ប្រវត្តិ​ម៉ុងតាញ៉ា-វៀតណាម​ម្នាក់​តស៊ូ​ភៀស​ខ្លួន​បី​លើក​ចេញ​ពី​ប្រទេស​វៀតណាម

ដោយ រដ្ឋា វិសាល
2015-03-06
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

កាប៉ាក់ ព្លេស ម៉ុងតាញ៉ា ៦២០
ជនជាតិ​ម៉ុងតាញ៉ា-វៀតណាម លោក កាប៉ាក់ ព្លេស នៅ​កន្លែង​លាក់​ខ្លួន​ក្នុង​ព្រៃ​មួយ​នៅ​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៥។ រូបថត​សហគមន៍

បន្ទាប់​ពី​អាជ្ញាធរ​វៀតណាម បាន​បង្ក្រាប​កុប្បកម្ម​នៃ​ក្រុម​កុលសម្ព័ន្ធ​ភ្នំ​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ រស់នៅ​ភាគ​កណ្ដាល​ប្រទេស ឬ​ហៅ​ថា​ក្រុម​ម៉ុងតាញ៉ា ដែល​នាំ​គ្នា​ទាមទារ​សេរីភាព​ជំនឿ​សាសនា និង​តវ៉ា​បញ្ហា​រំលោភ​ដីធ្លី​កាល​ពី​ឆ្នាំ​២០០១ មក ចលនា​រត់​ភៀស​ខ្លួន​ចេញ​ពី​ភូមិ​ស្រុក​នៃ​ក្រុម​ម៉ុងតាញ៉ា កើត​មាន​ជា​បន្តបន្ទាប់ ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រក​កោន​ផ្នែក​នយោបាយ​ទៅ​ប្រទេស​ទី​បី។

ម៉ុងតាញ៉ា ជាង ២​ពាន់​នាក់​ដែល​ភៀស​ខ្លួន​មក​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី ត្រូវ​បាន​ផ្តល់​ឋានៈ​ជា​ជន​ភៀស​ខ្លួន ពាក់ព័ន្ធ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ និង​ច្រើន​ជាង ១០០​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចាត់​ទុក​ជា​អ្នក​ភៀស​ខ្លួន​ដោយសារ​បញ្ហា​សេដ្ឋកិច្ច ត្រូវ​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ។

លោក រដ្ឋា វិសាល រាយការណ៍​ពី​អតីត​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា មួយ​រូប គឺ​លោក កាប៉ាក់ ព្លេស ដែល​មិន​បាន​សម្រេច​គោល​បំណង​ពីរ​លើក ខណៈ​រត់​ចេញ​ពី​ស្រុក​កំណើត​ស្វែងរក​ឋានៈ​ជា​ជន​ភៀស​ខ្លួន​ផ្នែក​នយោបាយ​នៅ​កម្ពុជា៖

ឆ្នាំ​នេះ កាប៉ាក់ ព្លេស មាន​អាយុ ៣៣​ឆ្នាំ និង​មាន​កូន ៥​នាក់​ក្នុង​បន្ទុក។ បច្ចុប្បន្ន លោក​ឋិត​ក្នុង​ក្រុម​ម៉ុងតាញ៉ា ចំនួន ១៣​នាក់ ដែល​សេសសល់​ពី​ការ​ចាប់​ខ្លួន​របស់​អាជ្ញាធរ​ខេត្ត​រតនគិរី ខណៈ​លោក​រត់​ចេញ​ពី​ស្រុក​កំណើត​លើក​ទី​បី កាល​ពី​ដើម​ខែ​កុម្ភៈ មក​លាក់​ខ្លួន​ក្នុង​ព្រៃ​ក្នុង​ខេត្ត​នេះ ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រក​កោន​ជា​ជន​ភៀស​ខ្លួន​ម្តង​ទៀត។

កាប៉ាក់ ព្លេស ជា​អតីត​កុប្បករ​ម្នាក់​ក្នុង​ចំណោម​កុប្បករ​រាប់​ពាន់​នាក់ ដែល​បាន​នាំ​គ្នា​ធ្វើ​កុប្បកម្ម​ទាមទារ​សេរីភាព​ផ្នែក​ជំនឿ​សាសនា​គ្រិស្ត និង​ប្រឆាំង​ការ​រំលោភ​យក​ដីធ្លី​ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា កាល​ពី​ឆ្នាំ​២០០១ នៅ​ទី​រួម​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម។ លោក​កត់​សម្គាល់​ថា បន្ទាប់​ពី​សមត្ថកិច្ច​បង្ក្រាប​យ៉ាង​ធ្ងន់ធ្ងរ​ធ្វើ​ឲ្យ​កុប្បករ​ខ្លះ​ស្លាប់ ខ្លះ​មាន​របួស និង​ខ្លះ​ទៀត​ត្រូវ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ អ្នក​ដែល​នៅ​សេសសល់​បាន​សម្រេច​បោះ​បង់​ការ​តវ៉ា ហើយ​វិល​មក​លំនៅឋាន​វិញ​ទាំង​ការ​ឈឺ​ចាប់។ បន្ថែម​ពី​ហេតុការណ៍​អាក្រក់​នេះ លោក​កត់​សម្គាល់​ទៀត​ថា អ្នក​ភូមិ​ដែល​ចូលរួម​ធ្វើ​កុប្បកម្ម ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ចាត់​ទុក​ថា​ជា​មុខ​សញ្ញា​ក្រុម​ប្រឆាំង​រដ្ឋាភិបាល ហើយ​អាជ្ញាធរ​បាន​តាម​ដាន និង​រឹត​បន្តឹង​សេរីភាព​ធ្វើ​ដំណើរ ឬ​សកម្មភាព​ប្រាស្រ័យ​ទាក់ទង​ទូទៅ​របស់​ពួក​គេ​ចាប់​ពី​ពេល​នោះ​រហូត​មក៖ «ពួក​ខ្ញុំ​ទៅ​អធិដ្ឋាន ហើយ​ក៏​មាន​មនុស្ស​រាប់​ពាន់​នាក់​ក្នុង​នោះ​ក៏​មាន​ស្ត្រី​ខ្លះ​ស្លាប់ និង​អ្នក​ផ្សេង​ទៀត​ត្រូវ​គេ​ចាប់​វាយ​ដំ​ទៅ​លើ​រាង​កាយ​យ៉ាង​ធ្ងន់ធ្ងរ»

កាល​ពី​ឆ្នាំ​២០០៦ និង​ឆ្នាំ​២០០៨ កាប៉ាក់ ព្លេស បាន​សម្រេច​ចិត្ត​រត់​ចេញ​ពី​ភូមិ​ស្រុក​ចោល​ប្រពន្ធ និង​កូន ដោយសារ​តែ​មិន​អាច​ស៊ូទ្រាំ​ទៅ​នឹង​សកម្មភាព​រឹត​បន្តឹង​ពី​សំណាក់​អាជ្ញាធរ​ប៉ូលិស​មូលដ្ឋាន ទាក់ទិន​ការ​គោរព​ប្រតិបត្តិ​សាសនា​គ្រិស្ត។ លោក​រៀបរាប់​ថា អាជ្ញាធរ​ហាម​មិន​ឲ្យ​បង្កើត​វិហារ​សាសនា​ក្នុង​ភូមិ និង​ហាម​មិន​ឲ្យ​អ្នក​ភូមិ​ជួប​ជុំ​គ្នា​ច្រើន​ថ្វាយ​បង្គំ​ព្រះ​តាម​លំនៅឋាន​ផង​ដែរ។ លោក​បន្ត​ថា អ្នក​ភូមិ រួម​ទាំង​គ្រួសារ​លោក ដែល​ប្រតិបត្តិ​សាសនា​គ្រិស្ត ត្រូវ​អាជ្ញាធរ​ចោទ​ថា​ជា​អ្នក​បំពាន​ការ​ហាម​ឃាត់ និង​ចាត់​ទុក​ថា​ជា​ក្រុម​វៀតណាម​សេរី ប្រឆាំង​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម៖ «ពួក​យើង​ចង់​មាន​សេរី​មាន​ក្នុង​ការ​ជឿ​សាសនា​ដេហ្គា ពួក​គេ​ហាម​ឃាត់​មិន​ឲ្យ​ពួក​យើង​ធ្វើ​ដូច្នេះ​ឡើយ។ ពួក​គេ​បង្ខំ​ឲ្យ​យើង​ជឿ​សាសនា​វៀតណាម កុម្មុយនីស្ត ប៉ុន្តែ​ពួក​យើង​មិន​ធ្វើ​តាម​គេ​ប្រាប់​នោះ​ទេ គឺ​ពួក​យើង​ចង់​បាន​សេរីភាព​នៅ​ក្នុង​ការ​រស់នៅ​របស់​ពួក​យើង»

ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ហៅ​កាត់​ថា យូ.អិន.អេច្ឆ.ស៊ី.អ (UNHCR) បញ្ជូន កាប៉ាក់ ព្លេស ទៅ​ប្រទេស​កំណើត​វិញ​តាម​កិច្ចព្រមព្រៀង​ស្ដីពី​អនុសារណៈ​យោគយល់​គ្នា​រវាង​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន រាជ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម ក្នុង​លក្ខខណ្ឌ​ដែល កាប៉ាក់ ព្លេស មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ផ្តល់​ឋានៈ​ជា​ជន​ភៀស​ខ្លួន​ផ្នែក​នយោបាយ ក្រោយ​សម្ភាស​ពីរ​លើក​នៅ​កម្ពុជា។

បន្ទាប់​ពី​ធ្វើ​មាតុភូមិ​និវត្តន៍​ទាំង​ពីរ​លើក កាប៉ាក់ ព្លេស អះអាង​ថា អាជ្ញាធរ​ស្រុក​បាន​ឃុំ​ខ្លួន​គេ​ជា​បណ្ដោះអាសន្ន​នៅ​ទីស្នាក់ការ​នគរបាល​ស្រុក រយៈពេល​ពីរ​ថ្ងៃ​កាល​ពី​ឆ្នាំ​២០០៦ និង​ឃុំ​ខ្លួន​គេ​រយៈពេល​បី​ថ្ងៃ​នៅ​ឆ្នាំ​២០០៨ រួម​ទាំង​ប្រើ​អំពើ​ហិង្សា​ទះ​កំផ្លៀង​គាត់​ពីរ​បី​ដៃ​ជា​ការ​ព្រមាន មិន​ឲ្យ​គាត់​រត់​ចេញ​ពី​ប្រទេស​ត​ទៅ​ទៀត។

ចាប់​ពី​ឆ្នាំ​២០០៨ រហូត​មក​ទល់​នឹង​ឆ្នាំ​២០១៤ ចលនា​រត់​ចេញ​ពី​ស្រុក​កំណើត​បាន​ស្ងប់ស្ងាត់ មិន​មាន​សេចក្តី​រាយការណ៍​ពី​ការ​ហូរ​ចូល​នៃ​ក្រុម​ម៉ុងតាញ៉ា ទៀត​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី កាប៉ាក់ ព្លេស កត់​សម្គាល់​ថា ការ​គាប​សង្កត់​សេរីភាព​របស់​អាជ្ញាធរ​មក​លើ​ម៉ុងតាញ៉ា នៅ​តែ​បន្ត​កើត​មាន​ជាពិសេស​មុខ​សញ្ញា​អ្នក​ជឿ​ព្រះ​យេស៊ូ ឬ​អ្នក​សង្ស័យ​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម។ លោក​បញ្ជាក់​ថា អ្នក​ភូមិ​ជាច្រើន​នាក់​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ ឬ​ឃុំ​ខ្លួន​រយៈពេល​ខ្លី ឬ​វែង ខណៈ​អាជ្ញាធរ​រក​ឃើញ​ថា អ្នក​ភូមិ​នៅ​តែ​ថ្វាយ​បង្គំ​ព្រះ ឬ​ទំនាក់ទំនង​ពង្រីក​បណ្ដាញ​អ្នក​ជឿ​សាសនា​គ្រិស្ត និង​ប្រជាពលរដ្ឋ​ខ្លះ​ទៀត ត្រូវ​បាន​រក​ឃើញ​ថា បាន​ទំនាក់ទំនង​នឹង​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ក្រៅ​ប្រទេស តាម​រយៈ​សារ​អេឡិចត្រូនិក ឬ​បណ្ដាញ​ព័ត៌មាន​សង្គម៖ «នៅ​ពេល​គេ​នាំ​យើង​ត្រឡប់​ទៅ​វិញ យើង​ដឹង​ថា​យើង​គ្មាន​សង្ឃឹម​រស់នៅ​ទេ ដូចជា​ធ្វើ​សព្វ​គ្រប់​បែប​យ៉ាង​លើ​រាង​កាយ​យើង ធ្វើ​ឲ្យ​យើង​ទ្រាំ​មិន​បាន។ ពេល​ដែល​យើង​នៅ​ក្នុង​គុក គេ​តែង​ដាក់​ថ្នាំ​ក្នុង​ម្ហូប​អាហារ​នៅ​ពេល​យើង​ទទួល​ទាន វា​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​អាយុ​ជីវិត​របស់​យើង»

កាប៉ាក់ ព្លេស រស់នៅ​ភូមិ​ស៊ូលអា ឃុំ​យ៉ាកេរ ស្រុក​ជិសេ ខេត្ត​យ៉ាឡាយ។ កាប៉ាក់ ព្លេស បាន​មក​លាក់​ខ្លួន​ក្នុង​ព្រៃ​ខេត្ត​រតនគិរី លើក​ទី​៣ កាល​ពី​ដើម​ខែ​កុម្ភៈ ដោយ​មិន​បាន​ផ្តល់​ដំណឹង​ជា​មុន​ដល់​ភរិយា​របស់​លោក​ឡើយ។ លោក​អះអាង​ថា ការ​រត់​ភៀស​ខ្លួន​នេះ ដោយសារ​តែ​អាជ្ញាធរ​តាម​រក​ចាប់​ខ្លួន​លោក​ក្នុង​បទ​ចោទ​ថា​លោក​ជា​សមាជិក​ចលនា​វៀតណាម​សេរី ញុះញង់​ឲ្យ​អ្នក​ភូមិ​រត់​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​នៅ​ចុង​ឆ្នាំ​២០១៤ នេះ។

អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ខ្មែរ រស់នៅ​ជាប់​ភូមិសាស្ត្រ​តំបន់​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ខេត្ត​រតនគិរី អះអាង​ថា ចាប់​ពី​ចុង​ឆ្នាំ​២០១៤ រហូត​មក អ្នក​ភូមិ​ដែល​មាន​ចម្ការ​ក្នុង​ព្រៃ​ជ្រៅ​បាន​ប្រទះ​ឃើញ​ម៉ុងតាញ៉ា ជិត ១០​ក្រុម​មាន​មនុស្ស​ជាង ៨០​នាក់ បាន​សុំ​ជំនួយ​សង្គ្រោះ​ពី​អ្នក​ភូមិ​ខ្មែរ ដូចជា​ស្បៀង​អាហារ កន្លែង​លាក់​បំពួន និង​ជួយ​ផ្តល់​ព័ត៌មាន​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​ឲ្យ​ជួយ​សង្គ្រោះ​ពួក​គេ​ពី​ក្នុង​ព្រៃ។ ជន​ម៉ុងតាញ៉ា ទាំង​នោះ មិន​ហ៊ាន​បង្ហាញ​ខ្លួន​ឲ្យ​មន្ត្រី​អាជ្ញាធរ​ខ្មែរ​ដឹង​ទេ ពីព្រោះ​សមត្ថកិច្ច​តែង​ចាត់​ទុក​ម៉ុងតាញ៉ា ជា​អន្តោប្រវេសន៍​ឆ្លង​ដែន​ខុស​ច្បាប់ ហើយ​ចាប់​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម វិញ។

អ្នក​ភូមិ​ចារ៉ាយ ខ្មែរ ដែល​មាន​ទំនាក់ទំនង​ផ្តល់​កិច្ច​គាំពារ​ក្រុម​ម៉ុងតាញ៉ា សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ ដោយសារ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ខ្លាច​អាជ្ញាធរ​ចោទ​ប្រកាន់​ពី​បទ​លាក់​បំពួន​ក្រុម​ម៉ុងតាញ៉ា ថ្លែង​ថា អ្នក​ភូមិ​មិន​បាន​ដឹង​ហេតុផល​ពិត​ប្រាកដ​ជុំវិញ​ការ​ភៀស​ខ្លួន​របស់​ម៉ុងតាញ៉ា នោះ​ទេ ក៏ប៉ុន្តែ​អ្នក​ភូមិ​អាណិត​អាសូរ ខណៈ​ម៉ុងតាញ៉ា ទាំង​នោះ​លាក់​ខ្លួន​ក្នុង​ព្រៃ គ្មាន​កន្លែង​ស្នាក់នៅ ខ្វះ​ស្បៀង​អាហារ ខ្លះ​ប្រឈម​នឹង​ជំងឺ​យាយី ក្នុង​ហេតុផល​ថា​ពួក​គេ​បាន​រត់​ចេញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​គាប​សង្កត់​បំបិទ​សេរីភាព​ពី​អាជ្ញាធរ​វៀតណាម។ ម៉ុងតាញ៉ា ទាំង​នោះ​អះអាង​ថា ពួក​គេ​ស្វែងរក​សិទ្ធិ​ជ្រក​កោន​ជា​ជន​ភៀស​ខ្លួន​នៅ​កម្ពុជា។ អ្នក​ភូមិ​ខ្មែរ​ដដែល​ឲ្យ​ដឹង​ដែរ​ថា កាប៉ាក់ ព្លេស ក៏​ឋិត​ក្នុង​ចំណោម​ម៉ុងតាញ៉ា​សេសសល់ រស់នៅ​ក្នុង​ព្រៃ​ក្រោយ​ពេល​អាជ្ញាធរ​ខេត្ត​បាន​ចាប់​បញ្ជូន​ម៉ុងតាញ៉ា បន្ទាប់​ពី​រក​ឃើញ​កន្លែង​លាក់​ខ្លួន​ពួក​គេ។ លោក​ថា ក្រុម​សិទ្ធិ​មនុស្ស​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ធានា​សុវត្ថិភាព កាប៉ាក់ ព្លេស និង​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន ដែល​កំពុង​លាក់​ខ្លួន​ក្នុង​ព្រៃ​ខេត្ត​រតនគិរី បាន​ចុះ​ឈ្មោះ​កំណត់​អត្តសញ្ញាណ​ជន​ភៀស​ខ្លួន​ដូច​ដែល​ធ្លាប់​បាន​ធ្វើ​តាម​កិច្ចព្រមព្រៀង​រវាង​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម កន្លង​ទៅ​នេះ៖ «រដ្ឋាភិបាល​របស់​យើង​ត្រូវ​តែ​អាណិត​អាសូរ​អ៊ីចឹង​ដែរ គាត់​រត់​ពី​នោះ​មក​គាត់​ថា​គាត់​មាន​ទុក្ខ​លំបាក ហើយ​គេ​ធ្វើ​ទុក្ខបុកម្នេញ ហើយ​បើ​ចាប់​ទៅ​វិញ​ទៀត ពួក​គាត់​នឹង​ត្រូវ​តែ​គ្រោះថ្នាក់»

ចំណែក​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ខេត្ត​រតនគិរី លោក ឆាយ ធី ធ្លាប់​បាន​ថ្លែង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​នៃ​ប្រទេស​កម្ពុជា អនុវត្ត​កតិកាសញ្ញា​អង្គការ​សហប្រជាជាតិ ស្ដីពី​ជន​ភៀស​ខ្លួន ខណៈ​កម្ពុជា ជា​ម្ចាស់​ហត្ថលេខី​ត្រូវ​ទទួល​ចុះ​ឈ្មោះ​សម្ភាស​កំណត់​អត្តសញ្ញាណ​ពិត​ប្រាកដ​របស់​ពួក​គេ។ លោក ឆាយ ធី កត់​សម្គាល់​ថា ការ​ចាប់​បញ្ជូន​ម៉ុងតាញ៉ា ដោយ​មិន​បាន​ឆ្លង​កាត់​ការ​សម្ភាស​កំណត់​អត្តសញ្ញាណ​ពួក​គេ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​បំពាន​ច្បាប់​អន្តរជាតិ៖ «ប្រទេស​កម្ពុជា មិន​បាន​គោរព​ទៅ​លើ​អនុសញ្ញា​នេះ​ទេ ធ្វើ​ការ​ពួន​ស្ទាក់ ឬ​ព័ទ្ធ​ចាប់​ពួក​គាត់​បញ្ជូន​ទៅ​វិញ ដោយ​លើក​ហេតុផល​ជា​អន្តោប្រវេសន៍​ខុស​ច្បាប់»

យ៉ាង​នេះ​ក្តី ចំពោះ កាប៉ាក់ ព្លេស គោល​បំណង​សំខាន់​របស់​លោក គឺ​ការ​រស់នៅ​ជាមួយ​សេរីភាព ជាពិសេស​សាសនា​គ្រិស្ត​ដែល​អ្នក​ភូមិ​ម៉ុងតាញ៉ា តែង​មាន​ជំនឿ និង​គោរព​ប្រតិបត្តិ​ច្រើន​ជំនាន់​មក​ហើយ។ លោក​ថ្លែង​ថា ថ្វី​ត្បិត​ភរិយា និង​កូន​តូចៗ​របស់​លោក​រស់នៅ​ដោយ​ខ្វះ​ភាព​កក់​ក្ដៅ​ពី​ប្ដី និង​ឪពុក ក៏ប៉ុន្តែ​លោក​ត្រូវ​លះ​បង់ និង​ព្យាយាម​តស៊ូ​ប្រឈម​គ្រប់​ឧបសគ្គ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម ផ្តល់​សេរីភាព​ពេញលេញ​ដល់​កុលសម្ព័ន្ធ​ម៉ុងតាញ៉ា។ លោក​ថា ដល់​ពេល​នោះ​នឹង​លែង​មាន​ម៉ុងតាញ៉ា ភៀស​ខ្លួន​ទៀត​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles