លោក កឹម សុខា មិន​ទាន់​សម្រេច​ថា​ត្រូវ​ចូល​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ​នៅ​ឡើយ

ដោយ សុជីវី
2015-03-31
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

កឹម សុខា ៦២០
អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ផ្ដល់​បទសម្ភាសន៍ ខណៈ​​លោក​ទៅ​សួរ​សុខទុក្ខ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ក្នុង​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​១២ មីនា ២០១៥។ RFA/Uon Chhin

អនុប្រធាន​ទី​១​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​មិន​ទាន់​សម្រេច​ថា​យ៉ាង​ណា​នៅ​ឡើយ បន្ទាប់​ពី​ទទួល​បាន​ដីកា​កោះ​របស់​តុលាការ ដែល​តម្រូវ​ឲ្យ​លោក​ចូល​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ខាង​មុខ។

មេធាវី​ការពារ​ក្ដី ហៅ​ដីកា​កោះ​នោះ​ថា​ខុស​នីតិវិធី។ ចំណែក​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល លើក​ឡើង​ថា ករណី​នេះ​ជា​រឿង​នយោបាយ ដែល​គួរ​តែ​បិទ​បញ្ចប់​នៅ​ពេល​ចរចា​នយោបាយ​បាន​ស្រុះស្រួល។

មេធាវី​ការពារ​ក្ដី​ឲ្យ លោក កឹម សុខា លើក​ឡើង​ថា ការ​កោះ​ហៅ​កូន​ក្ដី​របស់​លោក​ដែល​ជា​តំណាង​រាស្ត្រ​កំពុង​មាន​អភ័យ​ឯកសិទ្ធិ និង​ជា​អនុប្រធាន​រដ្ឋសភា គឺ​ជា​ការ​រំលោភ​អំណាច​រវាង​នីតិប្បញ្ញត្តិ និង​តុលាការ។

លោក​មេធាវី ចាន់ ចេន ដែល​ការពារ​ក្តី​នេះ​មាន​ប្រសាសន៍​ថា ករណី​នេះ​លោក​នៅ​មិន​ទាន់​បាន​ជួប​ពិភាក្សា​នឹង​កូន​ក្តី ថា​ត្រូវ​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​តាម​ដីកា​កោះ​នេះ​នៅ​ឡើយ៖ «ដីកា​ដែល​ផ្ញើ​ទៅ​គាត់ បើ​គិត​តាម​បែបបទ​រដ្ឋបាល​គួរ​តែ​ទៅ​តាម​រយៈ​ក្រសួង​យុត្តិធម៌ ទៅ​ស្ថាប័ន​រដ្ឋសភា។ តុលាការ​គួរ​ធ្វើ​តាម​បែបបទ​ហ្នឹង​ប្រសើរ​ជាង។ គាត់​មាន​អភ័យ​ឯកសិទ្ធិ ហើយ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ។ ទោះ​ជា​កូន​ក្តី​ខ្ញុំ​គាត់​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ ក៏​ខ្ញុំ​គិត​ថា គឺ​ជា​ការ​រំលោភ​អំណាច វា​ប៉ះពាល់​ដល់​អភ័យ​ឯកសិទ្ធិ ចឹង​តុលាការ​ដូច​មិន​មាន​សិទ្ធិ​ណា​សាកសួរ​ទេ​តាម​ខ្ញុំ​យល់»

ចំណែក លោក កឹម សុខា ក៏​នៅ​មិន​ទាន់​ឆ្លើយ​យ៉ាង​ណា​ដែរ នៅ​ពេល​ចោទ​សួរ​ថា តើ​លោក​នឹង​ចូល​ទៅ​បំភ្លឺ​តាម​ដីកា​កោះ ឬ​យ៉ាង​ណា? ដោយ​លោក​ទុក​ភារៈ​នេះ​ឲ្យ​មេធាវី​លោក​ធ្វើ​ការ។

ព្រះរាជ​អាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាន់ណា បាន​ចេញ​ដីកា​កោះ​ហៅ លោក កឹម សុខា ជា​អនុប្រធាន​ទី​១​រដ្ឋសភា ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៥ ខាង​មុខ​នេះ ដើម្បី​សាកសួរ​បន្ថែម​ក្នុង​សំណុំ​រឿង​អំពើ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ដើម​ឆ្នាំ​២០១៤។

