ផលិតករ​វ័យក្មេង​ត្រៀម​ដណ្ដើម​យក​ពាន​រង្វាន់​ភាពយន្ដ​ខ្នាត​ខ្លី

សន្និសីទ​មហោស្រព​​​ភាពយន្ត​ខ្លី​ចតុមុខ​ដែល​ធ្វើ​ឡើង​នៅ​រោង​ភាពយន្ត Major Cineplex។ រូបថត សហការី

សន្និសីទ​មហោស្រព​​​ភាពយន្ត​ខ្លី​ចតុមុខ​ដែល​ធ្វើ​ឡើង​នៅ​រោង​ភាពយន្ត Major Cineplex។ រូបថត សហការី





ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​ចតុមុខ ឆ្នាំ​ ២០១៥ ឬ CSFF 2015 បាន​ចាប់​ផ្តើម​ទទួល​យក​ស្នាដៃ​​របស់​ផលិតករ​ខ្មែរ​វ័យក្មេង​ទៀត​ហើយ។

សន្និសីទ​សារព័ត៌មាន​ស្តីពី​មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​ចតុមុខ​ឆ្នាំ​ ២០១៥ ដែល​រៀបចំ​ដោយ «កុន​ខ្មែរ កូន​ខ្មែរ​» សហការ​ជាមួយ​ផលិតកម្ម 802AD នៅឯ​រោង​ភាពយន្ត Major Cineplex ផ្សារ​ទំនើប​អ៊ីអន កាលព្រឹក​ថ្ងៃ​ទី ១ ខែ​កក្កដា ប្រារឰ​ឡើង​ដើម្បី​ផ្តល់​ឱកាស​ដល់​​ផលិតករ​វ័យ​ក្មេងៗ បញ្ជូន​ស្នាដៃ​ខ្លួន​មក​ប្រកួត​ប្រជែង​យក​ពាន​រង្វាន់​ប្រចាំ​ឆ្នាំ​ ២០១៥ ។

លោក លឹម សុភ័ណ្ឌ អ្នក​រៀបចំ​កម្មវិធី​មហោស្រព CSFF ប្រាប់​ឲ្យ​ដឹង​ពី​លក្ខខណ្ឌ និង​ដំណើរការ​នៃ​ការ​ប្រកួត​នៅ​​រដូវកាល​ឆ្នាំ​ ២០១៥ ថា៖ «បន្ទាប់ពី​ឆ្លងកាត់​បទពិសោធ​ប៉ុន្មាន​ឆ្នាំ​ដែល​មាន​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​​មក​នោះ មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​ចតុមុខ​ក៏​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ខ្លួនឯង​កាន់តែ​ខ្លាំង​ទ្បើងៗ ខណៈ​ឆ្នាំ​នេះ CSFF នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ០៦ ដល់​ទី​ ០៨ ខែ​វិច្ឆិកា ឆ្នាំ​ ២១០៥ ខាង​មុខ​។ សម្រាប់​ភាពយន្ត​ខ្នាត​ខ្លី​នឹង​ចាប់ផ្តើម​ទទួល​ចុះឈ្មោះ​ពី​ថ្ងៃ​ទី ០១ ខែ​កក្កដា ដល់​ថ្ងៃ​ទី​ ១ ខែ​កញ្ញា ឆ្នាំ​ ២០១៥។ បេក្ខជន​ជា​ផលិតករ​ត្រូវ​បង្កើត​ជា​ក្រុម​ខ្លួន​ហើយ​ការ​ថត​រឿង​ខ្លីៗ​មិន​អាច​​លើស ៣០ ​​នាទី​ឡើយ​»។

លោក លី ប៉ូឡែន អ្នក​ឈ្នះ​ការ​ប្រកួត​កាលពី​ឆ្នាំ​ ២០១៣។ រូបថត Timofey Begrov

លោក លី ប៉ូឡែន អ្នក​ឈ្នះ​ការ​ប្រកួត​កាលពី​ឆ្នាំ​ ២០១៣។ រូបថត Timofey Begrov


ការ​ផ្តល់​ឱកាស​ដល់​ផលិករ​វ័យក្មេង​ដែល​មាន​ទេពកោសល្យ​ផលិត​ភាពយន្ត​ខ្នាត​ខ្លី​តាមរយៈ​ការ​ប្រកួត​ប្រជែង​យក​ពាន​រង្វាន់​នេះ​ជា​មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​ដំបូង​គេ​បំផុត​នៅ​កម្ពុជា​ចាប់​តំាងពី​ឆ្នាំ ២០១២ ​។

លោក សុខ វិសាល នាយក​រៀបចំ​កម្មវិធី និង​ជា​ចាងហ្វាង​ផលិតកម្ម 802AD ដែល​ធ្លាប់​បាន​ដឹកនាំ​រឿង​ប្រភេទ​ខ្នាត​វែង​រឿង «គ្រាប់ពេជ្រ» នោះ​ថ្លែង​ថា៖ «យើង​ព្យាយាម​ត្រួសត្រាយ​ផ្លូវ​ដល់​ក្រុម​ផលិតករ​វ័យ​ក្មេង​ខ្មែរ​ដោយ​ផ្តល់​ឱកាស​ពួកគេ​បង្ហាញ​សមត្ថភាព​។ ពួកគេ​ក៏​មាន​ឱកាស​ជួប​តួអង្គ​សំខាន់ៗ​ក្នុង​វិស័យ​ភាពយន្ត​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ដែរ​»។

កាលពី​ឆ្នាំ​មុន CSFF ទទួល​បាន​រឿង​ខ្លី​ ៦០ រឿង​មកពី​កម្ពុជា និង​ជុំវិញ​ពិភពលោក​ដែល​គាំទ្រ​ដោយ​ស្ថាប័ន​ជាង ១៥ រួមមាន​ក្រសួង​ព័ត៌មាន និង​នាយកដ្ឋាន​ភាពយន្ត។ ក្រៅពី​នេះ​គេ​ក៏​ឃើញ​មាន​ការ​រៀបចំ​នូវ​កម្មវិធី «ជំរំ​ភាពយន្ត» ដែល​មាន​អ្នក​ចូលរួម​ជាង​ ៥០០ រូប និង​វា​គ្មិន​ជាង ២០ រូប។

កម្មវិធី Film Camp Marathon នៅ​ក្រុង​ភំ្នពេញ​ក៏​បាន​បណ្តុះបណ្តាល​បេក្ខជន​ ២១ ​រូប​ដែល​ផលិត​បាន ៣ រឿង មាន​រយៈពេល ៥ នាទី។ ចំណែក Film Camp Trip នៅ​កោះ​រ៉ុង ផលិត​បាន ៦ រឿង មាន​រយៈពេល​ ៣ នាទី ដឹកនំា​ដោយ​អ្នក​ចូលរួម​ចំនួន ២៤ រូប​។

ពាន​រង្វាន់​ឆ្នាំ​នេះ​មាន​ពីរ​ប្រភេទ គឺ​ពាន​រង្វាន់ Festival Award ដែល​សម្រេច​ដោយ​ក្រុម​គណៈកម្មការ​ផ្តល់​ពិន្ទុ និង Audience Award សម្រេច​ដោយ​ក្រុម​ទស្សនិកជន​ផ្ទាល់​៕


What Next?

Recent Articles