អភិបាល​ខេត្តប​ញ្ជា​ឲ្យ​ស៊ើប​ករណី​ផ្ទុះ​ហិង្សា​​នៅ​ប៉ោយប៉ែត

Content image - Phnom Penh Post




ភ្នំពេញប៉ុស្តិ៍

បន្ទាយមានជ័យៈ អភិបាល​ខេត្ដ​បន្ទាយមានជ័យ​លោក គោស៊ុំ សារឿត កាលពី​ម្សិលមិញ បាន​​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​ចុះ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់ ចំពោះ​ករណី​ប៉ះទង្គិច​ដោយ​ហិង្សា រវាង​ក្រុម​កម្មករ​អូស​រទេះ និង​សមត្ថកិច្ច​ចម្រុះ នៅ​មុខ​ការិយាល័យ​គយ​ និង​រដ្ឋាករ កាលពី​ថ្ងៃ​ចន្ទ​ ដែល​បាន​ធ្វើឲ្យ​មាន​មនុស្ស​យ៉ាង​តិច​បួន​នាក់​រងរបួស និង​ខាត​បង់​ប្រាក់​ចំណូល​ពន្ធ​ប្រមាណ ១៥០០ លាន​រៀល​។

ការ​ចេញ​បញ្ជា​នេះ ធ្វើ​ឡើង​បន្ទាប់ពី​លោក ង៉ោ ម៉េងជ្រួន អភិបាល​ក្រុង​ប៉ោយប៉ែត បាន​ចេញ​របាយការណ៍​មួយ ដោយ​ចោទប្រកាន់​លោក ចៅ វាសនា ជំទប់​ទី ២ សង្កាត់​ប៉ោយប៉ែត និង លោក​ ឌិន ពុទ្ធី ប្រធាន​សមាគម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​គូកន​មួយ​ចំនួន​​ថា បាន​ដឹកនាំ​កម្មករ​អូស​រទេះ​ជាង​ ១០០ ​នាក់ ធ្វើការ​តវ៉ា និង បំផុស​ការ​ញុះញង់​បង្ក​ហិង្សា។

លោក សារឿត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ម្សិលមិញ ដោយ​ចាត់ទុក​របាយការណ៍​នោះ​ថា ជា​ផ្នែក​មួយ​នៃ​របាយការណ៍​រដ្ឋបាល សម្រាប់​បញ្ជូន​ជា​ព័ត៌មាន​បន្ត​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ពិនិត្យ​​ និង​ចាត់​បញ្ជូន​មន្ត្រី​ជំនាញ​មក​សហការ​ស្រាវជ្រាវ បន្ថែម​លើ​ករណី​នេះ។

លោក​បាន​​ថ្លែង​ថា៖ «យើង​មិន​អាច​ធ្វើ​ចំណាត់ការ​ណា​មួយ​ទៅលើ​បុគ្គល​ដែល​ត្រូវ​បាន​ចោទ​ក្នុង​របាយការណ៍​នោះ ដោយ​គ្មាន​ភ័ស្ដុតាង​បញ្ជាក់​ច្បាស់លាស់​​នោះ​ទេ។ យ៉ាង​ណា​ក៏ដោយ​ការ​ផ្ទុះ​ហិង្សា​នៅក្នុង​ការ​តវ៉ា​កាលពី​ថ្ងៃ​ចន្ទ គឺ​ពិតជា​មាន​ជន​បំផុស​ព័ត៌មាន​អុជអាល ដែល​យើង​ចាំបាច់​ត្រូវ​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​លើ​ករណី​នេះ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​»។

កាលពី​ម្សិលមិញ លោក ចៅ វាសនា ជំទប់​ទី​ ២ សង្កាត់​ប៉ោយប៉ែត មកពី​គណបក្ស​សង្គ្រោះជាតិ ដែល​រង​ការ​ចោទប្រកាន់​ពី​លោក​អភិបាលក្រុង​ប៉ោយប៉ែត ង៉ោ ម៉េងជ្រួន បាន​ច្រាន​ចោល​នូវ​ការ​ចោទប្រកាន់​នោះ ដោយ​ថ្លែង​ថា ការ​មាន​វត្តមាន​របស់​លោក​នៅ​កន្លែង​កើតហេតុ​នោះ ក៏​ព្រោះ​លោក​ជា​មន្ត្រី​ក្រុម​ប្រឹក្សា​សង្កាត់ ដែល​ត្រូវ​ចុះ​ឃ្លាំមើល​អំពី​ព្រឹត្តិការណ៍​នោះ​ និង​ជួយ​សម្របសម្រួល​ឲ្យ​មាន​ការ​ដោះស្រាយ​ដោយ​សន្តិវិធី មិនមែន​ទៅ​ញុះញង់​ដូច​ការ​ចោទប្រកាន់​នោះ​ទេ។

