ដោយ ឡេង ម៉ាលី
2015-05-28
RFA
ការដ្ឋានការងារនៅទំនប់ ១មករា ខេត្តកំពង់ធំ នៅតែជាអង្គហេតុដែលអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម ត្រូវធ្វើសវនាការនៅក្នុងសំណុំរឿង០០២ វគ្គ២។ នៅថ្ងៃទី២៨ ឧសភា អង្គជំនុំជម្រះ បានបញ្ចប់ការស្ដាប់សក្ខីកម្មរបស់សាក្សីទី៥ ទាក់ទងនឹងការងារដោយបង្ខំនៅការដ្ឋានការងារនៅទំនប់ ១មករា។
ដើមបណ្ដឹងរដ្ឋប្បវេណីនៅក្នុងសំណុំរឿង០០២ គឺលោកស្រី អ៊ុន រ៉ន ដែលជាសាក្សីទី៥ បានប្រាប់អង្គជំនុំជម្រះសាលាដំបូង នៅថ្ងៃទី២៨ ឧសភា ថា លោកស្រីត្រូវអង្គការខ្មែរក្រហម បង្ខំឲ្យលើកទំនប់ឲ្យបាន ៦ម៉ែត្រគូបក្នុងមួយយប់មួយថ្ងៃ៖ «រែកដីម្នាក់គេឲ្យ ៤ម៉ែត្រគូប។ ៤ម៉ែត្រគូបហ្នឹងហ៊ុនទៅម្នាក់អ្នករែក ម្នាក់អ្នកជីក។ ម្នាក់ទៀតជីកទៅឈឺដៃ ដូរឲ្យគេរែកម្ដង យើងជីកម្ដង។ ក្នុងម្នាក់ថ្ងៃ ៤ម៉ែត្រ យប់ ២ម៉ែត្រ។ ក្នុងមួយយប់មួយថ្ងៃ ២នាក់ គឺ ១២ម៉ែត្រគូប។ បានជាគេដាក់ផែនការក្ដៅគគុក គឺឲ្យរហ័សរួចទំនប់នោះ ដើម្បីកុំឲ្យរដូវវស្សាមកដល់ទាន់។ ខំនាំគ្នាប្រឹងឲ្យរហ័សរួចចប់សព្វគ្រប់»។
ការបង្ខំឲ្យជីកដីលើកទំនប់ ៦ម៉ែត្រគូប និងជីវភាពរស់នៅមិនគ្រប់គ្រាន់ ត្រូវបាន លោកស្រី អ៊ុន រ៉ន ថ្លែងថា ជាស្ថានភាពលំបាកខ្លាំងនៅទំនប់ ១មករា ក្នុងខេត្តកំពង់ធំ នោះ។ សក្ខីកម្មរបស់លោកស្រី គឺផ្ទុយគ្នាទៅនឹងសាក្សីមុនៗ ដែលថា គេឲ្យលើកដីមួយម៉ែត្រគូបក្នុងមួយថ្ងៃ។ ទោះជាដូច្នេះក្ដី លោកស្រី អ៊ុន រ៉ន បញ្ជាក់ជូនអង្គជំនុំជម្រះនូវចំណុចដូចគ្នាថា ការហូបចុក និងទឹកនៅទីនោះ មិនគ្រប់គ្រាន់ និងខ្វះអនាម័យខ្លាំង ដែលធ្វើឲ្យមានមនុស្សឈឺច្រើន។
លោកស្រីបន្តថា នៅពេលពលករធ្លាក់ខ្លួនឈឺ ពួកមេកងខ្មែរក្រហម តែងគំរាមអំពីការយកទៅកសាង និងសម្លាប់ ដែលជាហេតុធ្វើឲ្យពួកគេខំប្រឹងទៅធ្វើការទាំងឈឺ ដោយមិនហ៊ានតវ៉ា ព្រោះមានអ្នកខ្លះត្រូវគេយកទៅបាត់រហូត៖ «គេប្រាប់ពេលយើងឈឺគេថា សមមិត្តឯងកុំឈឺញឹកពេក