យុទ្ធសាស្ត្រ​ ៣ ​​ទសវត្សរ៍​របស់​​គណបក្ស​ប្រជាជន​​គឺជា​​សញ្ញា​មិន​​ល្អ​ចំពោះ​វប្បធម៌​សន្ទនា

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រង្ស៊ី នៅ​ម៉ាឡេស៊ី​កន្លងមក​​។

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រង្ស៊ី នៅ​ម៉ាឡេស៊ី​កន្លងមក​​។ រូបថត សហការី



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ខណៈ​ទំនាក់ទំនង​​ដែល​គេ​ឃើញ​ច្បាស់​​រវាង​​លោក សមរង្ស៊ី និង​លោក ហ៊ុនសែន ​កាន់តែ​ល្អ​ប្រសើរ ​​តើ​មេដឹកនាំ​គណបក្ស​ប្រឆាំង​​ត្រូវ​បាន​​ល្បួង​ឱ្យ​ចូល​​​ក្នុង​អន្ទាក់​ឬ​?

នៅពេល​ដែល​មេដឹកនាំ​គណបក្ស​ប្រឆាំង​ លោក សមរង្ស៊ី​ និង​​លោក កឹម សុខា អនុប្រធាន​ ធ្វើ​សេចក្តី​​សម្រេច​​មាន​ទំនាក់ទំនង​ល្អ​​ជាមួយ​នឹង​គូប្រជែង​​​ដែល​​មាន​ឈ្មោះ​អសោច​​នោះ អ្នក​ទាំង​ពីរ​មិន​ធ្វើ​សកម្មភាព​ទាំង​ងងឹតងងុល​ទេ។

ការធ្លាក់ចុះ​នូវ​ប្រជាប្រិយភាព​​យ៉ាងឆាប់រហ័ស​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ព្រះអង្គម្ចាស់​នរោត្តមរណឫទ្ធិ​បន្ទាប់ពី​បាន​​សហការ​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច​ បាន​ក្លាយ​ជា​រឿង​និទាន​​មួយ ចំពោះ​​គណបក្ស​ប្រឆាំង ដែល​​​ត្រូវ​បាន​រៀបរាប់​ឡើង នៅពេល​​គិត​ពី​ការសម្រុះសម្រួល​ផ្លូវ​នយោបាយ​។

ទោះបី​ជា​មាន​រឿង​និទាន​​ដែល​​ជា​ការព្រមាន​​នេះ ការប្រឆាំង​ពី​ក្រុម​​​ក្បាលរឹង​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​ការប្រយុទ្ធ​ប្រឆាំង​ច្រើន​ជាង​ពីរ​ទសវត្សរ៍​ដ៏ជូរចត់​​ក៏ដោយ ក៏​ប៉ុន្តែ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​សម្រេចចិត្ត​​លេងល្បែង​​ផ្អែកលើ​ការសម្រុះសម្រួល​​ជាមួយ​នឹង​គូប្រជែង​​​របស់​គាត់។

ក្នុង​ការដឹកនាំ​កម្ពុជា​រយៈពេល ៣០ ឆ្នាំ​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ជាញឹកញាប់​បាន​ប្រើ​យុទ្ធសាស្រ្ត​​លួងលោម ឬ​វាយប្រហារ​​មកលើ​សត្រូវ​របស់​​​ខ្លួន ​តាម​ករណី​ចាំបាច់។

ការបង្ហាញ​​ពី​ឯកភាព​​យ៉ាងឆាប់ ដោយ​អ្នក​អត្ថាធិប្បាយ​​និយាយ​នៃ «ទំព័រ​ថ្មី» និង«​ការវិវត្តន៍» របស់​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​បាន​បញ្ចប់​​ ដោយ​គូប្រជែង​ត្រូវ​បាន​គេ​ធ្វើឲ្យ​លែង​មាន​ប្រសិទ្ធភាព។

