អ្នក​លេង​គុន​ខ្មែរ សុខ សុវណ្ណដែន មក​សាង​ឈ្មោះ​ជា​ថ្មី​លើ​វិថី​សិល្បៈ

លោក សុខ វណ្ណដែន បង្ហាញ​ក្បាច់​គុន​ទាត់​ធាក់​ជាមួយ​មិត្ដភក្ដិ​រួម​អាជីព​។

លោក សុខ វណ្ណដែន បង្ហាញ​ក្បាច់​គុន​ទាត់​ធាក់​ជាមួយ​មិត្ដភក្ដិ​រួម​អាជីព​។ រូបថត សហ​ការី



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: បើ​ទោះ​បីជា​មាន​មតិ​កោត​សរសើរ​ចំពោះ​ទេពកោសល្យ​សិល្បៈ​ក្បាច់​គុន​សម្តែង​ឈុត​ឆាក​ទាត់​ធាក់​ ហក់​លោត​គ្រប់​ក្បាច់​ស្នៀត​បាន​ល្អមិន​ចាញ់​តារា​ក្បាច់​គុន​បរទេស​យ៉ាង​ណា​ក៏​ដោយ ក៏យុវជន ​សុខ សុវណ្ណ​ដែន​ ហាក់​គ្មាន​ឱកាស​ស្ពាយ​សម្ពាយ​គុន​សាង​ភាព​ល្បី​ល្បាញ​លើ​វិថី​ភាពយន្ដ​ខ្មែរ​ឲ្យ​ពេញ​ក្នុង​ដៃ​ឡើយ។

តារា​ក្បាច់​គុន​វាយ​តប់​របស់​ខ្មែរ​ម្នាក់​នេះ ធ្លាប់​បាន​ត្អូញត្អែរ​ថា៖ «ដោយ​សារ​តែ​ល្បី​ពេក​ហ្នឹង​ហើយ​ ពេល​ខ្លះ​ដាច់​បាយ​ម្តងៗ​ក៏​មាន​ដែរ»។

យ៉ាងណា​មិញ ឆ្នាំ​២០១៥​ នេះ​រាសី​តារា​ក្បាច់​គុន​មាន​កំណើត​ពី​ខេត្ត​ស្វាយ​រៀង​រូប​នេះ កំពុង​មាន​ទឹក​មាត់​លេប​ឡើង​វិញ​ ខណៈ​ដែល​ទទួល​បាន​ឱកាស​ក្តោប​បាន​តំណែង​តួ​ក្បាច់​គុន​ធំ ក្នុង​រឿង «ល្បុក្កតោចម្លែក​» ដែល​ប្រជុំ​ដោយ​កំពូល​កីឡា​ប្រដាល់​ខ្មែរ​ល្បី​ៗ​ដើម្បី​ឡើង​ព្រលះ​ក្បាច់​គុន​ជាមួយ​នឹង​​គ្នា​។

រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ តារា​ក្បាច់​គុន​ សុខ សុវណ្ណដែន ឃ្លាត​ឆ្ងាយ​ពី​ស្រមោល​ជើង​រន្ទះ​ កែង​ឆេះ​នៅ​ក្នុង​ទស្សនីយ​ភាព​ភាពយន្ត ខណៈ​ទស្សនិកជន​មួយ​ចំនួន​ស្ទើរ​តែ​ភ្លេច​មុខ​តារា​ក្បាច់​គុន​ខ្មែរ​រូប​នេះ​ទៅ​ហើយ​។ អ្នក​និយម​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ថ្លែង​សរសើរ​មិន​ដាច់​ពី​មាត់​ពី​ការ​បញ្ចេញ​សាច់​ស្នៀត​វាយ​ទាត់​ធាក់​នៅ​ក្នុង​វីដេអូ​ខ្លី​ៗ ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​ក្នុង​គណនេយ្យ​ហ្វេសប៊ុក​របស់​តារា​ក្បាច់​គុន លោក​ សុខ វណ្ណ​ដែន។

