​កម្មករ​នៅ​ព្រែក​ព្នៅ​រក​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី​ករណី​រោងចក្រ​បញ្ឈប់​កម្មករ​គ្មាន​មូលហេតុ​​

ដោយ៖​ ខាន់ លក្ខិណា​ | ថ្ងៃអង្គារ ទី24 មិនា 2015
http://vodhotnews.com

​កម្មករ​មកពី​រោងចក្រ​កាត់​មេ​រ៉ូសាន់ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល លើ​ករណី​ថៅកែ​រោងចក្រ​ដែល​ពួកគេ​ចោទថា មិន​គោរព​ច្បាប់​ការងារ និង​បាន​បញ្ឈប់​កម្មករ​៥០​នាក់​ដោយ​គ្មាន​មូលហេតុ ។​

​កម្មករ​រោងចក្រ​មេ​រ៉ូសាន់​ប្រមាណ​៥០​នាក់​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​នាំគ្នា​ឡើង​មក​ដាក់​ញត្តិ​នៅ​ខុទ្ធកាល័យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ។ កម្ម​ការ​នី​ម្នាក់​ឈ្មោះ  លុន ចាន់ណា ប្រាប់​អ្នកសារព័ត៌មាន​មុន​ពេល​ដាក់​ញត្តិ​ថា  ថៅកែ​រោងចក្រ​មេរ៉ូ​សាន់​បានបញ្ឈប់​កម្មករ ដោយ​គ្មាន​ហេតុផល​ឲ្យបាន​ច្បាស់លាស់ ហើយ​ការបញ្ឈប់​របស់​ថៅកែ​រោងចក្រ​រូបនោះ មិន​បាន​ផ្ដល់​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ​នោះ​ទេ ។​

​អ្នកស្រី​បន្ត​ថា ប្រសិន​បើ​ថៅកែ​រោងចក្រ​ចង់​បញ្ឈប់​កម្មករ​ណា​ម្នាក់​ត្រូវ​តែ​បញ្ជាក់​ពី​មូលហេតុ​ឲ្យបាន​ច្បាស់លាស់ ចំពោះ​បញ្ហា​ដែល​កម្មករ​ធ្វើ​ខុស  ហើយ​ការបញ្ឈប់​នោះ ត្រូវតែ​គោរព​តាម​ទៅ​លក្ខខណ្ឌ​ការងារ ។ អ្នកស្រី​ព្រមាន​ថា បើ​ថៅកែ​រោងចក្រ​មិន​ធ្វើ​តាម​ការទាមទារ​រប​ស់កម្មករ​ទេ នោះ​កម្មករ​ទាំង ៧០០​នាក់​នៅក្នុង​រោងចក្រ​នឹង​ធ្វើ​ការតវ៉ា​បន្តទៀត ដោយ​មិន​ព្រម​ចូល​ធ្វើការ​វិញ​ឡើយ ។ 

​កម្ម​ការ​នី​ម្នាក់ទៀត កញ្ញា ពេជ្រ មួយ​ឡេង ក៏​បាន​លើ​ឡើង​ដូចគ្នា​ដែរ​ថា ការបញ្ឈប់​កម្មក​ររ​បស់​ថៅកែ​រោងចក្រ​មេ​រ៉ូសាន់ គ្មាន​បញ្ជាក់​ពី​មូលហេតុ ហើយ​ថៅកែ​តែងតែ​គំរាម​ពួកគេ​កុំឲ្យ​ធ្វើការ​តវ៉ា​។ កញ្ញា​ថា កន្លងមក​ពួកគេ​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​ក្រសួង​ការងារ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ​នោះ ប៉ុន្តែ​មក​ដល់ពេលនេះ មិនទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ទេ ។

​មន្ត្រី​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី​ម្នាក់​បាន​ចេញ​មក​ទទួល​ញត្តិ ប៉ុន្តែ​មិន​បាន​សន្យាថា​នឹង​មាន​ចំណាត់ ការ​យ៉ាងណា​នោះ​ទេ ។​
​ប្រធាន​រដ្ឋបាល​រោងចក្រ​មេ​រ៉ូសាន់ លោក ឈុន ឆាយ បដិសេធ​មិន​ធ្វើ​អធិប្បាយ ដោយ​ឆ្លើយ​យ៉ាងខ្លី​ថា លោក​ជាប់​ប្រជុំ ។​

VOD មិនអាច​សុំ​ការ​អត្ថធិប្បាយ​ពី​អ្នននាំពាក្យ​ក្រសួង​ការងារ​បាន​ទេ ។​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៥ កន្លង​ទៅ​កម្មករ​រោងចក្រ​មេ​រ៉ូសាន់ បាន​ធ្វើការ​តវ៉ា​ដើម្បី​ទាមទារ​ថៅកែ​កុំ​ឲ្យ​បញ្ឈប់​កម្មករ​បន្ត​ទៀត   ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដក​រដ្ឋបាល​ម្នាក់​ចេញ  ក្រុមហ៊ុន​មិន​ត្រូវ​បង្ខិតបង្ខំ​កម្មករ​ឲ្យ​ថែម​ម៉ោង​ដោយ​មិន​មាន​ការស្ម័គ្រចិត្ត​ពី​កម្មករ និង​ពេល​បញ្ឈប់​កម្មក​ត្រូវ​ទូទាត់​ប្រាក់​អត្ថប្រយោជន៍​ផ្សេង ។ រោងចក្រ​មេ​រ៉ូសាន់​ស្ថិតនៅ​ក្នុង​ភូមិជំរៅ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ និង​មាន​កម្មករ​ធ្វើការ​សរុប​ជាង​៧០០​នាក់ ៕

សូម​សរសេរ​មក​កញ្ញា ខាន់ លក្ខិណា​ តាមរយៈ khanleakhena@yahoo.com

What Next?

Recent Articles