ហើយ​​សញ្ញា​នៃ​ការសម្រុះសម្រួល​​នា​បច្ចុប្បន្ន​ក្រោម «វប្បធម៌​​សន្ទនា» បាន​ត្រឹមតែ​ធ្វើឲ្យ​ភ្លើង​ផ្ទៃក្នុង​របស់​គណបក្ស​សង្គ្រោះជាតិ​កាន់តែ​ឆេះរោល​ប៉ុណ្ណោះ ​ដែល​​មាន​គំនិត​ខ្វែង​គ្នា​រួច​ហើយ​ ដោយសារ​តែ​ការឯកភាព​របស់​លោក សម រង្ស៊ី​ ចំពោះ​ច្បាប់​បោះឆ្នោត​ដ៏ចម្រូងចម្រាស​ដែល​ក្រុម​អ្នករិះគន់​បាន​​ចោទ​ថា​ បាន​ធ្វើ​លទ្ធិប្រជាធិបតេយ្យ​ចុះខ្សោយ។

លោក កែម ឡី អ្នកវិភាគ​ ​​និង​​អ្នកជំរុញ​​គណបក្ស​មូលដ្ឋាន បាន​ថ្លែង​ថា៖ «វា​មិនមែន​ជា​វប្បធម៌​សន្ទនា​ថ្មី​ទេ ប៉ុន្តែ​ពួកគេ​បាន​ប្រើ​ពាក្យ​ផ្សេង​ទេ​»។ ដោយ​​​លោក​បាន​បន្ថែម​ថា ពាក្យ​នេះ​ ដែល​ធ្លាប់​បាន​ប្រើ​​អំឡុង​ពេល​ទំនាក់ទំនង​មុន​ជាមួយ​នឹង​លោក​ សមរង្ស៊ី គឺ​​​​រំឭក​ដល់​ការស្នើ​ឲ្យ​មាន​ឯកភាព​ជាតិ​ ​ក្នុង​​សម័យ​មុនៗ ក្រោម​លោក​ ​ហ៊ុនសែន។

ការសម្រុះសម្រួល​ចុងក្រោយ​​​របស់​ព្រះអង្គ រណឫទ្ធិ​ជាមួយ​នឹង​គណបក្ស​កាន់អំណាច​ បាន​កើតឡើង​ក្នុង​ឆ្នាំ ២០០៤ បន្ទាប់ពី​​មាន​ការ​ជាប់គាំង​​នយោបាយ​​​​រយៈពេល ១១ ខែ​ ក្រោយ​ការបោះឆ្នោត​ ២០០៣​។ ទោះបី​ជា គណបក្ស ហ៊្វុនស៊ិនប៉ិច​បាន​បង្កើត​​ «សម្ព័ន្ធ​អ្នក​ប្រជាធិបតេយ្យ» ជាមួយ​គណបក្ស​ សមរង្ស៊ី​ដើម្បី​ប្រកួតប្រជែង​នឹង​គណបក្ស​ប្រជាជន​ ក៏ដោយ ក៏​ប៉ុន្តែ ទីបំផុត​សម្តេច​ក្រុមព្រះ រណឫទ្ធិ បាន​ចូលរួម​​ក្នុង​រដ្ឋាភិបាល​​ចម្រុះ ​ទាត់​លោក សម រង្ស៊ី ចោល​។

កាលពី​ខែ​មិថុនា ឆ្នាំ ២០០៤ មាន​ការសម្រុះសម្រួល​យ៉ាងច្បាស់ ដោយ​​ព្រះអង្គម្ចាស់​បាន​លើក​​កែវ​ស្រា​សំប៉ាញ​ជាមួយ​​នឹង​លោក ហ៊ុនសែន និង​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា​ ក្នុង​​ពិធី​​ខួប​លើក​ទី ៥៣ របស់​គណបក្ស​ប្រជាជន ខណៈ​ដែល​​មេដឹកនាំ​ហ៊្វុនស៊ិនប៉ិច​ ត្រូវ​បាន​ទទួល​ស្វាគមន៍​ក្នុង​​​រដ្ឋាភិបាល​។

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​លោក សម រង្ស៊ី លោក កឹម សុខា និង មន្ត្រី​ជាន់ខ្ពស់ នៅ​វិមាន​រដ្ឋសភា​កន្លងមក​​។

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​លោក សម រង្ស៊ី លោក កឹម សុខា និង មន្ត្រី​ជាន់ខ្ពស់ នៅ​វិមាន​រដ្ឋសភា​កន្លងមក​​។ ហេង ជីវ័ន

រដ្ឋាភិបាល​​​ចម្រុះ​ បាន​បែកបាក់​គ្នា​បន្ទាប់ពី​មាន​ការ​ធ្វើ​វិសោធនកម្ម​​លើ​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០០៦ ​ដែល​បាន​កាត់បន្ថយ​ចំនួន​ភាគច្រើន ពីរ​ភាគ​បី ​ដែល​ត្រូវការ​ដើម្បី​រដ្ឋាភិបាល​​មក​ត្រឹម​ ៥០ បូក​ ១។ ​ក្រោយមក ឥទិ្ធពល​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ធ្លាក់ចុះ​ដល់​ចំណុច​​ដែល​គណបក្ស​នេះ​​គ្មាន​អាសនៈ​មួយ​សោះ​ក្នុង​រដ្ឋសភា នៅ​ឆ្នាំ ២០១៣។

ការផ្សះផ្សា​ថ្មី​បំផុត​​របស់​លោក​នាយករដ្ឋមន្ត្រី​ជាមួយ​នឹង​គូប្រជែង​​របស់​ខ្លួន បាន​ធ្វើ​ឡើង​ក្នុង​ឆ្នាំ ២០០៦ នៅពេល​លោក សម រង្ស៊ី បាន​​វិល​ត្រឡប់​មក​​​ប្រទេស​វិញ ​នៅ​ខែ​កុម្ភៈ បន្ទាប់ពី​បាន​​និរទេស​ខ្លួនឯង​​នៅ​បារាំង​អស់​រយៈពេល ១ ឆ្នាំ។ មុន​ពេល​​វិល​មក​ប្រទេស​កម្ពុជា​​វិញ លោក​ សមរង្ស៊ី បាន​សរសេរ​លិខិត​សុំ​ការអភ័យទោស​ពី​លោក ហ៊ុនសែន និង​ព្រះអង្គម្ចាស់ រណឫទ្ធិ ​ចំពោះ​​​ការអត្ថាធិប្បាយ​​ «បរិហារកេរ្តិ៍» ​ដែល​គាត់​ត្រូវ​បាន​គេ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១៨ ខែ​ដោយ​កំបាំង​មុខ។

រដ្ឋាភិបាល​បាន​ឆ្លើយតប​ ដោយ​ការលើកលែង​ទោស​ចំពោះ​លោក សម រង្ស៊ី ហើយ​បាន​ដោះលែង​​​​​មេដឹកនាំ​ប្រឆាំង និង​សង្គមស៊ីវិល​ជាច្រើន​នាក់ ពី​ពន្ធនាគារ។ ​ការសន្យា​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ផង​ដែរ ​ដើម្បី​ពិនិត្យ​ឡើង​វិញ​​លើ​​ច្បាប់​បរិហារកេរ្តិ៍​ ដែល​បាន​យក​មក​ផ្តន្ទាទោស​ពួកគេ។

«វប្បធម៌​សន្ទនា​» ថ្មី​នេះ ត្រូវ​បាន​កោតសរសើរ​ទាំង​​ឥស្សរជន​រដ្ឋាភិបាល​ និង​ឥស្សរជន​គណបក្ស​ប្រឆាំង​ ដូច​គ្នា ក្នុង​នោះ​រួមមាន​លោក សម រង្ស៊ី ផង​ដែរ ខណៈ​ពេល​ដែល​អ្នក​សង្កេតការណ៍​​​​​​​​បាន​សាទរ​ចំពោះ​​អ្វី​ដែល​ពួកគេ​គិត​ថា​ជា​ការផ្លាស់ប្តូរ​ពិតប្រាកដ។

រូបថត​ឯកសារ​សម្តេច​ក្រុមព្រះ​ និង​លោកនាយករដ្ឋមន្ត្រី​ឆ្នាំ​ ២០០៤។ សហការី

ប៉ុន្តែ​ ទោះបី​ជា​មាន​ការប្រកាស​​ក្តែងៗ​ក៏ដោយ ការផ្សះផ្សា​នៅ​ដើម​ឆ្នាំ ២០០៦ ​បាន​ក្លាយ​ជា​​​​រឿង​មិន​ច្បាស់លាស់​ក្នុង​​ប្រវត្តិសាស្ត្រ​នយោបាយ​កម្ពុជា។

លោក Sebastian Strangio ​អ្នកនិពន្ធ​សៀវភៅ កម្ពុជា​របស់​ ហ៊ុន សែន ​និង​ជា​អតីត​ការីនិពន្ធ​​កាសែត ភ្នំពេញ ប៉ុស្តិ៍ បាន​ឲ្យ​ដឹង​តាម​អ៊ីមែល​ថា៖ «មិន​យូរ​ទេ ដែល​ការប្រយុទ្ធ​​គ្នា​បាន​ចាប់ផ្តើម​ឡើងវិញ ​ហើយ​បួន​​ឆ្នាំ​ក្រោយ​មក​លោក សម រង្ស៊ី បាន​​​មក​ទីក្រុង​ប៉ារីស​​វិញ ដោយ​មាន​ការកាត់ទោស​ថ្មី​លើ​ឈ្មោះ​របស់​លោក»។

លោក សម រង្ស៊ី បាន​ច្រាន​ចោល​ការប្រៀបធៀប​​គ្នា​រវាង​​ព្រឹតិ្តការណ៍​ឆ្នាំ ២០០៦ និង​បច្ចុប្បន្ន ដោយ​អះអាង​ថា ការផ្លាស់ប្តូរ​ខ្យល់​នយោបាយ បាន​បង្កើត​​មូលដ្ឋាន​​កាន់តែ​ល្អ​សម្រាប់​ការផ្សះផ្សា​។ លោក សម រង្ស៊ី ​បាន​​ឲ្យ​ដឹង​តាម​អ៊ីមែល​​ថា៖ «​ជា​​លើក​ដំបូង​​ពុំ​ធ្លាប់​មាន​​ពី​មុន​មក ​មាន​​​គណបក្ស​ប្រឆាំង​​បែប​ប្រជាធិបតេយ្យ​ដែល​រួបរួម​គ្នា​ (និង​រឹងមាំ) ​នៅក្នុង​រដ្ឋសភា​ដែល​មាន​តំណាង​​នៃ​គណបក្ស​ពីរ​។

តុល្យភាព​ថ្មី​នៃ​អំណាច​គឺ​ល្អ​ប្រសើរ​ចំពោះ​ការសន្ទនា​ពិតប្រាកដ»។

លោក​បាន​បន្ថែម​ថា ការខ្វែង​គំនិត​គ្នា​ក្នុង​គណបក្ស​ប្រឆាំង​ នឹង​ត្រូវ​បាន​​​​ដោះស្រាយ​ដោយ​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ ២០១៧។

លោក កែម ឡី បាន​​រៀបរាប់​​​​ពី​​​យុទ្ធសាស្រ្ត​របស់​លោកនាយករដ្ឋមន្ត្រី​ថា​ជា «អន្ទាក់» ដែល​ធ្វើឲ្យ​​លោក សម រង្ស៊ី ស្ងប់​ចិត្ត​ ថា គាត់​​កំពុង​មាន​វឌ្ឍនភាព​ជា​បុរសរដ្ឋ​ម្នាក់​។

លោក​បាន​បន្ថែម​ថា៖ «នៅពេល​ដែល​ [​លោក ហ៊ុនសែន] បញ្ចប់​ហើយ​គាត់​ឈ្នះ​​ដោយ​ប្រើ​វិធីសាស្រ្ត​នេះ គាត់​នឹង​ទាត់​គាត់​ចោល»។

លោក សួស យ៉ារ៉ា អ្នកនាំពាក្យ​​ និង​ជា​​តំណាងរាស្រ្ត​គណបក្ស​ប្រជាជន​បាន​ថ្លែង​ថា អនាគត​នៃ «វប្បធម៌​សន្ទនា​»​​ ពឹងផ្អែក​ទាំង​ស្រុង​លើ​នយោបាយ​ផ្ទៃក្នុង​របស់​គណបក្ស​សង្គ្រោះជាតិ និង​ថា តើ​លោក សមរង្ស៊ី អាច «គ្រប់គ្រង​​​មនុស្ស​របស់​ខ្លួន​បាន ឬ​យ៉ាង​ណា?»​។

លោក យ៉ារ៉ា បាន​បន្ថែម​ថា៖ «​បរិយាកាស​នយោបាយ​កម្ពុជា​​​ជាទូទៅ​ផ្អែកលើ​បុគ្គល ដែល​សម្រេចចិត្ត​ ដោយ​ជា​មាត់​របស់​ពួកគេ​ វា​មិន​ត្រូវ​បាន​សម្រេច​តាម​គោលការណ៍​របស់​គណបក្ស​ទេ»​។

ខណៈ​ដែល​លោក Strangio ​បាន​ថ្លែង​ថា ការផ្សះផ្សា គឺ​ប្រហែល​ជា​ «​ការឈប់​ប្រយុទ្ធ​ជា​​​យុទ្ធសាស្ត្រ»។

លោក​បាន​បន្ថែម​​ថា កិច្ចប្រជុំ​​កាលពី​សប្តាហ៍​មុន​ នៅ​ទីក្រុង​គូឡាឡាំពួ ដែល​លោក​ ហ៊ុនសែន បាន​ទទួល​ស្គាល់​ចំពោះ​​លោក​ សមរង្ស៊ី ថា​គណបក្ស​ប្រឆាំង​​អាច​ឈ្នះ​នៅ​ថ្ងៃ​ណា​មួយ គឺ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ទេ។

លោក Strangioបាន​បន្ថែម​ថា៖ «ក្នុង​ប្រទេស​មួយ ដែល​ការផ្លាស់ប្តូរ​រដ្ឋាភិបាល​ជាទូទៅ​កើតឡើង​​ដោយ​​​មាន​ការ​​ធ្វើ​បន្សុទ្ធកម្ម​លើ​របប​ចាស់​ដោយ​ប្រើ​ហិង្សា គេ​អាច​មើល​ឃើញ​សេចក្តី​អធិប្បាយ​របស់​លោក​ហ៊ុន សែន ​ជា​ការបង្ហាញ​ថា លោក​​កំពុង​គិត​​​​ពី​អន្តរកាល​របស់​លោក ហើយ​បើកចំហ​ចំពោះ​​គំនិត​​​​នៃ​ការផ្លាស់ប្តូរ​ដែល​បាន​ចរចា​ប្រកប​ដោយ​សន្តិវិធី ប្រសិនបើ​គាត់​ចាញ់​ឆ្នោត»។

លោក​បន្ត​ថា៖ «ដូច​គ្នា​ដែរ​ទាំងអស់​នេះ​អាច​ជា​ស្រទាប់​មួយ​ទៀត​នៃ​ល្ខោន​ជីវិត​នយោបាយ​កម្ពុជា​»​៕

TK/រាយការណ៍​បន្ថែមៈ David Boyle

What Next?

Recent Articles

One Response to "យុទ្ធសាស្ត្រ​ ៣ ​​ទសវត្សរ៍​របស់​​គណបក្ស​ប្រជាជន​​គឺជា​​សញ្ញា​មិន​​ល្អ​ចំពោះ​វប្បធម៌​សន្ទនា"

  1. Fool says:

    នេះគ្រាន់តែជាល្បែងបោកបញ្ឆោតរបស់លោក ហ៊ុន សែន។ ត្រៀមទប់ទល់គឺជាការល្អ!!!