លោក សុខ វណ្ណដែន តារា​ក្បាច់​គុន​ខ្មែរ​។ រូបថត ស៊ូ វុទ្ធី

ជា​មួយ​យីអ៊ុន​ស្ទុះ​ឡើង ​បាន​មក​បង្ហាញ​វត្តមាន​សាជាថ្មី​ តាមរយៈ​ការ​សម្ដែង​កុន​ខ្នាត​ធំ​រឿង ​«​ល្បុក្កតោ​ចម្លែក​»​ ដែល​ជា​វណ្ណកម្ម​កូន​ច្បង​របស់​ផលិតកម្ម ZE entertainment នោះ​ វណ្ណ​ដែន បាន​បរិយាយ​ថា ការ​បាត់​មុខ​ពី​អាជីព​សិល្បៈ​មួយ​រយៈ​នេះ​ ដោយ​សារ​តែ​លោក​មាន​បញ្ហា​ជាច្រើន​ញាំញី​ក្នុង​ជីវិត ​និង​ទុក្ខ​ធំ​ក្នុង​គ្រួសារ។

បន្ទាប់​ពី​មាន​អ្នក​មាន​គុណ​ឃ្លាត​ឆ្ងាយ​ចោល​គ្មាន​ថ្ងៃ​នឹង​ត្រឡប់​ និង​ការ​ដួល​រលំ​របរ​ក្រៅ​អាជីព​សិល្បៈ​ផង​នោះ តារា​ក្បាច់​គុន​រូប​នេះ បាន​សារភាព​ថា​ ឆ្នាំ​កន្លង​មក​នោះ លោក​ក៏​ជួប​វិបត្តិ​ស្នេហ៍​ខក​ចិត្ត​ផង​ដែរ។

ប៉ុន្តែ លោក​បាន​អះអាង​ថា អ្វីៗ​ទាំង​នោះ​មិន​នៅ​ញាំ​ញី​ចិត្ត​របស់​លោក​ទៀត​ទេ ក្រៅ​ពី​ការ​នឹក​រឭក និង​ក្តី​អាឡោះ​អាល័យ​ចំពោះ​ម្តាយ។

តាម​រយៈ​រឿង​ថ្មី​តម្រូវ​ឲ្យ​ដើរ​តួឯក​ខាង​វាយ​តប់​ក្បាច់​ល្បុក្កតោ ដែល​ត្រូវ​នឹង​ចំណង់​ចំណូល​ចិត្ត និង​ទេព​កោសល្យ​សម្ដែង​ស្រាប់​ អ្នក​ក្លាហាន​ខក​ស្នេហ៍ សុខ សុវណ្ណ​ដែន មាន​ជំនឿ​ចិត្ត​យ៉ាង​មុត​មាំ​ថា ឱកាស​សម្តែង​រឿង​ក្បាច់​គុន​មួយ​នេះ និង​ឆក់​បាន​កេរ្តិ៍​ឈ្មោះ​ដែល​បាក់​ធ្លាក់​ក្នុង​គ្រា​មុន​នោះ​បាន​មក​វិញ​។

លោក​បញ្ជាក់​ថា៖ «​វា​មិន​មាន​អ្វី​ពិបាក​ឡើយ​សម្រាប់​ការ​សម្តែង​ក្នុង​រឿង ​​ល្បុក្កតោ​ចម្លែក ព្រោះ​ថា​យើង​ជា​​អ្នក​ក្បាច់​គុន​ស្រាប់​ សម្តែង​ក្បាច់​អី​ក៏​បាន​ដែរ។ សង្ឃឹម​ថា​ រឿង​នេះ ទស្សនិក​ជន​ជក់​ចិត្ត និង​​គាំទ្រ»​។

តារា​ក្បាច់​គុន​ដែល​បាត់​មុខ​ និង​មិន​បាន​បង្ហាញ​ក្បាច់​គុន​មួយ​​រយៈ​នេះ ក៏​បាន​ប្រកាស​ពី​មហិច្ឆតា​ដើរ​លើ​វិថី​​សិល្បៈ​​ក្នុង​ឈុត​ឆាក​វាយ​តប់ លុះក្លាយ​ជា​តារា​ល្បី​​ថា៖ «ខ្ញុំ​ខំ​ឈ្មុស​ឈ្មុល​អស់​រយៈពេល​ជិត​ ១០ ​ឆ្នាំ ដោយ​សារ​តែ​ចង់​ក្លាយ​ជា​តារា​ក្បាច់​គុន​ខ្មែរ​ម្នាក់​ល្បី​ក្នុង​វិស័យ​ក្បាច់​គុន​ភាព​យន្ត ​នោះ​ដាច់​ខាត​មិន​បោះ​បង់​ឡើយ​»៕


What Next?

Recent Articles