គណៈកម្មការ​ទី​១​រដ្ឋសភា​ត្រៀម​បញ្ជូន​ឯកសារ​ទាក់ទង​ដី​នៅ​ខេត្ត​ព្រះសីហនុ​ទៅ​ក្រសួង​មហាផ្ទៃ

ដោយ ដែន អយុធ្យា
2015-07-06
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ដី​អនុក្រឹត្យ​៧៦ ក្បាល​ឆាយ ព្រះសីហនុ ៦២០
តំបន់​ដី​អនុក្រឹត្យ​លេខ​៧៦ ដែល​រដ្ឋ​បម្រុង​ទុក​រក្សា​ប្រភព​ទឹក​ស្អាត​នៅ​តំបន់​ក្បាល​ឆាយ ស្ថិត​ក្នុង​ក្រុម​ទី​១៨ ភូមិ​១ សង្កាត់​១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។ រូបថត​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១៥ (RFA/Den Ayuthyea)


មន្ត្រី​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា ត្រៀម​លើក​យក​សកម្មភាព​ល្មើស​ទន្ទ្រាន​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​លេខ​៧៦ សម្រាប់​ទុក​រក្សា​ប្រភព​ទឹក​ស្អាត​នៅ​តំបន់​ក្បាល​ឆាយ លក់​ដូរ​ជា​ឡូៗ​ផ្ដើម​ដោយ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ និង​សាច់ញាតិ។

សកម្មភាព​ទន្ទ្រាន​លក់​ដូរ​ដែល លោក ហ៊ុន សែន បាន​ហាម​ឃាត់​នេះ បាន​បន្ត​កើត​មាន និង​បាន​កាប់​បំផ្លាញ​ដើម​ឈើ​នៅ​ក្នុង​តំបន់​ហាម​ឃាត់​នោះ ប៉ុន្តែ​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ គ្មាន​វិធានការ​ទប់ស្កាត់​ទេ។

ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា ទទួល​បន្ទុក​អង្កេត សិទ្ធិ​មនុស្ស និង​ពាក្យ​បណ្ដឹង លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា នឹង​ពិនិត្យ​ទៅ​លើ​កង្វល់ ឬ​បណ្ដឹង​របស់​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ជុំវិញ​បទល្មើស​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​លេខ​៧៦ ជា​ឡូៗ​លក់​ដូរ​បន្ត។ លោក​ថា តាម​ការ​អះអាង​ពី​ប្រជាពលរដ្ឋ ពិសេស​មន្ត្រី​សង្គម​ស៊ីវិល មាន​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ ក្នុង​តំណែង​បច្ចុប្បន្ន​ឈ្មោះ សូ ជុងហ៊ួរ និង​សាច់ញាតិ​ប្រពន្ធ​កូន​របស់​គាត់ បាន​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​លេខ​៧៦ ដែល​រដ្ឋ​បាន​ហាម​ឃាត់​ទុក​រក្សា​ប្រភព​ទឹក​ស្អាត​នៅ​តំបន់​ក្បាល​ឆាយ មាន​ទីតាំង​នៅ​ក្រុម​ទី​១៨ ភូមិ​១ សង្កាត់​១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ដើម្បី​លក់​ដូរ។

លោក​ថា ករណី​នេះ​បើ​មាន​ភាព​ចាំបាច់ នឹង​ស្នើ​កិច្ច​អន្តរាគមន៍​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ឲ្យ​ពិនិត្យ​ទៅ​លើ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន៖ «ខ្ញុំ​នឹង​ពិនិត្យ​មើល​រឿង​ហ្នឹង ហើយ​ក្នុង​ករណី​ចាំបាច់ យើង​នឹង​ធ្វើ​សំណើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ពិនិត្យ​ដោះស្រាយ បើ​សិន​ជា​រឿង​ហ្នឹង​វា​ហួស​ពី​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ ស្វែងរក​ដំណោះស្រាយ»

សកម្មភាព​ទន្ទ្រាន​ដី​រដ្ឋ​នេះ​ដែរ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ធ្លាប់​លើក​ឡើង​ថា នឹង​ត្រៀម​លើក​យក​ករណី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ លោក សូ ជុងហ៊ួរ ដែល​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​លេខ​៧៦ ស្ថិត​ក្នុង​តំបន់​របស់​រដ្ឋ​ហាម​ឃាត់​ទុក​រក្សា​ប្រភព​ទឹក​ស្អាត​នៅ​តំបន់​ក្បាល​ឆាយ ទៅ​ពិភាក្សា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ជួយ​ទប់ស្កាត់​សកម្មភាព​ល្មើស​នេះ​ដែរ។

ត្រង់​ចំណុច​នេះ លោក ឃុន សាវឿន មន្ត្រី​អង្កេត​អង្គការ​លីកាដូ (Licadho) ខេត្ត​ព្រះសីហនុ បាន​រិះគន់​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​នេះ មាន​រដ្ឋបាល​ព្រៃ​ឈើ​ជាដើម ពិសេស លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ ដែល​ទុក​បណ្តោយ​ឲ្យ​មាន​បទល្មើស​ដោយ​គ្មាន​ការ​ហាម​ឃាត់​ទៅ​វិញ។ លោក ឃុន សាវឿន បាន​ចាត់​ទុក​សកម្មភាព​ទន្ទ្រាន​កាប់​ព្រៃ​ឈើ និង​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​លេខ​៧៦ ជា​ឡូៗ ដើម្បី​លក់​ដូរ​បន្ត​ផ្ដើម​ដោយ​ក្រុម​គ្រួសារ ឬ​សាច់ញាតិ លោក សូ ជុងហ៊ួរ គឺ​មាន​រូបភាព​ធ្ងន់ធ្ងរ និង​ឈាន​ទៅ​រលាយ​ហិនហោច​ព្រៃ​ឈើ និង​ផ្ទៃ​ដី​អនុក្រឹត្យ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ហាម​ឃាត់​ជា​មិន​ខាន បើ​អភិបាល​ខេត្ត​ព្រះសីហនុ មិន​មាន​វិធានការ​ទប់ស្កាត់​នោះ​ទេ។

លោក​បន្ត​ថា អ្នក​នៅ​ពី​ក្រោយ​បទល្មើស​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​នេះ ហាក់​មិន​ញញើត​ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​នេះ​មក​ទប់ស្កាត់​ទេ ហើយ​អាច​ទំនង​ជា​មាន​មន្ត្រី​ស្ថាប័ន​ខ្លះ​នា​ខេត្ត​ព្រះសីហនុ មាន​ស្ថាប័ន​រដ្ឋបាល​ព្រៃ​ឈើ ឬ​មន្ត្រី​ថែរក្សា​ដី​តំបន់​ក្បាល​ឆាយ​ជាដើម ជា​អ្នក​រួម​គំនិត៖ «ខ្ញុំ​បាន​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ជាក់ស្តែង​ដល់​ទីតាំង​មាន​សកម្មភាព​ទន្ទ្រាន​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​លេខ​៧៦ ជា​ឡូៗ​លក់​ដូរ​បន្ត​នៅ​ក្រុម​ទី​១៨ ភូមិ​១ សង្កាត់​១ ឃើញ​មាន​សកម្មភាព​ទន្ទ្រាន​ដី​រដ្ឋ​តំបន់​នេះ។ ប៉ុន្តែ​បើ​មែន ឬ​មិន​មែន សូម​ឲ្យ​មន្ត្រី​ខាង​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ សូម​ចុះ​មក​ពិនិត្យ និង​ស៊ើប​អង្កេត​ករណី​នេះ​ឡើង​វិញ ព្រោះ​ថា វា​អាច​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ»

បញ្ហា​នេះ​ដែរ អ្នកស្រី ជៀប សុធារី មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ ដែល​បាន​ដឹង​ឮ​ករណី​បទល្មើស​ទន្ទ្រាន​លក់​ដី​រដ្ឋ​តំបន់​ក្បាល​ឆាយ​នេះ​ដែរ។ អ្នកស្រី​បាន​រិះគន់​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ថា​មិន​គួរ​អនុវត្ត​ច្បាប់​តែ​ទៅ​លើ​ប្រជាពលរដ្ឋ​ក្រីក្រ និង​អ្នក​ខ្វះ​ដី​សង់​ផ្ទះ​ដែល​ទៅ​ទន្ទ្រាន​កាន់​កាប់​ដី ឬ​កាប់​ព្រៃ​រដ្ឋ​ក្នុង​តំបន់​អនុក្រឹត្យ​លេខ​៧៦ ដែល​រដ្ឋ​បាន​ហាម​ឃាត់​នេះ​ទេ ប៉ុន្តែ​បទល្មើស​ជាក់ស្តែង សកម្មភាព​ល្មើស​ផ្ដើម​ដោយ​ក្រុម​គ្រួសារ​របស់ លោក សូ ជុងហ៊ួរ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ បែរ​ជា​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​នេះ​គ្មាន​វិធានការ​តាម​ផ្លូវ​ច្បាប់ ឬ​ក៏​ចាប់​ជនល្មើស​ទៅ​ផ្ដន្ទាទោស​ដាក់​គុក​ច្រវាក់​ដូច​ពលរដ្ឋ​សាមញ្ញ ឲ្យ​បាន​ស្មើ​ភាព​ទេ ឬ​មួយ​ជា​បក្ខពួក​របស់​ខ្លួន៖ «តែ​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ប្រកែក​ថា​មិន​បាន​ដឹង​សកម្មភាព​ពុះ​ច្រៀក​ដី​រដ្ឋ​នេះ គឺ​មិន​គួរ​ឲ្យ​ជឿ​ទេ ព្រោះ​បាន​ពុះ​ច្រៀក និង​កាប់​រាន​ព្រៃ​អស់​រាប់​សិប​ហិកតារ​នៅ​លើ​ដី​ទីតាំង​អនុក្រឹត្យ​លេខ​៧៦ ដែល​រដ្ឋ​បាន​ទុក​រក្សា​ប្រភព​ទឹក​ស្អាត​នៅ​ក្បាល​ឆាយ​នេះ ពីព្រោះ​ការ​ពុះ​ច្រៀក​ដី​ជា​ឡូ​លក់​ដូរ​បន្ត​នេះ មាន​ទំហំ​ផ្ទៃដី​រាប់​សិប​ហិកតារ​ឯណោះ។ មាន​រឿង​អី​ទៅ​អាថ៌កំបាំង»

ដី​អនុក្រឹត្យ​៧៦ ក្បាល​ឆាយ ព្រះសីហនុ ៦២០
តំបន់​ដី​អនុក្រឹត្យ​លេខ​៧៦ ដែល​រដ្ឋ​បម្រុង​ទុក​រក្សា​ប្រភព​ទឹក​ស្អាត​នៅ​តំបន់​ក្បាល​ឆាយ ស្ថិត​ក្នុង​ក្រុម​ទី​១៨ ភូមិ​១ សង្កាត់​១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។ រូបថត​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១៥ RFA/Den Ayuthyea

ចំណែក លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ីអ៊ិនរ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ ដែល​ធ្លាប់​ចុះ​អង្កេត​ផ្ទាល់​ដល់​ទីតាំង​តំបន់​ក្បាល​ឆាយ​នោះ​ដែរ បាន​ចាត់​ទុក​សកម្មភាព​ទន្ទ្រាន​កាប់​ព្រៃ និង​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​រាប់​សិប​ឡូ ហើយ​មាន​ហ៊ុមព័ទ្ធ​របង​បន្លា​លួស ដោយ​កាប់​ដើម​ឈើ​បំផ្លាញ​ចោល​គ្មាន​សល់​នោះ មាន​រូបភាព​ធ្ងន់ធ្ងរ និង​មាន​ទំហំ​ផ្ទៃដី​ច្រើន​ជាង ១០​ហិកតារ។ លោក សុខ សុខុម មើល​ឃើញ​ថា ភាគ​ច្រើន​ដី​ឡូ​ដែល​ក្រុម​គ្រួសារ លោក សូ ជុងហ៊ួរ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ និង​ភរិយា​ឈ្មោះ លោកស្រី កោ សុផានី បាន​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​លេខ​៧៦ លក់​ដូរ​នៅ​តំបន់​ក្បាល​ឆាយ​នេះ គឺ​មាន​សង់​ផ្ទះ​តូចៗ​ប្រក់​ស័ង្កសី​នៅ​លើ​ដី​ឡូ​មួយ​ចំនួន និង​មាន​ហ៊ុមព័ទ្ធ​របង​បន្លា​លួស និង​មាន​ដាំ​ដំណាំ​កសិកម្ម​នៅ​លើ​ដី​នោះ​ថែម​ទៀត។ លោក​បន្ត​ថា ផ្ទះ​ខ្លះ​ឃើញ​មាន​មនុស្ស​រស់នៅ និង​ផ្ទះ​ខ្លះ​ទៀត​មិន​មាន​មនុស្ស​រស់នៅ​ទេ ហើយ​អ្នក​រស់នៅ​ក្នុង​ផ្ទះ​ស័ង្កសី​ទាំង​នោះ គឺ​ភាគ​ច្រើន​មិន​មែន​ជា​ម្ចាស់​ដី​ទេ ប៉ុន្តែ​ជា​អ្នក​យាម​ចាំ​ដី​ឲ្យ​គេ។ លោក​ថា ម្ចាស់​ដី​ពិត​ប្រាកដ គឺ​មាន​អ្នក​ខ្លះ​មាន​លំនៅឋាន​រស់នៅ​ទីក្រុង​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្ត​សៀមរាប និង​ខេត្ត​ផ្សេងៗ​ទៀត ដែល​បាន​មក​ទិញ​ដី​នៅ​តំបន់​ក្បាល​ឆាយ​នេះ។

លោក សុខ សុខុម បន្ត​ថា បទល្មើស​ទន្ទ្រាន​ដី​អនុក្រឹត្យ​លេខ​៧៦ ដែល​រដ្ឋ​បាន​ហាម​ឃាត់​មិន​គួរ​ស្ថាប័ន​រដ្ឋបាល​ព្រៃ​ឈើ ពិសេស លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ គ្មាន​វិធានការ​តាម​ផ្លូវ​ច្បាប់ បញ្ឈប់​សកម្មភាព​សង់​ផ្ទះ​ថ្មីៗ និង​កំពុង​ពុះ​ច្រៀក​ជា​ឡូ​ហ៊ុមព័ទ្ធ​របង​បន្លា​លួស​នេះ​ទេ។

បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​បាន​រក​ឃើញ​ថា ដើម្បី​លុប​លាង ឬ​លាក់​បាំង​បទល្មើស​ទន្ទ្រាន​ដី​រដ្ឋ​នេះ បច្ចុប្បន្ន​ក៏​មាន​ចលនា​បំផុស​បែង​ចែក​ដី​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដើម្បី​សង់​ផ្ទះ ដែល​អាច​មាន​ទំហំ​ប្រមាណ ២០​ម៉ែត្រ​គុណ​នឹង ៣០​ម៉ែត្រ ជូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ឲ្យ​មក​សង់​ផ្ទះ​នៅ​ក្នុង​មូលដ្ឋាន​ក្រុម​ទី​១៨ ភូមិ​១ សង្កាត់​១ ថែម​ទៀត៖ «ភរិយា​របស់​ឯកឧត្តម សូ ជុងហ៊ួរ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ បាន​មក​ទន្ទ្រាន​ដី​ជាច្រើន​ហិកតារ​នៅ​តំបន់​អនុក្រឹត្យ​លេខ​៧៦ ដែល​រដ្ឋ​បាន​ហាម​ឃាត់ និង​បាន​បោះ​ជា​ឡូៗ​លក់​ដូរ​បន្ត។ ហើយ​ក្នុង​នោះ​ក៏​បាន​យក​លេស​បែង​ចែក​ដី​ឲ្យ​ប្រជាពលរដ្ឋ ឲ្យ​មក​រស់នៅ​ក្បែរ​នោះ។ សកម្មភាព​នេះ គ្រាន់​តែ​ជា​ខែល​បិទ​បាំង​មួយ​ថា ដី​តំបន់​នេះ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន ប៉ុន្តែ​តាម​ការ​ពិត ក្រុម​គ្រួសារ លោក សូ ជុងហ៊ួរ បាន​បំពាន​នៅ​លើ​ដី​រដ្ឋ​ទាំង​ស្រុង​ហើយ។ ករណី​នេះ សូម​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ មាន​អាជ្ញាធរ​ខេត្ត​ជាដើម ដែល​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ ត្រូវ​តែ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ជា​បន្ទាន់»

ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​ទទួល​ចំណែក​ដី​នៅ​តំបន់​អនុក្រឹត្យ​លេខ​៧៦ នៅ​ក្រុម​ទី​១៨ ភូមិ​១ សង្កាត់​១ បាន​និយាយ​ប្រាប់​វិទ្យុ​អាស៊ីសេរី ដែល​ចុះ​ទៅ​តំបន់​នោះ​ថា ដី​នេះ​ត្រូវ​សាច់ញាតិ ឬ​ប្រពន្ធ​កូន លោក សូ ជុងហ៊ួរ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ ជា​អ្នក​ចែក​ឲ្យ​ពួក​គេ ដើម្បី​សង់​ផ្ទះ​រស់នៅ ព្រោះ​ពួក​គាត់​គ្មាន​ដី​សង់​ផ្ទះ ឬ​ដី​កសិកម្ម។

ទោះ​យ៉ាង​ណា លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ ថ្មីៗ​នេះ​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា រាល់​សកម្មភាព​ទន្ទ្រាន​កាប់​ព្រៃ​ឈើ និង​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​លេខ​៧៦ នៅ​តំបន់​ក្បាល​ឆាយ ដើម្បី​លក់​ដូរ​ជា​ឡូៗ​នេះ ជា​ទង្វើ​ខុស​ច្បាប់។ ហើយ​ថា ករណី​នេះ​លោក​ធ្លាប់​កោះ​ហៅ​អ្នក​ជាប់​ពាក់ព័ន្ធ​រាល់​សកម្មភាព​ទន្ទ្រាន​កាន់​កាប់ ឬ​ពុះ​ច្រៀក​ដី​រដ្ឋ​ហាម​ឃាត់​នេះ​មក​សាកសួរ និង​បញ្ឈប់​សកម្មភាព​នេះ ប៉ុន្តែ​លោក​មាន​ចម្ងល់​ថា ហេតុ​អ្វី​សកម្មភាព​នេះ​នៅ​តែ​បន្ត​កើត​មាន?

ទោះ​យ៉ាង​ណា លោក ឈិត សុខុន មិន​បាន​បញ្ជាក់​ពី​វិធានការ​តាម​ផ្លូវ​ច្បាប់ ទៅ​លើ​អ្នក​នៅ​ពី​ក្រោយ​សកម្មភាព​បទល្មើស​នោះ​យ៉ាង​ណា​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​បាន​ព្រមាន​ថា នឹង​មិន​ទទួល​ខុស​ត្រូវ​រាល់​ការ​ខាតបង់​ចំពោះ​អ្នក​ដែល​បាន​ទៅ​ទិញ​ដី​នៅ​តំបន់​នោះ​ទេ៖ «បញ្ហា​នេះ ខ្ញុំ​បាន​ហៅ​គាត់​ឲ្យ​មក​ជួប ហើយ​ឲ្យ​ឈប់​ធ្វើ​សកម្មភាព​នេះ​ម្តង​រួច​មក​ហើយ ហេតុ​អ្វី​ក៏​នៅ​បន្ត​ធ្វើ​សកម្មភាព​កាប់​រុក​រាន​ជា​បន្ត​ទៀត? ចាំ​ខ្ញុំ​ឲ្យ​រដ្ឋបាល​ព្រៃ​ឈើ​ទៅ​ពិនិត្យ​ដល់​ទីតាំង​កើត​មាន​បញ្ហា»

បញ្ហា​នេះ​ដែរ លោក ឌី សុខុម ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ថា បាន​ដឹង​ឮ​លើ​សកម្មភាព​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​លេខ​៧៦ ដែល​រដ្ឋ​បាន​ហាម​ឃាត់​នេះ​ដែរ ប៉ុន្តែ​មន្ត្រី​រូប​នេះ​បាន​ដាក់​ការ​ទទួល​ខុស​ត្រូវ​ទៅ​ឲ្យ​ក្រុម​ចម្រុះ ដែល​ទទួល​មើល​ការ​ខុស​ត្រូវ​ដី​អនុក្រឹត្យ​រដ្ឋ​ហាម​ឃាត់​រក្សា​ប្រភព​ទឹក​ស្អាត​នៅ​តំបន់​ក្បាល​ឆាយ​នេះ​ទៅ​វិញ៖ «រឿង​ហ្នឹង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​ការងារ​ចម្រុះ​របស់​សាលា​ខេត្ត​ព្រះសីហនុ កំពុង​ពិចារណា​ថា ត្រូវ​អនុវត្ត ឬ​ក៏​ធ្វើ​អ្វី​បន្ត​ទៀត​លើ​ករណី​កាប់​ព្រៃ និង​ពុះ​ច្រៀក​ដី​ជា​ឡូ​លក់​ដូរ​លើ​ដី​អនុក្រឹត្យ​រដ្ឋ​បាន​ហាម​ឃាត់​នេះ។ ព្រោះ​បញ្ហា​នេះ គឺ​ជា​ករណី​ពិសេស​ចាំបាច់​មួយ ដែល​ត្រូវ​យើង​មាន​ការ​ប្រយ័ត្នប្រយែង មុន​នឹង​ត្រូវ​មាន​វិធានការ​អ្វី​មួយ​ទៅ​លើ​បញ្ហា​នេះ។ ករណី​នេះ អាជ្ញាធរ​រដ្ឋបាល​ព្រៃ​ឈើ បាន​ដឹង​ឮ​រឿង​នេះ​ដែរ ប៉ុន្តែ​បញ្ហា​នេះ​មាន​ក្រុម​ចម្រុះ និង​អ្នក​ច្បាប់ បាន​ប្រចាំ​ការ​នៅ​តំបន់​ក្បាល​ឆាយ ដើម្បី​ថែរក្សា​ព្រៃ និង​ដី​អនុក្រឹត្យ​រដ្ឋ​ហាម​ឃាត់​នេះ»

