ឧកញ៉ា ថោង សារ៉ាត់ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​នៅ​គុក​ព្រៃ​ស​បណ្ដោះអាសន្ន

ដោយ យាង សុជាមេត្តា
2015-04-17
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ថោង សារ៉ាត់ ៦២០
លោក ថោង សារ៉ាត់ (រូប​កណ្ដាល​បិទ​មុខ និង​ជាប់​ខ្នោះដៃ) ពេល​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៥។ RFA/Yeang Socheametta

លោក​ឧកញ៉ា ថោង សារ៉ាត់ ដែល​សមត្ថកិច្ច​ទើប​ចាប់​ខ្លួន​បាន​ពី​បទ​សង្ស័យ​ថា​ជា​មេ​ខ្លោង​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​ហើយ កាល​ពី​រសៀល​ថ្ងៃ​ទី​១៧ មេសា។

ការ​ឃុំ​ខ្លួន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សាកសួរ​លោក​អស់​ជាង ៣​ម៉ោង។

ភ្លាមៗ​នៅ​ក្រោយ​ការ​សាកសួរ​នោះ លោក ថោង សារ៉ាត់ ត្រូវ​បាន​សមត្ថកិច្ច​ក្រៀក​ចុះ​ពី​លើ​បន្ទប់​តុលាការ ដាក់​លើ​រថយន្ត​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រួច​ដឹក​យក​ទៅ​កាន់​គុក​ព្រៃ​ស។

ពេល​ចុះ​ពី​លើ​អគារ​តុលាការ លោក ថោង សារ៉ាត់ ក្នុង​សម្លៀកបំពាក់​ខោ​ពណ៌​ខ្មៅ អាវ​យឺត​ពណ៌​ត្រួយ​ចេក ដៃ​ទាំង​ពីរ​ជាប់​ខ្នោះ និង​មាន​កន្សែង​ពោះគោ​ពណ៌​ស​កាន់​បាំង​មុខ ដើម្បី​កុំ​ឲ្យ​អ្នក​កាសែត​ថត​ជាប់​មុខ​នោះ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​សូម្បី​តែ​មួយ​ម៉ាត់​អំពី​ការ​ចោទ​ប្រកាន់​ទៅ​លើ​រូប​លោក​នោះ​ទេ៖ «»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែងរក​ការ​បំភ្លឺ​បន្ថែម​ពី​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លី សុខលេង ទាក់ទង​នឹង​សំណុំ​រឿង លោក ថោង សារ៉ាត់ បាន​ទេ​នៅ​ថ្ងៃ​ទី​១៧ មេសា។ ចំណែក​មេធាវី​ការពារ​ក្តី លោក ថោង សារ៉ាត់ ក៏​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​បាន​ដូច​គ្នា នៅ​បន្ទាប់​ពី​ការ​សាកសួរ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

យ៉ាង​ណា​ក៏ដោយ កន្លង​មក លោក ថោង សារ៉ាត់ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ផ្ដួចផ្ដើម​គំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន។ លោក ថោង សារ៉ាត់ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​មេសា នៅ​ព្រំដែន​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ខណៈ​លោក​បាន​ឆ្លង​ដែន​ចូល​កាន់​ទៅ​ដី​កម្ពុជា ក្នុង​ថ្ងៃ​បញ្ចប់​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។

ថោង សារ៉ាត់ ៦២០
លោក ថោង សារ៉ាត់ (រូប​បិទ​មុខ ក្នុង​រថយន្ត) ពេល​បញ្ជូន​ចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៥។ RFA/Yeang Socheametta

ក្រោយ​មក​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មេសា លោក​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​មុន​នឹង​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

លោក ថោង សារ៉ាត់ បាន​រត់​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ គឺ​នៅ​បន្ទាប់​ពី​អង្គរក្ស​របស់​លោក​ចំនួន ៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន និង​ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​ឃុំ​ខ្លួន​រហូត​មក​ទល់​ពេល​នេះ ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ នៅ​ក្បែរ​អាង​ទឹក​អូឡាំពិក ក្រុង​ភ្នំពេញ។ ក្រោយ​មក ឪពុក​ម្ដាយ លោក ថោង សារ៉ាត់ ដែល​ជា​ជនជាតិ​វៀតណាម ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន។ ពួក​គេ​ទាំង​ពីរ​នាក់ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​សវនាការ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ចាត់​ទុក​ការ​ចាប់​ខ្លួន លោក ថោង សារ៉ាត់ នៅ​ពេល​នេះ ថា​ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​សមត្ថកិច្ច​កម្ពុជា។ លោក ខៀវ សុភ័គ មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​អំពី​ការ​សហការ​រវាង​សមត្ថកិច្ច​កម្ពុជា និង​អាជ្ញាធរ​វៀតណាម ក្នុង​ការ​ចាប់​ខ្លួន លោក ថោង សារ៉ាត់ យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​លោក​គ្រាន់​តែ​បញ្ជាក់​ថា វា​ជា​ការ​ចាប់​ខ្លួន​លើ​ទឹក​ដី​ខ្មែរ និង​ជា​ការ​ខិតខំ​របស់​សមត្ថកិច្ច​កម្ពុជា។

លោក ខៀវ សុភ័គ ក៏​បញ្ជាក់​ដែរ​ថា ការ​ចូល​ទឹក​ដី​កម្ពុជា របស់ លោក ថោង សារ៉ាត់ ខណៈ​ដែល​សមត្ថកិច្ច​កម្ពុជា កំពុង​តាម​ប្រមាញ់​លោក​នោះ ថា​ជា​ការ​ភ្លេច​ខ្លួន​របស់ លោក ថោង សារ៉ាត់។ លោក​ថា កុក​អាច​ភ្លេច​ជង់ តែ​ជង់​វិញ​មិន​ដែល​ភ្លេច​កុក​នោះ​ទេ។

យ៉ាង​ណា​ក៏ដោយ សំណុំ​រឿង លោក ថោង សារ៉ាត់ នឹង​ទៅ​ជា​យ៉ាង​ណា​នោះ គេ​ត្រូវ​រង់ចាំ​មើល​លទ្ធផល​នៃ​សវនាការ​លើ​រូប​លោក​នៅ​ថ្ងៃ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

4 Responses to "ឧកញ៉ា ថោង សារ៉ាត់ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​នៅ​គុក​ព្រៃ​ស​បណ្ដោះអាសន្ន"

  1. 69 @@ says:

    The game just start after he runaway 6 months , he came back , go to jail and then released that it game over. We have to follow this game altogether, who’s game is it ?

  2. Judge says:

    សូមអបអរសាទរដល់ អាជ្ញាធរបានយកចិត្តទុកដាក់ នឹងចាប់បានជនជាប់ចោទពីបទឧក្រិដ្ឋកម្មនេះ។
    ជាលេីកទី១ ដែលអាជ្ញាធរបានជោគជ័យ និងបង្ហាញ ពីការឆ្លេីយតបទៅនឹងកាតព្វកិច្ច ជនជាតិ។
    ទោះបី មានភាពលាក់ខ្លួនរបស់លោក ថោង សារ៉ាត់ នៅកន្លែងបង្អែកមាំៗ ក៏ដោយ រហូតដល់គេចខ្លួនទៅវៀតណាមទៀត តែនេះបង្ហាញពីភាពប្រែប្រួល ក្រោយពីវប្បធម៌សន្ទនា ដេីម្បីប្រយោជន៏ជាតិ ដែលក្លាយជាភាពកក់ក្តៅដល់ប្រជាជន។
    កត្តានេះ នាំអោយមានសង្ឃឹមថា នឹងមានការបន្តស្វែងរកស្ថិរភាពជូនជាតិថែមទៀត ដោយបង្ក្រាបអំពេីពុករលួយ ដែលជាលទ្ធផលនូវកំចីអន្តរជាតិ ដែលតកូនចៅខ្មែរជំពាក់បំណុល តជំនាន់ និងអស្ថិរភាពកន្លងមក។
    សង្ឃឹមថាឆ្នាំថ្មី នឹងនាំមក ការសំរេចបានដល់ការយកចិត្តទុកដាក់ដល់ផលប្រយោជន៏ជាតិ និងអត្ថិភាពកម្ពុជាក្នុងប្រវត្តិសាស្ត្រ។
    សំនៀង

  3. 79 says:

    ក្រុមអុកញ៉ាពាលបែកសំបុកហើយពេលនេះ។នៅមានអាអុកញ៉ាខ្លះទៀតបង្កើតកូនមកសុទ្ធតែជាជនពាល!!!!

  4. ទឹកហោចស្រម៉ោចស៊ីត្រី says:

    ក្នុងនាមខ្ញុំជាប្រជាជនខ្មែរ សូមអរគុណដល់អស់លោកទាំងអស់ ក្នុងសកម្មភាពតាមប្រម៉ាញ់ហើយចាប់បានជនសង្ស័យ ថោង សារ៉ាត់មកស៊ើបសួរនិងចាត់ការតាមផ្លូវច្បាប៉ សូមអស់លោកមេត្តាបន្តរកិច្ចការដ៏ប្រសើរនេះនេះដើម្បីឪ្យប្រជាជនមានការកក់ក្តៅនិងសុខសន្តិភាពតទៅ ។