​វិភាគ​៖ នរណា​ជា​អ្នកទទួលខុសត្រូវ​លើ​ព្រឹត្តិការណ៍​បង្ហូរឈាម​ថ្ងៃ​៥-៦​កក្កដា​?​

ដោយ៖​ អ៊ឹង ប៊ុនថន​ | ថ្ងៃចន្ទ ទី6 កក្កដា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

(រូបថត៖ cambodiatodayz.blogspot.com)


​ព្រឹត្តិការណ៍​បង្ហូរឈាម​ថ្ងៃ​៥-៦​កក្កដា កាលពី​ជិត​២០​ឆ្នាំមុន នៅតែ​គ្មាន​អ្នក​នយោបាយ​ណា​ម្នាក់​ចេញ​មុខ​ទទួលខុសត្រូវ​ឡើយ ក្រៅតែពី​ទម្លាក់កំហុស​ដាក់គ្នា​ទៅវិញទៅមក​នោះ​។​

ព្រឹត្តិការណ៍​ដែល​មជ្ឈដ្ឋា​នានា​ហៅថា​ជា ”​រដ្ឋប្រហារ​” កណ្តាល​ទីក្រុង​ភ្នំពេញ​នោះ​បាន​បង្ក​អោយ​អ្នក​ស្មោះត្រង់​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រី​ទី​១ និង​កងទ័ព​ម្ខាង​ទៀត​ដែល​ស្មោះស្ម័គ្រ​នឹង​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ទី​២ ស្លាប់ និង​រងរបួស​ជាច្រើន​នាក់​។ ប៉ុន្តែ​អ្នក​ស្លាប់ និង​របួស​ភាគច្រើន​ជា​អ្នក​ស្មោះស្ម័គ្រ​នឹង​សម្តេចក្រុមព្រះ ដែល​អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​បានឲ្យដឹងថា ស្លាប់​ចំនួន​៤១​នាក់ រួម​មាន​ឧត្តមសេនីយ៍ឯក ហូ សុខ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ឧត្តមសេនីយ៍ ចៅ សម្បត្តិ ជាដើម​។ ប៉ុន្តែ​របាយការណ៍​នេះ​មិន​បាន​បង្ហាញ​ពី​អ្នក​ដែល​ស្មោះស្ម័គ្រ​នឹង​លោក ហ៊ុន សែន ស្លាប់​និង​របួស​នោះទេ​។ 

របាយការណ៍​ដែល​ស្រាវជ្រាវ​ឃើញ​នៅលើ​បណ្តាញ​អ៊ី​ន​ធើ​ណែ​តឲ្យដឹងថា «​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ កាលណោះ ចង់ឲ្យ​កម្លាំង​មាន​តុល្យភាព​ជា​មួយ​នឹង​កងកម្លាំង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ខណៈពេលដែល​ព្រះអង្គ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទី​១ មាន​កម្លាំង​ប្រដាប់អាវុធ​ដៃ​តែ ២០០០០​នាក់​។ ចំណែក​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ទី​២ មាន​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​ដៃ​រហូត​ដល់ ១១០០០០​នាក់​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​មានប្រសាសន៍​ជា​ច្រើន​សា​រថា ហេតុការណ៍​បង្ហូរ​ឈាម​នោះ​បង្កឡើង​ដោយ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ​។ ប៉ុន្តែ​អតីត​អ្នកនាំពាក្យ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ លោក ន​រ៉ា​ណា​ឫទ្ធិ អានន្ទ​ដា​យ៉ាត ធ្លាប់​បដិសេធថា ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មិនមែន​ជា​អ្នកបញ្ជា​ឲ្យ​បង្កើន​កម្លាំង​ទ័ព​ប្រជែង​នឹង​គណបក្ស​ប្រជាជន​ឡើយ​។​

តើន​ណា​ជា​អ្នកទទួលខុសត្រូវ​លើ​ព្រឹត្តិការណ៍​បង្ហូរឈាម​ថ្ងៃ​៥-៦​កក្កដា​?

​អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត សុខ ទូច ឲ្យដឹងថា សម្តេចក្រុមព្រះ​ជា​គូរ​ទំនាស់​នឹង​លោក ហ៊ុន សែន កាលណោះ ត្រូវបាន​តុលាការ​ខ្មែរ​កាត់ទោស​កំបាំងមុខ​ពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ​នោះ​។ ប៉ុន្តែ​ត្រូវបាន​សម្តេច​ឪ ព្រះ​ទាន​ទោស​វិញ ក្រោយពី​មាន​ការសម្រុះសម្រួល​ផ្នែក​នយោបាយ​។ បើ​តាម​លោក សុខ ទូច ព្រឹត្តិការណ៍​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧​អស់​អ្នកទទួលខុសត្រូវ​ហើយ​។ លោក​មានប្រសាសន៍ថា «​បើសិនជា​គេ​កាត់ទោស​រួចហើយ ហើយ​ត្រូវបាន​លើកលែង​ទោស​អស់ហើយ មានន័យ​ថា​ចប់​ហើយ អ្វី​ដែល​នៅសល់​បី ទី​១ ប្រវត្តិសាស្ត្រ ទី​២ សម្រក់​ទឹកភ្នែក​របស់​បងប្អូន​ដែល​បាន​បាត់បង់​សាច់ឈាម​ជា​ប្តី ជា​ប្រពន្ធ ជា​កូន​ហ្នឹង​នៅក្នុង​ព្រឹត្តិការណ៍​ហ្នឹង ហើយ​ទី​៣ ជា​ទ្រឹស្តី​មួយ ដែល​បង្ហាញ​ទៅ​អ្នក​នយោបាយ​ថា ការប្រើប្រាស់​កម្លាំង​មិនមែនជា​ដំណោះស្រាយ​ទេ ហើយ​ការ​បង្ហូរឈាម​ខ្មែរ​គ្នា​ឯង គឺ​វា​គ្រប់គ្រាន់​ហើយ គ្រប់​ជំនាន់ គ្មាន​ជំនាន់​ណា​ដែល​មិន​បង្ហូរ​ឈាម​ខ្មែរ​ដើម្បី​អំណាច​របស់​អ្នក​នយោបាយ​ទេ​។ គួរ​លែង​ប្រើប្រាស់​ទិដ្ឋភាព​ហ្នឹង​ទៅ យើង​គួរ​ប្រើប្រាស់​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ដោះស្រាយ​អំណាច និង​ការចរចា​គ្នា​ដោយ​សន្តិវិធី​»​។​

ទោះជា​បែបណា អ្នកតាមដាន​ហេតុការណ៍​នោះ​ឲ្យដឹងថា មាន​ការសម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ទៅ​លើ​ក្រុមមន្ត្រី​ដែល​ស្និទ្ធ​នឹង​ទ្រង់ រណឫទ្ធិ ផងដែរ​។ ប៉ុន្តែ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ហាក់​មិនឃើញ​រំលឹក​ព្រឹត្តិការណ៍​នោះ​ធំដុំ​ដូច​គណបក្ស សម រង្ស៊ី ដែល​បច្ចុប្បន្ន​ជា​បក្ស​សង្គ្រោះ​ជាតិ​ឡើយ​។​

អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ប្រព្រឹត្តិកម្ម លោក សួន ប៊ុនស័ក្ត លើកឡើងថា បរិបទ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន មិនមាន​ទេ​យុត្តិធម៌​សម្រាប់​ជនស្លូតត្រង់ គឺ​មាន​យុត្តិធម៌​ចំពោះតែ​អ្នកមានអំណាច​ប៉ុណ្ណោះ​។ លោក​ថា «​ចំនុច​នេះ​គឺ​មូលហេតុ​ដែល​អ្នក​ខាង​ក្រៅ ឧទាហរណ៍​ដូចជា​នៅក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ តុលាការ​អន្តរជាតិ យន្តការ​ស្វែងរក​យុត្តិធម៌​អន្តរជាតិ​ទាំងអស់​ហ្នឹង គេ​មិនសូវ​មាត់​ក គេ​មិន​ធ្វើ​ខ្លាំង​ដោយសារ​តែ​ចលនា​តស៊ូ​មតិ​របស់​យើង​នៅ​ខាងក្នុង​ជំរុញ​ឲ្យទទួល​ខុសត្រូ​វ​នៅ​ខ្សោយ​ដែរ តាមពិត​ទៅ​នរណា​ធ្វើ​អី​ជាមួយ​នរណា​ក៏​ដោយ ចង់​នរណា​ជា​អ្នកតស៊ូ​មតិ​ដោយ​សន្តិវិធី​យ៉ាងណាក៏ដោយ បើ​កាលណា​មាន​គ្រោះថ្នាក់​ដល់​ជីវិត ចង់​មិន​ចង់ រឿង​ហ្នឹង​ត្រូវ​ឲ្យមាន​ការដោះស្រាយ​បញ្ហា​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ វា​មិន​ខុស​អី​នឹង​ថ្មីៗ​សភាពការណ៍​ធ្ងន់ធ្ងរ​នៅ​វ៉េងស្រេង នៅ​ឆ្នាំ​២០១៤ មិន​អាច​ទុក​សភាពការណ៍​នៅ​ស្ងាត់​ចោល​បានទេ​»​។​

​អ្នក​ដែល​ជួប​នឹង​ព្រឹត្តិការណ៍​៥-៦​កក្កដា បាន​ប្រៀបប្រដូច​ហេតុការណ៍​នោះ​ថា ធ្វើឲ្យ​មាន​ការភ័យខ្លាច​បន្ទាប់ពី​ព្រឹត្តិការណ៍​រដ្ឋប្រហារ​១៨ មីនា ឆ្នាំ​១៩៧០ បង្កឡើង​ដោយ លន់ នល់ និង ១៧ មេសា ឆ្នាំ​១៩៧៥ បង្កឡើង​ដោយ ប៉ុល ពត​។ ប៉ុន្តែ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាល​ថ្ងៃទី​៦ កក្កដា ឆ្នាំ​២០១១ បាន​ហាម​ប្រើពាក្យ “​រដ្ឋប្រហារ​” ដែល​បក្ស​នេះ​ចាត់ទុកថា អាច​ធ្វើឲ្យ​សាធារណជន​យល់​ច្រឡំ​ចំពោះ​ព្រឹត្តិការណ៍​នេះ​។ សេចក្តីណែនាំ​នោះ បានឲ្យ​អ្នកសារព័ត៌មាន​ហៅថា​ជា ”​ជម្លោះ​ផ្ទៃក្នុង​នៃ​រាជរដ្ឋាភិបាល​ដែល​បាន​ឈាន​ទៅដល់​ការប្រឈមមុខ​ដាក់​គ្នា​ដោយ​អាវុធ​”​ទៅវិញ​។

