ និង​សហព័ន្ធ​សហជីព​មិត្តភាព​កម្មករ ចុះ​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ ២០១៥ ឲ្យដឹងថាថៅកែ​រោងចក្រ ឌី​អេស ហេ្វ​សិន ដែល​មាន​ទីតាំង​ស្ថិតនៅ ភូមិ​អន្លង​គង សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​បិទ​សង្វាក់​ពាណិជ្ជកម្ម ដោយ​មិន​បាន​បើក​ប្រាក់​ឈ្នួល និងប្រាក់​បន្ទាប់បន្សំ​ឲ្យ​កម្មករ​ទេ​ ។ 

​លិខិតបញ្ជាក់​ថានៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ ២០១៥ ភាគី​ក្រុមហ៊ុន​យក​ឡាន​ចំនួន០៧គ្រឿង មក​ដឹក​សម្ភារទាំងអស់កណ្ដាលយប់ តែ​ត្រូវបាន​កម្មករ​ហាមឃាត់​មិន​ឲ្យ​ដឹក​ចេញ ​។ អ្នកគ្រប់គ្រង​ក្រុមហ៊ុន លោក វ៉ាន់ ចាន់ អះអាងថា ថៅកែ​រោងចក្រ ឌី​អេស ហ្វេ​សិន មិន​បាន​នៅក្នុង​ប្រទេស​កម្ពុជា​ទៀត​ទេ ។​

អ្នកនាំពាក្យ​ក្រសួង​ការងា​លោក ហេង សួរ មានប្រសាសន៍ថា ក្រសួង​បាន​ទទួល​លិខិត​នោះ​ហើយ ហើយ​មន្ត្រី​របស់​ក្រសួង​កំពុងតែ​ធ្វើការ​ទៅ​លើ​រឿង​នេះ​តាម​នីតិវិធី​ ។

​ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា រដ្ឋាភិបាល​គួរតែ​រឹតបន្តឹង​ផ្នែក​ច្បាប់​ទៅ​លើ​និ​យោជក​ណា​ដែល​បាន​មក​វិនិយោគ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

​លោក  មឿន តុលា បន្តថាប្រសិន​បើ​ក្រុមហ៊ុន​មួយ​ក្ស័យធន និយោជក​ត្រូវ​ជូនដំណឹង​ដល់​កម្មករ​ដែល​កំពុង​ធ្វើការ​ឲ្យបាន​ដឹង​ជា​មុន ហើយ​ត្រូវ​ផ្ដល់ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​ពួកគាត់ ដើម្បី​កំពុង​ឲ្យមាន​ការតវ៉ា​កើតឡើង ​។ 

​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់ ឌី​អេស ហេ្វ​សិន ទើប​បើក​ដំណើរ​ការងារ​ជាង​មួយឆ្នាំ ហើយ​មានការ​កម្មករ​បំពេញ​ការងារ​នៅក្នុង​រោងចក្រ​នោះជាង​៤០០​នាក់ ​៕

សូមសរសេរមកលោក ខាន់ លក្ខិណា តាមរយៈ khanleakhena@yahoo.com

What Next?

Recent Articles