សង្គមស៊ីវិល សម្តែងការព្រួយបារម្ភពីការដាក់បក្សពួកនិយមក្នុងស្ថាប័នរដ្ឋ​

ដោយ៖​ ឡាយ សា​មាន​​ | ថ្ងៃអង្គារ ទី31 មិនា 2015
http://vodhotnews.com


មើលរូបភាពបន្ថែម

កិច្ចពិភាក្សាតុមូលស្តីពីប្រជាធិបតេយ្យ និងភាពមិនប្រក្រតីខាងនយោបាយនៅកម្ពុជា (រូបភាព៖ ឡាយ សាមាន)

សង្គមស៊ីវិលដែលធ្វើការផ្នែកតស៊ូមតិ បង្ហាញការព្រួយបារម្ភថា ភាពមិនប្រក្រតីខាងនយោបាយ និងបក្សពួកនិយមនៅក្នុងស្ថាប័នរដ្ឋធំៗ ធ្វើឲ្យរាំងស្ទះកាន់តែធ្ងន់ធ្ងរដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងការអភិវឌ្ឍជាតិ។

ការបង្ហាញនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូលស្តីពីប្រជាធិបតេយ្យ និងភាពមិនប្រក្រតីខាងនយោបាយនៅកម្ពុជា នៅថ្ងៃទី ៣១ ខែមីនា ដែលរៀបចំដោយអង្គការខុមហ្វ្រែល។

នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ហៅ​កាត់​ខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា អំពើពុករលួយដែលធំបំផុត គឺ​អំពើពុករលួយផ្នែកនយោបាយ ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ និងការអភិវឌ្ឍសង្គមជាតិទាំងមូល។ លោកថាអំពើពុករលួយផ្នែកនយោបាយនេះ មានន័យថា រដ្ឋាភិបាលមិនបានប្រើប្រាស់ច្បាប់យកមកអនុវត្ត តែបែរជាប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់រាល់ការសម្តែងមតិ និងសិទិ្ធជួបប្រជុំកន្លងមក។

លោក​ គល់ បញ្ញា មាន​ប្រសាសន៍​ថា «បើ​ប៉ុស្តិ៍​ទីប្រឹក្សា​វិញ​រាប់រយ អនុប្រធានរដ្ឋសភា ប្រធានរដ្ឋសភា​រាប់រ​យ ៦០​ទៅ ៧០​នាក់ ដោយសារ​អត់​ច្បាប់​។ ចឹង​បាន​ចេះ​តែ​បង្កើត ហើយ​ការរំលោភ​អំណាច ការប្រើប្រាស់​អំណាច​ដើម្បី​ផល​ប្រយោជន៍​នយោបាយ​ទេ អត់​មាន​ទាក់ទិន​ផលប្រយោជន៍​ជាតិ​ទេ អត់​មាន​ថា​បង្កើត​ក្រសួង​នេះ ដំណែង​នេះ​ដើម្បី​ធ្វើ​កិច្ចការ​សម្រាប់​ជាតិ​អត់​ទេ គឺ​សម្រាប់​ពួក​ខាង​ចុះចូល គឺ​ឲ្យ​តំណែង​មួយ ឬក៏​ខាង​ណា​សុទ្ធតែ​ផល​ប្រយោជន៍​នយោបាយ​ទាំងអស់ ហ្នឹង​ទាក់ទិន​នឹង​បញ្ហា​រំលោភ​អំណាច​»

លោកគល់ បញ្ញា បន្ថែមថា ជាពិសេសរដ្ឋាភិបាល បានបង្កើតឲ្យមានសមាជិករដ្ឋាភិបាលច្រើនលើសលុប តែប្រើខុសតួនាទី និងខុសទិសដៅ ដែលធ្វើឲ្យការចំណាយរបស់រដ្ឋមិនមានតម្លាភាព។

​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក​ព្រាប កុល បានឲ្យនិយមន័យថាកម្ពុជាមានអំពើពុករលួយមាន៦ប្រភេទរួមមាន ការសូកប៉ាន់ជាការដូរ ឬលុយ ការប្រើអំណាចជម្រិតយកលុយ ការក្លែងបន្លំឯកសារដើម្បីបានផលចំណេញ ឃុបឃិតគ្នាប្រកបអាជីវកម្មធំដោយអ្នកមានអំណាចនៅពីក្រោយ សាច់ញាតិ និងគ្រួសារនិយម និងពុករលួយផ្នែកនយោបាយដែលជៀតជ្រែកលើប្រព័ន្ធតុលាការ និងកងកម្លាំងប្រដាប់អាវុធ។ លោក បន្តថា តាមរយៈការសិក្សាស្រាវជ្រាវរបស់អង្គការតម្លាភាពរកឃើញថា ស្ថាប័នជាតិធំៗចំនួន១៣ មានជំងឺ​ពុករលួយ និងបក្សពួកនិយម។ លោក​មាន​ប្រសាសន៍​ថា «ស្ថាប័ន​ដែល​មាន​ជម្ងឺ​ខ្លាំងជាងគេ គឺ​ស្ថាប័ន​តុលាការ​នេះ​ឯង ជម្ងឺ​ឈឺ​ធ្ងន់​ជាង​គេ ប្រព័ន្ធ​សុច្ចរិត​ភាព​ខ្សោយ​ជាង​គេ បន្ទាប់​មក​ស្ថាប័ន​ប៉ូលីស ឈឺ​បន្ទាប់ពី​តុលាការ​មក​ហើយ​ប្រព័ន្ធ​តុលាការ​យើង​មាន​បញ្ហា​ធ្ងន់ធ្ងរ​។​ប៉ុន្តែ​ដល់​ពេល​ដែល​យើង​ជម្រាប​ដោយ​មាន​ជូន​ដោយមាន​ចេញ​របាយការណ៍​អី​ផ្សេងៗ​ហ្នឹង  ស្ថាប័ន​ជាតិ​មួយ​ចំនួន ឬ​រដ្ឋាភិបាល​អត់​មាន​បាន​ឈឺ​អី​ទេ ចឹង​ជម្ងឺ​ដែរ​យើង​រកឃើញ​ហ្នឹង​អត់​បាន​ទទួលស្គាល់​ថា​ឈឺ​ទេ ពេល​ខ្លះ​ទៅ​គាត់​បដិសេធចោល​» ។​

VOD មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីលោក ផៃ ស៊ីផាន បានទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។

ដូចគ្នានេះដែរ ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​អាដហុក លោក នី ចរិយា យល់​ថាបច្ចុប្បន្នដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហាក់បីដូចជាដើរទៅមុខបន្តិច និងថយក្រោយបន្តិច។ លោកបន្តថាមូលហេតុដំណើរការប្រជាធិបតេយ្យមានការយឺតយ៉ាវ ដោយសារការគ្រប់គ្រងអំណាចមានការប្រមូលផ្តុំ ជាពិសេសប្រព័ន្ធតុលា​ការ និងកងម្លាំងប្រដាប់អាវុធមិនឯករាជ្យ។ លោក​ថា «គឺមាន​តែ​កម្លាំង​មហាជន​ដែល​ត្រូវតែ​ចូលរួម​ក្នុងការ​រុញ​នាវា​កម្ពុជា​យើង​នេះ​ឲ្យទៅ​ក្នុងគន្លង​ប្រជាធិបតេយ្យ​ឲ្យបាន​។ ចឹង​ដើម្បី​រុញច្រាន​ប្រទេស​យើង​ឲ្យទៅ​គន្លង​ប្រជាធិបតេយ្យ​លើកលែង​តែ​ប្រជាជនយ​ល់​ដឹង  ចឹង​អ្វី​ដែល​ជា​លទ្ធភាព​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្នុងការ​រុញ​ប្រទេស​កម្ពុជា​ឲ្យទៅ​ជាប្រទេស​ប្រជាធិបតេយ្យ​បាន គឺ​អំណាច​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ពេល​បោះ​ឆ្នោត​» ។​

ទាក់ទងនឹងភាពមិនប្រក្រតីនេះ សង្គមស៊ីវិលផ្តល់អនុសាសន៍មួយចំនួនដល់រដ្ឋាភិបាលរួមមាន អនុម័តច្បាប់ស្តីសិទ្ធិទទួលបានព័ត៌មានឲ្យបានឆាប់ បង្កើតច្បាប់ស្តីពីហិរញ្ញវត្ថុគណបក្សនយោបាយ វិសោធនកម្មមានត្រាមួយចំនួនក្នុងច្បាប់ប្រឆាំងអំពើពុករលួយ និងបង្កើតយន្តការរបស់រដ្ឋសភាក្នុងការសួរដេញដោលអំពីការរំលោភអំណាច ដើម្បីធ្វើឲ្យដំណើរប្រជាធិបតេយ្យនៅកម្ពុជាឆ្ពោះទៅមុខ។

របាយការណ៍របស់អង្គការខុមហ្វ្រែលស្តីពីប្រជាធិបតេយ្យប្រចាំឆ្នាំ និងភាពមិនប្រក្រតីផ្នែកនយោបាយ ឲ្យដឹងថា ប្រជាធិបតេយ្យរូបនីយកម្មនៅកម្ពុជាឆ្នាំ ២០១៤ បានបន្តដំណើរទៅមុខយឺត ជាមួយគុណវិបត្តិដ៏ច្រើនដែកជាឧបសគ្គ និងរារាំងដល់ជំហាននៃដំណើរការឆ្ពោះទៅកាន់ប្រជាធិបតេយ្យ។ ចំណែកការប្រើប្រាស់ធនធានរដ្ឋមានភាពមិនប្រក្រតី រួមទាំងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ជាពិសេសទូរទស្សន៍(ទទក) បម្រើផលប្រយោជន៍ឲ្យគណបក្សកាន់អំណាច៕

សរសេរមកកាន់លោក ឡាយ សាមាន តាមរយៈsamean@vodhotnews.com

What Next?

Recent Articles

One Response to "សង្គមស៊ីវិល សម្តែងការព្រួយបារម្ភពីការដាក់បក្សពួកនិយមក្នុងស្ថាប័នរដ្ឋ​"

  1. people says:

    king dumb of in-justic king dumb of corruption king dumb of rubbish’place king dumb of puppet king dumb of leech king dumb of communist king dumb of dictator king dumb of vampire king dumb of people’tear.king dumb of cambodia led by veitrcong’dog.people must wake up and if the leech give a sarong or small bag of seasoning just take it but vote to CNRP .GOD bless all cambodian people’