ធ្វើ​ដូចម្តេច​ដើម្បី​ទាក់ទាញ​យុវជន​ខ្មែរ ឲ្យ​ចាប់​អារម្មណ៍​សិល្បៈ​បុរាណ​?

សកម្មភាព​សម្តែង​របាំ​ និង​ភ្លេងបុរាណ ក្នុង​ទិវា​វប្បធម៌ជាតិ​៣​មីនា ក្នុង​ឆ្នាំ ២០១៥។

សកម្មភាព​សម្តែង​របាំ​ និង​ភ្លេងបុរាណ ក្នុង​ទិវា​វប្បធម៌ជាតិ​៣​មីនា ក្នុង​ឆ្នាំ ២០១៥។ ហេង ជីវ័ន



ភ្នំពេញប៉ុស្តិ៍

«​វប្បធម៌​រលត់​ជាតិ​រលាយ វប្បធម៌​​ពណ្ណរាយ​ជាតិ​ថ្កើងថ្កាន​» ​នេះ​គឺជា​ពាក្យស្លោក​ពី​បុរាណកាល​របស់​ខ្មែរ​យើង​ដែល​បាន​ឲ្យ​តម្លៃ យ៉ាងខ្លាំង​ទៅលើ​វប្បធម៌​ប្រពៃណី​ដែល​​បុព្វបុរស​បាន​បន្សល់ទុក​ដល់​កូនចៅ​​ជំនាន់​ក្រោយ​ឲ្យ​បាន​ស្គាល់ ព្រោះ​នេះ​​ គឺជា​ដួងព្រលឹង និង​អត្តសញ្ញាណ​ជាតិ ជា​មរតក​ប្រកប​ដោយ​សក្តានុពល​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការ​ផ្សារភ្ជាប់​​ទំនាក់ទំនង​ដ៏រឹងមាំ​ពី​សង្គម​មួយ​ទៅ​​សង្គម​មួយ ពី​ក្រុម​មួយ​ទៅ​ក្រុម​មួយ ពី​​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ឲ្យ​ចេះ​រួបរួម​ជាមួយ​គ្នា​ប្រកប​ដោយ​ភាពសុខដុម​រមនា និង​គ្មាន​ការរើសអើង​។

របាំ​បុរាណ របាំ​ប្រពៃណី របាំ​ប្រជាប្រិយ ល្ខោន ក៏ដូចជា ឧបករណ៍​ភ្លេង​បុរាណ​នានា សុទ្ធសឹង​ជា​មរតក​វប្បធម៌ ដែល​ដូនតា​បាន​បន្សល់​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់​ពី​ដួងព្រលឹង​របស់​ជាតិ​ខ្លួន ហើយ​នាំ​គ្នា​ផ្តល់​តម្លៃ និង​ថែរក្សា​​ឲ្យ​បាន​គង់វង្ស​យូរអង្វែង​។

បើ​ក្រឡេក​មក​មើល​ស្ថានភាព​នា​ពេល​​​បច្ចុប្បន្ន​វិញ យុវជន​ខ្មែរ​មួយ​ចំនួន​មិន​ត្រឹមតែ​មិន​ស្គាល់​ពី​ប្រភេទ​ឧបករណ៍​តន្ត្រី​ខ្មែរ​ប៉ុណ្ណោះ​ទេ ជាក់ស្តែង​ពួកគេ​ថែម​​ទាំង​​យល់​ថា ការលេង​ឧករណ៍​តន្ត្រី​​បុរាណ​ខ្មែរ​ គឺ​បាន​បង្ហាញពី​ការ​មិនទាន់​សម័យ ដើរ​មិនទាន់​ការរីកចម្រើន​នាពេល​បច្ចុប្បន្ន​ទៅវិញ​។

លោក ផន ចំរើន ដែល​បាន​ចំណាយ​ពេល​​ជិត​ ១០ ​ឆ្នាំ​មក​ហើយ ដើម្បី​សិក្សា​រៀនសូត្រ​ពី​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ គឺ​ទ្រសោ បាន​យល់​ឃើញ​ថា ចំនួន​អ្នក​ចេះ​លេង​ឧបករណ៍​ភ្លេងបុរាណ គឺ​​កំពុង​តែ​​ជួប​​ហានិភ័យ​ហើយ ដោយសារ​តែ​យុវជន​​​​ខ្មែរ​​មិន​បាន​ដឹងឮ និង​ចាប់​អារម្មណ៍​​ពី​សិល្បៈ​វប្បធម៌​របស់​ខ្លួន​នោះ​ឡើយ​។

បើ​តាម​រូប​លោក បញ្ហា​នេះ​ គឺ​មាន​កត្តា​រួមផ្សំ​មួយ​ចំនួន​ដូចជា កត្តា​ការអប់រំ ការ​ហូរចូល​វប្បធម៌​បរទេស​ខ្លាំង​ពេក កង្វះ​ការផ្សព្វផ្សាយ​នូវ​វប្បធម៌​ប្រពៃណី​ជាតិ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​​ជាដើម​។

និស្សិត​ឆ្នាំ​ទី​ ៤ នៅ​មហាវិទ្យាល័យ​តូរ្យតន្ត្រី​ឯកទេស​ទ្រសោ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ រូប​នេះ​យល់​ឃើញ​ថា ការចូលរួម​ផ្សព្វផ្សាយ​ឲ្យ​បាន​​កាន់តែ​ទូលំទូលាយ ពី​សិល្បៈ​វប្បធម៌​ខ្មែរ​​នៅ​តាម​បណ្តា​ប្រព័ន្ធ​ផ្វព្សផ្សាយ​នានា នឹង​អាច​ចូលរួម​លើកស្ទួយ និង ក្រើន​រំព្ញក​ដល់​កូនខ្មែរ​ជំនាន់​ក្រោយ ជាពិសេស​យុវជន​ឲ្យ​បាន​ស្គាល់ និង​ចាប់​អារម្មណ៍​ឧបករណ៍​ភ្លេង​ខ្មែរ​យើង​កាន់តែ​ប្រសើរ​ឡើង​។

លោក​ថា កន្លង​មក បើ​ទោះបី​ជា​មាន​ទិវា​វប្បធម៌​ជាតិ​ក៏ពិតមែន តែ​នេះ​គឺ​ភាគច្រើន​ទាក់ទាញ​តែ​អ្នក​ដែល​រៀន​សិល្បៈ​​ប៉ុណ្ណោះ យុវជន​ទូទៅ​នៅ​តែ​មិន​មាន​​ការចាប់អារម្មណ៍​ខ្លាំង​ដដែល​។

ជាក់ស្តែង យុវជន សាម ក្នុង​វ័យ​ ២២ ​​ឆ្នាំ និស្សិត​សាកលវិទ្យាល័យ​​​​ន័រតុន បាន​ជ្រើសរើស​យក​ឧបករណ៍​តន្ត្រី​​សម័យ ជា​ជាង​ឧបករណ៍​បុរាណ។ ​លោក​សាម បាន​ចំណាយ​ពេល​រៀន​​ជំនាញ​លេង​ឧបករណ៍​នេះ​អស់​រយៈពេល​​ជាច្រើន​ឆ្នាំ ដោយ​លោក​យល់​ថា ការ​លេង​ឧបករណ៍​តន្ត្រី​បុរាណ​ខ្មែរ គឺ​ហួសសម័យ​បន្តិច​។ តែ​ទោះ​ជា​យ៉ាងណា​ក៏ដោយ​លោក​ក៏​បាន​ពោល​ដែរ​ថា លោក​​នៅ​តែ​គោរព​នូវ​វប្បធម៌​បុរាណ​ខ្មែរ​ជានិច្ច​។

សកម្មភាព​សម្តែង​របាំ​ និង​ភ្លេងបុរាណ ក្នុង​ទិវា​វប្បធម៌ជាតិ​៣​មីនា ក្នុង​ឆ្នាំ ២០១៥។

សកម្មភាព​សម្តែង​របាំ​ និង​ភ្លេងបុរាណ ក្នុង​ទិវា​វប្បធម៌ជាតិ​៣​មីនា ក្នុង​ឆ្នាំ ២០១៥។ ហេង ជីវ័ន

លោក​ពោល​ថា​៖ «​ខ្ញុំ​អត់​ចូលចិត្ត [​ឧបករណ៍​បុរាណ​] ​ទេ ហើយ​ខ្ញុំ​គិត​ថា វា​អត់​ទាន់​សម័យ​សោះ​ឡើយ ដែល​យើង​ទៅ​ណា​មក​ណា​ស្ពាយ​ឧបករណ៍​តន្ត្រី​បុរាណ សម័យ​នេះ​ហើយ គេ​ត្រូវការ​ដើរ​​ឲ្យ​​ទាន់​​ការវិវត្ត​របស់​ពិភពលោក តែ​មិនមែន​មាន​ន័យ​ថា ខ្ញុំ​មិន​ស្រឡាញ់ វប្បធម៌​​បុរាណ​​យើង​​ទេ ខ្ញុំ​ គឺ​នៅ​តែ​គោរព​អ៊ីចឹង​»​។

បើ​តាម​លោក​ផ្ទាល់ កត្តា​ដែល​ធ្វើឲ្យ​យុវជន​​ខ្មែរ​មិន​ដែល​ចាប់​អារម្មណ៍​អើពើ​ពី​ឧបករណ៍​បុរាណ​រួមទាំង​រូប​លោក​ផ្ទាល់​ផង គឺ​ដោយសារ​មិន​មាន​ការ​លើក​ទឹកចិត្ត ក៏ដូចជា​ការផ្សព្វផ្សាយ បណ្តុះ​មោនភាព​លើ​តម្លៃ​របស់​វប្បធម៌​ខ្លួន​យើង​។

ស្រប​គ្នា​នេះ​ដែរ លោក ឈួន សារិន ប្រធាន​​គ្រប់គ្រង​កម្មវិធី​របស់​អង្គការ​សិល្បៈ​​ខ្មែរ​អមតៈ យល់ស្រប​ដែរ​ថា កង្វះ​ការផ្សព្វផ្សាយ​ពី​សិល្បៈ​វប្បធម៌​បុរាណ គឺជា​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​​ផ្សេង​ទៀត​ដែល​ធ្វើឲ្យ​យុវជន​មិន​មាន​​ការ​ចាប់អារម្មណ៍​វប្បធម៌​ប្រពៃណី​របស់​ខ្លួន​។

លោក​ពោល​ថា​៖ «​យុវជន​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ​ គឺ​មាន​ការចាប់អារម្មណ៍​ខ្លាំង​ទៅលើ​ចម្រៀង​សម័យ​ជាពិសេស​នោះ​គឺ K-pop ហើយ​ខ្ញុំ​គិត​ថា សិល្បៈ​វប្បធម៌​បុរាណ​ខ្មែរ​មិន​ទាន់​ទទួល​បាន​ការផ្សព្វផ្សាយ​គ្រប់គ្រាន់​នៅ​ឡើយ​នោះ​ទេ​។ ឧទាហរណ៍ យើង​កម្រ​ឃើញ​សិល្បៈ​បុរាណ​នៅ​តាម​ទូរទស្សន៍ ឬ​តាម​សាលារៀន​ណាស់​»​។

លោក​ថា​៖ «​តាមរយៈ​បទពិសោធ​ផ្ទាល់​របស់​ខ្ញុំ ខ្ញុំ​ធ្វើការ​ក្នុង​វិស័យ​សិល្បៈ វប្បធម៌​យូរ​ប៉ុន​ណា ខ្ញុំ​មាន​ចិត្ត​ស្រឡាញ់​ប៉ុណ្ណោះ​ដែរ ហើយ​ខ្ញុំ​យល់​ថា ចំណុច​នេះ​ គឺ​ដូចជា​ប្រជាជន​ខ្មែរ​យើង​ផ្សេង​ទៀត​ដែរ​។ ពួកគាត់​មិន​ចូលចិត្ត​អ្វី​ដែល​គាត់​មិន​ស្គាល់ មិន​ដឹង​នោះ​ទេ​។ ពួកគាត់​ខ្លះ​មិន​ដែល​ឮ​ចម្រៀង​ប្រពៃណី ឬ​ឃើញ​ឧបករណ៍​បុរាណ​ផង អ៊ីចឹង​វា​ពិបាក​ណាស់​ឲ្យ​ពួកគាត់​មក​ចាប់អារម្មណ៍ មក​ស្រឡាញ់ ដែល​ខុស​ស្រឡះ​ពី​ចម្រៀង​សម័យ​ដែល​គាត់​ឃើញ និង​ឮ​ជា​រៀងរាល់​ថ្ងៃ​»​។

ត្រង់​ចំណុច​នេះ​​​​ដែរ លោក ថៃ នរៈសត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​លើក​ឡើង​ថា គេ​មិន​អាច​ធ្វើការ​​ទប់ស្កាត់​ដោយ​ងាយ​ពី​ការហូរចូល​នៃ​វប្បធម៌​របស់​បរទេស​ដែល​កំពុង​តែ​មាន​សក្តានុពល​ខ្លាំង​ក្នុង​ពិភពលោក មក​កាន់​ប្រទេស​តូចៗ​​ក្នុង​​ពិភពលោក ដែល​ក្នុង​នោះ​រួមមាន​​ប្រទេស​កម្ពុជា​ផង​នោះ​បាន​ទេ។

ដោយឡែក​លោក​ថា​៖ «​យុវជន​ គឺជា​ក្រុម​មនុស្ស​ដែល​ងាយ​នឹង​ចាប់​យក​នូវ​អ្វី​ដែល​ថ្មី ប្លែក ដូច្នេះ​ចង់ ឬ​មិន​ចង់​ គឺ​ពួកគេ​នឹង​មាន​ទំនោរ​ទៅលើ​របស់​ដែល​ថ្មី ជា​ជាង​អ្វី​ដែល​មាន​តាំងពី​យូរយារ​ណាស់​មក​ហើយ​នោះ​»​។

បើ​តាម​លោក ថៃ នរៈសត្យា លោក​នៅតែ​មាន​សុទិដ្ឋិនិយម​ថា វប្បធម៌​ប្រពៃណី​បុរាណ​របស់​កម្ពុជា​នៅតែ​មិន​អាច​បាត់បង់​ទៅ​ដោយ​ងាយ​នោះ​ទេ​ព្រោះ​ថា វា​គឺជា​អ្វី​ដែល​ជា​​កេរដំណែល ហើយ​យុវជន​នៅតែ​មាន​ទឹកចិត្ត​ស្រឡាញ់​តាមរយៈ​ការរៀន ការចង់ចេះ ចង់ដឹង​ពី​ឧបករណ៍​ភ្លេងបុរាណ​ដែល​គេ​នៅតែ​ឃើញ​មាន​សិស្ស​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ការ​ចូលរួម​​របស់​យុវជន​ទៅក្នុង​វប្បធម៌​ជាតិ​ដែល​ជាក់ស្តែង​នៅក្នុង​ទិវា​វប្បធម៌​ជាតិ​ដែល​បាន​ប្រព្រឹត្ត​ទៅ​កន្លងមក​កាលពី​ដើម ខែ​មីនា ឆ្នាំ​ ២០១៥ ​ជាដើម​។

ចំនួន​ប្រជាជន​កម្ពុជា គឺ​ភាគច្រើន​ជា​មនុស្ស​វ័យក្មេង ហើយ​ពួកគេ​មិន​សូវ​ចូលចិត្ត លេង​ឧបករណ៍​បុរាណ ចំណុច​នេះ លោក ឈួន សារិន ប្រធាន​គ្រប់គ្រង​កម្មវិធី​របស់​អង្គការ​សិល្បៈ​ខ្មែរ​​អមតៈ បាន​លើក​ឡើង​ថា វា​ជា​ហានិភ័យ​ធំ​បំផុត​របស់​ឧបករណ៍​តន្ត្រី​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ ដោយសារ​កង្វះ​ការគាំទ្រ​ពី​ប្រជាជន​កម្ពុជា​ខ្លួនឯង​។

ជាទូទៅ ភាគច្រើន​អ្នក​ដែល​ចូលចិត្ត និង​រៀន​ឧបករណ៍​បុរាណ ឬ​របាំ​បុរាណ សុទ្ធតែ​កើត​ចេញ​ពី​ការស្រឡាញ់ និង​ចង់​ថែរក្សា​វប្បធម៌​ជាតិ​ឲ្យ​បាន​គង់វង្ស​ដូចជា​កញ្ញា​ ឆែ ដានី នេះ​ជាដើម​។

កញ្ញា ឆែ ដានី បច្ចុប្បន្ន​កំពុង​សិក្សា​​​ឧបករណ៍​ភ្លេង​បុរាណ​ខ្សែ​ដៀវ​ជាមួយ​នឹង​គ្រូ​មកពី​អង្គការ​សិល្បៈ​ខ្មែរអមតៈ បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ទឹកចិត្ត​ស្រឡាញ់​ និង​ការបារម្ភ​ភ័យខ្លាច​បាត់បង់​​សិល្បៈ​បុរាណ​ខ្មែរ​នោះ​ហើយ ទើប​កញ្ញា ខិតខំ​ប្រមូល​គ្នា​បាន​ប្រមាណ​ជា​ ៥ ​នាក់​ដើម្បី​មាន​លទ្ធភាព​ហៅ​គ្រូ​មក​បង្រៀន​។ មក​ទល់​នឹង​ពេល​នេះ មាន​រយៈពេល​ ៦ ​ខែ ហើយ​ដែល​ក្រុម​របស់​កញ្ញា​​បាន​សិក្សា​ជំនាញ​កូត​ខ្សែ​ដៀវ​នេះ​។

ឧបករណ៍​ខ្សែដៀវ ដែល​កញ្ញា ឆែ ដានី បាន​ទទួល​ស្គាល់​ថា វា​មាន​ការពិបាក​មែនទែន​ក្នុង​ការរៀន ជា​ឧបករណ៍​មួយ​ប្រភេទ ដែល​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ តាមរយៈ​ការ​សង្កេត​ឃើញ​​ឧបករណ៍​នេះ​មាន​ឆ្លាក់​រូបភាព​ជាប់​នឹង​​ក្បាច់​ផ្ដែរ​រចនាប័ទ្ម​សំបូរ​ព្រៃគុក​នៅ​​សតវត្សរ៍​ទី​ ៧ ឆ្លាក់ នៅ​នឹង​ជញ្ជាំង​ប្រាសាទ​បាយ័ន ប្រាសាទ​អង្គរវត្ដ ដែល​បាន​​កសាង​ឡើង​តាំងពី​សតវត្សរ៍​ទី​ ៩ រហូត​ដល់​សតវត្សរ៍​ទី​ ១៣ ​។ រូបចម្លាក់​ទាំងនោះ​បញ្ជាក់​ថា ឧបករណ៍​ខ្សែដៀវ​​នេះ​មាន​មុន​សតវត្សរ៍​ទី​ ៧ ​ទៅ​ទៀត ហើយ​មាន​ប្រយោជន៍​សំខាន់​ណាស់​ក្នុង​សង្គម ទើប​ដូនតា​សម័យ​នោះ​យក​មក​ឆ្លាក់​ជាប់​នឹង​ជញ្ជាំង​ប្រាសាទ​បែប​នេះ​។

និស្សិត​ឆ្នាំ​ទី​ពីរ ផ្នែក​អក្សរសាស្ត្រ​ខ្មែរ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​រូប​នេះ​ក៏​បាន​សំណូមពរ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាពិសេស​នោះ​ គឺ​ទូរទស្សន៍ សូម​ឲ្យ​មាន​ការ​ចាក់ផ្សាយ​ពី​សិល្បៈ​វប្បធម៌​បុរាណ​ខ្មែរ​ឲ្យ​បាន​ច្រើន ដើម្បី​ជា​ការ​ក្រើន​រំព្ញក​ដល់​កូន​ខ្មែរ ជំនាន់​ក្រោយ​​ឲ្យ​នាំគ្នា​ស្រឡាញ់ និង​ថែរក្សា លើកស្ទួយ​សម្បត្តិ​វប្បធម៌​ជាតិ​យើង ឲ្យ​សម​ទៅ​នឹង​ពាក្យស្លោក​ដែល​ថា «​វប្បធម៌​ជាតិ​រស់ ឈ្មោះ​ជាតិ​ថ្កើងថ្កាន​»​។

សកម្មភាព​សម្តែង​របាំ​ និង​ភ្លេងបុរាណ ក្នុង​ទិវា​វប្បធម៌ជាតិ​៣​មីនា ក្នុង​ឆ្នាំ ២០១៥។

សកម្មភាព​សម្តែង​របាំ​ និង​ភ្លេងបុរាណ ក្នុង​ទិវា​វប្បធម៌ជាតិ​៣​មីនា ក្នុង​ឆ្នាំ ២០១៥។ ហេង ជីវ័ន

តើ​ធ្វើ​ដូចម្តេច​ទើប​អាច​បណ្តុះ​គំនិត​យុវជន​ឲ្យ​ស្រឡាញ់​ឧបករណ៍​បុរាណ និង​លើកស្ទួយ​វប្បធម៌​ជាតិ​?

កន្លង​ទៅ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ផ្សព្វផ្សាយ​ចំណេះដឹង និង​បំផុស​ចលនា​​យុវជន​ឲ្យ​ហ្វឹកហាត់​បង្កើត​ស្នាដៃ​ថ្មី ដើម្បី​ចូលរួម​ថែរក្សា ការពារ​លើកតម្កើង និង​អភិវឌ្ឍ​វប្បធម៌​ជាតិ សំដៅ​រួមចំណែក​កាត់បន្ថយ​ឥទ្ធិពល​អវិជ្ជមាន​​នៃ​វប្បធម៌​បរទេស​ផង​ដែរ​។

យោងតាម​ឯកសារ​ស្តីពី​ទិវា​វប្បធម៌​ជាតិ​ថ្ងៃ​ ៣ ខែ​មីនា ឆ្នាំ​ ២០១៥ ក្រោម​ប្រធានបទ​ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ» រាជរដ្ឋាភិបាល​ គឺ​ចង់​អប់រំ និង​បណ្តុះបណ្តាល​​យុវជន​ខ្មែរ ពិសេស​សិស្សសាលា​​ឲ្យ​យល់ដឹង​ពី​តម្លៃពិត និង​បច្ចេកទេស​​សម្តែង​សិល្បៈ​ប្រពៃណី​ជាតិ​ដូចជា របាំ ភ្លេង និង​ចម្រៀង​បុរាណ ប្រពៃណី និង​ប្រជាប្រិយ​ព្រមទាំង​ល្ខោន​នាដកម្ម​ប្រជាប្រិយ​ខ្មែរ​គ្រប់​ប្រភេទ​សំដៅ​ជំរុញ​ឲ្យ​​មាន​ទឹកចិត្ត​ស្រឡាញ់ ស្មារតី​រក្សា និង​​ការពារ​ឲ្យ​មាន​ចីរភាព និង​រីកចម្រើន នាពេល​អនាគត​។

ដើម្បី​អាច​បណ្តុះ​គំនិត​យុវជន​ឲ្យ​​ស្រឡាញ់​ឧបករណ៍​បុរាណ និង​លើកស្ទួយ​វប្បធម៌​ជាតិ បើ​តាម​គំនិត​របស់​លោក ឈួន សារិន ប្រធាន​គ្រប់គ្រង​កម្មវិធី​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បាន​ឲ្យ​ដឹង​ថា គេ​ត្រូវការ​ការជំរុញ​លើក​ទឹកចិត្ត និង​ការណែនាំ​ពួកគេ​ឲ្យ​ស្គាល់​ឧបករណ៍​ភ្លេងបុរាណ​ជា​មុន​សិន​មុន​នឹង​អាច​ឲ្យ​ពួកគេ​ចាប់ អារម្មណ៍​ចង់​រៀន និង​ចូលរួម​ថែរក្សា​។

លោក​បាន​និយាយថា​៖ « វា​ជា​គំនិត​ល្អ​ផង​ដែរ សម្រាប់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា ប្រសិន​បើ​គាត់​អាច​​បញ្ចូល​មុខវិជ្ជា​ភ្លេង​បុរាណ​ខ្មែរ ទៅក្នុង​កម្មវិធី​សិក្សា​ព្រោះ​ដូច​អ្វី​ដែល​ខ្ញុំ​បាន​លើក​ឡើង​​អ៊ីចឹង អ្នក​ត្រូវការ​ស្គាល់​ឧបករណ៍​​ភ្លេង​បុរាណ​​ខ្មែរ​​ជា​មុន​សិន ទើប​​អាច​មាន​​ការ​ចូលចិត្ត ចាប់​អារម្មណ៍ ចង់​រៀន ស្រឡាញ់ និង​ចូលរួម​ថែរក្សា​ភ្លេង​បុរាណ​​ទាំងនោះ​»​។

ឆ្លើយតប​ទៅ​នឹង​ចំណុច​នេះ​ដែរ លោក​​​​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ហង់ ជួនណារ៉ុន បាន​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា ការពិត​ទៅ​​ក្រសួងអប់រំ​​ក៏​មាន​កម្មវិធី​​ដាក់​បញ្ចូល​ការរៀន​​ឧបករណ៍​ភ្លេង​បុរាណ​ទៅក្នុង​កម្មវិធី​សិក្សា​​ដែរ តែ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​​ខ្លាំង​​បំផុត​នោះ​ គឺ​កង្វះខាត​គ្រូបង្រៀន ដូច្នេះ​ហើយ​ទើប​ខាង​ក្រសួង​បាន​​អនុវត្ត​កិច្ចការ​នេះ​ទៅ​តាម​ស្ថានភាព​​ជាក់ស្តែង​ដោយ​សហការ​ជាមួយ​នឹង​​អង្គការ​ក្រៅរដ្ឋាភិបាល​ដោយ​ផ្ទាល់​។