ប្រជាពលរដ្ឋ​នៅរាជធានីភ្នំពេញ ភៀសខ្លួន​ទៅ​ទី​មាន​សុវត្ថិភាព​ នៅថ្ងៃ​៦-៧ កក្កដា ឆ្នាំ​១៩៩៧

​យ៉ាងនេះក្តី លោក សួន ប៊ុនស័ក្ត បញ្ជាក់ថា​ព្រឹត្តិការណ៍​បង្ហូរឈាម​ជា​ប្រវត្តិសាស្ត្រ​នេះ ត្រូវបាន​អង្គការសហប្រជាជាតិ​កត់ត្រា​ទុក​រួច​ហើយ ហើយ​នៅពេល​ខាងមុខ​អ្នកទទួលខុសត្រូវ​លើ​រដ្ឋប្រហារ​នោះ​នឹង​ត្រូវ​នាំមក​កាត់ទោស​ដូច​មេដឹកនាំ​ខ្មែរក្រហម​ពេល​នេះ​ដែរ​។ លោក​បន្ថែមថា «​ការចាប់ឲ្យ​ទទួល​ខុស​ត្រូវ គឺ​អាច​ចាប់​ក្នុងពេល​នរណា​មួយ​កំពុង​មានអំណាច ឬក៏​អស់អំណាច អា​ហ្នឹង​គឺ​កាលៈទេសៈ​នៅក្នុង​ការដោះស្រាយ ប៉ុន្តែ​ជា​ទូទៅ​នៅលើ​ពិភពលោក​នេះ បើកាលណា​គាត់​ជា​អ្នក​បាន​សាង​កំហុស ឬ​ក៏​ត្រូវបាន​គេ​ចាត់ទុកថា​មាន​កំហុស ហើយ​បើ​សិន​គាត់​មាន​អំណាច ពិបាក​នឹង​អនុវត្ត ពិបាក​នឹង​រក​យុត្តិធម៌​ជាមួយ​នឹង​អ្នកកាន់អំណាច​ហ្នឹង​ណាស់​។ ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង ខ្ញុំ​សង្កេត​ឃើញ​នៅលើ​ពិភពលោក​ហ្នឹង គេ​តែង​ធ្វើ​ជាមួយ​អ្នក​បែប​ហ្នឹង​គឺ​នៅពេល​ដែល​អស់អំណាច ភាគច្រើន​»​។​

​ថ្វី​ត្បិត​តែ​មិន​មាន​អ្នក​នយោបាយ​ណា ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​ព្រឹត្តិការណ៍​បង្ហូរឈាម​នោះ​ក៏ដោយ តែ​អ្នកនយោបាយ​បក្សប្រឆាំង និង​ក្រុមមន្ត្រី​សិទ្ធិ​មនុស្ស​បាន​ទាមទារ​ឲ្យមាន​ការកត់ត្រា​ទុក​នូវ «​ថ្ងៃ​រដ្ឋប្រហារ​ដែលមាន​អ្នករងរបួស និង​ស្លាប់​រាប់រយ​នាក់​ដោយ​មិន​បាន​ទទួល​នូវ​ភាពយុត្តិធម៌ ពី​អ្នកនយោបាយ​ណា​ម្នាក់​ឡើយ​មកដល់ពេលនេះ​»​។​
​លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​ឯករាជ្យ បានចាត់ទុក​ការ​បង្ហូរឈាម​ឆ្នាំ​១៩៩៧​ថា បណ្ដាលមកពី​ការសម្រេចចិត្ត​ខុស​របស់​អ្នកនយោបាយ​៕ 

​សូម​សរសេរ​មក​លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

One Response to "​វិភាគ​៖ នរណា​ជា​អ្នកទទួលខុសត្រូវ​លើ​ព្រឹត្តិការណ៍​បង្ហូរឈាម​ថ្ងៃ​៥-៦​កក្កដា​?​"

  1. ហេតុអ្វីមិនមានអ្នកចង់រៀនប្រវត្តិសាស្ត្រ says:

    កោតតែលោកបណ្ឌិតសុខ ទូច ធ្លាប់ថ្លែងចាប់អារម្មណ៏នឹងការគ្មានអ្នករៀនប្រវត្តិសាស្ត្រទៅកើត បើគាត់វិភាគបែបនេះ៕