​អ្នក​មាន​ជម្លោះ​ដីធ្លី​រក​អន្តរាគមន៍​ពី​សហគមន៍ឣ​ន្ត​រ​ជាតិ​ទប់ស្កាត់​ក្រុមហ៊ុន​មានឣំណាច​រំលោភ​យក​ដី​​

ដោយ៖​ ញឹម សុខន​ | ថ្ងៃអង្គារ ទី28 មេសា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​អ្នក​មាន​ជម្លោះ​ដីធ្លី នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង រក​កិច្ច​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​ប្រចាំ​កម្ពុជា ដើម្បី​ទប់ស្កាត់​ការរំលោភ​យក​ដី​អ្នកភូមិ​ពី​សំណាក់​ក្រុមហ៊ុន​អ្នកមានអំណាច ខណៈ​ជម្លោះ​អូសបន្លាយ​ជិត​១០​ឆ្នាំ ដែល​អាជ្ញាធរ​រដ្ឋ​មិន​អាច​ដោះស្រាយបាន ។​

​តំណាង​អ្នក​តវ៉ា អ្នកស្រី អ៊ុំ សូ​ភី ប្រាប់​អ្នកសារព័ត៌មាន​ពេល​ដើរដាក់​ញត្តិ​ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៨​ខែ​មេសា ឆ្នាំ​២០១៥​នេះ​ថា ជិត​១០​ឆ្នាំ​មកនេះ​ពួកគាត់​បាន​ដាក់ពាក្យ​ប្តឹង​ជាង​១០០​បណ្តឹង​ទៅ​អាជ្ញាធរ​ដែនដី​ដូចជា អាជ្ញាធរខេត្ត តុលាការ ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី និង​រដ្ឋសភា​ជា​ដើម ដើម្បី​ការពារ​ដី​អ្នក​ភូមិ​ជាង​១៨៤​ហិកតា កុំ​ឲ្យ​ក្រុមហ៊ុន KDC របស់​លោកស្រី ជា ខេង រំលោភ​យក ។​

ស្ត្រី​រូប​នោះ​បន្តថា មកដល់ពេលនេះ​កិច្ច​ពុំ​មាន​អន្តរាគមន៍​ណាមួយ​ពី​អាជ្ញាធរ​រដ្ឋ ដើម្បី​ទប់ស្កាត់​សកម្មភាព​រំលោភ​យក​ដី​អ្នកភូមិ​ពី​សំណាក់​ប្រធាន​ក្រុមហ៊ុន លោកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​នោះបានទេ ធ្វើឲ្យ​ក្រុមហ៊ុន​ធ្វើ​របងព័​ទ្ធយក​ដី​អ្នក​ភូមិ​បាន​ជោគជ័យ ហើយ​ពេលនេះ​តំណាង​រូបនោះ​ចោទថា ក្រុមហ៊ុន​កំពុង​ប្រកាស​លក់ ឬ​ជួល​ដី​ជម្លោះ​នោះ ។​

អ្នកស្រី អ៊ុំ សូ​ភី អះអាងថា ដើម្បី​ការពារ​ដី​អ្នក​ភូមិ​៩០​គ្រួសារ នៅ​ភូមិ ឡ​ពាង ភូមិ​បឹងកក់ ភូមិ​សូរ​វង្ស និង​ភូមិ​សំរោង ដែល​ក្រុមហ៊ុន​ព័ទ្ធ​របង​រួចហើយនោះ ពួក​គាត់​ដើរដាក់​ញត្តិ​ទៅ​ស្ថានទូត​យ៉ាងតិច​១១​ប្រចាំ​កម្ពុជា ដូច​ជា​ស្ថានទូត​ចិន អាមេរិក សហភាព​អឺរ៉ុប ដើម្បី​ឲ្យ​ពួកគេ​ណែនាំ​ដល់​វិនិយោគទុន​របស់ខ្លួន​កុំឲ្យ​ទិញ ឬ​ជួល​ដី​របស់​ក្រុមហ៊ុន KDC ដែល​អ្នក​តវ៉ា​ចាត់ទុកថា ដី​នោះ​ជា​ញើស​ឈាម របស់​ពលរដ្ឋ​ក្រីក្រ «​ឯណា​ទៅ​ការអភិវឌ្ឍឲ្យ​ប្រជាពលរដ្ឋ​មាន ការអភិវឌ្ឍ​អ្នកភូមិ​ឡ​ពាង គឺជា​ការអភិវឌ្ឍ​លើ​ញើស​ឈាម ការអភិវឌ្ឍ​លើទឹក​ភ្នែក​របស់​ពួក​ខ្ញុំ ក្រុមហ៊ុន KDC គឺជា​ចោរ​ប្លន់​ដី​របស់​ពួក​ខ្ញុំ​» ។​