សំណុំ​រឿង​នេះ លោក កឹម សុខា ធ្លាប់​បាន​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​ម្ដង​ហើយ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៤ កាល​នោះ​ចៅក្រម​បាន​ចំណាយ​ពេល​ពេញ​មួយ​ព្រឹក​សាកសួរ។ ពេល​នោះ លោក សម រង្ស៊ី ក៏​ត្រូវ​ចៅក្រម​សាកសួរ​ដែរ។ ការ​សាកសួរ​ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពេល​នោះ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​បង្ក​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម នៅ​ក្រោយ​ការ​តវ៉ា​ដំឡើង​ប្រាក់​ខែ​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង និង​ក្បែរ​រោងចក្រ​យ៉ាក​ជីន (Yakjin) ដែល​ត្រូវ​អាជ្ញាធរ​បង្ក្រាប​ដោយ​ហិង្សា។

នាយក​ប្រតិបត្តិ​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ករណី​នេះ​ជា​រឿង​នយោបាយ ដែល​គួរ​បន្ត​ដោះស្រាយ​តាម​ការ​ចរចា ហើយ​ម្យ៉ាង លោក កឹម សុខា ជា​តំណាង​រាស្ត្រ​ដែល​មាន​អភ័យ​ឯកសិទ្ធិ​ការពារ៖ «គួរ​តែ​ខិតខំ​ពង្រឹង​វប្បធម៌​សន្ទនា​របស់​គណបក្ស​ទាំង​ហ្នឹង​ទៅ ហើយ​ដោះស្រាយ​បញ្ហា​ជាតិ​ដោយ​យក​គោលការណ៍​រួម​ឲ្យ​បាន​ច្រើន។ ទោះ​បី​ករណី​ហ្នឹង​ជា​រឿង​ចាស់​ក៏ដោយ មិន​អាច​ចេះ​តែ​កោះ​ហៅ​ដែរ។ វា​អត់​មាន​អី​តុលាការ​ចេះ​តែ​កោះ​ហៅ ព្រោះ​មាន​អភ័យ​ឯកសិទ្ធិ​ណា​មួយ​វា​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ថា​អំណាច​ដាច់​ពី​គ្នា ម្ល៉ោះ​ហើយ​សមាជិក​នៃ​អំណាច​ទាំង​បី​ហ្នឹង​មិន​អាច​ចេះ​តែ​ប្រើ​អំណាច​រំលោភ​លើ​គ្នា​បាន​ទេ»

ដីកា​កោះ​ហៅ លោក កឹម សុខា នេះ​ធ្វើ​ឡើង​ក្រោយ​ពី លោក ហ៊ុន សែន ព្រមាន​ថា លោក កឹម សុខា នឹង​មិន​អាច​រួច​ខ្លួន​ឡើយ មិន​ថា​មាន​ឋានៈ​ណា​ឡើយ រឿង​ក្ដី​របស់​លោក​នៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

2 Responses to "លោក កឹម សុខា មិន​ទាន់​សម្រេច​ថា​ត្រូវ​ចូល​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ​នៅ​ឡើយ"

  1. Prey Nokor says:

    Personally, I think Kem Sokha must not go to the court as summoned because he has a parliamentary immunity which legally protects him from any arrest or prosecution except for his acts of flagrant de licto. At the meantime, he should file a complaint against the summons with the constititution and seek an intervention from the NA President. if kem Sokha complies with the summons, it means that he is doing an illegal act.

  2. បរិមី ព្រះវិហារ says:

    There are a number of consequences before reaching to the point of arresting Khem Sokha! However if Khem Sokha does not love power and wishes to seek for justice, let abandoning his immunity and walking into the court room to show your bravery and cleanesss. I believe that Khem Sokha will wait until the situation turned to shit hits fan than he will drop everything and run away!! Wait and see? មនុស្សគេយកសំដី ដំរីគេភ្លុក ហើយឈើកំបាក់ពុកមិនអាចយកទៅឆ្លាក់ធ្វើជាព្រះបានទេ!