បទសម្ភាសន៍ជាមួយអ្នកជំនាញ អំពីការកើនឡើងនៃកម្តៅផែនដី និងផលប៉ះពាល់របស់វា​

ដោយ៖​ អុឹង ប៊ុនថន​ | ថ្ងៃសៅរ៍ ទី30 ឧសភា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

លោកបណ្ឌិត តឹក វណ្ណារ៉ា នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (រូប​ពី​ហ្វេសប៊ុក)

ការកើនឡើងកម្តៅនៃផែនដី នៅប៉ុន្មានខែចុងក្រោយនេះ ឃើញថា មានសភាពខុសប្លែកពីឆ្នាំកន្លងទៅ។

នៅកម្ពុជា កម្តៅបានកើនរហូតដល់៤០អង្សា នៅតាមតំបន់មួយចំនួន ដែលកម្តៅនេះមិនធ្លាប់មានពីមុនមកនោះទេ ។ ចំណែកនៅប្រទេសឥណ្ឌា កម្តៅផែនដីបានឡើងរហូតដល់៥០អង្សា បណ្តាលឲ្យស្លាប់ប្រជាជនជាង១៥០០នាក់នៅសប្តាហ៍នេះ ។ តើកត្តាអ្វីខ្លះដែលនាំឲ្យមានកម្តៅផែនដីចេះតែបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ?  ហើយវាផលប៉ះពាល់អ្វីខ្លះដល់វិស័យកសិកម្ម និងត្រូវបន្សាំខ្លួនដោយរបៀបណា?

សូមស្តាប់កិច្ចសម្ភាសន៍រវាង លោក អ៊ឹង ប៊ុនថន នៃវិទ្យុVODជាមួយលោកបណ្ឌិត តឹក វណ្ណារ៉ា នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា។

VOD​៖ តើប្រទេសណាខ្លះដែលរងផលប៉ះពាល់ជាអវិជ្ជមានដោយសារតែការប្រែប្រួលអាកាសធាតុហ្នឹង ចង់សំដៅទៅប្រទេសដែលអភិវឌ្ឍរីកចម្រើន ឬប្រទេសដែលក្រីក្រ? 

លោក តឹក វណ្ណារ៉ា​៖ បាទការប្រែប្រួលអាកាសធាតុហ្នឹង ផលប៉ះពាល់វាអាត់មានព្រំដែនទេ ។ អាកាសធាតុអត់មានព្រំដែនដូចព្រំដែនប្រទេសទេ ចឹងវាប៉ះពាល់ជាលក្ខណៈសកលហ្មង ហើយផលប៉ះពាល់នោះដូចលោកបានដឹងហើយគឺទី១ការកើនឡើងនៃកម្ដៅ ហើយទីពីរទាក់ទងការកើនឡើងកម្ពស់ទឹកសមុទ្រ ហើយផលប៉ះពាល់ដទៃហ្នឹងធ្វើឲ្យប៉ះពាល់ដល់សុខមាលភាពរបស់មនុស្ស ។ ទី១ដូចថាកម្ដៅកើនឡើងអញ្ចឹងធ្វើឲ្យមនុស្សស្លាប់ ធ្វើឲ្យមនុស្សពិបាកក្នុងការរស់នៅ មនុស្សយើងហ្នឹងត្រូវការរកធនធានដើម្បីន្ស៊ាំនឹងការឡើងកម្ដៅហ្នឹង ឧទាហរណ៍ត្រូវទិញម៉ាស៊ីនត្រជាក់ទិញអីដាក់ថែមទៀត ឬមួយត្រូវដាំដើមឈើឡើងវិញ អញ្ចឹងមានទាំងយន្តការកាត់បន្ថយ ហើយនិងយន្តការបន្សាំ ។

លោកបណ្ឌិតអាចពន្យល់បានទេថាតើយន្តការបន្សាំហ្នឹង តើមនុស្សម្នាក់ៗត្រូវបន្សាំយ៉ាងម៉េចទៅនឹងការប្រែប្រួលអាកាសធាតុហ្នឹង ជាពិសេសការកើនឡើងកម្ដៅយ៉ាងខ្លាំងហ្នឹង?