យ៉ាង​ណា​ក៏ដោយ លោក សូ ជុងហ៊ួរ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ ដែល​រង​ការ​ចោទ​ជាប់​ពាក់ព័ន្ធ ឬ​នៅ​ពី​ក្រោយ​សកម្មភាព​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​លេខ​៧៦ ជា​ឡូៗ ដើម្បី​លក់​ដូរ​បន្ត​ជាង ១០​ហិកតារ​នោះ បាន​បដិសេធ​ថា ក្រុម​គ្រួសារ​លោក ឬ​ក៏​រូប​លោក មិន​មែន​ជា​អ្នក​នៅ​ពី​ក្រោយ​សកម្មភាព​នោះ​ទេ៖ «ខ្ញុំ​មិន​បាន​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​កាប់​ដើម​ឈើ​នៅ​លើ​ដី​អនុក្រឹត្យ​រដ្ឋ​ហាម​ឃាត់​នៅ​តំបន់​ក្បាល​ឆាយ​ហ្នឹង​ទេ»

ទោះ​ជា​បែប​នេះ​ក្តី មន្ត្រី​សង្គម​ស៊ីវិល ពិសេស​ប្រជាពលរដ្ឋ​មាន​ផ្ទះ​ស្ថិត​ក្នុង​សង្កាត់​លេខ​១ ជាពិសេស​ពលរដ្ឋ​ដែល​បាន​ទិញ​ដី​ឡូ​នា​មូលដ្ឋាន​នេះ បាន​អះអាង​ថា លោក សូ ជុងហ៊ួរ ឬ​ភរិយា​ឈ្មោះ កោ សុផានី និង​សាច់ញាតិ ជា​អ្នក​ពុះ​ច្រៀក​លក់​ដី​ឡូ​មាន​ទីតាំង​នៅ​ក្រុម​ទី​១៨ ភូមិ​១ សង្កាត់​លេខ​១ លក់​ពិត​មែន។ ពលរដ្ឋ​ថ្លែង​ថា ករណី​ទិញ​លក់​នេះ សូម្បី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក លី ឌី ក៏​បាន​ដឹង​ឮ​លើ​ករណី​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​លេខ​៧៦ លក់​អនាធិបតេយ្យ​នេះ​ដែរ។ ហើយ​ថា សមាជិក​ក្រុមប្រឹក្សា​បក្ស​ប្រឆាំង​រូប​នេះ ក៏​ធ្លាប់​បង្ហាញ​វត្តមាន​ញឹកញាប់​នៅ​ទីតាំង​មាន​សកម្មភាព​ទន្ទ្រាន​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​ជា​ឡូ លក់​ដូរ​អនាធិបតេយ្យ​នេះ​ដែរ ប៉ុន្តែ​មិន​ដឹង​ថា វត្តមាន​របស់​មន្ត្រី​ក្រុមប្រឹក្សា​បក្ស​ប្រឆាំង​រូប​នេះ ចុះ​ទៅ​តំបន់​នោះ​ទាក់ទង​រឿង​អ្វី​នោះ​ទេ។

បញ្ហា​នេះ មន្ត្រី​សិទ្ធិ​មនុស្ស​បាន​រក​ឃើញ​ថា ក្រៅ​ពី​មាន​សមាជិក​ក្រុមប្រឹក្សា​ខ្លះ​នៃ​ខេត្ត​ព្រះសីហនុ ក៏​នៅ​មាន​មន្ត្រី​កំពុង​បម្រើ​ការងារ​នៅ​តាម​ស្ថាប័ន​ច្រើន​ទៀត​នា​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទន្ទ្រាន​កាន់​កាប់​ដី​អនុក្រឹត្យ​លេខ​៧៦ ទុក​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ដែរ។

ត្រង់​ចំណុច​នេះ លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង បាន​ព្រមាន​ថា អ្នក​នៅ​ពី​ក្រោយ​បទល្មើស​នេះ ត្រូវ​តែ​នាំ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ព្រោះ​ព្រហើន​ហ៊ាន​ល្មើស​នឹង​អនុក្រឹត្យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ដាក់​ចេញ ឬ​ក៏​ដាក់​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ខេត្ត​ព្រះសីហនុ អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles