ដោយ ហង្ស សាវយុត
2015-06-29
RFA
កម្លាំងប៉ូលិសខ្លាហោះ និងកងរាជអាវុធហត្ថជាង ៥០នាក់ ត្រូវបានបញ្ជូនទៅរារាំងប្រជាពលរដ្ឋ១ក្រុមដែលមានអ្នកដឹកជញ្ជូនតាមរថយន្តដើម្បីទៅស្រែកតវ៉ាមិនឱ្យបោះឆ្នោតជ្រើសរើសតំណាងសហគមន៍កាណូត និងទូកអុំដឹកភ្ញៀវទេសចរនៅកំពង់ភ្លុក ដំណើរការទៅបាននៅថ្ងៃទី២៧ មិថុនា ឆ្នាំ២០១៥។ RFA/Hang Savyouth
ការបោះឆ្នោតជ្រើសរើសតំណាងសហគមន៍កាណូត និងទូកអុំ ដើម្បីដឹកភ្ញៀវទេសចរកម្សាន្តក្នុងបឹងទន្លេសាប នៃឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង កាលពីថ្ងៃទី២៧ ខែមិថុនា គឺត្រូវបង្ខំចិត្តពន្យារពេលមួយរយៈសិន ដោយមិនទាន់កំណត់ថា នឹងត្រូវប្រព្រឹត្តឡើងវិញនៅថ្ងៃណាច្បាស់លាស់នៅឡើយ។
ការបង្ខំចិត្តរំលាយចោលការបោះឆ្នោតជាបណ្ដោះអាសន្ននេះ បន្ទាប់ពីមនុស្សមួយក្រុមមកពីតំបន់ផ្សេង បានដឹកជញ្ជូនគ្នាតាមរថយន្តជាច្រើនគ្រឿង ចុះទៅឆាឆៅ និងស្រែកតវ៉ាឲ្យលុបចោលការបោះឆ្នោត ព្រមទាំងមានការប៉ះទង្គិចគ្នា បណ្ដាលឲ្យភាគីទាំងសងខាងរងរបួសធ្ងន់ និងស្រាលចំនួន ៥នាក់។
អាជ្ញាធរខេត្តសៀមរាប បានប្ដេជ្ញាចិត្តថានៅតែបន្តប្រឹងប្រែងដោះស្រាយការប្រឈមមុខដាក់គ្នារវាងប្រជាពលរដ្ឋពីរក្រុម ដែលកំពុងតែដណ្ដើមគ្នាលក់សំបុត្រកាណូត និងទូក ទៅឲ្យភ្ញៀវទេសចរដែលទៅទស្សនាបឹងទន្លេសាប ក្នុងឃុំកំពង់ភ្លុក ឲ្យមានសន្តិសុខជាស្ថាពរ។
ការប្ដេជ្ញាចិត្ត ជាមួយនឹងការព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើក្រុមអ្នកដែលអុកឡុក មិនឲ្យការបោះឆ្នោតជ្រើសរើសតំណាងសហគមន៍ អាចដំណើរការទៅបានផងនោះ គឺធ្វើឡើងបន្ទាប់ពីមនុស្សមួយក្រុមមកពីតំបន់ផ្សេង បានប៉ះទង្គិចគ្នាជាមួយប្រជាពលរដ្ឋនៅឃុំកំពង់ភ្លុក មួយប្រាវបណ្ដាលឲ្យរងរបួស ៥នាក់កាលពីថ្ងៃទី២៧ ខែមិថុនា កន្លងទៅ ហើយក្រុមអ្នកមកពីតំបន់ផ្សេងទាំងនោះ នៅតែស្រែកទាមទារឲ្យរំលាយចោលការបោះឆ្នោតជ្រើសរើសតំណាងសហគមន៍កាណូត និងទូកអុំ នៅឃុំកំពង់ភ្លុក ដដែល។
