ដោយ ហ៊ុំ ចំរើន
2015-07-06
RFA
ផែនទីខេត្តបន្ទាយមានជ័យ (Photo: RFA)
ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ឆាយឆាយ ប្រមាណ ៥នាក់ តំណាងឲ្យប្រជាពលរដ្ឋ ៥១គ្រួសារ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាំគ្នាទៅស្វែងរកកិច្ចអន្តរាគមន៍ពីអង្គការការពារសិទ្ធិមនុស្សអាដហុក (Adhoc) និងអង្គការលីកាដូ (Licadho) ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យជួយទាក់ទងទៅស្ថាប័នរដ្ឋពាក់ព័ន្ធ អន្តរាគមន៍ដោះលែងតំណាងរបស់ខ្លួនម្នាក់ដែលសមត្ថកិច្ចប៉ូលិសខេត្ត ឃាត់ខ្លួនកាលពីថ្ងៃទី៤ កក្កដា កន្លងទៅ។
ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីនៅស្រុកអូរជ្រៅ អំពាវនាវសុំឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធ ដោះលែងតំណាងរបស់ខ្លួនឲ្យបានឆាប់ ពីព្រោះរូបគាត់ពុំមានកំហុសអ្វីនោះទេ។ ការអំពាវនាវនេះ កើតមានបន្ទាប់ពីអ្នកភូមិតវ៉ាសុំឲ្យប៉ូលិសខេត្តបន្ទាយមានជ័យ ដោះលែងតំណាងប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីម្នាក់ឈ្មោះ សឿន វី អាយុ ៥១ឆ្នាំ កាលពីថ្ងៃទី៥ កក្កដា កន្លងទៅ ប៉ុន្តែពុំទទួលបានលទ្ធផល។
តំណាងប្រជាពលរដ្ឋម្នាក់ គឺលោក សំ ជឿន រស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថ្លែងនៅថ្ងៃទី៦ កក្កដា ថា សមត្ថកិច្ចប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនតំណាងប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីនេះ ធ្វើឡើងទាំងបង្ខំ ដោយពុំមានដីកានាំខ្លួនពីតុលាការខេត្តនោះទេ។ លោកអះអាងថា លោក សឿន វី ដែលសមត្ថកិច្ចឃាត់ខ្លួននោះ ពុំមានកំហុសអ្វីឡើយ គឺគ្រាន់តែលោកទៅសង់ខ្ទមស្នាក់នៅក្នុងតំបន់ដីដែលមានទំនាស់រវាងប្រជាពលរដ្ឋចំនួន ៥១គ្រួសារ និងក្រុមហ៊ុន ឆាយឆាយ ជាក្រុមហ៊ុនរបស់ខ្មែរ ដែលមានទំហំប្រមាណជាង ១០០ហិកតារ នៅចំណុចភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកអះអាងទៀតថា ដីនេះមួយចំនួន ក្រុមហ៊ុន ឆាយឆាយ បានលក់ទៅឲ្យមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល រួមមានលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ជាដើម៖ «ដីពួកខ្ញុំពិតប្រាកដ តែត្រូវគេលក់ទៅឲ្យអ្នកមានអំណាចអស់ទៅ។ កន្លងមក ខាងគណៈកម្មាធិការជាតិដោះស្រាយទំនាស់ដីធ្លី ព្រមទាំងរដ្ឋសភាជាតិ បានចេញលិខិតមកឲ្យថ្នាក់ខេត្តដោះស្រាយ ក៏គ្មានប្រសិទ្ធភាពដែរ»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងតំណាងក្រុមហ៊ុន ឆាយឆាយ ដើម្បីអត្ថាធិប្បាយជុំវិញការចោទប្រកាន់នេះបានទេ នៅថ្ងៃទី៦ កក្កដា។
