​ពលរដ្ឋ​ខ្មែរ​ថា ទាហាន​វៀតណាម​ចូល​ដក​ដំណាំ​ពួកគេ​ជា​ថ្មី​ទៀត​នៅ​ខេត្ត​ត្បូងឃ្មុំ​​

ដោយ៖​ ឡាយ សា​មាន​ | ថ្ងៃចន្ទ ទី6 កក្កដា 2015, 05:56 PM​
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូង​ឃុំ អះអាងថា ទាហាន​វៀតណាម​បាន​ចូល​មក​ដក​ដំណាំ​ពួកគាត់​ជា​ថ្មី​ទៀត​នៅ​ម្តុំ​ជាំ​ប្រាំ​ល្វែង កាលពី​សប្តាហ៍​មុន​។​

​អ្នកស្រី ភី ស្រី​ណា ជា​ម្ចាស់​ដំណាំ​រៀបរាប់​ទាំង​អួលដើមក​ថា កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា វេលា​ម៉ោង​៨​ព្រឹក ទាហាន​វៀតណាម​មាន​គ្នា​៣​នាក់ ប្រដាប់​ដោយ​កាំភ្លើង និង​ដំបងឆក់ ចូល​មក​ដក​ដំណាំ​គាត់​នៅ​ចំណុច​ជាំ​ប្រាំ​ល្វែង ដែល​អ្នកស្រី​អះអាងថា​ដី​របស់​ខ្មែរ​តាំងពី​ដូនតា​។ អ្នកស្រី​បន្ត​ថា បន្ទាប់ពី​ហេតុការណ៍​នោះ​គាត់​បាន​ប្តឹង​ទៅ​អាជ្ញាធរ​ឃុំ​ដើម្បី​ជួយ​អន្តរាគមន៍​។ អ្នកស្រី​បញ្ជាក់ថា «​ខ្ញុំ​ខឹង​ណាស់ ខ្ញុំ​ឈឺចាប់​ណាស់ ខ្ញុំ​មិនមែន​ដាំ​លើដី​យួន​ទេ ខ្ញុំ​ដាំ​លើ​ដី​របស់​ខ្ញុំ​ពិតប្រាកដ បើ​ខ្ញុំ​ទៅ​បាញ់​ថ្នាំ​ចូល​ដី​មាន​ជម្លោះ​នោះ ក្មួយ​មក​នោះ​នឹង​ឃើញ​ហើយ ខ្ញុំ​ធ្វើ​ដីគោក​ទេ​។ ប្រជាពលរដ្ឋ​ដាំ​អី​អត់​កើត​ទេ សូម្បី​ដំណាំ​ននោង ព​ពាយ ក៏​វា​មក​ដក​បំផ្លាញ​ដែរ​។ ខ្ញុំ​ដាំ​ដី​គោក ក្បែរ​ស្រះ​ខ្ញុំ​នេះ ។ អ៊ីចឹង​ខ្ញុំ​អត់​ហ៊ាន​ថា សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យជួយ​ខ្ញុំ​ផង​។ យួន​រុករាន ខ្ញុំ​ថា​ប្រជា​ពលរដ្ឋ​ខ្មែរ​មិន​ដែរ​ចង់​រក​រឿង​ជាមួយ​យួន​ទេ តែ​យួន​មក​រុករាន សូម្បី​ខ្ញុំ​ដាំ​អី​បន្តិចបន្តួច​ក៏​អត់​នៅ​ដែរ សូម្បី​ននោង​មួយ​គុម្ព​ពីរ​គុម្ព​ក៏​អត់​នៅ​ដែរ​»​។​

ទោះយ៉ាងណា​ក៏ដោយ អ្នកស្រី ភី ស្រី​ណា អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​យក​ចិត្តទុក​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តាម​បន្ទាត់​ព្រំដែន ជា​ពិសេស​ពួកគាត់​ដែល​រស់នៅ​ភូមិ​ជើង​ដោយ​អះអាងថា វៀតណាម​ចូល​ដក​ដំណាំ​ពួកគាត់​ជារឿយៗ​។ បើ​តាម​ពលរដ្ឋ​រូបនេះ ទាហាន​វៀតណាម​មិន​ត្រឹមតែ​ដក​ដំណាំ​គ្រួសារ​គាត់​នោះទេ គឺ​ថែម​ដក​ដំណាំ​របស់​គ្រួសារ​ដទៃ​ផងដែរ​រួមមាន ដើម​ធូរេន ម្រេច និង​វ​ល្លិ៍ធ​ម្ម​ជាតិ​ជា​ដើម​។ 