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​យល់​ថា របាយការណ៍​នោះ​មាន​លក្ខណៈ​លាបពណ៌ មួលបង្កាច់ និង​បំភិតបំភ័យ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ខុស​ឆ្គង​នឹង​ច្បាប់ ខ្ញុំ​មិន​​ព្រួយបារម្ភ​ និង​ភ័យខ្លាច​នោះ​ទេ»។ ជាមួយ​គ្នា​នេះ គណបក្ស​សង្គ្រោះជាតិ កាលពី​ម្សិលមិញ ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ផង​ដែរ ដោយ​បាន​ស្នើឲ្យ​មាន​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​មិន​លម្អៀង​ចំពោះ​អំពើ​ហិង្សា​​នេះ​។

ការ​ប៉ះទង្គិច​កាលពី​ថ្ងៃ​ចន្ទ រវាង​ក្រុម​កម្មករ​អូស​រទេះ និង​សមត្ថកិច្ច​ចម្រុះ នៅ​មុខ​ទីស្នាក់ការ​គយ និង​រដ្ឋាករ ក្រុង​ប៉ោយប៉ែត ដែល​នាំ​ឲ្យ​កម្មករ​បី​នាក់ និង​សន្តិសុខ​ម្នាក់​រងរបួស​ធ្ងន់​ស្រាល​ និង​ខូច​រថយន្ត​ ៨ គ្រឿង​របស់​មន្ត្រី​គយ និង​បែកបាក់​ទ្វារ​របង និង​ទ្វារ​បង្អួច​កញ្ចក់​នៃ​អគារ​ទីស្នាក់ការ​គយ​ និង​រដ្ឋាករ​នោះ បាន​កើតឡើង​ដោយ​សារ​មាន​អ្នកផ្សព្វផ្សាយ​ព័ត៌មាន​ចចាមអារ៉ាម​ថា កម្មករ​ម្នាក់​ឈ្មោះ ម៉ៅ សុន ហៅ​ស្រស់ ដែល​សមត្ថកិច្ច​នគរបាល​ និង​ប៉េអឹម​បាន​វាយ​ឲ្យ​រងរបួស​ និង​ចាប់​ដាក់​ខ្នោះ​នោះ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​។

មក​ដល់​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ជនរងគ្រោះ​ឈ្មោះ ម៉ៅ សុន នោះ​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត​នៅ​ឡើយ តែ​បាន​ធូរស្រាល​បន្តិច​ហើយ​។ នេះ​បើ​តាម​ភរិយា​របស់​គាត់ គឺ​អ្នកស្រី រ៉ាន់ ស្រីមុំ។

អ្នកស្រី​បាន​ឲ្យ​ដឹង​ថា​៖ «​ក្រុម​សមត្ថកិច្ច​បាន​មក​សួរ​នាំ និង​បាន​ដោះ​ខ្នោះ​ដៃ​ប្ដី​របស់​ខ្ញុំ​ហើយ​»។

ការ​ផ្ទុះ​អំពើ​ហិង្សា​កាលពី​ថ្ងៃ​ចន្ទ​នោះ ត្រូវ​បាន​លោក គោស៊ុំ សារឿត អះអាង​ថា បាន​បង្ក​ឲ្យ​មាន​ការ​ខាតបង់​នូវ​ចំណូល​ពន្ធរដ្ឋ​ប្រមាណ​ជាង​ ១៥០០ ​លានរៀល ដែល​បាន​មកពី​ការ​បង់​ពន្ធ លើ​ថ្លៃ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ថៃ តាម​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត។

លោក​បាន​អំពាវនាវ​ដល់​កម្មករ​អូស​រទេះ​ទាំង​នោះ​ឲ្យ​មាន​ការ​សហការ​ជាមួយ​សមត្ថកិច្ច​គយ​ និង​រដ្ឋាករ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នានា​ក្នុង​ការ​ប្រកាស​អំពី​ប្រភេទ​ទំនិញ និង​ម្ចាស់​ទំនិញ​ឲ្យ​បាន​ច្បាស់លាស់​ចៀសវាង​ការ​លួច​បន្លំ​មិន​ព្រម​បង់​ពន្ធ​គយ​ឲ្យ​បាន​ត្រឹមត្រូវ​ចូល​រដ្ឋ​៕

What Next?

Recent Articles