ដោយ ទីន ហ្សាការីយ៉ា
2015-05-01
RFA
លោក សម រង្ស៊ី (ស្ដាំ) ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងវេទិការាស្ត្រ និងតំណាងរាស្ត្រនាឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥។ Photo from Kem Sokha Facebook Page
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ អំពាវនាវឲ្យប្រជាពលរដ្ឋគាំទ្រវប្បធម៌សន្ទនា ដើម្បីឲ្យគណបក្សប្រឆាំង និងគណបក្សកាន់អំណាច រួមគ្នាអភិវឌ្ឍប្រទេស។ ទោះបីជា លោក សម រង្ស៊ី អំពាវនាវយ៉ាងនេះក្ដី តែលោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ជាគណបក្សក្រៅរដ្ឋាភិបាល មានគោលជំហរឥតងាករេ ស្មោះត្រង់ និងគោរពឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ដែលទាមទារឲ្យមានការផ្លាស់ប្ដូរដោយសន្តិវិធី តាមរយៈការបោះឆ្នោតដោយត្រឹមត្រូវ និងយុត្តិធម៌។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងថា គណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហរគាំទ្រវប្បធម៌សន្ទនា ដើម្បីរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាប្រទេសជាតិ។
លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួនជាង ១ពាន់នាក់នៅស្រុកបាធាយ ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១ ឧសភា ដោយតម្រូវឲ្យដៃគូសន្ទនាគោរពគ្នាទៅវិញទៅមក មិនជេរប្រមាថគ្នា និងមិនគំរាមកំហែងគ្នា។ លោកបញ្ជាក់ថា វប្បធម៌សន្ទនានេះតម្រូវឲ្យអ្នកដែលមាននិន្នាការនយោបាយខុសគ្នា បោះបង់ចោលនូវទម្លាប់ចាត់ទុកគ្នាជាសត្រូវ វាយប្រហារគ្នា ហើយប៉ុនប៉ងសងសឹកគ្នាទៅវិញទៅមកដូចធ្លាប់ឃើញពីអតីតកាល៖ «»។
ការលើកឡើងរបស់ លោក សម រង្ស៊ី នេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានបញ្ចប់វប្បធម៌សន្ទនាកាលពីថ្ងៃទី២៩ មេសា។ លោក ហ៊ុន សែន បានព្រមានថា ប្រសិនបើគណបក្សសង្គ្រោះជាតិ នៅតែផ្តល់ពេលវេលាឲ្យ លោក កឹម សុខា បន្តរិះគន់លោក និងគណបក្សប្រជាជនកម្ពុជា បន្តទៀតនោះ លោកនឹងបញ្ចប់វប្បធម៌សន្ទនា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិត ឈឹម ផលវរុណ មានប្រសាសន៍ថា ជាការប្រសើរមួយដែល លោក សម រង្ស៊ី បានចុះពន្យល់តម្លៃប្រជាធិបតេយ្យ គឺវប្បធម៌សន្ទនា ដែលជាភាពស្មោះត្រង់មួយ ដើម្បីឲ្យប្រជាធិបតេយ្យពហុបក្សមិនបែកបាក់គ្នា៖ «»។
ទន្ទឹមនឹងគ្នានេះ គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី៣០ មេសា ដោយបញ្ជាក់ជាថ្មីថា គណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហរវប្បធម៌សន្ទនា ដើម្បីជួបជជែកគ្នា ដោះស្រាយបញ្ហារួមគ្នា ដូចជាបញ្ហាបូរណភាពទឹកដី អធិបតេយ្យភាពព្រំដែន ជនអន្តោប្រវេសន៍ខុសច្បាប់ ការការពារធនធានធម្មជាតិ បរិស្ថាន កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ កំណែទម្រង់នីតិប្បញ្ញត្តិ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ជាដើម។
បន្ថែមពីលើនេះ ទាំងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចង់ឃើញវប្បធម៌សន្ទនានេះតាំងពីថ្នាក់ដឹកនាំកំពូលដល់ថ្នាក់មូលដ្ឋាននៅទូទាំងប្រទេស។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ មានប្រសាសន៍ថា គ្មានអ្វីប្រសើរជាងការសន្ទនានោះទេនៅក្នុងសង្គមប្រជាធិបតេយ្យ។ ក៏ប៉ុន្តែលោកបន្ថែមថា វប្បធម៌សន្ទនាទាមទារឲ្យមេដឹកនាំគ្រប់ភាគី មានក្រមសីលធម៌ និងគោរពគ្នាទៅវិញទៅមក ទើបអាចរក្សាវប្បធម៌នេះនៅយូរអង្វែងបាន៖ «»។
អ្នកវិភាគបានប្រៀបធៀបវប្បធម៌សន្ទនានៅកម្ពុជា ប្រៀបដូចជាអាហារសម្រន់មួយក្នុងដំណោះស្រាយនយោបាយកណ្ដាល ដែលវានឹងមិនមានស្ថិរភាពនយោបាយយូរនោះទេ បើសិនជាមេដឹកនាំទាំងពីរមិនធ្វើគោលការណ៍ច្បាប់សម្រាប់ជាតិមួយ ដើម្បីមានស្ថិរភាពនយោបាយ និងគោរពច្បាប់ឲ្យបានស្មើភាពគ្នាគ្រប់ភាគី ក៏ប៉ុន្តែដំណើរការសន្ទនាមេដឹកនាំទាំងពីរ ហាក់បីដូចជាសន្ទនាតែមាត់ គឺមិនទាន់គោរពច្បាប់នៅឡើយ ដែលបញ្ហានេះ វប្បធម៌សន្ទនានឹងងាយប្រេះស្រាំទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកនាំពាក្យបក្សប្រជាជនរិះគន់សមាជិកគ.ជ.បថ្មីលោក រ៉ុង ឈុន ថាមិនឯករាជ្យ
- អឺរ៉ាបញ្ជូនចំណុចអវិជ្ជមានក្នុងច្បាប់បោះឆ្នោតថ្មីទៅគ.ជ.ប
- សមាគមជ័យលាភីបញ្ញាជនកម្ពុជាគ្រោងបង្កើតក្រុមបញ្ញវន្តកំណែទម្រង់សង្គម
- លោក ហ៊ុន សែន ព្រមានលុបចោលវប្បធម៌សន្ទនាបើលោក កឹម សុខា នៅតែបន្តរិះគន់
- លោក ហ៊ុន សែន ថានឹងធ្វើជាប្រធានបក្សប្រជាជនកម្ពុជាពេលអត់ពីលោក ជា ស៊ីម
- ក្រុមអ្នកវិភាគចាត់ទុកសមាជជាតិជារឿងសំខាន់ក្នុងសង្គមប្រជាធិបតេយ្យ
- អ្នកវិភាគ៖ លិខិតចំហរបស់នាយកCCIMផ្ញើជូនលោក ហ៊ុន សែន ជាផ្នែកមួយនៃការកែទម្រង់រដ្ឋ
- លោក សម រង្ស៊ី ចង់ឲ្យមានសមាជជាតិរវាងពលរដ្ឋនិងនាយករដ្ឋមន្ត្រី
- អាជ្ញាធរថៃបញ្ជូនពលរដ្ឋខ្មែរឆ្លងដែនទៅកាប់ឈើខុសច្បាប់មកឱ្យអាជ្ញាធរខ្មែរវិញ
But the fuel price is increasing rapidly from one day to another now…??? Is that the result of your conversation???