សមាជិក​ក្រុមប្រឹក្សា​ស្រុក​មេមត់​លោក គង់ សំអាន ចាត់ទុក​ទង្វើ​របស់​ទា​ហាន​វៀតណាម​នាពេលនេះ ជា​ការឈ្លានពាន​អធិបតេយ្យភាព​កម្ពុជា​។ យ៉ាងណាក៏ដោយ លោក​ស្នើ​ឲ្យ​អាជ្ញាពាក់ព័ន្ធ​ទប់ស្កាត់​ករណីនេះ ធ្វើយ៉ាងណា​ធានា​ថា ដំណាំ​របស់​ពលរដ្ឋ​មិន​ត្រូវ​បាន​ទាហាន​វៀតណាម​ចូល​បំផ្លាញ​ម្តង​ហើយ​ម្តងទៀត​។ លោក​ថា «​អា​ហ្នឹង​ជា​ការរំលោភ​បំពាន​ហើយ ដោយ​សំដី​របស់​ថ្នាក់ដឹកនាំ​យើង គាត់​និយាយ​ថា ដី​របស់​គេ​អ៊ីចឹង​វា​ធ្វើ​ឲ្យ​ចេះ​តែ​រំលោភ​មក​បន្តទៀត វា​អត់​ខ្លាចញញើត​អី​ទេ ណាមួយ​ប៉ូលីស​យើង​សព្វថ្ងៃ ខ្ញុំ​មើល​ទៅ​អត់​មាន​កាំភ្លើង​កាន់​ផង​ហ្នឹង ហើយ​បើ​ខាង​គេ​មាន​កាំភ្លើង​ស្ពាយ​ដើរ​»​។​

បើ​តាម​លោក គង់ សំអាន កាលពី​ព្រឹក​មិញ​វេលា​ម៉ោង​៩​ព្រឹក ខាង​ជំទប់​ទី​១​បាន​ធ្វើ​របាយការណ៍​នេះ​ជូន​អភិបាលស្រុក​រួចរាល់​ហើយ​។ 
​ទាក់ទង​នឹង​ករណី​នេះ អភិបាល​ស្រុក​មេមត់ លោក ចេង ប៊ុណ្ណា​រ៉ា ប្រាប់ VOD ថា​លោក​មិនទាន់​បាន​ទទួល​របាយ​ការណ៍​នោះទេ​។ តែ​លោក​ថា​នៅពេល​ទទួលបាន លោក​នឹង​មាន​វិធានការ​តាម​ក្រោយ​។ លោក​បញ្ជាក់ថា «​ចាំ​មើល​ខ្ញុំ​ស្រាវជ្រាវ​មើល​យ៉ាងម៉េច អត់​មាន​អ្នកណា​រាយការណ៍​មក​ទេ​។ ចាំ​មើល​របាយការណ៍​គេ​មក​សិន ចេះ​តែ​បញ្ជូនៗ​ទៅ ប្រុង​ឲ្យ​វ៉ៃ​គ្នា​ឬ​យ៉ាងម៉េច​?»​។​

កាលពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ ២០១៥ កម្លាំង​សមត្ថកិច្ច​វៀតណាម​ក៏​បាន​នាំ​ពលរដ្ឋ​ខ្លួន​ចុះ​ធ្វើ​សកម្មភាព​បាញ់​ថ្នាំពុល​បំផ្លាញ​ដំណាំ​របស់​កសិករ​ខ្មែរ នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ផងដែរ​។​

ករណី​នោះ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា លោក ហោ ណាំហុង និង​លោក វ៉ា គឹមហុង អះអាងថា ដី​ដែល​អាជ្ញាធរ​វៀតណាម​បាញ់​ថ្នាំពុល​បំផ្លាញ​ដំណាំ​កសិករ​ខ្មែរ​នោះ​ជា​ដី​របស់​វៀតណាម ដែល​ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​តាំងពី​ឆ្នាំ​២០១១​។ លោក​ថា អ្នកភូមិ​ទាំងនោះ​ទើប​នឹង​ទៅ​ធ្វើស្រែ​ចម្ការ លើ​ដី​វៀតណាម​នៅ​ឆ្នាំ​២០១៥​នេះ​។​

ទោះជា​យ៉ាងនេះក្តី ពលរដ្ឋ​ខ្មែរ​អះអាងថា ដី​ដែល​វៀតណាម​ចូល​បាញ់​ថ្មាំពុល​បំផ្លាញ​ដំណាំ​នោះ ជា​ដី​របស់​ខ្មែរ​តាំងពី​ដូនតា​មក​ម្ល៉េះ​៕

សូម​សរសេរ​មក​លោក ឡាយ សា​មាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles