ឧបការីរង​ក្រសួង​​​ការបរទេសអាមេរិកនឹង​ពិភាក្សា​សេចក្តីព្រាង​ច្បាប់អង្គការជាមួយមន្រ្តីរដ្ឋាភិបាលកម្ពុជា​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃសៅរ៍ ទី30 ឧសភា 2015
http://vodhotnews.com


ឧបការីរង​ក្រសួង​​​ការបរទេសសហរដ្ឋអាមេរិក ដែល​ទទួលបន្ទុក​ផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោក Scott Busby (រូបភាពព្រីនស្រ្គីនពីវេបសាយក្រសួងការបរទេសអាមេរិក)

ឧបការីរង​ក្រសួង​​​ការបរទេសសហរដ្ឋអាមេរិក ដែល​ទទួលបន្ទុក​ផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោក Scott Busby នឹងមក​បំពេញទស្សនកិច្ច​នៅ​កម្ពុជា នៅ​ដើម​សប្តាហ៍ក្រោយ ដោយ​គ្រោង​​​នឹង​ពិភាក្សា​លើ​សេចក្តីព្រាង​ច្បាប់​ស្តីពីសមាគម និង​អង្គការក្រៅរដ្ឋាភិបាល​ ដែល​រដ្ឋាភិបាល​នឹង​ដាក់ឆ្លង​គណៈរដ្ឋមន្រ្តីនៅពេលខាងមុខនេះ។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃទី​២៩ខែឧសភា ឲ្យ​ដឹង​ថាលោក Scott Busbyនឹងមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា នៅថ្ងៃទី១ និង​ទី២ ខែមិថុនា ឆ្នាំ ២០​១៥​។ សេចក្តីប្រកាស​បន្ត​ថា​នៅក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកឧបការីរងនឹងជួបជា​មួយមន្រ្តីរាជ​រដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីពិភាក្សាបញ្ហាមួយចំនួន ដូចជាសេចក្តីព្រាងច្បាប់សមាគម និង​អង្គកា​រក្រៅរដ្ឋាភិបាល សិទ្ធិការងារ និងប្រធានបទផ្សេងទៀតទាក់ទងនឹងសិទ្ធិមនុស្ស។​ លោកឧបការីរងនឹងធ្វើសន្និសីទសារព័ត៌មាននៅ ថ្ងៃអង្គារ ទី២ ខែមិថុនា  នៅស្ថានទូតសហរដ្ឋអាមេរិក ទាក់​ទង​នឹង​ដំណើរ​ទស្សនកិច្ច​របស់លោក។​

ដំណើរ​ទស្សនកិច្ច​របស់​លោក​ធ្វើ​ឡើង​ស្រប​ពេល​ដែល​សង្គមស៊ីវិល​កំពុង​តែ​រិះគន់​លើ​សេចក្តីព្រាង​ច្បាប់​​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដោយ​​សង្គមស៊ីវិលបាន​​ទាម​ទារ​ឲ្យរដ្ឋាភិបាល​​បញ្ចេញ​សេចក្តីព្រាង​ជាសាធារណៈ ដើម្បី​ខ្លួន​អាច​ផ្តល់​យោបល់​។​ ដំណើរ​ទស្សនកិច្ច​នេះ​ក៏​ធ្វើ​ឡើង​ស្រប​ពេល​ដែល​សហជីព​កំពុង​តែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការធ្វើ​សេចក្តីព្រាង​ច្បាប់​ស្តីពីសហជីព ដោយ​ចាត់​ទុក​ថា​ច្បាប់នេះ​នឹង​រឹតត្បិតសេរីភាពសហជីព។

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន ឲ្យដឹងថារដ្ឋាភិបាលនឹងឆ្លងសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃសុក្រ ទី​០៥​ ខែមិថុនា សប្តាហ៍ក្រោយ។ លោកបន្តថាប្រសិនបើគណៈរដ្ឋមន្រ្តីមិនមានកែប្រែអ្វី ហើយសម្រេចឆ្លងលើសេចក្តីព្រាងច្បាប់នេះ រដ្ឋាភិបាល​នឹង​​ដាក់សេចក្តីព្រាងនេះទៅរដ្ឋសភា ដើម្បីពិនិត្យនៅពីរបីថ្ងៃបន្ទាប់ពីថ្ងៃទី០៥ ខែមិថុនា។

ថ្មីៗនេះ ក្រសួងមហាផ្ទៃបានអះអាងសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវបានធ្វើឡើងផ្អែកលើមូលដ្ឋានរដ្ឋធម្មនុញ្ញកម្ពុជា និងកតិកាសញ្ញាអន្តរជាតិ ដោយអំពាវនាវកុំឲ្យ​មាន​​ការ​ព្រួយបារម្ភពាក់ព័ន្ធនឹងការរឹតត្បិតសេរីភាព។

គួរ​រំឭកថា ថ្មីៗនេះ ក្រសួង​ការបរទេស​កម្ពុជាបានផ្ញើ​លិខិត​មួយ​ទៅ​ស្ថាន​ទូត​អាមេរិក​ប្រចាំកម្ពុជា ដោយ​​ក្រើន​រំឭកលោក វាលៀម ថដ ​​ពី​ការ​ជ្រៀតជ្រែកកិច្ច​ការ​កម្ពុជាពាក់​ព័ន្ធ​នឹង​ការ​ទិតៀន​​សេចក្តីព្រាង​ច្បាប់​អង្គការ។ ក្រសួង​ការបរទេសកម្ពុជា​ចាត់​ទុក​ថា​ការរិះគន់​នេះ​មា​ន​លក្ខណៈ«​ ព្រហើនខ្លាំង»។​

កាលពីថ្ងៃ​ទី​១៩ ខែឧសភា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា​រដ្ឋសភាកម្ពុជា​នឹងអនុម័តច្បាប់នានា​តាម​ការ​គ្រោង​ទុក​ បើ​ទោះ​ជា​មាន​ការ​​រិះគន់​ពី​សំណាក់​សង្គមស៊ីវិល​នានា និង​ទូតបរទេស​ក្នុង​ដំណើរ​ការ​អនុម័តច្បាប់អ្វីមួយ។ ​ លោក​បាន​លើ​កឡើង​ថា​​សង្គមស៊ីវិល និង​អង្គទូត​មិន​មែន​ជា​អ្នក​អនុម័តច្បាប់នោះទេ ប៉ុន្តែ​លោក​ថា​រដ្ឋាភិបាល​​ស្វាគមន៍​នឹង​ការ​ចូលរួម​ជា​យោបល់។​ លោក​បានថ្លែង​ថា«យើង​នឹង​បន្ត​ចេញច្បាប់​តាម​ដែល​ការកំណត់​របស់​យើង ព្រោះ​មាន​តែ​រដ្ឋសភា​ទេ ដែល​មាន​សិទ្ធិអនុម័តច្បាប់ មិនមែនអង្គការ​​ក្រៅរដ្ឋាភិបាល មិនមែន​ទូតបរទេសទេ ដែលមានសិទ្ធិ​អនុម័តច្បាប់​នោះ។ ពិតមែន​ហើយ​ យើង​ស្តាប់មតិ​យោបល់ផ្សេងៗ​ពីមជ្ឈ​ដ្ឋាន​នានា ដើម្បី​ឈាន​ទៅ​ដល់​ការកសាងនូវច្បាប់ ព្រោះ​ច្បាប់​មួយ​វាមិន​ពាក់​ព័ន្ធ​តែ​រដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែ​វា​ពាក់​ព័ន្ធ​នឹង​តួអង្គទាំងអស់ក្នុងប្រទេស»

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles

3 Responses to "ឧបការីរង​ក្រសួង​​​ការបរទេសអាមេរិកនឹង​ពិភាក្សា​សេចក្តីព្រាង​ច្បាប់អង្គការជាមួយមន្រ្តីរដ្ឋាភិបាលកម្ពុជា​"

  1. Judge says:

    Very glad to see international communities continue to participate in democratic process of Cambodia. Open minded in learning more about democracy and serving people is the best attitude towards changing ,for betterment of Cambodians and Cambodia.
    Samneang

  2. Chourn says:

    Wait to see what will happen if the Diputy Assistant Secretary of the US visiting Cambodia in the coming day. Does the Cambodian Govt. still stubborn to pass this new controversial law, while the International Community as well as the outside world’s eyes being carefully watched to the stubborn behaviour of Cambodian Govt.

  3. ?? says:

    that was important cases that right world community have to intervene . I do not think just HUN SEN leadership came up whit this controversial law. it have to come from their main process of secret leadership in this region. in democracy world if there is no association involve it can be a straight democracy. it mean those leaders or regime can do whatever they think they following democracy policy. it is the attitude of a stubborn person that trying to hole his powers forever. I knew that was an advice from their master it was not come up from this acknowledge leader. peace for all Cambodian