ប៉ុន្តែមេឃុំអូរបីជាន់ លោក សួង មឿន មានប្រសាសន៍ថា ដីដែលមានទំនាស់នោះ ដើមឡើយជាដីរបស់ប្រជាពលរដ្ឋប្រមាណ ៥១គ្រួសារធ្លាប់កាន់កាប់កន្លងមក ប៉ុន្តែក្រោយមក ដីនៅតំបន់នោះត្រូវបានបែងចែកជាភូមិសាស្ត្រក្នុងការគ្រប់គ្រងរបស់ក្រុងប៉ោយប៉ែត វិញ ក៏កើតមានទំនាស់ជាបន្តបន្ទាប់រហូតមក និងមិនទាន់មានដំណោះស្រាយនៅឡើយ។
ទាក់ទងនឹងបញ្ហានេះដែរ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក អាត់ ខែម មានប្រសាសន៍ថា មូលហេតុដែលសមត្ថកិច្ចឃាត់ខ្លួនប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីនោះ ដោយសាររូបគាត់ទៅសង់ខ្ទមស្នាក់នៅលើដីកម្មសិទ្ធិឯកជនរបស់គេ ប៉ុន្តែលោកពុំបានបញ្ជាក់ថា ជាដីរបស់ភាគីណាមួយច្បាស់លាស់នោះទេ៖ «នេះជាការងាររបស់សមត្ថកិច្ចដែលនៅក្នុងច្បាប់គេពន្យារឲ្យ ៤៨ម៉ោង ក្នុងការសួរនាំលើជនណាម្នាក់ ហើយការសាកសួរពុំទាន់ចប់សព្វគ្រប់នៅឡើយ»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ដីដែលមានទំនាស់នោះ ប្រជាពលរដ្ឋតវ៉ាតាំងពីឆ្នាំ២០០៣ រហូតមក ហើយពុំទាន់ដោះស្រាយចប់សព្វគ្រប់នៅឡើយទេ៖ «សមត្ថកិច្ចចាប់ខ្លួនប្រជាពលរដ្ឋទៅសួរនាំនៅស្នងការនគរបាល បែបនោះទេ ជាការសាកសួរមួយចម្លែក ពីព្រោះការសួរនាំនេះ ធ្វើឲ្យប៉ះពាល់ដល់ស្មារតីរបស់ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាខ្លាំង»។
លោកបន្តថា បន្ទាប់ពីទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីនោះហើយ លោកនឹងតាមដានលើការងារនេះបន្តទៀត។ បច្ចុប្បន្ន តំណាងប្រជាពលរដ្ឋដែលសមត្ថកិច្ចឃាត់ខ្លួននោះ ត្រូវសមត្ថកិច្ចឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- រដ្ឋសភាអនុម័តច្បាប់ស្ដីពីភតិសន្យាឬកិច្ចសន្យាផ្ទះជួលជាស្ថាពរ
- គណៈកម្មការទី១រដ្ឋសភាត្រៀមបញ្ជូនឯកសារទាក់ទងដីនៅខេត្តព្រះសីហនុទៅក្រសួងមហាផ្ទៃ
- ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តក្រចេះចោទអាជ្ញាធរថាបន្តឈូសឆាយដំណាំពួកគាត់
- ពលរដ្ឋមានជម្លោះដីនឹងក្រុមហ៊ុនឧកញ៉ា ទ្រី ភាព នៅពោធិ៍សាត់សុំពន្លឿនដំណោះស្រាយ
- ពលរដ្ឋមានទំនាស់ដីធ្លីនៅខេត្តបន្ទាយមានជ័យតវ៉ាឲ្យដោះលែងសកម្មជនដីធ្លីម្នាក់
- មន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងរងការចោទថាឃាត់ត្រាក់ទ័រពលរដ្ឋខុសនីតិវិធី
- អាជ្ញាធរខេត្តកំពង់ធំរងការចោទថាគំរាមពលរដ្ឋឲ្យដកពាក្យបណ្ដឹងរឿងដីធ្លី
- សហគមន៍ចំនួន១៣មានបញ្ហាដីធ្លីនៅខេត្តព្រះសីហនុផ្ទុះការតវ៉ាជាថ្មីទៀត
- ពលរដ្ឋខេត្តប៉ៃលិនចោទអាជ្ញាធរមូលដ្ឋានថាឃុបឃិតគ្នាពុះដីភ្នំលក់