លោក​បាន​និយាយ​ថា​៖ «​ជា​រៀងរាល់​ឆ្នាំ យើង​តែងតែ​បាន​ដាក់​ប្រកាស​រើស​​គ្រូ​ដែល​​អាច​បង្រៀន​ឧបករណ៍​ភ្លេង​បុរាណ​ដល់​សិស្សានុសិស្ស​នៅ​តាម​សាលារដ្ឋ តែ​យើង​រក​មិន​បាន ព្រោះ​ពួកគាត់​មាន​ទំនោរ​ទៅ​ធ្វើការ​នៅ​កន្លែង​ផ្សេង​​ច្រើន​ជាង អ៊ីចឹង​ហើយ យើង​ក៏​បាន​​​សហការ​​ដោយ​ផ្ទាល់​ជាមួយ​សាលារដ្ឋ ​[​ទាំង​ឡាយ​ណា​] ​ដែល​មាន​អង្គការ​ដៃគូ​ជួយ ហើយ​យើង​នឹង​សហការ​គ្នា​តែ​ម្តង​»៕


What Next?

Recent Articles

One Response to "ធ្វើ​ដូចម្តេច​ដើម្បី​ទាក់ទាញ​យុវជន​ខ្មែរ ឲ្យ​ចាប់​អារម្មណ៍​សិល្បៈ​បុរាណ​?"

  1. Bol says:

    គឺពិតជាលំបាកណាស់ ក្នុងការអូសទាញមនុស្សសម័យថ្មីឲ្យបែរទៅចូលចិត្ត និងចង់ថែរក្សាកេរតំណែលសិល្បៈបុរាណខ្មែរ។ ទោះបីជាប្រទេសថៃ ក៏ដោយ ក៏ឪថា រដ្ឋាភិបាលក៏ព្រួយបារម្ភ ដែរ។

