​ពលរដ្ឋ​រក​អន្តរាគមន៍​ពី​រដ្ឋសភា​ដោយសារ​អាជ្ញាធរខេត្ត​ព្រះសីហនុ​ឲ្យ​ពួកគេ​រុះរើ​តូប​ចេញ

ដោយ៖​ ណាត សុភាព​ | ថ្ងៃចន្ទ ទី20 មេសា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ប្រជាពលរដ្ឋ​ប្រកប​មុខរបរ​លក់ដូរ​នៅ​ឆ្នេរ​អូ​រឈើទាល ខេត្ត​ព្រះសីហនុ ប្រមាណ​៣២​នាក់ នៅ​ថ្ងៃ​ចន្ទ​នេះបាន​យក​ញត្តិ​ដាក់​ទៅ​រដ្ឋសភា​ឲ្យជួយ​អន្តរា​គ​មន៍​ទៅ​អាជ្ញាធរ​ខេត្ត  ដោយសារ​អាជ្ញាធរ​បាន​ចេញ​សេចក្តីជូនដំណឹង​ឲ្យ​ពួកគេ​រុះរើ​តូប​ចេញពី​តំបន់​នោះ​ ។​

តំណាង​ប្រជាពលរដ្ឋ​នៅ​ឆ្នេរ​អូ​រឈើទាល អ្នកស្រី ភឿក សុ​ខេន ប្រាប់​ VOD នៅ​ថ្ងៃ​នេះ​ថា រៀងរាល់ថ្ងៃ​អាជ្ញាធរ​បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន សុខ គង់ ដែល​វិនិយោគ​នៅ​តំបន់​នោះ ដោយ​បិទផ្លូវ​មិន​ឲ្យ​ភ្ញៀវ​ទេសចរ​ណ៍ជិះ​រថយន្ត ម៉ូតូ ចូល​ទៅ​តំបន់​ពួកគេ​លក់ដូរ​នោះទេ គឺមាន​តែ​អ្នក​ថ្មើជើង​តិចតួច​តែប៉ុណ្ណោះ ដែល​ចូល​ទៅ​ជួល​តូប និង​ទិញ​ម្ហូប​ពួកគេ​​ ។ 

អ្នកស្រី ភឿក សុ​ខេន បញ្ជាក់ថា ដោយសារ​អាជ្ញាធរ​និង​ក្រុមហ៊ុន​ធ្វើ​បែប​នេះ ទើប​ពួកគាត់​ឡើង​មក​រដ្ឋសភា ដើម្បី​ស្នើសុំ​ប្រធាន​សភា​លោក ហេង សំរិន ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខេត្ត​នេះ ឲ្យ​ឈប់រារាំង​ប្រជាពលរដ្ឋ​ដែល​កំពុង​លក់ដូរ​នៅ​តំបន់ឆ្នេរ​អូ​រឈើទាល​នោះ​ ។

ប្រភព​ដដែល​ឲ្យដឹង​ទៀតថា នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះប្រធានរដ្ឋសភា លោក ហេង សំរិន បាន​ទទួល​យក​ញត្តិ​ពី​អា​ជីវក​រទាំងនោះ ព្រមទាំង​បាន​បោះត្រា​លើ​ញត្តិ​នោះ ដោយ​ឲ្យ​អាជ្ញាធរ​ខេត្តព្រះសីហនុ​ផ្អាក​ការរុះរើ​តូប​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ផងដែរ ​។​

ប៉ុន្តែ VOD មិនអាច​សុំ​ការបំភ្លឺ​ពី​អភិបាលក្រុង​ព្រះសីហនុ លោក ជិន សារិន ដែល​ពលរដ្ឋ​អះអាងថា ជា​អ្នក​ប្រាប់​ឲ្យ​ពលរដ្ឋ​រុះរើ​តូប​ចេញពី​តំបន់​នោះ​បាន​ទេ ដោយ​ទូរ​សព្ទ​ចូល​ច្រើនដង​មិន​មាន​អ្នកទទួល ​។​ ចំណែក លោក ឈិត សុខន អភិបាល​ខេត្ត​នេះ​អះអាងថាជាប់​ប្រជុំ ​។​

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ លោកស្រី ជាប សុធា​រី យល់ថា រដ្ឋាភិបាល​ត្រូវ​រក្សា​តំបន់ឆ្នេរ​អូរ​ឈើទាល​ដែល​ជា​ទ្រព្យសម្បត្តិ​រដ្ឋ គឺ​មិន​ត្រូវ​លក់​ទៅឲ្យ​ក្រុមហ៊ុន​ឯកជន ឬ​ឲ្យ​បុគ្គល​ណា​ធ្វើជា​កម្មសិទ្ធិ​ផ្តាច់មុខ​នោះទេ ​។ លោកស្រីបញ្ជាក់ថា បើ​រដ្ឋ​ផ្តល់​ទីតាំង​នៅ​តំបន់​នោះ​ឲ្យទៅ​ប្រជាពលរដ្ឋ​ប្រកប​មុខរបរ​ អាចធ្វើ​បាន​ដោយ​ធ្វើ​ជា​លក្ខណៈ​ចល័ត មិន​ត្រូវធ្វើ​នៅ​អចិន្ត្រៃយ៍​បែបនេះ​ទេ ។

បើ​តាម​ក្រុម​អាជីវករ នៅ​ឆ្នាំ​២០០៦ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​បណ្ដេញ​ពួកគេ​ចេញពី​ឆ្នេរ​អូរ​ឈើទាល​ម្តង​ហើយ ដោយ​យក​ដី​នោះ​លក់​ឲ្យ​ក្រុមហ៊ុន​អា​រី​ស្តុន បន្ទាប់​មក​ផ្ទេរ​ទៅឲ្យ​ក្រុមហ៊ុន សុខ គង់​ ។ ប្រភព​ដដែល​ឲ្យដឹងថា ក្នុង​រយៈពេល​ជិត​១០​ឆ្នាំនេះ ពួកគាត់​តវ៉ា​ជា​បន្តបន្ទាប់ ដើម្បី​បាន​ប្រកប​អាជីវកម្ម​ចិញ្ចឹមជីវិត​ឡើងវិញ ហើយ​នៅ​រយៈពេល​ចុងក្រោយ​នេះ អភិបាលខេត្ត​បាន​សន្យាថានឹង​ដោះស្រាយ​ជូន​ពួកគាត់ ប៉ុន្តែ​រហូត​មកដល់ពេលនេះ​នៅតែ​មិនមាន​ដំណោះស្រាយ​ដដែល ទើប​ពួកគេ​នាំគ្នា​បោះតង់​នៅលើ​ដី​ចាស់​របស់​ពួកគាត់​វិញ​ ៕ 

សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com    

What Next?

Recent Articles