​សហគមន៍​បឹងកក់​ប្រតិកម្ម​នឹង​សាលា​រាជធានី​ដែល​ចោទថា ពួកគេ​នៅលើ​ដី​រដ្ឋ​ខុសច្បាប់​​

ដោយ៖​ ថោ ស៊ីណា​ | ថ្ងៃព្រហស្បតិ៍ ទី2 មេសា 2015
http://vodhotnews.com


មើលរូបភាពបន្ថែម

សកម្មជន​ដីធ្លី​តំបន់​បឹង​កក់ មកតវ៉ា​នៅ​មុខ​សាលារាជធានី ដើម្បី​ឲ្យ​អ្នក​នាំ​ពាក្យ​ស្ថាប័ន​នេះ​ កែ​តម្រូវ​ពាក្យ​សំដី​របស់​ខ្លួន (រូបថត៖ ថោ ស៊ីណា)

សកម្មជន​ដីធ្លី​តំបន់​បឹង​កក់​ចេញ​តវ៉ា​ជាថ្មីទៀត នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ប្រតិកម្ម​នឹង​ការ​ចោទ​របស់មន្ត្រី​សាលា​រាជធានី​ភ្នំពេញដែលថា អ្នកភូមិ​ទាំងនោះ​រស់នៅ​លើ​ដី​រដ្ឋ​ខុសច្បាប់ ​។​

​ស្ត្រី​សកម្មជន​ដីធ្លី​ប្រមាណ​ជិត៣០នាក់ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​ទី​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជំរុញ​ឲ្យ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ កែប្រែ​សំដី​របស់​ខ្លួន ដែល​បាន​ប្រាប់​សារព័ត៌មាន​កន្លងមក​ ។

តំណាង​ពលរដ្ឋ​បឹងកក់ អ្នកស្រី សាប ដា ឲ្យដឹងថា កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា លោក ឡុង ឌី​ម៉ង់​ បាន​ថ្លែង​នៅ​វិទ្យុ​បារាំង(RFI)ថា ពលរដ្ឋ​តំបន់​បឹងកក់​គឺ​រស់នៅ​លើ​ដី​រដ្ឋ​ខុសច្បាប់​ ។​ប៉ុន្តែអ្នកស្រីអះអាង​នៅថ្ងៃនេះ​ថា ប្រជា​សហគមន៍​បឹងកក់​មិន​បាន​រស់នៅ​ខុសច្បាប់​ដូច​ការ​ចោទ​របស់​អ្នកនាំពាក្យ​រូប​នេះ​ទេ ពោល​គឺពួកគេ​រស់នៅ​មាន​ឯកសារ​គ្រប់គ្រាន់​ដែល​អាច​បញ្ជាក់​ថា គឺ​រស់នៅ​ស្របច្បាប់​លើ​ដី​នោះ​ ។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ នៅតែ​អះអាងថា អ្នក​បឹងកក់​មួយចំនួន​រស់នៅ​ដោយ​មិន​មាន​ឯកសារ​គ្រប់គ្រាន់ ប៉ុន្តែ​លោក​ថា បើ​ពួកគេ​មាន​ឯកសារ​បញ្ជាក់​បន្ថែម សាលា​រាជធានី​នៅតែ​បើកទ្វារ​ស្វាគមន៍ ​។

អ្នកគ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ឲ្យដឹងថា តាម​ការអង្កេត​របស់​អង្គការ​សង្គម​ស៊ីវិល​ គឺ​ពលរដ្ឋ​ក្នុង​តំបន់​បឹងកក់​រស់នៅ​ដោយ​មាន​ឯកសារ​គ្រប់គ្រាន់​ដែល​អាជ្ញាធរ​បាន​ទទួលស្គាល់ ​។

ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹង​កក់​បាន​អូសបន្លាយ​ជិត​ដប់​ឆ្នាំ​ហើយ នៅតែ​មិន​ទាន់​បញ្ចប់​ទាំងស្រុង​ ។ ​ជម្លោះ​នេះ​កើតឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ប្រគល់​បឹង​ធម្មជាតិ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ទៅ​ក្រុមហ៊ុនស៊ូ​កា​គូ​អ៊ិន អភិវឌ្ឍន៍​៩៩​ឆ្នាំ ក្នុង​ទឹកប្រាក់​៧៩​លាន​ដុល្លារ ​។ ​ប៉ុន្តែ​មាន​អ្នកភូមិ​រាប់ពាន់​គ្រួសារ​ត្រូវ​បាន​បណ្តេញចេញ ដែល​ពួកគេអះអាងថា ទទួលបាន​សំណង​មិន​សម​​រម្យ​ ៕

សូមសរសេរមកលោក ថោ ស៊ីណា តាមរយៈ sina@vodhotnews.com



ពលរដ្ឋបឹងកក់ប្រតិកម្មនឹងសម្តីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ (វីដេអូ)​

ដោយ៖​ chanden​ | ថ្ងៃព្រហស្បតិ៍ ទី2 មេសា 2015, 08:10 PM​
http://vodhotnews.com

ពលរដ្ឋបឹងកក់ប្រតិកម្មនឹងសម្តីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ



What Next?

Recent Articles