​ឣ្ន​ក​វិភាគ​យល់ថា ការ​ដែល​វៀតណាម​រារាំង​ខ្មែរ​មិនឲ្យ​ទៅពិនិត្យ​បង្គោល​ព្រំដែន ជាម​ហិច្ឆ​តា​រំលោភ​ទឹកដី​​

ដោយ៖​ ញឹម សុខន​ | ថ្ងៃអង្គារ ទី30 មិថុនា 2015, 02:37 PM​
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ប្រជាពលរដ្ឋ​ និងអាជ្ញាធរ​វៀតណាម បាន​រារាំង​តំណាង​រាស្ត្រ និង​ប្រជាពលរដ្ឋ​ខ្មែរ មិន​ឲ្យ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​នៅខេត្ត​សៀមរាប កាលពីពេល​កន្លងមក (រូបថត៖ ហ្វេសប៊ុក​)


អ្នកវិភាគ និង​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​លើក​ឡើង​ថា ការ​ដែល​វៀតណាម​រារាំង​ពលរដ្ឋ​ខ្មែរ មិនឲ្យ​ទៅពិនិត្យ​ខ្សែ​បន្ទាត់​ព្រំដែន នៅ​ខេត្ត​ស្វាយរៀង​នា​ពេល​ថ្មីៗ​នេះ​បង្ហាញថា ប្រទេសជិតខាង​មួយ​នេះ នូវតែ​ចិញ្ចឹមចិត្ត​រំលោភ​យក​ទឹកដី​កម្ពុជា ខណៈ​អ្នកនយោបាយ​ខ្មែរ​កំពុង​ខ្វែងគំនិត​គ្នា ពី​ការកំណត់​ខ្សែ​បន្ទាត់​ព្រំដែន ។​

កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៥ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក រៀល ខេ​មរិ​ន្ទ្រ និង​ពលរដ្ឋ​មួយចំនួន​ទៀត​ប្រមាណ​ជា​១០​នាក់​បាន​រងរបួស ដែល​តំណាងរាស្ត្រ​បក្សប្រឆាំង​អះអាងថា ក្រុម​ជន​វៀតណាម​ទាំង​នោះ​មាន​កាន់ដំបង កាំភ្លើង ចូលមក​ក្នុង​ដី​ខ្មែរ​ជិត​៣​គីឡូម៉ែត្រ នៅ​ចំណុច​ភូមិ​គោកធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង ហើយ​វាយ​លើ​ពលរដ្ឋ​ខ្មែរ ។ 

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នយោបាយ លោក សូ ចន្ថា ឲ្យ VOD ដឹង​នៅ​ថ្ងៃទី​៣០ ខែ​មិថុនា​នេះ​ថា បើ​គេ​សិក្សា​ពី​ប្រវត្តិសាស្ត្រ ការ​ដែល​វៀតណាម​រារាំង​នេះ លោក​ថា​មិនមែន​ជា​រឿង​ចម្លែក​ទេ ដែល​វៀតណាម​ធ្លាប់​ដណ្តើមយក​ទឹកដី​កម្ពុជា​ក្រោម និង​ទីក្រុង​ចំប៉ា​កន្លងទៅ ។​

លោក សូ​ចន្ថា យល់ថា សកម្មភាព​រារាំង​របស់​វៀតណាម​លើ​ទឹកដី​ខ្មែរ ហើយ​គ្មាន​កិច្ច​អន្តរាគមន៍ ទាន់​ពេល​ពី​អាជ្ញាធរ​ខ្មែរ​ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​នោះ​បង្ហាញ​ថា អាជ្ញា​កម្ពុជា​ហាក់​ខ្វះ​ស្មារតី​ការពារ​បូរណភាព​ទឹកដី ។ លោក​ថា «​យើង​មើលឃើញ​ហើយ​ជាក់ស្តែង សេចក្តីប្រកាស​ព័ត៌មាន​របស់​អភិបាលខេត្ត​ស្វាយរៀង ដែល​លើកឡើង​ថា មិន​បាន​ជូនដំណឹង​ទៅ​អាជ្ញាធរ​ជា​មុខ ហើយ​មិន​បាន​ជូនដំណឹង​ទៅ​វៀតណាម​ជា​មុន ។ យើង​ចាំបាច់​អី ដែល​ជូនដំណឹង​ទៅ​វៀតណាម​ព្រោះ​ហ្នឹង​ជា​ដែន​អធិបតេយ្យភាព​កម្ពុជា ។ អ៊ីចឹង​វា​ឆ្លុះបញ្ចាំង​ថា កន្លែង​ហ្នឹង​អាជ្ញាធរ​មិន​ប្រើ​អ្វី​ដែល​ជា​កាតព្វកិច្ច​របស់ខ្លួន ក្នុង​ការការពារ​នោះទេ វា​ឆ្លុះបញ្ចាំង​កាន់តែ​ច្បាស់​ថា អធិបតេយ្យភាព​របស់​កម្ពុជា មាន​តែ​ក្នុង​ក្រដាស​ទេ ធាតុ​ពិត​គ្មាន​» ។​

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ស្វាគមន៍​នឹង​គំនិត​ជាតិនិយម ប៉ុន្តែ​លោក​បាន​ថ្កោលទោស​ចំពោះ​ហិង្សា​ដែល​បង្ករ​ដោយ​ភាគី​ទាំង​សងខាង​នេះ ។ មន្ត្រីជាន់ខ្ពស់​រូបនោះ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​នេះ ។​

