ក្រសួង​សេដ្ឋ​កិច្ចណែនាំមន្ត្រីក្រោម​​ឱវាទប្រើប្រាស់​រថយន្ត​រដ្ឋ​ឲ្យបាន​ត្រឹម​ត្រូវ​

ដោយ៖​ ទូច សុខា​ | ថ្ងៃសុក្រ ទី29 ឧសភា 2015
http://vodhotnews.com

ក្រ​សួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ ​បាន​ចេញ​សេចក្តី​ណែ​នាំមួយ​​ឲ្យ​មន្ត្រី​របស់​ខ្លួន​ប្រើ​ប្រាស់​រថ​យន្ត​របស់​រដ្ឋ​ឲ្យបាន​ត្រឹម​ត្រូវ និង​​មិន​ត្រូវ​ប្រើ​ប្រាស់​នៅ​ក្រៅ​ម៉ោងដែល​ខ្លួន​បំពេញ​ភារកិច្ចនោះទេ​។

យោងតាម​សេចក្តីណែនាំ ចេញផ្សាយ​​កាល​ពី​ថ្ងៃព្រហស្បតិ៍​ ក្រ​សួង​សេដ្ឋ​កិច្ចបាន​​ក្រើន​រំឭក​​មន្ត្រី​ក្រោម​ឱវាទ​​ក្រ​សួង​ឲ្យបើក​បរ​រថយន្ត​ដែល​មាន​ស្លាក​លេខ​រដ្ឋ​ ដោយ​គោរព​ភ្លើង​ចរាចរណ៍ និង​ស្លាក​សញ្ញា​ចរាច​រណ៍​​ឲ្យ​​បាន​​ត្រឹម​ត្រូវ។ ក្នុង​សេចក្តីណែនាំដដែល​ ក្រសួង​ក៏​បាន​ណែនាំ​មន្ត្រី​ក្រោម​ឱវាទ​ក្រ​សួង​ទាំង​អស់​មិន​ត្រូវអនុញ្ញាត​ឲ្យ​បុគ្គល​ដទៃ​ប្រើ​ប្រាស់​រថ​យន្ត​​នេះ​ ​ក្នុង​គោល​បំណង​ផ្សេង​ក្រៅ​ពី​បំពេញ​ភារកិច្ច​របស់​ខ្លួន​ឡើយ។

សេចក្តី​ណែ​នាំ​ដដែល​បន្ត​ថា មន្ត្រីដែល​ប្រើ​ប្រាស់​រថយន្ត​មាន​ស្លាកលេខ​​រដ្ឋ​ទាំង​អស់​មិន​ត្រូវ​បើ​បរ​រថយន្ត​ទាំង​នោះ​ទៅ​កន្លែង​កំសាន្ត​ដូច​ជា កន្លែងក្លឹបកំសាន្ត កន្លែងខារ៉ាអូខេ និងកន្លែង​ម៉ាស្យា​ជា​ដើម។​

​អ្នកសម្របសម្រួល​បណ្តា​ញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម នៅ​អាស៊ី​បូ​ព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​កម្ពុជា​លោក សន ជ័យ មានប្រសាសន៍​ថា​​ក្រ​សួង​ស្ថាប័ន​នីមួយៗ ​ត្រូវ​ចេញ​សេចក្តី​ណែ​នាំ​ឲ្យ​បាន​ច្បាស់​លាស់​ទៅ​មន្ត្រី​របស់​ខ្លួន​ក្នុង​ការ​ប្រើ​ប្រាស់​រថយន្ត​របស់​រដ្ឋ។ លោក​ថាការ​ណែនាំ គឺ​ដើម្បី​ចៀសវាងការ​ដែល​​មន្រ្តី​របស់​ខ្លួន​យក​រថយន្ត​រដ្ឋ​ទៅ​ប្រើ​ប្រាស់​ក្រៅ​ម៉ោង​ធ្វើ​ការ ដែល​អាច​ធ្វើ​ឲ្យ​កើត​មាន​ទំនាស់​ផល​ប្រ​យោជន៍ និង​ខាត​បង់​ដល់​ថវិការបស់​រដ្ឋ​​ក្នុង​ការ​ចំណាយ​លើ​ថ្លៃ​ជួស​ជុល។

លោក សន ជ័យ បាន​ប​ន្ថែមថា​«ចំណុច​ហ្នឹង​បើ​និយាយ​ពី​ប្រ​ព័ន្ធ​របស់​រដ្ឋ​វិញ​ រដ្ឋ​ខ្វះ​គោល​ការណ៍​ណែ​នាំ​នៃការ​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​រដ្ឋ​ឲ្យ​មាន​និរន្តរភាព​ ហើយ​បើ​សិន​ជា​កិច្ច​ការ​ហ្នឹង​អនុវត្តបែប​នឹង​តទៅ​ទៀត នៅ​តែ​បណ្តោយ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ទ្រព្យ​សម្បតិ្តរដ្ឋ​សម្រាប់​បុព្វហេតុ​បុគ្គលហ្នឹងទៀត ពេល​នោះ​រដ្ឋ​នឹង​ត្រូវ​ប្រ​ឈម​នឹង​ការ​ចំណាយ​ច្រើន​ទៅ​លើ​សម្ភារៈបែប​នេះ ហើយ​អ្វី​ដែល​ខាត​ប្រ​យោជន៍ ​គឺ​ប្រ​ជា​ពល​រដ្ឋ នៅ​ពេល​ដែល​យើង​ចង់​ឲ្យ​មាន​កញ្ចប់​ថវិកា​ច្រើន​សម្រាប់​ប្រ​ជាពល​រដ្ឋ​»

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ​ ឲ្យ​ដឹង​ថានៅ​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ត្រឹម​ត្រូវ​គេ​មិន​អាច​យក​រថ​យន្ត​របស់​រដ្ឋ​ទៅ​ប្រើ​ប្រាស់​សម្រាប់​ប្រ​យោជន៍​ឯកជននោះ​ទេ។ ប៉ុន្តែ​លោក​ថានៅ​ប្រ​ទេស​កម្ពុជា​ លោក​សង្កេត​ឃើញ​​មន្ត្រី​សាធារណៈរបស់​រដ្ឋ​មួយ​ចំនួ​ន​បាន​យក​រថ​យន្ត​របស់​រដ្ឋ​មក​ប្រើ​សម្រាប់​ប្រ​យោជន៍​ផ្ទាល់​ខ្លួន។

លោក យឹម សុវណ្ណ​ ឲ្យ​ដឹង​ដែរ​ថានៅ​កម្ពុជា​ការ​គ្រប់​គ្រង​ការ​ចេញ​ស្លាក​លេខ​រដ្ឋ​ទៅ​ឲ្យ​បុគ្គល​ឯក​ជន​ប្រើ​ប្រាស់​​ក៏​​នៅ​​តែ​​កើត​​មាន​​ដែរ​។ លោក​ថាករណី​បែប​នេះអាច​ធ្វើ​ឲ្យ​ជន​ទាំង​នេះ​យក​រថ​យន្ត​នោះទៅ​ប្រ​ព្រឹត្ត​បទ​​ល្មើ​ស​ផ្សេងៗ​បាន។ លោក​ស្នើ​ឲ្យ​ក្រ​សួង​ពាក់​ព័ន្ធ​រឹត​បន្តឹង​ទៅ​លើ​ការ​ចេញ​ស្លាក​លេខ​រដ្ឋ​នេះ៕​

​សរសេរ​មក​កាន់​លោក ទូច សុខា តាម​រយៈ sokha@vodhotnews.com   ​ 

What Next?

Recent Articles

One Response to "ក្រសួង​សេដ្ឋ​កិច្ចណែនាំមន្ត្រីក្រោម​​ឱវាទប្រើប្រាស់​រថយន្ត​រដ្ឋ​ឲ្យបាន​ត្រឹម​ត្រូវ​"

  1. ឆ្មាខ្មៅ says:

    លោករដ្ឋមន្រ្តីត្រូវធ្វើគំរូគេ កំុយករថយន្តរដ្ឋដឹកប្រពន្ឋទៅផ្សារឬដឹកកូនទៅរៀនមិនល្អមើលទេខ្មាស់រាស្រ្ត!