ពលរដ្ឋ​ឃុំ​អូរតាប៉ោង​ខេត្ត​ពោធិ៍សាត់​ត្អូញត្អែរ​ពី​បញ្ហា​ផ្លូវ​ខូច​និង​លំបាក​ធ្វើ​ដំណើរ

ដោយ ជិន ជេដ្ឋា
2015-05-02
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ពលរដ្ឋ​ច្រើន​ភូមិ នៃ​ឃុំ​អូរតាប៉ោង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ត្អូញត្អែរ​ពី​បញ្ហា​ផ្លូវ​ខូច​លំបាក​ធ្វើ​ដំណើរ​ទៅ​មន្ទីរពេទ្យ សាលា​រៀន និង​ដឹក​កសិផល​ជាដើម។ ក្រុម​ពលរដ្ឋ និង​អាជ្ញាធរ​ឃុំ​អូរតាប៉ោង ខ្លះ ចង់​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ រូតរះ​ស្ថាបនា​ផ្លូវ​លំ​ក្នុង​មូលដ្ឋាន​នេះ​ឲ្យ​បាន​ឆាប់ ដោយសារ​នៅ​រដូវ​វស្សា​ផ្លូវ​មាន​ភក់​ជ្រាំ និង​រអិល​លំបាក​ធ្វើ​ដំណើរ​ខ្លាំង។

ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម​ប្រវែង ១៧​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​អូរតាប៉ោង ទៅ​ដល់​ភូមិ​តាណៃ ជាប់​ព្រំប្រទល់​ខេត្ត​បាត់ដំបង ឆ្លង​កាត់​ភូមិ​ចំនួន​១១ នៃ​ឃុំ​អូរតាប៉ោង បាន​ខូច​ទាំង​ស្រុង​ជាង ២​ឆ្នាំ​ហើយ។ ផ្លូវ​ដែល​ខូច​ដោយ​គ្រោះ​ទឹក​ជំនន់ និង​សកម្មភាព​ដឹក​ជញ្ជូន​កសិផល​របស់​ពលរដ្ឋ​នេះ ធ្លាប់​មាន​មន្ត្រី​រដ្ឋាភិបាល​សន្យា​ស្ដារ​ឡើង​វិញ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​មិន​ទាន់​ធ្វើ​នៅ​ឡើយ។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ស្រះម្កាក់ លោក អែល កាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ថា អ្នក​ភូមិ​រង់ចាំ​មើល​ការ​សន្យា​របស់​មន្ត្រី​រដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន ដែល​ថា​ផ្លូវ​នេះ​នឹង​ស្ដារ​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ ប៉ុន្តែ​ពលរដ្ឋ​ត្អូញត្អែរ​ច្រើន​ឆ្នាំ​ហើយ មិន​ទាន់​ឃើញ​អនុវត្ត​តាម​ការ​សន្យា​សោះ។ លោក​ថា ផ្លូវ​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​មន្ទីរពេទ្យ សាលា​រៀន និង​ដឹក​សម្ភារៈ​កសិកម្ម ឬ​កសិផល​សម្រាប់​ពលរដ្ឋ​ក្នុង​ឃុំ​របស់​លោក៖ «លំបាក​ហ្នឹង​វា​ហួស​ហេតុ​លំបាក​ហើយ លោកគ្រូ​អើយ! ធ្វើ​ដំណើរ​ឡើង​ទៅ​ផ្លូវ​ជាតិ​ជាតិ​លេខ​៥ វា​ទៅ​មិន​រួច ដូច​ម្សិលមិញ​ភ្លៀង​អ៊ីចឹង​ទៅ​ផ្សារ​អី​លិច​ត្រឹម​ណា​ណី។ ចង់​ជំរុញ (ធ្វើ​ផ្លូវ​លំ) ឲ្យ​លឿន ព្រោះ​សេវា​សុខភាព​អី​លំបាក​ណាស់ ដូច​ថា ឈឺ​ថ្កាត់​យប់​ព្រលប់​អី​ទៅ​មិន​រួច​តែ​ម្ដង។ បើ​ខែ​ប្រាំង​អាច​ទៅ​រួច​គ្រាន់​ថា​យឺត ដោយសារ​ជង្ហុង​យើង​ចេះ​តែ​ទៅៗ តែ​ដល់​ខែ​វស្សា​ដឹង​តែ​ទៅ​លែង​ទៅ​រួច​បណ្ដោយ»

ប្រភព​ពី​ពលរដ្ឋ និង​អាជ្ញាធរ​ឃុំ​អូរតាប៉ោង បញ្ជាក់​ថា ផ្លូវ​លំ​ប្រវែង ១៧​គីឡូម៉ែត្រ មាន​ទំហំ​ទទឹង ៥​ម៉ែត្រ គ្មាន​ជើងទេរ ឬ​ប្រឡាយ​អម​សង​ខាង​ផ្លូវ បាន​កសាង​តាំង​ពី​ឆ្នាំ​១៩៩៣ ដោយ​ថវិកា​របស់​ឃុំ។ នៅ​អំឡុង​ឆ្នាំ​២០០០ ផ្លូវ​នេះ​ត្រូវ​បាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ រាប់​បញ្ចូល​ជា​ផ្លូវ​សំខាន់​ត​ភ្ជាប់​ពី​ទី​រួម​ខេត្ត​ទៅ​ជនបទ ហើយ​បាន​ក្រាល​ក្រួស​ក្រហម​ដោយ​រក្សា​ទំហំ​ផ្លូវ​ដដែល។ ប៉ុន្តែ​ការ​ស្ដារ​ឡើង​វិញ​នា​ពេល​ខាង​មុខ​នេះ នឹង​ពង្រីក​ទំហំ​ផ្លូវ​បន្ថែម ហើយ​ពេល​នោះ​អាច​នឹង​ប៉ះពាល់​ដល់​ដី​ស្រែ​ចម្ការ និង​ដី​លំនៅឋាន​របស់​ពលរដ្ឋ​ចំនួន ១១​ភូមិ នៃ​ឃុំ​អូរតាប៉ោង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ដែល​នៅ​ជាប់​មាត់​ផ្លូវ។

ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ពោធិ៍សាត់ លោក ហួន បូនិត អល់អែក​ក្នុង​ការ​ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ដោយ​លោក​ប្រាប់​ថា មិន​ចង់​សម្ភាស​តាម​ទូរស័ព្ទ ប៉ុន្តែ​លោក​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ដេញ​ថ្លៃ​បាន​លើ​គម្រោង​ស្ថាបនា​ផ្លូវ​នេះ បាន​ចុះ​សិក្សា​រួច​ហើយ គឺ​នៅ​តែ​ថ្ងៃ​ដាក់​គ្រឿងចក្រ​ធ្វើ​ប៉ុណ្ណោះ។ ចំពោះ​ទំហំ​ទឹក​ប្រាក់ និង​រយៈពេល​នៃ​ការ​ស្ថាបនា​ផ្លូវ​រួច​រាល់​នៅ​ពេល​ណា​នោះ លោក​បដិសេធ​មិន​បញ្ជាក់​ឡើយ៖ «អា​រឿង​និយាយ​គាត់​ចេះ​តែ​និយាយ​ហើយ​តាម​ពិត​គ្រោះ​ទឹក​ជំនន់​ឆ្នាំ​២០១៣ ដែល​វា​ខូចខាត​ខ្លាំង។ កត្តា​ទី​មួយ គឺ​ទឹក​ជំនន់​ដែល​យើង​រងគ្រោះ​ទឹក​ជំនន់​មក​ពី​លើ ហើយ​អា​រឿង​គ្មាន​ការ​ថែទាំ និង​គ្មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​ហ្នឹង​តែ​ម្ដង​ឲ្យ​មាន​ការ​ដឹក​លើស​ទម្ងន់​វា​មាន​តែ​ប៉ុណ្ណឹង។ នីតិវិធី​លទ្ធកម្ម​ចប់​ហើយ ហើយ​គេ​នឹង​ចាត់​ចែង​ខាង​ក្រុមហ៊ុន​ដែល​ដេញ​ថ្លៃ​បាន​គេ​បាន​ចុះ​មក​មើល​ទីតាំង​រួច​អស់​ហើយ ខ្ញុំ​បាន​ជូន​ទៅ​ពីរ​លើក​ហើយ»

យ៉ាង​ណា មន្ត្រី​ក្រុមប្រឹក្សា និង​ជំទប់​ទី​២ ឃុំ​អូរតាប៉ោង អះអាង​ថា រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ពោធិ៍សាត់ លោក ស៊ុយ សែម កាល​ពី​ឆ្នាំ​២០១៤ ធ្លាប់​សន្យា​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ឃុំ​អូរតាប៉ោង ថា ផ្លូវ​ដែល​បាន​ខូចខាត​នេះ នឹង​ត្រូវ​ស្ថាបនា​ឡើង​វិញ​នា​ចុង​ឆ្នាំ​២០១៥ ឬ​ដើម​ឆ្នាំ​២០១៦ ខាង​មុខ ខណៈ​ពលរដ្ឋ​នៅ​តាម​ភូមិ​ជាច្រើន​ត្រូវ​ការ​ផ្លូវ​នេះ​ចាំបាច់ ដើម្បី​ប្រើប្រាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles