ដោយ៖ ណាត សុភាព | ថ្ងៃសៅរ៍ ទី2 ឧសភា 2015
http://vodhotnews.com
ក្រសួងមហាផ្ទៃប្តេជ្ញាជាមួយប្រទេសមហាអនុតំបន់ទន្លេមេគង្គ ចាត់វិធានអំពើឧក្រិដ្ឋកម្មឆ្លងដែន ខណៈដែលកន្លងមករូបភាពនៃការជួញដូរមនុស្ស មានការផ្លាស់ប្តូរឥតឈប់ឈរ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិមូលដ្ឋានរបស់ពួកគេ ។
ប្រទេសទាំងនោះរួមមាន វៀតណាម ឡាវ ចិន មីយ៉ាន់ម៉ា និងប្រទេសថៃ ។
តាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិចុះផ្សាយនៅថ្ងៃសៅរិ៍នេះ ដោយដកស្រង់សម្តី របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង មានខ្លឹមសារថា ប្រទេសទាំង៦ ក្នុងមហាអនុតំបន់មេគង្គ ទទួលស្គាល់ថា អំពើជួញដូរមនុស្សគឺជារូបភាពនៃទាសករសម័យទំនើបនៅក្នុងសតវត្សទី២១ ព្រោះវាបានរំលោភបំពានលើសិទ្ធជាមូលដ្ឋានរបស់មនុស្សយ៉ាងធ្ងន់ធ្ងរ ហើយផ្តល់នូវទុក្ខវេទនាដល់ ជនរងគ្រោះ ក្រុមគ្រួសារ និងដាក់បន្ទុកដល់សង្គម និង រដ្ឋាភិបាលនៃប្រទេសសាម៉ី ដែលបណ្តាប្រទេសត្រូវរួមគ្នាដោះស្រាយ ។
គេហទំព័រដដែលឲ្យដឹងទៀតថា ដើម្បីចូលរួមលប់បំបាត់ទប់ស្កាត់បញ្ហានេះ កម្ពុជាទាមទារឲ្យមានការចូលរួម និងប្តេជ្ញារួមគ្នាពិសេសប្រទេសដែលមានពលករ និងប្រទេសមានតម្រូវការកំលាំងពលកម្ម ត្រូវឯកភាពគ្នាធនាភាពស្របច្បាប់របស់ពលករ ដោយទទួលយកពលករស្របច្បាប់ និងគោរពលក្ខ័ន្តការងារ និងសិទ្ធមូលដ្ឋានរបស់ពលករ ហើយអាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការតាមផ្លូវច្បាប់ចំពោះមេខ្យល់ និងជនខិលខូចដែលអាជីវកម្មលើបញ្ហានេះ ។
តាមរបាយការណ៍ក្រសួងមហាផ្ទៃឲ្យដឹងថា ក្នុងកិច្ចការងារទប់ស្កាត់អំពើជួញដូរនៅឆ្នាំ២០១៤ គឺបានផ្សព្វផ្សាយបង្ការនៅថ្នាក់ជាតិ ថ្នាក់មូលដ្ឋានបានដល់មនុស្សចំនួនជាង១លាននាក់ ទប់ស្កាត់ការឆ្លងដែនស្វែងរកការងារធ្វើនៅប្រទេសថៃ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បានជាង៨០០០នាក់ និងទទួលពលករទេសន្តប្រវេសន៍ពីអាជ្ញាធរបរទេសបានជិត៣២ម៉ឺននាក់ ក្នុងនោះកុមារជិត៣៦ម៉ឺននាក់ ។ របាយការណ៍ដដែលឲ្យដឹងទៀតថា ការចាប់ផ្តន្ទាទោសជនល្មើសជួញដូរមនុស្សនៅឆ្នាំ២០១៤ មានចំនួន១២២សំណុំរឿង ចាត់ការរួចបាន៧៦សំណុំរឿង ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com