ដោយ អ៊ុំ រង្សី
2015-07-22
RFA
នាយិកាប្រតិបត្តិអង្គការសីលការ និងជាប្រធានគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ អ្នកស្រី ធីតា ឃិះ ផ្ដល់បទសម្ភាសន៍កាលពីថ្ងៃទី២១ កក្កដា ឆ្នាំ២០១៥។ RFA/Um Raingsy
អង្គការសង្គមស៊ីវិលដែលមកពីគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ ប្រមាណ ៨ស្ថាប័ន លើកឡើងថា វិសមភាពយេនឌ័រនៅកម្ពុជា នៅមានកម្រិតឡើយ ហើយធ្វើឲ្យការចូលរួមរបស់ស្ត្រី និងបុរសនៅពុំទាន់ស្មើភាពគ្នាក្នុងដំណើរការបោះឆ្នោត។ បញ្ហានេះ សង្គមស៊ីវិលបានស្នើទៅកាន់ គ.ជ.ប ឲ្យដាក់អនុសាសន៍ចំនួន ៧ចំណុច ទៅលើបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត។
សង្គមស៊ីវិលចង់ឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) យកអនុសាសន៍ ៧ចំណុចរបស់ខ្លួនបញ្ចូលទៅក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោតក្នុងបំណងឲ្យស្ត្រី និងបុរសមានឱកាសស្មើគ្នានៅក្នុងដំណើរការចូលរួមចុះឈ្មោះបោះឆ្នោត។
ការស្នើនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាង គ.ជ.ប និងអង្គការធ្វើការលើកស្ទួយសិទ្ធិស្ត្រី ស្ដីពីការពិភាក្សាសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ដែលរៀបចំនៅថ្ងៃទី២១ ខែកក្កដា។
អនុសាសន៍សំខាន់ៗ ៧ចំណុចដែលសង្គមស៊ីវិលដាក់ជូនគណៈកម្មការរៀបចំការបោះឆ្នោតរួមមាន ស្នើចាត់តាំងគណៈកម្មការចំពោះកិច្ចយេនឌ័រ ក្នុងដំណើរការនៃការចុះឈ្មោះបោះឆ្នោត ស្នើឲ្យជ្រើសរើសក្រុមចុះឈ្មោះបោះឆ្នោតត្រូវមានស្ត្រីយ៉ាងតិចមួយរូប ទៅពីររូប គ្រប់តួនាទីដែលត្រូវជ្រើសរើសត្រូវតែផ្សព្វផ្សាយឲ្យបានទូលំទូលាយក្នុងរយៈពេល ១០ថ្ងៃយ៉ាងតិចនៃថ្ងៃធ្វើការ ហើយរាល់ការផ្សព្វផ្សាយជ្រើសរើសស្ត្រី ជនពិការ និងស្ត្រីជនជាតិភាគតិចត្រូវតែបានលើកទឹកចិត្តឲ្យចូលរួម រាល់ក្រុមសង្កេតការណ៍លើការងារបោះឆ្នោត ទាំងសង្គមស៊ីវិល និងគណបក្សនយោបាយ ត្រូវតែមានស្ត្រីចូលរួមចំនួន ៥០% និងចុងក្រោយស្នើសុំឲ្យរយៈពេលនៃការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោត ត្រូវធ្វើចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះ នាយិកាអង្គការសិលការ និងជាប្រធានគ្រប់គ្រង និងលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ អ្នកស្រី ធីតា ឃិះ មានប្រសាសន៍ថា មូលហេតុដែលសង្គមស៊ីវិលដាក់អនុសាសន៍ ៧ចំណុចជូន គ.ជ.ប នៅពេលនេះ ដោយសារស្ត្រីកម្ពុជា ភាគច្រើនមិនសូវមានឱកាសចូលរួមអនុវត្តនៅក្នុងដំណើរការបោះឆ្នោតនោះទេ។ អ្នកស្រីបន្តថា បញ្ហាវិសមភាពនេះកើតឡើងដោយសារកម្ពុជា ខ្វះគោលនយោបាយជួយស្ត្រីឲ្យមានភាពស្មើគ្នាដូចបុរស។
អ្នកស្រី ធីតា ឃិះ លើកឡើងទៀតថា វិសមភាពយេនឌ័រ នៅក្នុងដំណើរការបោះឆ្នោត គឺជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ ប៉ះពាល់ដល់ការអភិវឌ្ឍរយៈពេលវែងនៅកម្ពុជា។ អ្នកស្រីថា បេសកកម្មរបស់ គ.ជ.ប ដែលធានាឲ្យមានការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដូច្នេះ គ.ជ.ប ត្រូវតែពិចារណាអនុសាសន៍ទាំង ៧ចំណុចនេះ៖ «បុគ្គលិករាជការដែលធ្វើការនៅក្នុង គ.ជ.ប ត្រូវតែមានសមធម៌ និងតុល្យភាពផង ធ្វើយ៉ាងណាឲ្យគណបក្សនយោបាយទាំងនោះដាក់បញ្ចូលចំនួនស្ត្រីនៅកិច្ចការបោះឆ្នោត»។
ឆ្លើយតបនឹងការផ្តល់អនុសាសន៍ទាំង ៧ចំណុចរបស់សង្គមស៊ីវិលទាំងនេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា កន្លងមក គ.ជ.ប មិនបានរើសអើងស្ត្រី ស្ត្រីជនពិការ និងស្ត្រីជនជាតិភាគតិចនៅក្នុងវិស័យនយោបាយនោះទេ។ លោកថា ចំពោះសំណើនេះ គ.ជ.ប បានរៀបចំឲ្យមានគណៈកម្មការស្ត្រីរួចហើយដែរ ហើយសំណើសង្គមស៊ីវិលនៅពេលនេះ គឺជាគន្លឹះសំខាន់សម្រាប់ គ.ជ.ប យកទៅពិនិត្យ និងសិក្សាបន្តដើម្បីឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយតម្លាភាព៖ «រាល់អនុសាសន៍របស់អង្គការស្ត្រី គ.ជ.ប នឹងពិនិត្យមើលលក្ខខណ្ឌនៃការស្នើសុំនេះ ដើម្បីឲ្យស្ត្រីកម្ពុជា អាចមានឱកាសនៅក្នុងកិច្ចការនយោបាយ»។
រាល់រដូវចុះឈ្មោះបោះឆ្នោត និងយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិម្តងៗ អង្គការស៊ីវិលដែលធ្វើការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ តែងតែត្អូញត្អែរអំពីកង្វះការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ ហើយពួកគេស្នើឲ្យមានការចូលរួមពីស្ត្រីឲ្យបានច្រើននៅក្នុងកិច្ចការបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លីកាដូខេត្តកំពង់ធំនិងពលរដ្ឋខេត្តត្បូងឃ្មុំធ្វើយុទ្ធនាការប្រឆាំងច្បាប់អង្គការសមាគម
- នារីដែលចោទថាអធិការស្រុកនៅកំពង់ឆ្នាំងចាប់រំលោភរកអន្តរាគមន៍ពីអង្គការសិទ្ធិមនុស្ស
- តំណាងរាស្ត្របក្សទាំងពីរនៅខេត្តបាត់ដំបងជំរុញឲ្យអាជ្ញាធរមូលដ្ឋានរក្សាវប្បធម៌សន្ទនា
- ម៉ុងតាញ៉ា៦នាក់ថ្មីទៀតត្រូវបានជម្លៀសពីខេត្តរតនគិរីនាំទៅរាជធានីភ្នំពេញ
- លោក ជា មុនី ប្រកាសឈប់ធ្វើជាមេដឹកនាំសហជីពសេរីកម្មករកម្ពុជានៅអាណត្តិក្រោយ
- អាជ្ញាធរដោះលែងស្ត្រីសហគមន៍៥នាក់ក្រោយឃាត់ខ្លួនជាង៦ម៉ោង
- លោក ឈាង វុន ប្រតិកម្មតបនឹងសម្ដីរដ្ឋមន្ត្រីក្រសួងព័ត៌មាន
- សាសាមានជំនឿលើប្រព័ន្ធតុលាការស្របពេលលោកហ៊ុនសែនចេញមុខអន្តរាគមន៍
- ជនភៀសខ្លួនម៉ុងតាញ៉ាវៀតណាម១២នាក់ត្រូវបានបញ្ជូនទៅឲ្យអាជ្ញាធរវៀតណាម
Dear Madame Thida.
The more you voiced means the more productives against sex discrimination.
Congratulation !! . Madame