    ដំណោះស្រាយ គឺមានតែ រាជរដ្ឋាភិបាល ទេ ដែលត្រូវតែដឹងថាធ្វើយ៉ាងណា។
    ទី ១) បើសង្គមបច្ចុប្បន្ន ចេះតែងាកចេញទៅរកវប្បធម៌ កូរ៉េ ឬក៏ស្អីនោះ ក៏ឲ្យវាទៅ សិនទៅ ។ ព្រោះគេគួរតែសំគាល់ថា នៅតាម ខុនសឺតប្រចាំសប្តាហ៍របស់ទូរទស្សន៍និមួយ ! ប្រសិនបើអ្នកចំរៀងណាម្នាក់ឡើងច្រៀងចំរៀងចាស់របស់លោកតាសាមុត និង នាងរស់ សិរីសុទ្ធា គឺពុំមានអ្នាកណាទះដៃ ហោរកញ្ជ្រៀវ ទេ។ តែបើឃើញ សិរីមន្ត ឃើញព្រាប សុវត្ថិ ឡើងមករាំដូចស្វា ពេលនោះ គេឃើញថា ប្អូន ក្មួយៗ យើង សប្បាយ ហោរកញ្ជ្រៀវ លើកដៃលើកជើង ទះដៃបន្ទរយ៉ាងសប្បាយ។ មិនខុសពីលោក ហ៊ុនសែន បាននិយាយ ការទទួលយកវប្បធម៌ ការចម្លងវប្បធម៌ ពីគេមក គឺជាការទទួលយកដោយគ្មានបង្ខំ គឺដោយស្ម័គ្រ ដូចនេះ កុំចោទប្រកាន់។ សរុបឲ្យខ្លី គឺយុវជនខ្មែរ កំពុងតែពុលជាមួយ វប្បធម៌សិល្បៈរបស់កូរ៉េ របស់ថៃ តែទាំងអស់ហ្នឹង។ ដូចនេះហើយ ដែលនាំឲ្យក្រុមហ៊ុនថតថាស និងក្រុមអ្នកសិល្បៈយើង យល់ថា ជាឱកាសសម្រាប់រកលុយ គឺខិតខំផលិត ចម្រៀងរបាំ បែបស្វា ឆ្កួតលីលានេះ មកច្រៀង មកសំដែង ដោយពុំមានអៀនខ្មាស់ ដូចជា ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត ដែលតែងតែនិយាយថា ខ្លួនកំពុងលើកស្ទួយវប្បធម៌ ជាតិ ។ ជាតិ អី គឺ ជាតតុយ!!!
    ទី២) រដ្ឋាភិបាល ត្រូវតែលើកំពស់ការប្រឹងប្រែងពង្រឹងក្រសួងវប្បធម៌ ក្រសួងទេសចរណ៍ ក្រសួងពត៌មាន ឲ្យប្រឹងបង្កើតកម្មវិធីប្រឡងប្រជែងសិល្បៈខ្មែរបុរាណ ដោយមានពានរង្វាន់ ឲ្យបានច្រើន ដើម្បីទាក់ទាញយុវជន យើង មកវិញ។ ព្រោះមនុស្សត្រូវការលុយ។
    ៣) ត្រូវពិនិត្យមើលកម្មវិធីរបស់ក្រុមហ៊ុន និងទូរទស្សន៍មួយចំនួន ដែលកំពុងតែឆ្កកួតលីលា លើកទឹកចិត្ត ឲ្យពួកសិល្បករដែលចម្លងវប្បធម៌បរទេស អាចទទួលផលរាប់ពាន់ រាប់ម៉ឺនដុល្លា ពីការរាំរបាំស្វា ដូចព្រាប សុវត្តជាដើម។ កត្តាទាំងនេះ ដែលនាំយុវជន មើលឃើញពីលទ្ធភាពនៃការរកចំណុលតារយៈសិល្បៈលីលានេះ។
    ៣) រដ្ឋាភិបាល ត្រូវលើកទឹកចិត្ត មានគោលនយោបាយថែទាំសិល្បៈករចាស់ ក្នុងលក្ខខ័ណ្ឌជាការរបបប្រាក់ខែ ឬប្រាក់សៅននិវត្តន៍ ទោះជាគាត់មិនមែនជាអ្នករាជការ ជាមន្ត្រីរដ្ឋក៏ពិតមែន តែគួរស្រង់ឈ្មោះឲ្យអស់ ដាក់ចូលក្រសួងសង្គមកិច្ច ដើម្បីឧបត្ថម្ភប្រាក់ប្រចាំខែ យ៉ាងហោចណាស់ ២០០០០០ រៀល ឲ្យគាត់ទៅ។ ពេលឃើញដូចនេះ ហើយ ទើបមនុស្សទាំងឡាយមើលឃើញពីការគិតគូររបស់រាជរដ្ឋាភិបាល និងចាប់ផ្តើម បែរមកក្រោយ។ មិនគួរណា ទុកឲ្យសិល្បករចាស់ៗ ដែលគ្នាខិតខំបម្រើប្រទេសជាតិក្នុងវិស័យវប្បធម៌ចម្រៀងដ៏កម្រ ថិតក្នុងជីវភាពកំសត់ ស្រែកដង្ហោយតាមសារពត៌មាន ទើបបាននាំគ្នាយកអំណោយ ទៅជូន តាមបែបប្រជាភិថុតិ ទៅវិញ និងពុំមាននិរន្តភាព។
    ប្រហែលជានៅមានមធ្យោបាយច្រើនទៀត ដែលល្អជាងនេះ។ យើងមិនបាច់ដាក់របង មិនឲ្យគេចូលផ្ទះយើងទេ តែយើងត្រូវតែមានអ្វី មួយ ដែលអាចធ្វើកូនយើង មិនស្រឡាញគេ គឺត្រូវធ្វើស្នេហ៍។ មន្តអាគមន៍ខ្លាំងជាងគេ គឺលទ្ធភាពនៃការរកប្រាក់ចំណូលតាមរយៈសិល្បៈខ្មែរ ។ ឧទហរណ៍ ដោយសារតែពិធីរៀបអាពាហ៍ពិពាហ៍បានផ្តល់ឱកាសរកចំណូលដោយភ្លេងការ ដូចនេះ ក៏មានយុវជនយើង ខំរៀនច្រៀងភ្លេងការដែរ។