ប្រយ័ត្នគេយកទៅកែប្រែអប់រំ។ ប្រយ័ត្នអត់បបរហូបទៀត។ គេថាផ្ទាល់ខ្លួន។ កន្លងមក ឲ្យតែឮថាអប់រំ និងកែប្រែ អត់មានទៅផ្លូវណាទេ មានតែផ្លូវមួយហ្នឹង។ គេនិយាយក៏និយាយ គេថាក៏គេថា សមមិត្តចង់ស្លាប់ ឬក៏ចង់រស់? ទៅណាបើមិនអប់រំបាត់ខ្លួន។ អប់រំដឹងតែបាត់»។
ទាក់ទងនឹងអង្គហេតុស្ដីពីការដ្ឋានការងារនៅទំនប់ ១មករា នេះ គឺជាអង្គហេតុការដ្ឋានការងារដោយបង្ខំចំនួន៣ ដែលអង្គជំនុំជម្រះសាលាដំបូងជ្រើសរើសយកមកធ្វើសវនាការតាមលំដាប់លំដោយនៅក្នុងសំណុំរឿង០០២ វគ្គ២។ ក្នុងនោះ ក៏មានការដ្ឋានសាងសង់វាលយន្តហោះនៅខេត្តកំពង់ឆ្នាំង និងការដ្ឋានលើកទំនប់ត្រពាំងថ្ម នៅខេត្តបន្ទាយមានជ័យ។
ទាក់ទងនឹងការដ្ឋានការងារទំនប់ ១មករា ខេត្តកំពង់ធំ អង្គជំនុំជម្រះនឹងស្ដាប់សក្ខីកម្មពីដើមបណ្ដឹងរដ្ឋប្បវេណី និងសាក្សីចំនួន ១០រូប គឺមានទាំងជនរងគ្រោះ និងអតីតកម្មាភិបាលខ្មែរក្រហម ដែលធ្លាប់ធ្វើការនៅទីនោះ។ អង្គជំនុំជម្រះ នឹងស្ដាប់សក្ខីកម្មដើមបណ្ដឹងរដ្ឋប្បវេណីថ្មីមួយរូបទៀត នៅថ្ងៃអង្គារ ទី២ ខែមិថុនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សាលាក្ដីខ្មែរក្រហមបញ្ចប់ការស្ដាប់សក្ខីកម្មរបស់អតីតជានារីកងចល័តមួយរូបទៀត
- សាលាក្ដីខ្មែរក្រហមស្ដាប់សាក្សីអតីតនារីកងចល័យមួយរូបនៅការដ្ឋានទំនប់១មករា
- សាលាក្ដីខ្មែរក្រហមចែកសាលក្រមដល់មន្ត្រីតុលាការនិងមន្ត្រីអនុវត្តច្បាប់៤ខេត្តជាប់មាត់សមុទ្រ
- សាលាក្ដីខ្មែរក្រហមបន្តស្ដាប់អតីតអ្នកបច្ចេកទេសនៅការដ្ឋានទំនប់១មករា
- សម្ភាសអ្នកនិពន្ធសៀវភៅ “នៅពេលពពកធ្លាក់ពីលើមេឃ (វគ្គ២)
- សម្ភាសអ្នកនិពន្ធសៀវភៅ “នៅពេលពពកធ្លាក់ពីលើមេឃ (វគ្គ១)
- សាលាក្ដីខ្មែរក្រហមចែកសៀវភៅសាលក្រមដល់និស្សិត
- សាលាក្ដីខ្មែរក្រហមកោះហៅអ្នកនិពន្ធភាពយន្តឯកសារឲ្យផ្ដល់សក្ខីកម្មសំណុំរឿង០០២វគ្គ២
- បទសម្ភាសន៍អំពីភាពចម្រូងចម្រាសរវាងសហចៅក្រមស៊ើបអង្កេតជាតិនិងអន្តរជាតិ