របាយការណ៍ចំណាត់ថ្នាក់កម្ពុជា​ទាប​បំផុត​សម្រាប់​រដ្ឋាភិបាល​បើក​ចំហ​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃចន្ទ ទី30 មិនា 2015
http://vodhotnews.com


មើលរូបភាពបន្ថែម

វិមានសន្តិភាព​របស់​​រដ្ឋាភិបាល​កម្ពុជា

របាយការណ៍​មួយរបស់គម្រោង​យុត្តិធម៌ពិភពលោក(World Justice Project)ដែល​មាន​មូលដ្ឋាន​នៅសហ​​​រដ្ឋ​អាមេរិក បាន​ចំណាត់​ថ្នាក់​​ប្រទេស​កម្ពុជាក្នុងពិន្ទុ​ទាបជាមួយ​​​​លេខ​៩៨​ក្នុងចំណោម​១០២ប្រទេស ដែលពិន្ទុនេះ​ ​គឺ​សម្រាប់​​​រដ្ឋាភិបាលមិន​បើ​កចំហ ។​

របាយការណ៍​ជាង​៥០ទំព័ររបស់​(WJP) ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​សម្រាប់​ឆ្នាំ​២០១៥នេះ បាន​ឲ្យ​ដឹងថា កម្ពុជា​ទទួល​ពិន្ទុ​០,៣៦ធៀប​លើ​កម្រិត​ពិន្ទុ​១​ គឺស្ថិត​​នៅ​ចំណាត់​ថ្នាក់លេខ​​៩៨​ក្នុង​ចំណោម​១០២​ប្រទេស​ ។ ពិន្ទុ​១​បង្ហាញ​ពី​ភាព​បើ​កចំហរបស់​រដ្ឋាភិបាល​កាន់តែ​ខ្លាំង​បំផុត ។​ របាយការណ៍​បង្ហាញ​ថា​ការ​ដាក់​ពិន្ទុ​នេះ គឺ​យោង​តាម​ចម្លើយ​ដែល​ចេញ​ពី​សំណាក​ចំនួន​១០០០ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​​នៅ​ក្នុង​ទី​ក្រុង​ធំៗ​៣​របស់​​ប្រទេស​​ដែល​ត្រូវ​បាន​សិក្សា ។

​ការ​ដាក់​ពិន្ទុ និង​​ចំណាត់​ថ្នាក់​នេះ ពឹងផ្អែក​​លើ​ធាតុសំខាន់ៗចំនួន​៤​​សម្រាប់​វាយតម្លៃ​​រដ្ឋាភិបាលបើកចំហ រួម​មាន​​ទិន្នន័​យ​រដ្ឋាភិបាល និង​ច្បាប់​នានាដែល​ត្រូវ​បានអនុម័ត​ឲ្យ​ប្រើ​ប្រាស់​ជា​សាធារណៈ​ សិទ្ធិ​ទទួល​​ព័ត៌មាន ការ​ចូល​រួម​របស់ប្រជា​ពល​រដ្ឋ​ និង​យន្ត​ការ​នៃ​ការ​ទទួល​ពាក្យ​បណ្តឹង ។ ប្រទេស​កម្ពុជាស្ថិត​នៅ​ចំណាត់​​ថ្នាក់​លើ​ប្រទេស​តែ​ចំនួន​៤ប៉ុណ្ណោះ គឺ​ប្រទេស​អ៊ី​រ៉ង់ មីយ៉ាន់ម៉ា Uzbekistan និង Zimbabwe ។ នៅក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ខាង​កើត ប្រទេ​សកម្ពុជា​នៅ​លើ​ប្រទេ​ស​​មីយ៉ាន់ម៉ាតែប៉ុណ្ណោះ​ ដោយ​នៅខ្សោយ​ជាង​​​​​ប្រទេស​ម៉ាឡេស៊ី ចិន វៀតណាម ម៉ុងហ្គោលី ថៃ ហ្វីលីពីន​ ឥណ្ឌូនេស៊ី សិង្ហបុរី​ និង​ហុងកុងជាដើម​ ។

ប្រទេស​ដែល​មានពិន្ទុខ្ពស់ជាង​គេ​សម្រាប់​រដ្ឋាភិបាល​បើក​ចំហ​ រួមមាន​​ប្រទេស​ស៊ុយអែត នូវែលសេឡង់(New Zealand) និង​​​ន័រ​វែស​ជាដើម​ ។​

របាយការណ៍​​ឲ្យ​ដឹង​ទៀត​ថា​រដ្ឋាភិបាលបើក​ចំហ​មានន័យថា​រដ្ឋាភិបាល​ដែល​ចែក​រំលែក​ព័ត៌មាន លើ​ក​​តម្កើ​ង​​​​អំណាចរបស់​​ប្រជា​ជន​ ​ដើម្បី​​ឲ្យ​រដ្ឋាភិបាល​មាន​គណនេយ្យ​ភាព​ និង​ជំរុញ​ការ​ចូល​រួម​ប្រជា​ជន​នៅ​ក្នុង​ការពិភាក្សា​​គោល​នយោ​បាយ​​សាធារណៈ ដែល​ជា​ធាតុ​សំខាន់​នៃ​នីតិ​រដ្ឋ។​

​គម្រោង​យុត្តិធម៌ពិភពលោកជា​ស្ថាប័ន​ឯករាជ្យ ដែល​ធ្វើ​ការ​លើ​ផ្នែក​ជាច្រើនក្នុង​គោល​បំណង​​ពង្រឹង​​នីតិរដ្ឋ​នៅ​លើ​ពិភពលោក​។​

គួរ​បញ្ជាក់​ថា ថ្មីៗនេះ រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​រៀប​ចំ​​សេចក្តីព្រាងច្បាប់​ទាក់​ទង​នឹង​សិទ្ធិ​ទទួល​ព័ត៌មាន ដែល​​​ច្បាប់​នេះនឹង​ជំរុញ​ឲ្យ​ស្ថាប័ន​រដ្ឋ​បញ្ចេញ​នូវ​ព័ត៌មាននានា​សម្រាប់​ប្រជា​ពល​រដ្ឋ។ សេចក្តីព្រាង​ច្បាប់​នេះ​​​គ្រោង​នឹង​ត្រូវ​​បញ្ចប់នៅ​ឆ្នាំ​២០១៧​ ៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles