ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​បារម្ភ​ពី​សុវត្ថិភាព​ខ្លាច​ចោរ​ឆក់​និង​ប្លន់​ប្រដាប់​អាវុធ

ដោយ ដែន អយុធ្យា
2015-07-07
RFA

ស្លាក​សញ្ញា​ឆ្នេរ​សមុទ្រ​ស្អាត​ព្រះសីហនុ ៦២០
ស្លាក​សញ្ញា​ឆ្នេរ​សមុទ្រ​ស្អាត នៅ​តំបន់​អូរឈើទាល ក្រុង​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៤ (RFA/Den Ayuthyea)


មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​បទល្មើស​ចោរ​ឆក់ និង​ប្លន់​ប្រដាប់​អាវុធ​បន្ត​កើត​មាន​ច្រើន​ករណី​នា​ខេត្ត​ទេសចរណ៍​មួយ​នេះ និង​ធ្វើ​សកម្មភាព​នៅ​មុខ​ប៉ុស្តិ៍​ប៉ូលិស ប៉ុន្តែ​សមត្ថកិច្ច​ពាក់ព័ន្ធ​ខេត្ត​នេះ ចាប់​ជន​សង្ស័យ​ទាំង​នោះ​មិន​បាន​ទៅ​វិញ។

ក្តី​ព្រួយ​បារម្ភ​នេះ ដោយសារ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​មាន​ករណី​ក្រុម​ជនល្មើស បាន​ធ្វើ​សកម្មភាព​បាញ់​ប្លន់ និង​ចោរ​ឆក់ បាន​កើត​មាន​ទៅ​លើ​ភ្ញៀវ​ទេសចរ និង​ក្រុម​អាជីវករ​នៅ​ចំ​កណ្ដាល​ខេត្ត​នេះ ហើយ​ជនល្មើស​អាច​គេច​ខ្លួន​ដោយ​សុវត្ថិភាព។

មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ឃុន សាវឿន បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា បញ្ហា​អសន្តិសុខ​បង្ក​ដោយ​ក្រុម​ចោរ​ឆក់ និង​ប្លន់​ប្រដាប់​អាវុធ​ទៅ​លើ​ក្រុម​អាជីវករ និង​ភ្ញៀវ​ទេសចរ​នា​ខេត្ត​ទេសចរណ៍​នេះ មាន​សញ្ញា​កើន​ច្រើន​ករណី​គួរ​ឲ្យ​ព្រួយ​បារម្ភ។

លោក​បន្ត​ថា កម្លាំង​នគរបាល និង​កម្លាំង​កង​រាជ​អាវុធហត្ថ ឃើញ​មាន​ដាក់​ពង្រាយ​នៅ​តាម​ផ្លូវ​មួយ​ចំនួន​ដែរ ប៉ុន្តែ​ហេតុ​អ្វី​ជនល្មើស​ធ្វើ​សកម្មភាព​ប្លន់ និង​ឆក់​កាបូប​ជាដើម សមត្ថកិច្ច​ចាប់​ជន​បង្ក​មក​ផ្ដន្ទាទោស​មិន​បាន​ទៅ​វិញ។ លោក ឃុន សាវឿន បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​សកម្មភាព​ចោរ​ឆក់ និង​ប្លន់​ភ្ញៀវ​ទេសចរ និង​អាជីវករ​នៅ​តាម​ទីផ្សារ​ចំ​កណ្ដាល​ទីក្រុង​ព្រះសីហនុ ឬ​នៅ​ជាប់​រង្វង់​មូល​តោ​ពីរ​ជាប់​ប៉ុស្តិ៍​ប៉ូលិស​ទាំង​ថ្ងៃ ប៉ុន្តែ​ហេតុ​អ្វី​ជនល្មើស​អាច​គេច​ខ្លួន​ដោយ​សុវត្ថិភាព។

លោក​បន្ត​ថា ថ្មីៗ​នេះ​មាន​ករណី​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​ទ្រង់ទ្រាយ​ធំ​ចំនួន ៣​ករណី ប្លន់​បាញ់​កក្រើក​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ និង​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ ប៉ុន្តែ​មក​ដល់​ពេល​នេះ សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ទាន់​ចាប់​ជនល្មើស​យក​មក​ផ្ដន្ទាទោស​បាន​នៅ​ឡើយ​ទេ៖ «អាជ្ញាធរ​គួរ​ពង្រឹង​នូវ​សន្តិសុខ​បន្ថែម​ទៀត ពីព្រោះ​បទល្មើស​ដែល​កើត​ឡើង គឺ​ឃើញ​ស្ដែងៗ ហើយ​ចាប់​ជន​បង្ក​មិន​បាន​នេះ គឺ​មាន​ការ​សោកស្ដាយ​មែន​ទែន។ ករណី​ប្លន់ ឆក់​កាបូប និង​ចោរ​កាច់​ក​ម៉ូតូ​នា​ខេត្ត​ព្រះសីហនុ បាន​បន្ត​កើត​មាន​ជាច្រើន​ករណី​នៅ​ចុង​ឆមាស​ទី​១ ឆ្នាំ​២០១៥ នេះ។ ហើយ​សមត្ថកិច្ច​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស​មិន​ទាន់​បាន​ទេ ពិសេស​ចោរ​ប្លន់​ប្រដាប់​អាវុធ»

មន្ត្រី​អង្កេត​អង្គការ​លីកាដូ ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បើ​ចង់​មក​ទស្សនា​ខេត្ត​នេះ ត្រូវ​ប្រុង​ប្រយ័ត្ន​សម្ភារៈ​នៅ​ជាប់​ខ្លួន​ឲ្យ​បាន​ខ្ពស់ ព្រោះ​បើ​មិន​ដូច្នេះ​ទេ នឹង​ត្រូវ​បាត់​បង់ ដោយ​ក្រុម​ចោរ​ឆក់​កាបូប ជាដើម។ លោក​ថា សព្វថ្ងៃ​ក្រុម​ចោរ​ឆក់​កាបូប​ហ៊ាន​ធ្វើ​សកម្មភាព​បើក​ទ្វារ​រថយន្ត​យក​សម្ភារៈ និង​ឆក់​កាបូប​ភ្ញៀវ​ដល់​ក្នុង​ឡាន ហើយ​កើត​មាន​ច្រើន​ករណី​មក​ហើយ។

ចំណែក​ប្រជាពលរដ្ឋ និង​ក្រុម​អាជីវករ ធ្លាប់​ត្រូវ​បាន​ក្រុម​ចោរ​ប្លន់​កាល​ពី​ខែ​ឧសភា និង​ខែ​មិថុនា មាន​ប្រសាសន៍​ថា ពួក​គាត់​មាន​ការ​តក់ស្លុត កាល​បើ​ក្រុម​ជនល្មើស​ចេញ​ប្លន់​ទាំង​ថ្ងៃ ហើយ​គ្មាន​កម្លាំង​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍​បាន​ទាន់​ពេល។ ក្រុម​អាជីវករ និង​ពលរដ្ឋ បាន​រិះគន់​កម្លាំង​នគរបាល និង​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដែល​គ្មាន​លទ្ធភាព​ទប់ស្កាត់​ក្រុម​ចោរ​ប្លន់ និង​ចោរ​ឆក់ ដែល​កើត​មាន​ចំ​កណ្ដាល​ក្រុង​នា​មូលដ្ឋាន​នេះ។

ពលរដ្ឋ​រស់នៅ​សង្កាត់​២ ក្រុង​ព្រះសីហនុ អះអាង​ថា បទល្មើស​ចោរ​ប្លន់​ប្រដាប់​អាវុធ ពិសេស​ជនល្មើស​ប្រើ​អាវុធ​វែង បាន​កម្រើក​ឡើង​វិញ​ចាប់​ពី​ខែ​ឧសភា ដល់​ខែ​មិថុនា និង​បាញ់​ប្លន់​កក្រើក ដោយ​មិន​ញញើត​កម្លាំង​សមត្ថកិច្ច​ខេត្ត​នេះ​ទេ។ ហើយ​ថា កម្លាំង​សមត្ថកិច្ច កង​រាជ​អាវុធហត្ថ និង​នគរបាល មិន​ដែល​ចាប់​បាន​ជនល្មើស​បាន​ម្តង​ណា​ទេ។

លោក ឃុន សាវឿន មន្ត្រី​អង្គការ​លីកាដូ បាន​ស្នើ​ដល់ លោក ហេង ប៊ុនទី មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ និង​លោក ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ គួរ​ប្រមូល​កង​កម្លាំង​ក្រោម​ឱវាទ ឲ្យ​ចុះ​ល្បាត ឬ​ឃ្លាំ​មើល​សកម្មភាព​ចោរ​លួច ឆក់ ប្លន់ ឬ​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​តាម​មូលដ្ឋាន​ជា​ប្រចាំ ប្រសើរ​ជាង​យក​កម្លាំង​ទាំង​នោះ​ទៅ​បម្រើ​ប្រយោជន៍​ឈ្មួញ ឬ​គំរាម​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាដើម។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ និង​លោក ហេង ប៊ុនទី មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ធ្លាប់​ឲ្យ​ដឹង​ថា សមត្ថកិច្ច​មិន​ព្រងើយ​កន្តើយ​ចំពោះ​សកម្មភាព​រក្សា​ការពារ​សន្តិសុខ និង​សុវត្ថិភាព​នៅ​មូលដ្ឋាន​នេះ​ទេ។ ជាង​នេះ ថែម​ទាំង​បាន​ពង្រាយ​កម្លាំង​ជំនាញ​ទាំង​ស៊ីវិល និង​ឯកសណ្ឋាន​នៅ​គ្រប់​ច្រក​ល្ហក និង​កំណត់​មុខ​សញ្ញា​ចាប់​បាន​ជនល្មើស​មួយ​ចំនួន បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស​ជា​បន្តបន្ទាប់។

ទោះ​ជា​បែប​នេះ​ក្តី ប្រជាពលរដ្ឋ និង​អាជីវករ​ភាគ​ច្រើន​នា​ខេត្ត​ព្រះសីហនុ ពិសេស​អាជីវករ​លក់​ដូរ​មាស​ពេជ្រ និង​ដូរ​លុយ បាន​បង្ហាញ​អារម្មណ៍​ភ័យ​ខ្លាច ក្នុង​ការ​បន្ត​ប្រកប​មុខ​របរ​របស់​ខ្លួន ដោយសារ​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ បាន​ធ្វើ​សកម្មភាព​ប្លន់​ទាំង​ថ្ងៃ​នៅ​ចំ​កណ្ដាល​ទីក្រុង ហើយ​សមត្ថកិច្ច​ចម្រុះ​មិន​ដែល​ចាប់​បាន​ជនល្មើស​បាន​ម្តង​ណា​ទេ​កន្លង​មក។

បញ្ហា​នេះ​ដែរ លោក គៀត ច័ន្ទថារិទ្ធ មន្ត្រី​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ បាន​ស្នើ​ដល់​កម្លាំង​នគរបាល​ក្រោម​ឱវាទ​នៅ​តាម​មូលដ្ឋាន​នានា មិន​ត្រូវ​លាក់​បាំង​បទល្មើស ឬ​មិន​រាយការណ៍​ជុំវិញ​បទល្មើស​ដែល​កើត​មាន​នៅ​ក្នុង​មូលដ្ឋាន​ខ្លួន មក​ថ្នាក់​ដឹក​នាំ​ជួយ​មាន​វិធានការ​នោះ​ទេ៖ «លាក់​សភាពការណ៍ ប្រៀប​ដូច​លាក់​មេរោគ ទោះ​បី​គ្រូពេទ្យ​មក​ពី​ខាង​ណា​ក៏​ព្យាបាល​មិន​ជា​សះ​ស្បើយ​ដែរ។ សូម​កុំ​លាក់​សភាពការណ៍​នៃ​បទល្មើស។ បើ​លាក់​ក្នុង​មួយ​ឃុំ ឬ​សង្កាត់​តែ ២​ករណី ចុះ​ក្នុង​មួយ​ប្រទេស តើ​មាន​បទល្មើស​ប៉ុន្មាន​ពាន់​ករណី ដែល​កម្លាំង​នៅ​តាម​មូលដ្ឋាន​លាក់​ដល់​ថ្នាក់​ដឹក​នាំ​ក្រសួង​មហាផ្ទៃ? ដូច្នេះ សូម​ឲ្យ​កង​កម្លាំង​នគរបាល​ទាំងអស់ កុំ​លាក់​បទល្មើស​ថ្នាក់​ដឹក​នាំ គឺ​គ្មាន​អ្នក​ណា​គេ​ចាប់​ទោសពៃរ៍​អ្វី​នោះ​ទេ»

ទោះ​យ៉ាង​ណា ក្រុម​ប្រជាពលរដ្ឋ​ចោទ​ថា បទល្មើស​ចោរ​លួច​កាច់​ក​ម៉ូតូ ឆក់ ពិសេស​ប្លន់​ប្រដាប់​អាវុធ​កក្រើក​ជា​ថ្មី​នៅ​ខេត្ត​ព្រះសីហនុ អាច​បណ្ដាល​មក​ពី​បទល្មើស​ល្បែង​ភ្នាល់​កើត​មាន​អនាធិបតេយ្យ ហើយ​អាជ្ញាធរ​ខេត្ត​នេះ​គ្មាន​វិធានការ​បង្ក្រាប​ទេ។ បទល្មើស​ល្បែង​ស៊ី​សង​ទាំង​នោះ មាន​ដូចជា ទីតាំង​ជល់​មាន់ ចាក់​កន្ទុយ​លេខ និង​ល្បែង​ភ្នាល់​បាល់ ជាដើម បាន​កើត​មាន​រីក​ដូច​ផ្សិត និង​មាន​បុគ្គល​ជា​កម្លាំង​សមត្ថកិច្ច​មួយ​ចំនួន​នា​មូលដ្ឋាន​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ជា​អ្នក​កាង​ការពារ​ទីតាំង​ល្បែង​ស៊ី​សង​ទាំង​នោះ ជា​ថ្នូរ​ទទួល​បាន​សំណូក​លុយ​កាក់​ប្រចាំ​ថ្ងៃ និង​ប្រចាំ​ខែ ជាដើម ទើប​កម្លាំង​កង​រាជ​អាវុធហត្ថ ឬ​នគរបាល​ខេត្ត​នេះ គ្មាន​វិធានការ​បង្ក្រាប​មក​ដល់​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​បារម្ភ​ពី​សុវត្ថិភាព​ខ្លាច​ចោរ​ឆក់​និង​ប្លន់​ប្រដាប់​អាវុធ"

  1. Mintra says:

    សួស្តី
    នាងខ្ញុំរស់នៅខេត្តសៀមរាបក៏​បារម្ភ​ពី​សុវត្ថិភាព​ខ្លាច​ចោរ​ឆក់​កាលពីអាទិត្យមុន។