លោក តឹក វណ្ណារ៉ា​៖ យន្តការបន្សាំទាក់ទងការប្រែប្រួលអាកាសធាតុ ឧទាហរណ៍ដូចជាភ្លៀងយឺតរដូវអញ្ចឹង ដើម្បីបន្សាំភ្លៀងយឺតរដូវហ្នឹងបាន លុះត្រាតែយើងមានពូជដំណាំ ឬពូជស្រូវដែលមានលក្ខណៈខ្លី ទទួលបានផលល្អ ហើយអាចបន្សាំទៅនឹងអាកាសធាតុកើនកម្ដៅ ឬមួយមានទឹកភ្លៀងតិចអីជាដើម ។ នេះជាឧទាហរណ៍សាមញ្ញមួយទាក់ទងនឹងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ។ ទីពីរយើងអាចជីកស្រះ ឬជីកត្រពាំង ឬមួយក៏រក្សាទាក់ទងនឹងប្រព័ន្ធទឹកធម្មជាតិឲ្យនៅបានល្អ ដើម្បីឲ្យមានសំណើម អញ្ចឹងទាក់ទងធនធានទឹក មានប្រព័ន្ធធារាសាស្ត្រ ហើយប្រព័ន្ធទាក់ទងធនធានទឹកធម្មជាតិក៏ជាចំណុចមួយក្នុងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុដែរដែលយើងត្រូវគិតគូរ ។

VOD​៖ នៅលើពិភពលោក ប្រទេសឧស្សាហកម្មរីកចម្រើនហ្នឹង តើគេមានការបន្សាំហ្នឹងវាខុសគ្នាដូចម្ដេចជាមួយនឹងប្រទេសដែលមានការរីកអភិវឌ្ឍតិចតួចហ្នឹង គេយល់ដឹងពីការបន្សាំហ្នឹងយ៉ាងដូចម្ដេចដែរ?

លោក តឹក វណ្ណារ៉ា​៖ នៅប្រទេសដែលមានឧស្សាហកម្មជឿនលឿន ប្រទេសជឿនលឿនភាគច្រើនគេប្រើវិធានការទាក់ទងការកាត់បន្ថយ ឧទាហរណ៍ការកាត់បន្ថយទាក់ទងការប្រើប្រព័ន្ធធ្វើដំណើររួមគ្នា យន្តការធំៗ ឧទាហរណ៍ការកាត់បន្ថយទាក់ទងការបញ្ចេញឧស្ម័នពីរោងចក្រឧស្សាហកម្មធំៗ ហ្នឹងក៏ជាយន្តការមួយដែរ ហើយប្រើម៉ាស៊ីនទំនើបបញ្ចេញឧស្ម័នតិច ។ យើងឃើញថា សមត្ថភាពនៃការកាត់បន្ថយរបស់គេហ្នឹង គឺមានសមត្ថភាពខ្ពស់ អញ្ចឹងធ្វើឲ្យគេអាចទទួលហានិភ័យតិចពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ទោះបីផលប៉ះពាល់ហ្នឹងជាលក្ខណៈសាកលក៏ដោយ ប៉ុន្តែសមត្ថភាពនៃការកាត់បន្ថយ ហើយការបន្សាំរបស់គេខ្ពស់ ដោយសារគេមានឧបករណ៍បច្ចេកវិទ្យាទំនើបៗជាងយើង ។

VOD​៖ មានអ្នកជំនាញខ្លះទៀតលើកឡើងថា កត្តាដែលធ្វើឲ្យផែនដីឡើងកម្ដៅ ឬក៏ការប្រែប្រួលអាកាសធាតុ ឬក៏ផលផ្ទះកញ្ចក់ហ្នឹង ដោយសារតែការរីកចម្រើននៃប្រទេសឧស្សាហកម្មជឿនលឿន ធំៗ ហើយប្រទេសដែលមានឧស្សាហកម្មជឿនលឿនបញ្ចេញជាតិពុលធ្វើឲ្យស្រទាប់អូសូនស្ដើង ហើយមានយុទ្ធនាការកន្លងមកដែរថា ធ្វើយ៉ាងណាជួយបញ្ហាហ្នឹងដល់ប្រទេសក្រីក្រដែលអត់មានលទ្ធភាពក្នុងការបន្សាំ ។ តើលោកយល់យ៉ាងណាដែរចំពោះថវិកាដើម្បីជួយទៅដល់ប្រទេសក្រីក្រហ្នឹង ប្រទេសធំៗគេមានអនុម័តអីទេមកដល់ពេលហ្នឹង?

លោក តឹក វណ្ណារ៉ា​៖ បាទកន្លងមកគេមានការជួយគាំទ្រតាមរយៈមូលនិធិប្រែប្រួលអាកាសធាតុ គេហៅថាអារញ្ញប្បទានការប្រែប្រួលអាកាសធាតុ គឺជួយតាមយន្តការផ្សេងៗ ឧទាហរណ៍យន្តការថវិកា សម្រាប់កម្មវិធីទាក់ទងនឹងការបន្សាំនឹងការប្រែប្រូលអាកាសធាតុនៅក្នុងប្រទេសកំពុងអភិវឌ្ឍ ក៏ដូចយន្តការក្នុងការកាត់បន្ថយទាក់ទងការប្រែប្រួលអាកាសធាតុ ។ អញ្ចឹងគេផ្ទេរសមត្ថភាព ផ្ទេរបច្ចេកវិទ្យា ផ្ទេរចំណេះដឹងមកឲ្យប្រទេសកំពុងអភិវឌ្ឍ បូករួមធនធានមួយចំនួនហ្នឹង ដើម្បីឲ្យប្រទេសកំពុងអភិវឌ្ឍហ្នឹងគាត់មានលទ្ធភាពក្នុងការចួលរួមកាត់បន្ថយក៏ដូចជាការបន្សាំនឹងការប្រែប្រួលអាកាសធាតុហ្នឹង ។ ចំណុចទីពីរគេហៅថាតាមរយៈសន្និសីទអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុជារៀងរាល់ឆ្នាំដោយគេធ្វើឡើងនៅចុងខែ១១ហើយនិងដើមខែ១២ហ្នឹងគឺ ភាគីរដ្ឋដែលជាម្ចាស់ហត្ថលេខីសមាជិកUNRCC ហ្នឹងគាត់តែងតែទៅជួបជុំគ្នា ដើម្បីធ្វើការពិភាក្សាអំពីកម្រិតទាក់ទងគោលនយោបាយ ពិភាក្សាពីយន្តការក្នុងការបន្សាំ យន្តការក្នុងការកាត់បន្ថយហើយក៏ដូចជាការសម្រេចចិត្តទាក់ទងទៅលើការអនុម័តថវិកា ដើម្បីជម្រុញឲ្យប្រទេសកំពុងអភិវឌ្ឍក៏ដូចប្រទេសអភិវឌ្ឍហ្នឹងធ្វើកិច្ចការរួមគ្នា ដើម្បីកាត់បន្ថយឥទ្ធិពលទាក់ទងការប្រែប្រួលអាកាសធាតុ តាមយន្តការពីរដែលខ្ញុំបានលើកឡើងហើយ ។ ហើយមួយទៀតគឺមានទីផ្សារកាបោន ប្រទេសកម្ពុជាយើងគេអនុវត្តកម្មវិធីសាកល្បងពីរ គេហៅថាទីផ្សារកាបោន មួយនៅខេត្តឧត្តរមានជ័យ មួយទៀតនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយប្រទេសធំៗហ្នឹងគេទិញកាបោន ឧទាហរណ៍ពីការបញ្ចេញឧស្ម័នCO2ពីដើមឈើអីចឹងបាទ ។ ការបញ្ចេញកាបោនពីដើមឈើគេថ្លឹងជាតោនអីចឹងទៅណា ហើយបានថវិកាហ្នឹងមកមានន័យថាឲ្យចូលរួមចំណែកដល់សហគមន៍ក៏ដូចជារដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សាព្រៃឈើដែលយើងបានកំណត់ក្នុងកម្មវិធីហ្នឹង ។

VOD​៖ សំណួរចុងក្រោយ ជាយោបល់របស់លោកបណ្ឌិតផ្ទាល់ ដូចស្ថានភាពកសិករខ្មែរយើងសព្វថ្ងៃ តើពួកគាត់គួរតែបន្សាំខ្លួន ឬក៏រកវិធីណាដើម្បី ឲ្យពួកគាត់ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសការធ្វើកសិកម្មរបស់គាត់?

លោក តឹក វណ្ណារ៉ា​៖ កសិករខ្មែរទី១ រាជរដ្ឋាភិបាលត្រូវគិតគូរធ្វើឲ្យប្រសើរឡើងទាក់ទងប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធទឹក តាមរយៈគេហៅថា ប្រព័ន្ធប្រពៃណីមួយផ្នែកទៅ ទាក់ទងជីកស្រះជីកត្រពាំងតម្កល់ទឹកនៅក្នុងអាងធម្មជាតិឲ្យបានល្អប្រសើរ ។ ធ្វើឲ្យមានភាពប្រសើរឡើងទាក់ទងប្រព័ន្ធធារាសាស្ត្របែបទំនើប យើងអាចជីកប្រឡាយដែលធំៗប្រកបដោយគុណភាពក្នុងការស្តុកទឹក ឬមួយអាងទឹកធំៗដើម្បីស្តុកទឹកធានាថាខែប្រាំងឬមួយនៅពេលកសិករខ្វះទឹកគាត់អាចប្រើប្រាស់ទឹកហ្នឹងដើម្បីធ្វើកសិកម្ម ហើយបន្សាំទៅនឹងអាកាសធាតុក្ដៅផងដែរ ។ ហើយចំណុចទីពីរទាក់ទងនឹងពូជដំណាំក៏ត្រូវគិតគូរដែរ ដែលយើងត្រូវធ្វើការជ្រើសរើសពូជយ៉ាងម៉េច ធ្វើការបង្កាត់ពូជនៅក្នុងស្រុកយ៉ាងម៉េច ដើម្បីឲ្យពូជថ្មីហ្នឹងអាចសមស្របទៅនឹងស្ថានភាពអាកាសធាតុនៅពេលបច្ចុប្បន្ននេះ ស្ថានភាបនៃការប្រែប្រួលទឹកភ្លៀង ស្ថានភាពនៃការភ្លៀងមុនឬមួយយឺតរដូវឬមុនរដូវ អាហ្នឹងចំណុចទី៣ ចំណុចទី៤ពង្រឹងទាក់ទងចំណេះដឹងនៅថ្នាក់មូលដ្ឋានមានន័យថាធ្វើការអប់រំឲ្យប្រជាពលរដ្ឋប្រជាជនហ្នឹងគាត់មានលទ្ធភាព មានចំណេះដឹងហើយមានបទពិសោធអាចចូលរួមទៅនឹងការប្រែប្រួលអាកាសធាតុ ហើយចំណុចមួយទៀតដែលសំខាន់គឺត្រូវមានការបែងចែកថវិកាជាតិឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យមានលំហូរទៅដល់ផែនការថ្នាក់ឃុំសង្កាត់ ផែនការអភិវឌ្ឍឃុំ ផែនការវិនិយោគឃុំ ដើម្បីឲ្យសហគមន៍នៅក្នុងឃុំមួយៗហ្នឹងគាត់មានថវិកាក្នុងការប្រើប្រាស់សម្រាប់ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ព្រោះយើងមានគម្រោងអនុវត្តច្រើនណាស់នៅថ្នាក់ឃុំ ប៉ុន្តែអ្វីដែលគាត់ខ្វះខាតគឺគាត់ខ្វះខាតធនធាន ដើម្បីឲ្យគាត់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ៕

សូម​សរសេរ​មក​លោគ អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

One Response to "បទសម្ភាសន៍ជាមួយអ្នកជំនាញ អំពីការកើនឡើងនៃកម្តៅផែនដី និងផលប៉ះពាល់របស់វា​"

  1. ចៅ ងុយ says:

    ចេះមិនច្បាស់ទេ តែខំប្រឹងខ្លាំង