​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច លើកឡើងថា បូរណភាព​ទឹកដី​គ្មាន​ប្រទេស​ណា អាច​រំលោភ​បាន​សូម្បីតែ​មួយ​ចង្អា​ម ។ លោក​ថា បើសិនជា​វៀតណាម​ពិតជា​បាន​ចូល​មក​ធ្វើ​សកម្មភាព​លើ​ទឹកដី​ខ្មែរ​ដូច​ការអះអាង​មែន​នោះ លោក​ថា​សកម្មភាព​នេះ​បង្ហាញ​ពី​អសមត្ថភាព​របស់​អាជ្ញា​ធរ​ព្រំដែន​កម្ពុជា ។ ប៉ុន្តែ​លោក​ថា បើ​ការលើក​ឡើង​ជា​រឿង​មិន​ពិត នោះ​ជា​ការ​បំប៉ោង​ដើម្បី​ផល​ប្រយោជន៍​នយោបាយ ។ លោក​ថា «​បើសិនជា​ប៉ូលីស​ព្រំដែន​ធ្វើ​មិនដឹងមិនឮ ហើយ​គេ​មក​ឈ្លានពាន​សល់​ពី​រ​បី​គីឡូម៉ែត្រ​ដូច​គេ​ថា​មែន​នោះ អាហ្នឹង​ជា​រឿង​អាក្រក់​បំផុត​សម្រាប់​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ ។ អ៊ីចឹង​យើង​ត្រូវ​មាន​លិខិត​រដ្ឋបាល​ដើម្បី​បង្ហាញ​ការពិត​ទៅ​ប្រជាជន ទៅ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​» ។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក៏​បាន​ថ្កោលទោស​ករណី​វៀតណាម បង្ក​ហិង្សា​លើ​សកម្មជន និង​តំណាងរាស្ត្រ​ដែល​គ្រាន់តែ​ទៅ​ពិនិត្យ​ព្រំដែន​នៅ​ខេត្ត​ស្វាយរៀង​នោះ ។​

​ប៉ុន្តែ​លោក សុខ ទូច យល់​ថា​ភាព​ចម្រូង​ច្រាស​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​នេះ ទាំង​បក្សប្រឆាំង ទាំង​បក្ស​កាន់​អំណាច​កំពុងតែ​ទាញ​យក​ប្រជាប្រិយភាព​រៀងៗ​ខ្លួន ។ លោក​ថា​បក្ស​ទាំងពីរ​គួរតែ​មាន​ជំហ​រួម​គ្នា​លើ​បញ្ហា​ព្រំដែន​ដើម្បី​បង្ហាញ​ទៅ​ប្រទេស​វៀតណាម​ថា ខ្មែរ​កំពុង​ពួតដៃគ្នា​ប្រឆាំង​នឹង​ការឈ្លានពាន​នេះ ។ លោក​ថា «​យើង​ត្រូវមាន​មូលដ្ឋាន​មួយ​ឲ្យ​ច្បាស់លាស់ ថា​យើង​មាន​ជាតិ​ត្រឹមត្រូវ ទាំង​ការរស់នៅ​ជាក់ស្តែង ទាំង​ឯកសារ ទាំង​ការយល់ព្រម​បោះបង្គោល​ព្រំដែន​នៅ​ក្នុង​ទឹកដី​របស់​យើង អាហ្នឹង​បាន​យើង​មាន​ភាពរឹងមាំ​ជាមួយ​វៀតណាម ហើយ​ជម្រាប​ទៅ​វៀតណាម​ថា អ្នក​កុំ​បង្កើត​ប្រវត្តិសាស្ត្រ​ឡើងវិញ នៅក្នុង​ដំណាក់កាល​នេះ​កម្ពុជា​មិន​ផ្តល់ឱកាស​ឲ្យ​អ្នក​ឯង​ធ្វើ​ដូច​ខ្មែរ​កម្ពុជា​ក្រោម​ទៀត​ទេ​» ។​

​យ៉ាងណា​ម​ក៏ដោយ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​យក​ផែនទី​ខ្នាត​១​លើ​មួយរយ​ពាន់ ចំនួន​២៦​ផ្ទាំង ដែល​កម្ពុជា​បាន​តម្កល់ទុក​នៅ​អង្គការ​សហ​ប្រជាតិ សម្រាប់​តតាំង​ជាមួយ​វៀតណាម​ពី​ការបោះបង្គោល​ព្រំដែន​នេះ ។​

​ចំណែក​គណបក្ស​កាន់​អំណាច​វិញ បាន​ផ្ញើ​កំណត់​ទូត​ជាង​១០​ដង​ហើយ តវ៉ា​ចំពោះ​វៀតណាម ដែល​រំលោភ​បំពាន​បូរ​ភាព​ទឹកដី​នេះ ប៉ុន្តែ​មក​ដល់ពេលនេះ​វៀតណាម​នៅតែ​មិន​ទាន់​ឆ្លើយតប ៕ 

​សូម​សរសេរ​មក​លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

2 Responses to "​ឣ្ន​ក​វិភាគ​យល់ថា ការ​ដែល​វៀតណាម​រារាំង​ខ្មែរ​មិនឲ្យ​ទៅពិនិត្យ​បង្គោល​ព្រំដែន ជាម​ហិច្ឆ​តា​រំលោភ​ទឹកដី​​"

  1. Anonymous says:

    ពួក អាចោរ យួនវៀតណាម លួចទឹកដី កម្ពុជា វាមិនហ៊ាន អោយ យើងចូលមើល ទេ ខ្លាចបែកការ !

  2. ពួកអាបំផ្លាញជាតិ says:

    យើងជាខ្មែរទាំងអស់គ្នា មិនបណ្តោយឪ្យជនបរទេសណាបំពានលើបូរណភាពទឹកដីរបស់យើងទេ។