​អង្គការសហប្រជាជាតិ​ទំនង​នឹង​តែងតាំង​ស្ត្រី​ជនជាតិ​អង់គ្លេស​ជា​តំណាង​ពិសេស​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​​

ដោយ៖​ ណុល ដា​រ៉ា​ | ថ្ងៃអាទិត្យ ទី29 មិនា 2015
http://vodhotnews.com

VOD-un-logo-150329-2015-03-29

 អង្គការសហប្រជាជាតិ​ទំនង​នឹង​ជ្រើសរើស​យក​លោកស្រី Rhona Smith ជា​បេក្ខភាព​សម្រាប់​តំណែង​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា​ជំនួស​លោក​សូរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី ដែល​បាន​បញ្ចប់​អាណត្តិ​រយៈពេល​៦​ឆ្នាំ​របស់​គាត់​មក​កាន់​កម្ពុជា នៅ​ឆ្នាំ​២០១៥​នេះ​ ។​

​យោង​តាម​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ លើក​ទី​២៨ កាលពី​ថ្ងៃ​សុក្រ ទី​២៧ មីនា លោកស្រី Rhona Smith ត្រូវ​គេ​រំពឹងថា នឹង​ត្រូវបាន​ជ្រើសរើស​ដំណាក់កាល​ចុងក្រោយ ក្នុងចំណោម​បេក្ខជន​ពីរ​រូប​ទៀត ជា​បេក្ខភាព​សម្រាប់​តំណែង​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ​។​

​តាម​កាសែត​ឌឺ ខេ​ម​បូឌា ដេលី ចុះផ្សាយ​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ​ឲ្យដឹងថា បេក្ខជន​ពីរ​រូប​ទៀត​ដែល​ប្រកួតប្រជែង​ជាមួយ​នឹង​លោកស្រី Rhona Smith មាន​ម្នាក់​ជា​ជនជាតិ​ឥណ្ឌា និង​ម្នាក់​ទៀត​ជនជាតិ​អៀរ​ឡង់ ​។ 

​លោកស្រី Rhona Smith មាន​អាយុ​៤៥​ឆ្នាំ ជនជាតិ​អង់គ្លេស និង​ជា​សាស្ត្រា​ច្បាប់​។ ប្រសិន​បើ​លោក​ស្រី​ត្រូវបាន​ជ្រើសរើស​ឲ្យទទួល​តំណែង​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ជំនួស​លោក​សូ​រី​យ៉ា ប្រាសាទ ស៊ូ​ប៊ែរ​ឌី ជា​ជនជាតិ​ណេ​ប៉ាល់ នោះ​លោកស្រី​នឹង​ជា​មនុស្ស​ទី​៦ ហើយ​ជា​ស្ត្រី​ដំបូង​គេ ដែល​ទទួល​តំណែង​នេះ ​។ 

​ចាប់តាំងពី​ឆ្នាំ​១៩៩៣ មក នៅពេល​ដែល​កម្ពុជា​ទទួល​បាន​សន្តិភាព បញ្ចប់​សង្គ្រាម​ស៊ីវិល កម្ពុជា​មាន​អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​ចំនួន​៥​នាក់ ក្នុងនោះ​លោក Michael Kirby ជា​ជនជាតិ​អូស្ត្រាលី ពី​ឆ្នាំ ១៩៩៣-១៩៩៦ លោក​ថូ​ម៉ាស (HAMMARBERG) ជា​ជនជាតិ​ស៊ុយអែត បាន​ធ្វើការ​បាន​៤​ឆ្នាំ​ពី​១៩៩៦-២០០០ លោក ភី​ធឺ​ឡឺ​ប្រេច បាន​បំពេញ​សក​កម្ម​រយៈពេល​៥​ឆ្នាំ ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០០៥ លោកយ៉ា​សហ៏​ហ្គាយ ជា​ជនជាតិ​កេន​យ៉ា បាន​បំពេញ​បេសកម្ម​៣​ឆ្នាំ​គឺ ២០០៥-២០០៨ និង​លោក សូរិយា ស៊ូ​ប៊ែ​ឌី ជនជាតិ​នេ​ប៉ាល់ បានបញ្ចប់​បេសកម្ម​របស់លោក​ចំនួន​៦​ឆ្នាំ​គឺ​ពី​ខែ​មីនា ឆ្នាំ​២០០៩ ដល់​ខែ​មីនា ឆ្នាំ​២០១៥​នេះ ៕​

សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com

What Next?

Recent Articles