អាជ្ញាធរ​ខេត្ត​ស្វាយរៀងរារាំងរថយន្ត​​សហជីព​ដែល​គ្រោង​មក​តវ៉ានៅភ្នំពេញ​​

ដោយ៖​ យ៉ា រសាត់​ | ថ្ងៃព្រហស្បតិ៍ ទី7 ឧសភា 2015
http://vodhotnews.com

រថយន្ត​ដែល​ដឹកមន្រ្តី​សហជីព​សម្ព័ន្ធ​សហជីព​ចលនា​កម្មករខេត្ត​ស្វាយ​រៀងចំនួន​៩នាក់​​ ត្រូវ​បានកម្លាំង​នគរ​បាល​​ខេត្ត​​ស្វាយរៀងឃាត់ទុក ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ ដោយ​មន្រ្តីសហជីព​អះអាង​ថា​ជា​ការ​រារាំងពួកគាត់​​មិន​ឲ្យ​​មក​រាជធានីភ្នំពេញដើម្បី​តវ៉ា។​

លោក ជា ឧត្តម​ មន្រ្តី​សម្ព័ន្ធ​​សហជីពចលនាកម្មករ​ប្រចាំ​ខេត្ត​ស្វាយ​រៀង មានប្រសាសន៍ថា​រថយ​ន្ត​ត្រូវ​ឃាត់​ទុក​​នៅ​ម៉ោង​៥និង​៥០នាទីទៀបភ្លឺ នៅ​ពេល​ពួកគាត់​កំពុង​ប្រមូលគ្នា​ដើម្បី​ឡើង​មកដាក់ញត្តិ​នៅ​ក្រសួង​​ការងារ និង​ស្ថានទូតជប៉ុន ប្រឆាំង​នឹង​រោងចក្រ​មួយ​ឈ្មោះ​Nissey។ លោក​បន្ត​ថា​រថយន្ត​ត្រូវ​បាន​បញ្ជូន​​ទៅគយ​ស្នង​ការ​ពន្ធ​ដារខេត្ត ដោយ​កម្លាំងនគរបាល​អះអាង​ថា​អ្នក​បញ្ជា​រថយន្ត​មិន​មាន​ប័ណ្ណ​បើក​បរ​​ត្រឹម​ត្រូវ។ បើ​តាម​លោក ជា ឧត្តម ក្នុង​ពេល​ឃាត់​រថយន្ត​នោះ មន្រ្តី​សហជីព១នាក់​ និង​អ្នក​បើក​បរ​ត្រូវ​បាន​នាំមក​សាកសួរ។ លោក​បន្ត​ថា​រហូត​មក​ដល់​ពេល​នេះ មន្រ្តី​សហជីព​ត្រូវ​បានឲ្យ​មក​ផ្ទះ​វិញ​ នៅ​សល់​តែ​អ្នក​បញ្ជារថយន្តតែ​ប៉ុណ្ណោះ។​ ​

​កន្លងទៅ កម្មករ​រោងចក្រ​ផលិត​នាឡិកាNisseyនៅ​ក្រុង​បាវិត បាន​ចេញ​មុខ​តវ៉ា​ដោយ​ស្នើឲ្យ​អភិបាល​ខេត្ត​​ជំរុញ​ទៅ​ថៅកែ​រោងចក្រធានា​សុ​វត្តិភាព​ការងារ និង​ផ្ដល់​លក្ខខណ្ឌ​ការងារ​មួយចំនួន ​ដូចជាផ្ដល់ប្រាក់​៥០​ភាគរយ​​ឲ្យ​ស្ត្រី​សម្រាលកូន បញ្ឈប់​ការគាបសង្កត់ និង​លក្ខខណ្ឌ​មួយចំនួនទៀត។ កម្មករ​អះអាង​ ថា ថៅកែ​រោងចក្រ​មិន​បាន​គោរព​តាម​ច្បាប់​ការងារ ហើយ​តែងតែ​បង្ខំ​កម្មករ​ឲ្យធ្វើ​ការថែម​ម៉ោង និង​បញ្ឈប់​​កម្ម​ករ​គ្មា​ន​មូលហេតុ។​

VODមិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពីភាគី​រោងចក្រ និង​ស្នង​ការ​នគរបាលខេត្ត​ស្វាយ​រៀង​បាន​នៅ​ឡើយ​ទេ។​

​គួរបញ្ជាក់​ថា​រោងចក្រNissey ស្ថិតក្នុង​ភូមិ​ព្រៃ​ទុប ឃុំ​ព្រៃ​អង្គុ​ញ ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ កម្មករ​បាន​នាំគ្នា​តវ៉ា​ចា​ប់ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៥​មក៕​

What Next?

Recent Articles