ដោយ សូត សុខប្រាថ្នា
2015-04-18
RFA
រយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ មានភ្ញៀវទេសចរជាតិទៅលេងកម្សាន្តនៅខេត្តកំពង់ធំ ជាង ១២ម៉ឺននាក់ បន្ទាប់ពីអាជ្ញាធរខេត្តនេះបានរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅបរិវេណរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។ អាជ្ញាធរបញ្ជាក់ថា បញ្ហាសន្តិសុខ គឺមានសភាពល្អប្រសើរ បើទោះបីជាមានកំណើនមនុស្សមកលេងនៅខេត្តនេះច្រើនហួសការរំពឹងទុកក៏ដោយ។
អាជ្ញាធរខេត្តកំពង់ធំ ឲ្យដឹងថា ក្នុងអំឡុងបុណ្យចូលឆ្នាំប្រពៃណីជាតិបីថ្ងៃ បញ្ហាសន្តិសុខសុវត្ថិភាពនៅតាមតំបន់នីមួយៗ ពិសេសតំបន់ដែលមានមនុស្សទៅលេងកម្សាន្តច្រើន គឺមិនមានអ្វីជាបញ្ហាទេ។
ស្នងការនគរបាលខេត្តកំពង់ធំ លោក ជូ សំអាន មានប្រសាសន៍ថា បើទោះបីជាមានមនុស្សមកលេងកម្សាន្តនៅខេត្តនេះយ៉ាងច្រើនហួសពីការរំពឹងទុកយ៉ាងណាក៏ដោយ ក៏បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ គឺអាជ្ញាធរមានសមត្ថកិច្ចអាចគ្រប់គ្រងបានល្អប្រសើរ រួមមានទាំងបញ្ហាក្មេងទំនើង ចោរកម្ម អគ្គិភ័យ ជាដើម។ លោកបន្ថែមថា លើកលែងតែគ្រោះថ្នាក់ចរាចរណ៍ដែលមានការកើនឡើង គឺស្លាប់រហូតដល់ ៤នាក់ ចំណែកឆ្នាំមុនមានស្លាប់តែម្នាក់៖ «រីឯបញ្ហាសន្តិសុខអី គឺអត់មានទេ ព្រោះយើងរៀបចំបានល្អណាស់ ហើយទាំងខ្ញុំទាំងអី គឺអត់បាននៅកន្លែងទេ គឺខ្ញុំនាំកម្លាំងដើរល្បាតនៅតាមផ្លូវធំហ្នឹងទាំងអស់។ ហើយកម្លាំងនៅតាមប៉ុស្តិ៍តាមអី គឺគេមានប្រចាំគ្រប់កន្លែងទាំងអស់»។
អាជ្ញាធរខេត្តកំពង់ធំ បានសហការជាមួយក្រុមយុវជនខេត្ត រៀបចំពិធីទទួលទេវតាឆ្នាំថ្មីរយៈពេលបីយប់បីថ្ងៃ នៅតំបន់ប្រវត្តិសាស្ត្រមួយឈ្មោះថា ឥសានបុរៈ ក្នុងបរិវេណរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក បច្ចុប្បន្ន ដែលឲ្យឈ្មោះថា សង្ក្រាន្តឆ្នាំថ្មីសំបូរព្រៃគុក។ ពិធីនេះទទួលបានភ្ញៀវទេសចរជាតិទៅលេងកម្សាន្តជាង ៩ម៉ឺននាក់ក្នុងអំឡុងពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសា ស្របពេលអ្នករៀបចំរំពឹងថា អាចមានមនុស្សប្រមាណ ៣ ឬ ៤ម៉ឺនទៅលេងកម្សាន្តនោះ។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ធំ ដែលដឹកនាំក្រុមយុវជនខេត្តរៀបចំកម្មវិធី លោក ជា វ៉ាន់ចាន់ មានប្រសាសន៍ថា មានប្រជាពលរដ្ឋមកទស្សនារមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ហួសពីការរំពឹងទុកទ្វេដង។ លោកមានមោទនភាពដែលឃើញប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ និងពលរដ្ឋមកពីតំបន់ផ្សេងៗ គាត់ចាប់អារម្មណ៍អំពីវប្បធម៌អរិយធម៌នៃតំបន់ដ៏ចំណាស់មួយនេះ បើទោះជាការរៀបចំពិធីនោះមានចំណុចខ្វះខាតខ្លះ ដូចជា ការកកស្ទះចរាចរណ៍ផ្លូវចូលទៅប្រាសាទសំបូរព្រៃគុក និងកម្មវិធីមិនបានរៀបចំតាមលំដាប់លំដោយដូចការគ្រោងទុកក៏ដោយ ប៉ុន្តែវាក៏ជាបទពិសោធន៍មួយក្នុងការរៀបចំពិធីនេះលើកក្រោយៗទៀត៖ «បាទ! ឆន្ទៈរបស់យុវជននឹងមានការរៀបចំនៅឆ្នាំបន្ទាប់ទៀត។ នេះជាអ្វីចង់បាន ប៉ុន្តែនឹងមានការពិភាក្សាជាមួយអាជ្ញាធរខេត្តទៅមុខទៀត»។
របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ធំ ឲ្យដឹងថា មានភ្ញៀវទេសចរជាតិជាង ១២ម៉ឺននាក់ (១២០.២៩៤នាក់) ដែលបានមកលេងកម្សាន្តនៅរមណីយដ្ឋានជាច្រើនក្នុងខេត្តកំពង់ធំ នាឱកាសបុណ្យចូលឆ្នាំថ្មីក្នុងឆ្នាំ២០១៥។ ចំនួននេះ គឺកើនឡើងរហូតជាង ១៥០ភាគរយ (១៥៥,៣៣%) បើប្រៀបធៀបទៅនឹងឆ្នាំ២០១៤ ហើយតំបន់ដែលមានមនុស្សទៅលេងច្រើនជាងគេ គឺរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ឋិតនៅក្នុងស្រុកប្រាសាទសំបូរ គឺមានចំនួនជាង ៩ម៉ឺននាក់ (៩៥.២៧៧នាក់) ដែលបានទៅទស្សនាអំឡុងពេលបុណ្យចូលឆ្នាំបីថ្ងៃ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ លោក សេង អាន មានប្រសាសន៍ថា ខេត្តកំពង់ធំ មានរមណីយដ្ឋានជាច្រើនរួមមាន រមណីយដ្ឋានបឹងសំរឹទ្ធិ រមណីយដ្ឋានស្ទឹងព្រៃប្រស់ ភ្នំសន្ទុក ប្រាសាទគុកនគរ ស្ទឹងជីនិត រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក រមណីយដ្ឋានត្រៃលោកត្រៃលក្ខណ៍ដែលជាកន្លែងបែបសាសនា ជាដើម។ លោកបញ្ជាក់ពីមូលហេតុនាំឲ្យភ្ញៀវទេសចរទៅទស្សនារមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ច្រើនជាងគេនាឱកាសបុណ្យចូលឆ្នាំនេះថា៖ «ដោយសារតែនៅប្រាសាទសំបូរព្រៃគុក យើងបង្កើតកម្មវិធីមួយលេងល្បែងប្រជាប្រិយនៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។ អ៊ីចឹងធ្វើឲ្យភ្ញៀវកើនខ្លាំង»។
លោកបន្ថែមថា បញ្ហាផ្សេងៗដូចជាបញ្ហាសន្តិសុខ បញ្ហាតម្លៃសេវាកម្មលក់ផលិតផល គឺមិនមានអ្វីចោទឡើងធំដុំនោះទេ។ ចំណែករឿងបរិស្ថាន និងអនាម័យវិញ លោក សេង អាន បញ្ជាក់ថា ពលរដ្ឋហាក់យល់ដឹងច្រើនអំពីបញ្ហាទាំងនេះ។ លោករំពឹងថា បន្ទាប់ពីមានមនុស្សជាច្រើនបានស្គាល់តំបន់កម្សាន្តនៅខេត្តកំពង់ធំ ហើយ ពិសេសរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក វានឹងអាចកាន់តែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកទស្សនាតំបន់ប្រវត្តិសាស្ត្រនេះបន្ថែមទៀតនៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ភ្ញៀវទេសចរទៅកម្សាន្តខេត្តព្រះសីហនុកើនជិត៩ម៉ឺននាក់ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី
- មនុស្សស្លាប់៣៧នាក់និងរបួស២៤៨នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍បីថ្ងៃនៃបុណ្យចូលឆ្នាំ
- កម្មករស៊ីនទ្រីប្រមូលសំរាមតិចតួចតាមផ្លូវសំខាន់ៗនៅភ្នំពេញក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
- ទំនៀមទម្លាប់នៃពិធីស្រង់ព្រះនៅតាមទីអារាមមួយចំនួនក្នុងរាជធានីភ្នំពេញ
- រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីក្នុងខេត្តស្វាយរៀង
- ព្រះសង្ឃខេត្តកំពតមានថេរដីកាថាចូលឆ្នាំថ្មីឆ្នាំនេះមិនសូវមានពុទ្ធបរិស័ទទៅវត្ត
- ពលរដ្ឋខ្មែរនៅឯនាយសមុទ្រជូនពរឆ្នាំថ្មីដល់ពលរដ្ឋខ្មែរនៅប្រទេសកម្ពុជា
- តើរឿងកបិលមហាព្រហ្មនិងធម្មបាលកុមារបង្កប់នូវខ្លឹមសារអ្វីខ្លះដល់សង្គមមនុស្ស?
- អ្នកនយោបាយចង់ឲ្យប្រជាពលរដ្ឋគេចផុតពីការភ័យខ្លាចក្នុងឆ្នាំថ្មី