មន្ត្រី​ប្រចាំ​សហភាព​អឺរ៉ុប លោក សុង វណ្ណ​ស៊ីន ដែល​ចេញ​មក​ទទួល​ញត្តិ​អ្នកភូមិ មិន​បាន​ប្រាប់​ពី​ចំណាត់កា​រលើ​ញត្តិ​អ្នកភូមិ​ទេ ដោយ​អះអាង​ថា ទុក​ភារកិច្ច​នេះ​ឲ្យ​ថ្នាក់​ដឹកនាំ​ជា​អ្នកសម្រេច ។​

តំណាង​អ្នក​ភូមិ​មួយ​រូប​ទៀត​គឺ​លោក រាជ សី​ម៉ា ក្រៅពី​អំពាវនាវ​ឲ្យ​ស្ថានទូត​នានា ទប់ស្កាត់​វិនិយោគទុន​របស់ខ្លួន​កុំឲ្យ​ទៅ​ទិញ​ដី​នៅ​តំបន់​នោះ លោក​ក៏​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍ យក​ដី​អ្នក​ភូមិ​ពី​លោកស្រី ជា ខេង វិញ​ផង​ដែរ ។ លោក​ថា «​ខ្ញុំ​សូម​អំពាវ​នាង​ដល់​សម្តេច ហ៊ុន សែន សូមឲ្យ​ជួយ​ដោះស្រាយ​រឿងឡ​ពាង​ឲ្យ​ចប់ ព្រោះ​ថា​រឿង​ឡ​ពាង​មាន​តែ​សម្តេច​ទេ​ដែល​អាច​ដោះ​បាន ព្រោះ​គណបក្ស​ប្រជាជន​ជា​អ្នក​ចង​រឿង​ឡ​ពាង​» ។​

VOD មិន​អាច​រក​ការបំភ្លឺ​ពី​ប្រធាន​ក្រុមហ៊ុន KDC លោកស្រី ជា ខេង បានទេ ប៉ុន្តែ​កន្លងទៅ​ក្រុមហ៊ុន​នេះ​ធ្លាប់​ចុះ​ដោះស្រាយ​ម្តង​ហើយ ដែល​ការដោះស្រាយ​នោះ ធ្វើឲ្យ​ពលរដ្ឋ​៣៥​គ្រួសារ ទទួលយក​សំណង​ជា​ថវិកា​ជា​ថ្នូរ​នឹង​ឈប់​ចេញ​តវ៉ា ចំណែក​អ្នក​ដែល​មិន​ព្រម​ទទួលយក​សំណង បាន​ចេញ​តវ៉ា​រហូត​សព្វថ្ងៃនេះ ។​

​សង្គម​ស៊ីវិល​ធ្លាប់​អះអាងថា ជម្លោះ​ដីធ្លី​ដែល​អូសបន្លាយ​រវាង​អ្នកភូមិ​ក្រីក្រ និង​ប្រធាន​ក្រុមហ៊ុន​របស់​មន្ត្រី​មាន​អំណាច​មួយ​នេះ ដោយសា​តែ​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​មិន​អាច​ដាក់ទោស អ្នក​មាន​ប្រាក់ និង​អ្នកមាន​អំណាច​បាន ជា​កត្តា​ជំរុញ​ឲ្យ​អ្នកក្រីក្រ​បន្ត​រងគ្រោះ​ជា​បន្តបន្ទាប់ ។​

​បើ​តាម​អ្នកភូមិ​អះអាងថា ជម្លោះ​ដីធ្លី​ជាមួយ​ភរិយា​លោក ស៊ុយ សែម នេះ​បាន​កើតឡើង​តាំងពី​ឆ្នាំ​១៩៩៦ រហូតមកដល់​ឆ្នាំ​២០១៥​នេះ តំណាង​អ្នក​ភូមិ​យ៉ាងតិច​១១​នាក់ បាន​ជាប់​ពន្ធនាគារ​តាម​បណ្តឹង​របស់​លោកស្រី ជា ខេង និង​៣​នាក់​ស្លាប់​ក្រោយ​ចេញពី​ពន្ធនាគារ ៕

សូម​សរសេរ​មក​លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles