ពលរដ្ឋ​ជាង​២០​គ្រួសារ​នៅ​បាត់ដំបង​ស្នើសុំ​មន្ត្រី​សុរិយោដី​ចេញ​ប្លង់​ដី​ស្រប​ច្បាប់

ដោយ ហ៊ុំ ចំរើន
2015-03-26
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ជម្លោះ​ដីធ្លី បាត់ដំបង ៦២០
លោក នួម សារឿន ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ខាង​ក្រោម​ផ្ទះ​ប្រជាពលរដ្ឋ​តំបន់​ដី​ដែល​ពុំ​ទាន់​មាន​ប្លង់​កម្មសិទ្ធិ នា​ភូមិ​អង់ សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៥។ RFA/Hum Chamroeun

ប្រជាពលរដ្ឋ​នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ជាង ២០​គ្រួសារ ចោទ​ប្រកាន់​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​នេះ ថា​មិន​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់​ឲ្យ​អ្នក​ភូមិ​ទេ ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​យក​ដី​នោះ​ទៅ​ដាក់​បញ្ចាំ​ធនាគារ ដើម្បី​យក​ប្រាក់​ទៅ​ប្រកប​របរ​ដោះស្រាយ​ជីវភាព​គ្រួសារ​បាន​ឡើយ។

ប្រជាពលរដ្ឋ​នៅ​ក្រុង​បាត់ដំបង សម្ដែង​ការ​មិន​ពេញ​ចិត្ត​ទៅ​នឹង​សកម្មភាព​របស់​មន្ត្រី​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ថា​ជា​ទង្វើ​មួយ​ក្នុង​គោល​បំណង​មិន​ល្អ​ចំពោះ​ប្រជាពលរដ្ឋ​ទេ។

ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អង់ សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ថ្លែង​នៅ​ខាង​ក្រោយ​ផ្ទះ នៅ​ថ្ងៃ​ទី​២៦ មីនា ថា ដី​លំនៅឋាន​របស់​អ្នក​ភូមិ​ប្រមាណ ២៤​គ្រួសារ​នៅ​ភូមិ​អង់ នេះ ជា​ដី​ដែល​ពួក​គាត់​រស់នៅ​តាំង​ពី​ដូនតា​រហូត​មក។ អ្នក​ភូមិ​បន្ត​ថា មន្ត្រី​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​បាត់ដំបង មិន​ចេញ​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ឲ្យ​ពួក​គាត់​កាន់​កាប់​ទេ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ក្នុង​ការ​បែង​ចែក​ទៅ​ឲ្យ​កូន​ចៅ និង​យក​ទៅ​បញ្ចាំ​នៅ​ធនាគារ ដើម្បី​យក​ប្រាក់​ទៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ពុំ​បាន​ឡើយ។ អ្នក​ភូមិ​អំពាវនាវ​សុំ​ឲ្យ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​បាត់ដំបង និង​មន្ត្រី​ពាក់ព័ន្ធ ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ​បាន​ឆាប់៖ «ដី​តាម​ខ្ញុំ​ដឹង​ប្រហែល​ជា​គេ​ទុក​ដី​នេះ​ចែក​គ្នា​លក់ បាន​ជា​គេ​មិន​ធ្វើ​ប្លង់​ឲ្យ​ប្រជាពលរដ្ឋ។ កន្លែង​នេះ​ខ្ញុំ​ធ្លាប់​រស់នៅ​តាំង​ពី​ដូនតា​មក​ហើយ ឲ្យ​ខ្ញុំ​ទៅ​រស់នៅ​កន្លែង​ផ្សេង ខ្ញុំ​មិន​ទៅ​ទេ។ ខ្ញុំ​បើ​គេ​មិន​ចេញ​ប្លង់​ឲ្យ​ទេ​នោះ កូន​ចៅ​របស់​ខ្ញុំ​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត ពួក​គេ​មិន​ដឹង​ទៅ​ជា​យ៉ាង​ណា​ទេ»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​បាត់ដំបង គឺ​លោក អ៊ូ ដារី ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ មីនា។

ប៉ុន្តែ ចៅ​សង្កាត់​អូរចារ លោក កឹម ឆង មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ពិត​ជា​យឺតយ៉ាវ​ក្នុង​ការ​ប្រគល់​ប្លង់​ដី​ឲ្យ​ប្រជាពលរដ្ឋ​មែន។ ទោះ​ជា​យ៉ាង​នេះ លោក​ថា បញ្ហា​នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​ពុំ​មាន​គោល​បំណង​មិន​ល្អ ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​ប្រជាពលរដ្ឋ​ឡើយ ហើយ​ថា​នឹង​ដោះស្រាយ​ការងារ​នេះ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ៖ «ដោយសារ​ដី​របស់​ពួក​គាត់​នោះ​ត្រូវ​សាងសង់​ផ្លូវ​ឆ្លង​កាត់ ដូច្នេះ​មន្ត្រី​ជំនាញ​ខាង​ភូមិបាល និង​មន្ត្រី​ពាក់ព័ន្ធ កំពុង​ដំណើរ​ការ​ដោះស្រាយ​បញ្ហា​នេះ»

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) ខេត្ត​បាត់ដំបង លោក ហេង សាយហុង មាន​ប្រសាសន៍​ថា ការងារ​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​កន្លង​មក អាជ្ញាធរ​តែង​លើក​ហេតុផល​ថា​យ៉ាង​នេះ​យ៉ាង​នោះ​ដាក់​ប្រជាពលរដ្ឋ​ជា​ប្រចាំ ជាពិសេស​គឺ​នៅ​តំបន់​ដី​ដែល​មាន​តម្លៃ​តែ​ម្ដង។ បញ្ហា​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​នោះ​មិន​សប្បាយ​ចិត្ត ហើយ​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជា​បន្តបន្ទាប់៖ «ខ្ញុំ​ក្រែង​តែ​គេ​យក​លេស​ថា​អ៊ីចឹង​ទៅ ហើយ​គេ​បែរ​ទៅ​ជា​យក​ដី​របស់​ប្រជាពលរដ្ឋ​ទាំង​នោះ​ទៅ​ធ្វើ​អ្វី​ផ្សេង​ទៅ ព្រោះ​ដី​នោះ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែរ»

យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ​អះអាង​ថា អាជ្ញាធរ​មិន​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ឲ្យ​ពួក​គាត់​នេះ ក្នុង​គោល​បំណង​មិន​ល្អ​ទេ ដោយ​យក​លេស​ថា ដី​ដែល​ពួក​គាត់​រស់នៅ​នោះ​ជា​ដី​ទួល​បុរាណ ពុំ​អាច​ចេញ​ប្លង់​ឲ្យ​អ្នក​ភូមិ​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles