ដោយ អ៊ុក សាវបូរី
2015-05-23
RFA
ប្រជាកសិករធ្វើស្រែនៅតំបន់ទួលអំពិល ខេត្តកំពង់ឆ្នាំង លោក គៀត ភារម្យ បូមទឹកចេញពីក្នុងស្រែប្រាំងរបស់គាត់ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ RFA/Chin Chetha
នៅដើមរដូវវស្សាឆ្នាំ២០១៥នេះ អង្គការសេដាក (CEDAC) បានប្រាប់ពីគន្លឹះសំខាន់៦ចំណុច សម្រាប់ឲ្យកសិករត្រៀមខ្លួនផលិតស្រូវវស្សាបានជោគជ័យ ទទួលបានទិន្នផលខ្ពស់។ កសិករនៅខេត្តកំពត ដែលរៀនបច្ចេកទេសពីអង្គការសេដាក ក៏បានតៀមពូជជីធម្មជាតិ និងរៀនធ្វើស្រែតាមការណែនាំឲ្យពង្រាបដីស្រែ សម្រាប់ការធ្វើស្រែវស្សានៅឆ្នាំនេះ។
ដើម្បីជាជំនួយបន្ថែមដល់កសិករ ឲ្យត្រៀមខ្លួនបានល្អ ក្នុងការធ្វើស្រែវស្សា ទទួលបានផលច្រើន លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានអង្គការសេដាក បានណែនាំឲ្យកសិករ ភ្ជួរលុបគល់ជញ្ជ្រាំងពង្រាបដីស្រែឲ្យស្មើ ដាំសណ្ដែកគ្របពីលើដី ប្រមូលជីធម្មជាតិឲ្យបានច្រើនតោន ជីកស្រះក្នុងស្រែ និងត្រៀមពូជស្រូវសុទ្ធល្អជាដើម។
លោកបន្តថា ការត្រៀមលក្ខណៈបែបនេះ សម្រាប់បង្ការអាកាសធាតុប្រែប្រួល ដែលបង្កភាពរាំងស្ងួត ឬជំនន់ រំខានដល់ការធ្វើស្រែ។ លោកណែនាំថា ចន្លោះពីខែមេសា ទៅមិថុនា ដីស្រែគួរដាំសណ្ដែក ដើម្បីភ្ជួរលុប ធ្វើជាជីស្រស់ជំនួយដីស្រែ ឲ្យសំបូរជីរជាតិ៖ «ដើម្បីព្រោះវាបានជោគជ័យ យើងយកគ្រាប់សណ្តែក លាយជាមួយអាចម៍គោ ឬជីកំប៉ុសលាយច្របល់គ្នា។ យកសណ្ដែក១ និងជីឲ្យបាន៤ទៅ៥ ដង លាយច្របល់វាហើយ យកទៅបាចលើដីស្រែ ហើយយើងភ្ជួរវាលុបទៅ»។
ក្រៅពីវិធីនេះលោកថា ការត្រៀមពូជស្រូវសុទ្ធ ពីក្នុងស្រែពេលច្រូត និងការរើសគ្រាប់ស្រូវបន្សុទ្ធបន្ថែមមុនសាប ក៏ជាកត្តាសំខាន់ដែរ៖ «អីចឹងយើងយកពូជទៅបណ្ដុះវាសាកមើលទៅ គ្រាប់ស្រូវ១ដៃ ឬក៏គ្រាប់ស្រូវ២ ទៅ៣០០គ្រាប់អីទៅ យើងយកទៅផ្អាប់បណ្ដុះវាទៅ។ ហើយយើងរាប់មើល បើក្នុង១០០គ្រាប់ វាមានគ្រាប់ដុះ វាលើសពី៩០គ្រាប់ឡើងទៅ មានន័យថាពូជយើងល្អ ទើបយើងយកទៅសាបទៅ។ បើដំណុះវាទាបពេក យកល្អយើងចោលវាវិញ ហើយទៅរកគ្រាប់ពូជណាដែលមានដំណុះល្អ។ ព្រោះវាមានសុខភាពល្អ នាំមកស្រូវយើងលូតលាស់ល្អដែរ»។
នៅក្នុងគំនិតសំខាន់៦ចំណុច ដែលអង្គការសេដាកណែនាំ ឲ្យកសិករត្រៀមលក្ខណៈសម្រាប់ធ្វើស្រែ វស្សារដូវថ្មីនេះ គឺការថែរក្សាគល់ជញ្ជ្រាំងឲ្យល្អ ដោយហាមដុតជញ្ជ្រាំង ដែលនាំឲ្យងាប់ជីវចម្រុះ និងសត្វមានប្រយោជន៍ តែតម្រូវឲ្យភ្ជួរលុបក្នុងដីធ្វើជី។ កសិករត្រូវពង្រាបដីឲ្យស្មើ ងាយឲ្យទឹករត់ស្មើក្នុងស្រែ នៅពេលស្ទូងស្រូវរួច។ បើដីស្រែម្ខាងខ្ពស់ គួរបែងចែកដីស្រែ ជាបំណែកតូចៗ កុំស្ដាយដី វានិងបានផលស្រូវច្រើន នៅពេលផ្ទៃដីស្រែរាបស្មើ ទឹករត់ចិញ្ចឹមដើមស្រូវ គ្រប់គុម្ព។ បើសិនដីស្រែខ្ពស់ពីទឹក ធ្វើស្រែមិនសូវបានផល គួរជីកស្រះក្នុងស្រែជាដើម។
នៅក្នុងការត្រៀមលក្ខណៈ សម្រាប់ធ្វើស្រែវស្សាឆ្នាំនេះដែរ អ្នកស្រី ជ័យ ស៊ីយ៉ាត នៅភូមិអង្គរជ័យ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត អះអាងថា គាត់បានរៀនសូត្របច្ចេកទេសមួយចំនួន ពីអង្គការសេដាក ដោយគាត់បានទុកគ្រាប់ស្រូវពូជសុទ្ធ ចំនួន១២គីឡូក្រាម សម្រាប់ដាំលើដី១ហិកតារ ៥អារ និងមានទឹកស្រះមួយ ដែលជាជំនួយក្នុងការស្រោចស្រព។ ទន្ទឹមនោះនៅដើមខែឧសភា ភ្ជួរគល់ជញ្ជ្រាំងក្នុងស្រែ ហើយដាំសណ្ដែកបាយគ្របលើដី ព្រោះឥឡូវអាកាសធាតុក្ដៅខ្លាំង គាត់ដាំសណ្ដែកបាយនេះ ការពារកុំឲ្យដីខ្សោះជីជាតិ។ ក្រៅពីនោះគាត់បានប្រមូលស្លឹកឈើ និងលាមកសត្វ លាយជាមួយកាកសំណល់ឡជីវឧស្ម័ន ចំនួន១២តោន សម្រាប់ធ្វើស្រែវស្សានេះ។ ក្រៅពីនោះ គាត់កំពុងរៀបចំថ្នាលសំណាប ព្រោះនៅខែមិថុនា តំបន់គាត់តែងតែមានភ្លៀងធ្លាក់ ដែលអាចឲ្យគាត់ប្រញាប់សាបស្រូវ ដើម្បីដាំតាមបច្ចេកទេស ប្រព័ន្ធប្រពលវប្បកម្មស្រូវ តាមគោលការធម្មជាតិ ឬហៅថា ប.វ.សនោះ៖ «ខ្ញុំមានទឹកស្រះ ដែលទឹកស្រះហ្នឹងហើយដែលជួយសម្រួលដល់ការផលិត និងជួយសង្គ្រោះដល់ដំណាំ ជួយសង្គ្រោះដល់ស្រូវ»។
នៅក្នុងការណែនាំដែរ បណ្ឌិត យ៉ង សាំងកុមារ បន្ថែមថា កសិករជាច្រើនបានជីកស្រះក្នុងស្រែ តែបែរជាយកដីមុខលើ បោះចោល ឬកាយកប់ទៅដាក់នៅបាតក្រោម ហើយយកដីពីក្រោម ទៅដាក់ខាងលើវិញ។ លោកថា ការកែប្រែដីស្រែបែបនេះ ធ្វើឲ្យខាតពេលវេលា ក្នុងការផ្ដល់ជីជាតិទៅដីថ្មីនោះ គួរទុកដីមុខលើនៅម្ដុំ ក្រោយពីជីកស្រះរួច ត្រូវយកដីមុខលើ ទៅចាក់រាបពីលើដីថ្មីវិញ ទើបដីស្រែនៅតែល្អ។
ចំពោះវិធីជីកស្រះក្នុងស្រែ លោកប្រាប់ថា គួរកាត់យកដី១០ ទៅ១៥ភាគរយ ពីក្នុងដីស្រែ ហើយជីកស្រះ។ ជីកស្រះរួច ត្រូវដាំស្លឹកគ្រៃជុំវិញស្រះ ការពារកុំឲ្យដីធ្លាក់ចូលទឹក នាំឲ្យទឹកល្អក់ នៅពេលភ្ជួរ ហើយអាចចិញ្ចឹមត្រី និងកង្កែបក្នុងនោះ ឲ្យវាជួយស៊ីសត្វល្អិត ដែលរោមដើមស្រូវជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- នាយករដ្ឋមន្ត្រីព្រមានដាក់ទោសមន្ត្រីឃុបឃិតជាមួយឈ្មួញទិញកសិផលផ្ដាច់មុខ
- ក្រសួងកសិកម្មណែនាំឲ្យចាត់វិធានការចំពោះឈ្មួញខិលខូចបន្ទាបតម្លៃកសិផល
- សមាជិកសភាស្នើចាត់វិធានការលើកងកម្លាំងនិងពលរដ្ឋវៀតណាមបាញ់ថ្នាំពុលលើដំណាំខ្មែរ
- ពលរដ្ឋខេត្តស្វាយរៀងអំពាវនាវឲ្យរដ្ឋាភិបាលអភិវឌ្ឍប្រព័ន្ធធារាសាស្ត្របែបទំនើប
- កសិករខេត្តព្រៃវែងព្រមានឈប់ធ្វើកសិកម្មបើតម្លៃស្រូវនៅតែចុះថោក
- សេដាករៀបចំសិក្ខាសាលានិងតាំងពិព័រណ៍ផលិតផលកសិកម្មសរីរាង្គនៅខេត្តត្បូងឃ្មុំ
- កសិករខេត្តកំពង់ឆ្នាំងត្អូញត្អែរអំពីតម្លៃគ្រាប់សណ្ដែកបាយចុះថោក
- ស្រែប្រាំងរាប់ពាន់ហិកតារនៅខេត្តព្រៃវែងប្រឈមនឹងការខូចខាតដោយសារខ្វះទឹក
- ក្រសួងអប់រំណែនាំឲ្យតាមគ្រឹះស្ថានសិក្សាទាំងអស់ពង្រឹងផ្នែកអប់រំបំណិនជីវិត