អភិបាលរងខេត្តសៀមរាប ដែលទៅឃ្លាំមើលដំណើរការបោះឆ្នោតជ្រើសរើសតំណាងសហគមន៍កាណូត និងទូកអុំ ដឹកភ្ញៀវទេសចរឃុំកំពង់ភ្លុក និងឃុំមានជ័យ គឺលោក ប៊ុន ថាឬទ្ធិ។ លោកចាត់ទុកមនុស្សមួយក្រុមដែលមានគ្នាប្រហែល ១០០នាក់ ដែលតវ៉ាហើយបង្កើតឲ្យមានអំពើហិង្សា កាលពីថ្ងៃទី២៧ ខែមិថុនា នោះថា ភាគច្រើនមិនមែនជាមនុស្សរស់នៅក្នុងឃុំកំពង់ភ្លុក និងមានជ័យ ទេ។ លោក ប៊ុន ថាឬទ្ធិ បានចាត់ទុកសកម្មភាពរបស់មនុស្សដែលលើកគ្នាទៅអុកឡុកដំណើរការបោះឆ្នោតជ្រើសរើសតំណាងសហគមន៍កាណូត និងទូកអុំ នៅឃុំកំពង់ភ្លុក មិនឲ្យដំណើរការទៅបាននោះ ថាជាការញុះញង់ និងធ្វើឲ្យប៉ះពាល់ដល់និរន្តរភាពរបស់សហគមន៍កំពង់ភ្លុក៖ «វាខុសហេតុផល មិនដឹងថាគាត់ចង់បានអី? សហគមន៍នេះជាសហគមន៍កំពង់ភ្លុក មានជ័យ ហើយគាត់ទៅប្រមូលមនុស្សពីមេជ្រៃ ស្រុកពួក ពីចុងឃ្នៀស ក្រុងសៀមរាប ពីកំពង់ឃ្លាំង ស្រុកសូទ្រនិគម មកទាមទារតវ៉ាទៅវិញ»។
ទោះយ៉ាងណា ក្រុមអ្នកតវ៉ាខ្លះបានអះអាងថា ពួកគេសុទ្ធតែជាអ្នករស់នៅឃុំកំពង់ភ្លុក ហើយធ្លាប់ទទួលរងភាពអយុត្តិធម៌ចំពោះការរកកម្រៃពីសេវាកម្មទេសចរណ៍។
បុរសម្នាក់ឈ្មោះ ឡុង សារិទ្ធ ក្នុងចំណោមអ្នកតវ៉ាជាច្រើនទៀត មានប្រសាសន៍ថា គាត់រស់នៅភូមិដីក្រហម។ ជាច្រើនឆ្នាំមកហើយ គ្រួសាររបស់គាត់ក្រីក្រដែលមានតែទូកតូចមួយ តែងសុំឲ្យមេឃុំកំពង់ភ្លុក ដាក់វេនដឹកភ្ញៀវទេសចរកម្សាន្តក្នុងបឹងទន្លេសាប ក៏ប៉ុន្តែអាជ្ញាធរមិនដាក់វេនឲ្យពួកគាត់ទេ គឺនិយមទៅលើតែអ្នកមានទូក និងកាណូតធំ ជាង ៧០គ្រួសារប៉ុណ្ណោះ៖ «ខ្លះប្រជាពលរដ្ឋអ្នកក្រ មានតែទូកកម្រោល មិនមានទូកស្មាច់ ត្រូវស្តង់ដារនឹងគេ គឺអត់ឲ្យចូលវេន។ គេគាំទ្រតែ ៧៤គ្រួសារ»។
អាជ្ញាធរឃុំកំពង់ភ្លុក ទទួលស្គាល់ថា ក្នុងចំណោមប្រជាពលរដ្ឋជាង ១០០នាក់ដែលលើកគ្នាទៅតវ៉ាឲ្យលុបចោលការបោះឆ្នោតជ្រើសរើសតំណាងសហគមន៍កាណូត និងទូកអុំនោះ គឺប្រហែល ២០នាក់ ជាប្រជាពលរដ្ឋដែលរស់នៅឃុំកំពង់ភ្លុក មែន ក៏ប៉ុន្តែភាគច្រើនមិនមែនជាអ្នកភូមិរស់នៅទីនេះទេ។
មេឃុំកំពង់ភ្លុក លោក នឹង នី មានប្រសាសន៍ថា ប្រជាពលរដ្ឋរបស់លោកដែលចូលរួមតវ៉ាជាមួយគេនោះ គឺជាគ្រួសារក្រីក្រដែលឃុំតែងតែផ្ដល់អាទិភាពឲ្យដឹកភ្ញៀវទេសចរទស្សនាបឹងទន្លេសាប និងផ្ដល់កម្រៃពីទេសចរឲ្យពួកគាត់ជារៀងរាល់ថ្ងៃ ក៏ប៉ុន្តែអ្វីដែលពួកគាត់ទៅចូលរួមប្រឆាំងជាមួយក្រុមមនុស្សផ្សេង គឺដោយសារតែក្រុមនោះសន្យាថា នឹងទិញទូកស្មាច់ចែកឲ្យពួកគាត់ ព្រមទាំងដាក់វេនឲ្យដឹកភ្ញៀវទេសចរបានច្រើនជាងសហគមន៍កំពង់ភ្លុក។ លោកមេឃុំកំពង់ភ្លុក សម្ដែងការសោកស្ដាយចំពោះការបោះឆ្នោតជ្រើសរើសតំណាងសហគមន៍កាណូត និងទូកអុំ នៅឃុំកំពង់ភ្លុក ដែលមិនអាចដំណើរការទៅបាននេះ៖ «ការបោះឆ្នោតសហគមន៍ កាលបរិច្ឆេទថ្ងៃនេះក្រោមអធិបតីភាពរបស់អភិបាលរងខេត្ត គឺមានក្រុមមនុស្សមកអុកឡុក មិនឲ្យដំណើរការទៅបាន។ មានបុគ្គលមួយចំនួនមកឆ្កឹះឆ្កៀលបំបែកបំបាក់ប្រជាពលរដ្ឋរបស់ខ្ញុំ»។
អាជ្ញាធរឃុំកំពង់ភ្លុក បានដាក់ការសង្ស័យថា មេខ្លោងដែលដឹកនាំប្រជាពលរដ្ឋឲ្យតវ៉ានោះ គឺជាមនុស្សរបស់ក្រុមហ៊ុន ស៊ូជីង ដែលប្រកបរបរសេវាកម្មទេសចរណ៍ក្នុងបឹងទន្លេសាប នៅតំបន់ចុងឃ្នៀស ក្រុងសៀមរាប។
បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសលុបចោលអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុន ស៊ូជីង និងក្រុមហ៊ុនកូរ៉េ ស៊ីផេក (SEAPAC) មិនឲ្យរកកម្រៃទេសចរណ៍នៅបឹងទន្លេសាប កំពង់ភ្លុក មក កាលពីថ្ងៃទី២៧ ខែមិថុនា អាជ្ញាធរបានរៀបចំការបោះឆ្នោតជ្រើសរើសតំណាងសហគមន៍កាណូត និងទូកអុំ នៅឃុំកំពង់ភ្លុក ក៏ប៉ុន្តែនៅពេលដែលដំណើរការគ្រោងនឹងចាប់ផ្ដើម គឺមានមនុស្សប្រហែលជាង ១០០នាក់ ត្រូវគេដឹកជញ្ជូនតាមរថយន្តជាច្រើនគ្រឿង ទៅស្រែកតវ៉ាទាមទារឲ្យរំលាយចោលការបោះឆ្នោតនោះ ព្រមទាំងផ្ទុះឡើងនូវអំពើហិង្សាដោយគប់ដុំឥដ្ឋដាក់គ្នា ព្រមទាំងមានខ្លះប្រើដាវសាម៉ូរ៉ៃផង បណ្ដាលឲ្យមនុស្សទាំងសងខាងរបួសធ្ងន់ និងស្រាលចំនួន ៥នាក់។
ក្រោយពីការផ្ទុះឡើងនូវអំពើហិង្សា ព្រមទាំងការតវ៉ាតានតឹងដោយទាមទារឲ្យរំលាយចោលការបោះឆ្នោតផងនោះ អាជ្ញាធរក៏សម្រេចលើកពេលនៃការបោះឆ្នោតនេះមួយរយៈសិន។
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តសៀមរាប លោក នូ ពុទ្ធិ សម្ដែងការសោកស្ដាយចំពោះការប្រឈមមុខដាក់គ្នារវាងប្រជាពលរដ្ឋពីរក្រុម ដែលដណ្ដើមគ្នាលក់សំបុត្រឲ្យភ្ញៀវទស្សនាបឹងទន្លេសាប កំពង់ភ្លុក រហូតដល់កើតចេញជាអំពើហិង្សានេះ។ អង្គការលីកាដូ អំពាវនាវឲ្យអាជ្ញាធរទាំងខេត្តសៀមរាប និងស្រុកប្រាសាទបាគង គឺត្រូវតែចាត់វិធានការយ៉ាងណា ធ្វើឲ្យសន្តិសុខកើតមាននៅតំបន់កំពង់ភ្លុក ឡើងវិញ ព្រោះជាតំបន់ទាក់ទាញភ្ញៀវទេសចរដ៏សំខាន់មួយនៅខេត្តសៀមរាប។
អភិបាលរងខេត្តសៀមរាប លោក ប៊ុន ថាឬទ្ធិ បញ្ជាក់ថា អាជ្ញាធរកំពុងប្រឹងប្រែងធ្វើឲ្យដំណើរការបោះឆ្នោតជ្រើសរើសតំណាងសហគមន៍កាណូត និងទូកអុំនៅឃុំកំពង់ភ្លុក ឲ្យកើតមានទាល់តែបាន ព្រមទាំងកសាងសំណុំរឿងអ្នកដែលទៅអុកឡុកនោះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋពីរក្រុមនៅស្រុកប្រាសាទបាគងដណ្ដើមគ្នាលក់សំបុត្រទូកជិះកម្សាន្តបឹងទន្លេសាប
- អ្នកជំនាញ២៧នាក់មកពីភូមាសិក្សាពីជំនាញថែរក្សានិងអភិរក្សបេតិកភណ្ឌពីអាជ្ញាធរអប្សរា
- រមណីយដ្ឋានប្រវត្តិសាស្ត្រសំបូរព្រៃគុកនៅខេត្តកំពង់ធំមិនសូវមានភ្ញៀវក្រោយចូលឆ្នាំ
- យូណេស្កូ៖ ឥណ្ឌាចម្លងតាមរចនាបថប្រាសាទអង្គរវត្តជាកិត្តិយសខ្មែរ
- ទេសចរទៅលេងក្រុងព្រះសីហនុកើនច្រើននៅថ្ងៃបុណ្យចំរើនព្រះជន្មព្រះមហាក្សត្រ
- ទេសចរនិងសង្គមស៊ីវិលស្នើនាយករដ្ឋមន្ត្រីអន្តរាគមន៍បើករបងថ្មហ៊ុមព័ទ្ធឆ្នេរសមុទ្រ
- ស្នងការនគរបាលខេត្តព្រះសីហនុបញ្ជាឲ្យមន្ត្រីក្រោមឱវាទបង្ក្រាបបទល្មើសគ្រប់ប្រភេទ
- ភ្ញៀវទេសចរបន្តរិះគន់អាជ្ញាធរខេត្តព្រះសីហនុថាគ្រប់គ្រងកាកសំណល់មិនបានល្អ
- សង្គមស៊ីវិលនិងពលរដ្ឋស្នើស្នងការនគរបាលថ្មីខេត្តព្រះសីហនុបង្ក្រាបចោរកម្មនិងគ្រឿងញៀន