​មន្ត្រី​ឃ្លាំមើល​ការបោះឆ្នោត​លើក​ទឹកចិត្ត​ឲ្យមាន​ការដាក់​ពាក្យជាស​មាជិក គ​.​ជ​.​ប ថ្មី​ឲ្យបាន​ច្រើន​​

ដោយ៖​ ណាត សុភាព​​ | ថ្ងៃអាទិត្យ ទី29 មិនា 2015
http://vodhotnews.com

​អ្នក​ឃ្លាំមើល​ការបោះឆ្នោត ដែល​តែងតែ​រិះគន់​ការកែទម្រង់ ច្បាប់បោះឆ្នោត និង គ​.​ជ​.​ប ថ្មី យល់ថា ការបើកចំហ​ឲ្យមាន​ការ​ដាក់​ពាក្យ​សុំ​ធ្វើ​ជា​សមាជិក គ​.​ជ​.​ប ថ្មី គឺជា​រឿង​ប្រសើរ និង​អាច​ធ្វើឲ្យ​ស្ថាប័ន​នេះ​រឹងមាំ​ជាង​មុន ​​។​

​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ហៅ​កាត់​ថា​ខុម​ហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍​ជា​មួយ​VOD​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ជា​ការប្រសើរ​ណាស់ ដែល​គណបក្ស​ទាំង​ពីរ​បើក​ចំហ​ឲ្យ​អ្នកដាក់ពាក្យ​ដើម្បី​ធ្វើជា​សមាជិក គ​.​ជ​.​ប ថ្មី​នោះ​ ។ លោក​លើក​ទឹកចិត្ត​ឲ្យ​អ្នក​មាន​សមត្ថ ដាក់ពាក្យ​ឲ្យបាន​ច្រើន ដើម្បី​ឲ្យ​ក្រុមការងារ​នៃ​គណបក្ស​ទាំង​ពីរ ជ្រើសរើស​យក​អ្នក​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ធ្វើការ ចៀសវាង​ការ​រើស​យក​អ្នក​មិន​មាន​សមត្ថភាព នាំឲ្យ​ដំណើរការ​បោះឆ្នោត​លើក​ក្រោយ​មាន​បញ្ហា​។ ប៉ុន្តែ​លោក​បន្តថា បើ​ការជ្រើសរើស​យក​បេក្ខភាព​នោះ គ្មាន​តម្លាភាព ធ្វើតាម​ការកំណត់​ទុក​នៃ​បក្ស​រៀងៗ​ខ្លួន នោះ​វា​នឹង​នាំ​ឲ្យ​ដំណើរការ គ​.​ជ​.​ប ថ្មី មិន​បម្រើ​ដល់​ផលប្រយោជន៍​ពលរដ្ឋ​ទូទៅ គឺ​នៅតែ​បម្រើ​ផលប្រយោជន៍​បក្ស​ដដែល​ ។​

​លោក​គល់ បញ្ញា ក៏​លើកទឹកចិត្ត​ដល់​ប្រធាន​អង្គការ​លីកាដូ​លោកស្រី ពុង ឈី​វ​កេក ឲ្យ​រក្សា​ជំហរ​ទទួលយក​បេក្ខភាព​សមាជិក​ទី​៩​នៃ គ​.​ជ​.​ប ថ្មី​ដដែល ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។ លោក​ថា តួនាទី​នោះ​សំខាន់​ណាស់ សម្រាប់​ធ្វើឲ្យ​ដំណើរការ​បោះឆ្នោត​នៅ​អាណត្តិ​ក្រោយ​នេះ​មាន​ភាព​ល្អប្រសើរ​ជាង​មុន​ ។​

VOD មិនអាច​ទាក់ទង​លោកស្រី ពុង ឈី​វ​កេក ដើម្បី​សុំ​មតិយោបល់​ទាក់ទង​នឹង​បញ្ហា​នេះ​បាន​ទេ ​។​

យ៉ាងណាក៏ដោយ លោក គល់ បញ្ញា បញ្ជាក់ថា លោក​មិន​អាច​ដាក់​ពាក្យសុំ​ធ្វើជា​សមាជិក គ​.​ជ​.​ប ថ្មី​នោះ​បាន​ទេ ព្រោះ​លោក​ជាប់​កិច្ចសន្យា​ជាមួយនឹង​អង្គការ​សង្គម​ស៊ីវិល ​។

លោក​ក៏​បាន​រិះគន់​លើ​នីតិវិធី​ដាក់ពាក្យ​ជ្រើសរើស​បេក្ខភាព គ​.​ជ​.​ប ថ្មី​នោះ​ដែរ​ថា មាន​រយៈពេល​ខ្លី​ពេក ធ្វើឲ្យ​អ្នកដាក់ពាក្យ​ពិបាក​សុំ​លិខិត​ថ្កោលទោស​ពី​ក្រសួង​យុត្តិធម៌ ព្រោះ​ការសុំ​លិខិត​នោះ​មាន​រយៈពេល​១២​ថ្ងៃ​ឯណោះ​។ លោក​បន្តថា សភា​គួរ  ផ្តល់​រយៈពេល​ដាក់ពាក្យ​រើស​បេក្ខភាព គ​.​ជ​.​ប ថ្មី ឲ្យបាន​មួយ​ខែ​ឡើង​ទៅ ទើប​ជា​ការប្រសើរ​ ។​

​រដ្ឋសភាជាតិ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៣​ខែ​មីនា​ឆ្នាំ​២០១៥ បាន​ចេញ​សេចក្តីជូនដំណឹង​តាម​សារ​អេឡិចត្រូនិច ខ្លឹមសារ​ថា ពី​ថ្ងៃ​ទី​៣០​មីនា ដល់ ០៦ មេសា អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បើក​ឲ្យ​សាធារណៈជន ដាក់ពាក្យ​ជា​បេក្ខភាព​សមាជិក គ​.​ជ​.​ប ថ្មី ។ លុះដល់​ថ្ងៃ​ទី​៩ មេសា គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​នឹង​ប្រជុំ ដើម្បី​ពិនិត្យ និង​ឯកភាព​ទៅលើ​សមាជិក គ​.​ជ​.​ប តាម​រូបមន្ត ៤.៤.១ ៕​

សូម​សរសេរ​មក​លោក លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles