កុមារ​កម្ពុជា​ប្ដេជ្ញា​​ចូល​រួម​ទប់ស្កាត់​ជំងឺ​គ្រុនឈាម

ដោយ សិរីមុនី
2015-06-30
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

កុមារ គ្រុនឈាម ៦២០
កុមារ​នៅ​សាលា​បឋម​សិក្សា​ភ្នំពេញ​ថ្មី រាជធានី​ភ្នំពេញ បើក​បដា​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុនឈាម កាល​ពី​ថ្ងៃ​ទី​២៩ មិថុនា ឆ្នាំ​២០១៥។ RFA/Sireymuny


មន្ត្រី​ក្រសួង​សុខាភិបាល​អះអាង​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​ជំងឺ​គ្រុន​ឈាម ២៩ មិថុនា ថា ករណី​ជំងឺ​គ្រុនឈាម​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៥ នេះ ​​កើន​ឡើង​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៤។ ប៉ុន្តែ​អត្រា​នេះ​គឺ​ទាប​ជាង​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​អាស៊ាន​ រួមមាន ថៃ វៀតណាម ជាដើម។

កុមារ​ជា​ច្រើន​នាក់​ក្នុង​ដៃ​កាន់​ក្រដាស និង​បដា​ព័ត៌មាន​ស្តីពី​កិច្ច​ការពារ​ជំងឺ​គ្រុនឈាម ប្រកប​ដោយ​ទឹក​មុខ​ញញឹម​យ៉ាង​ស្រស់ ប៉ុន្តែ​ហាក់​មាន​ក្តី​បារម្ភ​នឹង​ការ​ឆ្លង​ជំងឺ​គ្រុន​ឈាម។ ទិវា​គ្រុនឈាម​ឆ្នាំ​នេះ កុមារា កុមារី ជា​ច្រើន​ចូលរួម​ដើម្បី​ឈ្វេងយល់​ស្តីពី​ប្រភព​នៃ​ការ​ឆ្លង​ជំងឺ​គ្រុនឈាម និង​ការ​ការពារ ហើយ​ថែម​ទាំង​ស្រែក​ប្ដេជ្ញា​ចិត្ត​ចូលរួម​កម្ចាត់​ជំងឺ​គ្រុនឈាម​ពី​កម្ពុជា។

របាយការណ៍​ក្រសួង​សុខាភិបាល​បង្ហាញ​ថា កុមារ​កម្ពុជា ៣​នាក់ ស្លាប់​ដោយសារ​ជំងឺ​គ្រុនឈាម​ក្នុង​រយៈពេល ៦​ខែ ដើម​ឆ្នាំ​២០១៥។ ទិន្ន័យ​ដដែល​បង្ហាញ​ទៀត​ថា ឆ្នាំ​២០១៥ កម្ពុជា មាន​ករណី​ជំងឺ​គ្រុនឈាម​ចំនួន ១.៣៤៦​ករណី គឺ​ទាប​ជាង​ប្រទេស​ជិត​ខាង ដែល​វៀតណាម មាន​ជំងឺ​គ្រុនឈាម​ជាង ៣​ពាន់​ករណី និង​ម៉ាឡេស៊ី ជាង ១​ម៉ឺន​ករណី។

ទិវា​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុន​ឈាម​ឆ្នាំ​នេះ ប្រធានបទ​ស្តីពី “ការ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម​ផ្ដើម​ចេញ​ពី​គ្រួសារ​អ្នក” នៅ​សាលា​បឋមសិក្សា​ភ្នំពេញ​ថ្មី រាជធានី​ភ្នំពេញ។

​គ្រូ​បង្រៀន​នៅ​​សាលា​បឋមសិក្សា​ភ្នំពេញ​ថ្មី អ្នកគ្រូ ហេង មាន​ប្រសាសន៍​ថា អ្នកគ្រូ​តែង​បង្រៀន​កូន​សិស្ស​ឲ្យ​ចេះ​ការពារ​ជំងឺ​គ្រុន​ឈាម​តាម​រយៈ​ការ​គេង​ក្នុង​មុង ពាក់​អាវ​ដៃ​វែង​​គ្រប់​ពេល មិន​ត្រូវ​លេង​ក្នុង​ទី​ងងឹត និង​បើ​សង្ស័យ​ថា​មាន​ជំងឺ​គ្រុនឈាម ឪពុក​ម្ដាយ​ត្រូវ​ប្រញាប់​បញ្ជូន​កូន​ទៅ​មន្ទីរពេទ្យ។

កុមារី​ម្នាក់​ដែល​ធ្លាប់​កើត​ជំងឺ​គ្រុនឈាម​និយាយ​ថា ប្អូន​ធ្លាប់​កើត​ជំងឺ​គ្រុនឈាម កាល​ពី​អាយុ ១០​ឆ្នាំ ដោយ​ប្អូន​ចូល​ចិត្ត​ដើរ​លេង​ច្រើន និង​មិន​គេង​ក្នុង​មុង៖ «ក្តៅ​ខ្លួន ហត់ ចង់​តែ​ដេក ហើយ​ពេល​យើង​ក្ដៅ​ខ្លួន​ខ្លាំង​ចង់​តែ​បិទ​ភ្នែក»

​ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម​ប្រចាំ​កម្ពុជា លោក​វេជ្ជបណ្ឌិត លាង ឫទ្ធា មាន​ប្រសាសន៍​ថា ការ​កើន​ឡើង​នៃ​ជំងឺ​គ្រុនឈាម​ឆ្នាំ​នេះ ដោយសារ​ពលរដ្ឋ​នៅ​ពេល​ដែល​សង្ស័យ​ថា មាន​ជំងឺ​គ្រុនឈាម​បាន​មក​រក​សេវា​ព្យាបាល​ជំងឺ​គ្រុនឈាម​នៅ​មណ្ឌល​សុខភាព​តាម​ស្រុក​នីមួយៗ ដែល​ជា​ដំណោះស្រាយ​សម្រាប់​ក្រសួង​សុខាភិបាល​អាច​សរុប​ទិន្នន័យ​ងាយ​ស្រួល។

លោក​បន្ថែម​ថា ក្នុង​ចំណោម​មនុស្ស ១​ពាន់​នាក់ មាន​អ្នក​កើត​ជំងឺ​គ្រុនឈាម ចំនួន ៦​នាក់។ លោក​បញ្ជាក់​ថា ខេត្ត​ដែល​ប្រឈម​នឹង​ជំងឺ​គ្រុនឈាម​ខ្លាំង​ជាង​គេ គឺ​កំពង់ចាម សៀមរាប កណ្តាល ភ្នំពេញ បន្ទាយមានជ័យ កំពង់ធំ ព្រៃវែង និង​កពង់ស្ពឺ។ លោក​វេជ្ជបណ្ឌិត​បន្ត​ថា ដើម្បី​អាច​ទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម​បាន​ពលរដ្ឋ​កម្ពុជា ត្រូវ​ចូលរួម​ទាំង​អស់​គ្នា ជា​ពិសេស​ឪពុក​ម្ដាយ លោកគ្រូ អ្នកគ្រូ និង​ការ​ចូលរួម​របស់​សហគមន៍។

លោក​វេជ្ជបណ្ឌិត លាង ឫទ្ធា៖ «ទឹក​ពាង​ដែល​មិន​ប្រើប្រាស់​ត្រូវ​លាង​ផ្កាប់ ទឹក​ពាង​ដែល​ប្រើប្រាស់​ជា​ប្រចាំ​ត្រូវ​គ្រប ថូ​ផ្កា​ឧស្សាហ៍​ដូង​ឲ្យ​បាន​ញឹកញាប់ ក្មេងៗ ប្អូនៗ កូន​តូចៗ​ត្រូវ​ពាក់អាវ​ដៃ​វែង​គ្រប់​ពេល ហើយ​ក្មេងៗ​មិន​ត្រូវ​លេង​ក្នុង​ទី​ងងឹត​ទេ ព្រោះ​អាច​ប្រឈម​នឹង​មូស​ខ្លា​ញី​ខាំ។ កំប៉ុង​ស្រាបៀរ ទឹក​ថ្លុក កង់ឡាន​ត្រូវ​លុប​ចោល​កុំ​មាន​ដង្កូវ​ទឹក​ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​មាន​មូស​ខ្លា​ញី ហើយ​ខាំ​យើង​បាន»

លោក​វេជ្ជបណ្ឌិត លាង ឫទ្ធា បន្ត​ថា ក្រុម​មនុស្ស​ងាយ​ឆ្លង​ជំងឺ​គ្រុនឈាម គឺ​កុមារ​មាន​អាយុ​ចន្លោះ​ពី ៣ ដល់ ៧​ឆ្នាំ មាន​កម្រិត​ខ្ពស់។ ជំងឺ​គ្រុនឈាម​ឆ្លង​តាមរយៈ​សត្វ​មូស​ខ្លា​ញី​ខាំ ដែល​ចូល​ចិត្ត​ខាំ​យើង​នៅ​ពេល​ថ្ងៃ និង​កន្លែង​ងងឹត ហើយ​មូស​ខ្លា​ញី​កើត​ចេញ​ពី​ដង្កូវ​ទឹក។ ទន្ទឹម​នឹង​នេះ​ដែរ ជំងឺ​គ្រុនឈាម​នៅ​កម្ពុជា មាន​សភាព​ប្រែប្រួល​តាម​រដូវ ដោយ​មាន​កម្រិត​ចម្លង​ខ្ពស់​នៅ​រដូវ​វស្សា គឺ​នៅ​ចន្លោះ​ខែ​មិថុនា ដល់​ខែ​សីហា។

ជំងឺ​គ្រុនឈាម​នៅ​ឆ្នាំ​២០១៥ នេះ​គិត​ត្រឹម​សប្តាហ៍ ទី​២៣ មាន​ចំនួន ១.៣៤៦​ករណី និង​ស្លាប់ ៣​នាក់ បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៤ មាន​ចំនួន ៧៩៨​ករណី និង​ស្លាប់ ៤​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles