ដោយ៖ ស៊ុន ណារិន | ថ្ងៃសុក្រ ទី29 ឧសភា 2015
http://vodhotnews.com
ក្រសួងការបរទេសកម្ពុជា ឲ្យដឹងថាពលករខ្មែររងគ្រោះដែលចាញ់បោកធ្វើការលើទូកនេសាទក្រៅប្រទេសប្រមាណ២០០នាក់បន្ថែមទៀត នឹងត្រូវបញ្ជូនមកកម្ពុជានៅចុងខែមិថុនា ឆ្នាំ២០១៥នេះ បន្ថែមពីលើពលករខ្មែរ៦០នាក់ទៀត ដែលនឹងត្រូវបញ្ជូនមកកម្ពុជានៅចុងខែឧសភា និងដើមខែមិថុនា ឆ្នាំ២០១៥។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃសុក្រនេះ ឲ្យដឹងថាស្ថានទូតកម្ពុជាបានសហការជាមួយអាជ្ញាធរឥណ្ឌូនេស៊ី ដើម្បីជួយសង្គ្រោះពលករខ្មែរចំនួន១៩៩នាក់ពីទូកនេសាទថៃក្នុងតំបន់កោះអំបុន(Ambon) ប្រទេសឥណ្ឌូនេស៊ី។ សេចក្តីប្រកាសបន្តថាដោយពលករខ្មែរទាំង១៩៩នាក់មិនមានលិខិតឆ្លងដែន ស្ថាតទូតនឹងចេញលិខិតបើកផ្លូវឲ្យ និងបានអន្តរាគមន៍ឲ្យទូកនេសាទថៃ បើកប្រាក់បៀវត្សរ៍ និងចេញសោហ៊ុយធ្វើដំណើរមកកម្ពុជាវិញនៅចុងខែមិថុនា ឆ្នាំ២០១៥នេះ។
អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង មានប្រសាសន៍ថាពលករខ្មែរ១៩៩នាក់នេះ គឺបន្ថែមពីលើពលករខ្មែរ៦០នាក់ ដែលនឹងត្រូវបញ្ជូនមកកម្ពុជានៅចុងខែឧសភា និងដើមខែមិថុនាក្រោយនេះ។
លោកបញ្ជាក់ថាពលករខ្មែរសរុប៤៧នាក់ នឹងត្រូវបញ្ជូនមកនៅដើមខែមិថុនាខាងមុខនេះ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ប្រជានេសាទ៧នាក់នឹងមកដល់នៅថ្ងៃទី២៩ ខែឧសភា ៦នាក់នឹងមកដល់នៅថ្ងៃទី៣០ ខែឧសភា និង៨នាក់ទៀតនឹងមកដល់នៅថ្ងៃទី២ ខែមិថុនា។
លោក កុយ គួង បានបញ្ជាក់ពីមូលហេតុនៃការបញ្ជូនពលករខ្មែរច្រើនមកកម្ពុជាវិញថា«យើងមិនដឹងច្បាស់ទេ។ ខ្ញុំគិតថាអាចមកពីយុទ្ធនាការខាងរដ្ឋាភិបាលថៃ ក្នុងបង្រ្កាបការជួញដូរមនុស្ស ការធ្វើការដោយបង្ខំជាដើម»។
ប្រធានគម្រោងរបស់ IOM នៅក្នុងរាជធានីភ្នំពេញ លោក ប្រេដ ឌីកសុន (Brett Dickson) ប្រាប់VODតាមរយៈអ៊ីម៉េលកាលពីថ្ងៃព្រហស្បតិ៍ថាអង្គការកំពុងតែធ្វើការជាមួយស្ថានទូតកម្ពុជានៅក្នុងប្រទេសឥណ្ឌូនេស៊ី ទៅលើបុរស៧០នាក់ ដែលក្នុងនោះមានស្រ្តីម្នាក់ផងដែរ។ លោកបញ្ជាក់ថា«បុរសទាំងនោះកំពុងតែឆ្លងកាត់ដំណាក់កាលបញ្ជាក់អត្តសញ្ញាណ ដែលធ្វើឡើងដោយអង្គការ និងបុគ្គលិកទូតកម្ពុជា។ នៅសប្តាហ៍ក្រោយ យើងរំពឹងថាកុងស៊ុលនឹងចេញលិខិតបញ្ជាក់អត្តសញ្ញាណ និងឯកសារធ្វើដំណើរ ដើម្បីឲ្យបុរស និងស្រ្តីម្នាក់នោះអាចធ្វើដំណើរទៅកម្ពុជាវិញ ដោយសុវត្ថិភាព»។
យោងតាមទិន្នន័យរបស់អង្គការអន្តរជាតិដើម្បីទេសន្តរប្រវេសន៍ ក្នុងឆ្នាំ២០១៤ អង្គការបានជួយជនរងគ្រោះខ្មែរដែលចាញ់បោកលើទូកនេសាទចំនួន៩៨នាក់ ហើយចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៥ អង្គការបានជួយជនរងគ្រោះខ្មែរ៨១នាក់ពីប្រទេសឥណ្ឌូនេស៊ី។
កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ ពលករខ្មែររងគ្រោះដែលចាញ់បោកធ្វើការលើទូកនេសាទ៥៨នាក់ ត្រូវបានបញ្ជូនមកកម្ពុជា ក្រោមកិច្ចអន្តរាគមន៍ពីក្រសួងការបរទេសកម្ពុជា និងអង្គការទេសន្តប្រវេសន៍ ដោយរកឃើញថាពួកគេបានចាញ់បោកមេខ្យល់យកទៅឲ្យធ្វើការដូចទាសករលើទូកនេសាទថៃ។
គួររំឭកថា ថ្មីៗនេះ អ្នកនេសាទជាង៣០០នាក់ត្រូវបានដោះលែងនាពេលថ្មីៗនេះដោយអាជ្ញាធរឥណ្ឌូនេស៊ី បន្ទាប់ពីមានការស៊ើបអង្កេតរយៈពេលជាយូរទៅលើចង្វាក់ផ្គត់ផ្គង់អាហារសមុទ្ររបស់អ្នកកាសែតAssociated Press(AP)។ ភាគច្រើននៃកម្មករនេសាទទាំងនោះ មកពីប្រទេសមីយ៉ាន់ម៉ា ថៃ កម្ពុជា និងឡាវ។ បើតាមសារព័ត៌មានAP កម្មករទាំងនោះត្រូវបានឃុំឃាំងនៅក្នុងស្ថានភាពអាក្រក់នៅលើកោះដាច់ស្រយាលមួយ ដោយត្រូវបានគេបង្ខំឲ្យធ្វើការដូចជាទាសករនៅលើទូកនេសាទថៃដោយប្រតិបត្តិការនៅក្នុងដែនសមុទ្ររបស់ប្រទេសឥណ្ឌូនេស៊ី៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com